អានតួអត្ថបទ
កូរ៉េខាងត្បូង-អាមេរិក

អាមេរិក​នឹង​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ឈ្មោះ​​ "THAAD" ក្នុង​ទឹកដី​កូរ៉េខាងត្បូង

នៅ​ថ្ងៃ​សុក្រ ទី៨ កក្កដា​នេះ អាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ពី​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​បាន​យក​ហេតុផល​ទៅ​ពន្យល់​ថា ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​មាន​គោលដៅ​ប្រឆាំង​ទប់​នឹង​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាងជើង តែ​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​កូរ៉េខាងជើង​បាន​យល់​ឃើញ​ថា ទង្វើ​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងន់​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​បង្ក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​គ្រឿងសព្វាវុធ។

ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​ « THAAD »
ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​ « THAAD » Reuters
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ក្នុង​សេចក្តីជូនដំណឹង​រួម​គ្នា​មួយ​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​ក្នុង​ថ្ងៃ​សុក្រ ទី៨ កក្កដា​នេះ​ដែល​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​ថា ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នឹង​ត្រូវ​ដាក់​តាំង​នៅ​ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ តែ​សេចក្តី ជូនដំណឹង​ដដែល​មិន​បាន​បញ្ជាក់​ទេ​ថា តើ​ការ​ដាក់​ពង្រាយ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​លើ​ដែនដី​កូរ៉េខាងត្បូង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា និង​នៅ​ទីកន្លែង​ណា។ អ្វី​ដែល​គេ​ដឹង ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​នោះ​មាន​ឈ្មោះ​ថា « THAAD »។

ផ្អែក​តាម​សេចក្តីជូនដំណឹង​រួម​គ្នា​របស់​ក្រសួង​ការពារជាតិ​អាមេរិក និង​កូរ៉េខាងត្បូង​ដដែល ខែល​មីស៊ីលប្រឆាំង​មីស៊ីល « THAAD » មាន​គោលដៅ​ស្ទាក់ចាប់ និង​កម្ទេច​គ្រាប់មីស៊ីល​អន្តរទ្វីប​របស់​កូរ៉េខាងជើង​ដែល​បាញ់​សំដៅ​តម្រង់​ចូល​ទឹកដី​កូរ៉េខាងត្បូង ពោល​មិនមែន​គ្រាប់មីស៊ីល​បាញ់​ចេញ​ពី​ប្រទេស​ទី៣ ទេ។ គួរ​រម្លឹក​ជូន​ថា គម្រោង​ដាក់​ពង្រាយ​ខែលមីស៊ីលប្រឆាំង​មីស៊ីល​របស់​អាមេរិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ត្រូវ​បាន​ទីក្រុង​វ៉ាស៊ីនតោន និង​សេអ៊ូល​ចរចា និង​សម្រេច​តាំង​ពី​ខែ​កុម្ភៈ​កន្លង​ទៅ ពោល​បន្ទាប់​ពី​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​អន្តរទ្វីប។

តែ​យ៉ាង​ណា​ក៏​ដោយ ការ​សម្រេច​ដាក់​តាំង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​របស់​អាមេរិក​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី និង​ចិន​សប្បាយ​ចិត្ត​ឡើយ ពិសេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​កូរ៉េខាងជើង។ ប្រតិកម្ម​ភ្លាមៗ​ក្នុង​ថ្ងៃ​នេះ ទីក្រុង​ប៉េកាំង​បាន​បរិហារ និង​ទាមទារ​ឲ្យ​អាមេរិក​បញ្ឈប់​គម្រោង​ដាក់​តាំង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​ក្នុង​ទឹកដី​កូរ៉េខាងត្បូង​ជា​បន្ទាន់។ ចិន​បាន​យល់​ឃើញ​ថា ទង្វើ​របស់​អាមេរិក​របៀប​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​ជា​ការ​បង្ក​ឲ្យ​មាន​ការ​ប្រណាំងប្រជែង​គ្រឿងសព្វាវុធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ