អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ប្រធានាធិបតី​បារាំង​អញ្ជើញ​ទៅ​វៀតណាម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ជំនួប​កំពូល​G២០ នៅ​ប្រទេស​ចិន ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ បាន​ឆៀង​ចូល នៅ​ក្រុង​ហាណូយ និង​ហូជីមិញ ​ក្នុង​ក្រប​ខ័ណ្ឌ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ លើក​ដំបូង ពី​ថ្ងៃទី ៥ ដល់​ថ្ងៃ​ទី ៧ កញ្ញា ២០១៦ គិត​ចាប់​ពី​ឆ្នាំ​២០០៤មក។ កម្មវត្ថុ​ចំបង​នៃ​ទស្សនកិច្ច​នេះ គឺ​ផ្តល់​សន្ទុះ​ឡើង​វិញ​ដល់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ ជាមួយ​ប្រទេស​កុម្មុយនិស្ត ដែល​កំពុង​មាន​សេដ្ឋកិច្ច​ស្វាហាប់​ខ្លាំង​ជាងគេ​មួយ​​ប្រចាំ​តំបន់ !

លោកប្រធានាធិបតី​ François Hollandeនិង​សមភាគី​វៀតណាមTrần Đại Quangនៅវិមាន​ប្រធានាធិបតី​ក្រុង​ហាណូយ
លោកប្រធានាធិបតី​ François Hollandeនិង​សមភាគី​វៀតណាមTrần Đại Quangនៅវិមាន​ប្រធានាធិបតី​ក្រុង​ហាណូយ Reuters
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​បារាំង គឺ​ជា​តំណរ​នៃ​ប្រវត្តិ​ដ៏​វែង​ឆ្ងាយ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ឆ្លងកាត់​រួម​គ្នា ៖ ​ជម្លោះ ការ​ឈឺចាប់​ ការ​អត់​អោន​ទោស​ និង​ចាប់​ផ្តើម​ថ្មី។ នៅ​ខែ​កុម្ភៈ​ឆ្នាំ​១៩៩៣ លោក​ហ្វ្រង់ស័រ មីតេរ៉ង់ François Mitterand បានក្លាយ​ជា​ប្រមុខ​រដ្ឋ​ប្រទេស​បស្ចឹម​លោក​ដំបូង​គេ​បង្អស់​ដែល​ធ្វើ​ដំណើរ​ទៅ​វៀតណាម បន្ទាប់​មកលោក​ប្រធានាធិបតីបារាំង​ ហ្សាក់ ស្ហៀរ៉ាក់ Jacques Chirac បាន​ទៅ​វៀតណាម​ពីរ​ដង​ទៀត ១៩៩៧ និង​២០០៤​ម្តង​ទៀត ​ ដើម្បី​បញ្ជាក់​អំពី​មិត្តភាព​បារាំង-វៀតណាម។ បច្ចុប្បន្ន​នេះ ទំនាក់ទំនង​ការទូត​ប្រទេស​​ទាំងពីរ ផ្តោត​ជា​សំខាន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ជំនួយ​អភិវឌ្ឍន៍។ ហើយ​បារាំង​ក៏​ចង់​រក្សា​ឱ្យ​បាន​ ​ចំណង​ដ៏​ប្រពៃ​នេះ ជាមួយ​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ចដ៏​ទាក់ទាញ​បំផុត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ គ្រាន់​តែ​ក្នុង​ថ្ងៃ​ទី​មួយ​សោះ បារាំង​បាន​ទទួល​ការ​បញ្ជា​ទិញ​យន្តហោះ​អ៊ែរប៊ូល​៤០​គ្រឿង។

 

វៀតណាម​លូតលាស់លឿន

ក្រោយ​ឈ្នះ​​សង្គ្រាម​នៅ​ឆ្នាំ​១៩៧៥ ​វៀតណាម​ដ៏​ក្រខ្សត់​ខ្សោះឈាម ! ប៉ុន្តែ​វៀតណាមដែល​មានប្រព័ន្ធ​នយោបាយដូច​ចិន រំពឹង​លើ​បក្សកុម្មុយនិស្ត​- មាន​បក្ស​តែ​មួយ​ដឹកនាំ​ប្រទេស​តែ​ម្នាក់ឯង តែ​ជាមួយ​នឹង​ការ​​ប្រកាន់​​នយោបាយ​​ ដូយមូយ (បន្តថ្មី​) ចាប់​ពី​ឆ្នាំ​១៩៨៦​  បើក​ចំហ​ទីផ្សារ​សេដ្ឋកិច្ច​ វៀតណាម​មាន​មុខ​បន្តិច​ម្តងៗ​លើ​ឆាក​អន្តរជាតិ។ វៀតណាម​បានក្លាយ​ជា​សមាជិក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ឆ្នាំ​១៩៩៣។ នៅ​ឆ្នាំ​១៩៩៤ វៀតណាម​បាន​រួច​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក និង​បាន​ក្លាយ​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​១៩៩៥ សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ​២០០៧។

​អំណោយ​ផលធម្មជាតិ

វៀតណាម​ ប្រទេស​ដ៏​ក្រីក្រ​បំផុត​នៅ​ពិភពលោក​ក្រោយ​សង្គ្រាម​ បានក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ស្វាហាប់​បំផុត​មួយ​ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ថ្ងៃ​នេះ។ មហិច្ឆតា​របស់​ហាណូយ​ គឺចង់ក្លាយ​ជា​មហាអំណាច​ឧស្សាហកម្ម​ នៅ​ឆ្នាំ​២០៣៥ ដោយ​នៅ​ពេល​នេះ វៀតណាម​មានកំណើន​សេដ្ឋកិច្ច​ប្រចាំ​ជិត ៧%។ ដើម្បី​អាច​សម្រេច​កម្មវត្ថុ​នេះ​បាន​ វៀតណាម​ មាន​ទ្រព្យ​សកម្ម​ជា​ច្រើន​ដូច​ជា ៖ វៀតណាម​មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយ​ផល ដោយ​នៅ​ចំ​ផ្លូវ​បំបែក​នៃ​តំបន់ រដ្ឋធានី​នៅ​ខាង​ជើង​ជាប់​ចិន ក្រុងសេដ្ឋកិច្ច​​ខាង​ត្បូង​ហូជីមិញ ដែល​តំណាង​ឱ្យ​២០%​នេះ​ផលិតផល​សរុប​ជាតិ នៅ​ជាប់​ប្រទេស​ជិតខាងអាស៊ាន។

វៀតណាម​ ជា​ប្រទេស​លំដាប់​ទីបួន ខាង​ធនធាន​ធម្មជាតិ​ឧស្ម័ន​ក្រោម​ដី បន្ទាប់​ពី​ចិន ឥណ្ឌា និង​ម៉ាឡេស៊ី និង​ជា​ប្រទេស​ផលិត​ប្រេង​លំដាប់​ទីបី បន្ទាប់​ពី​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី ព្រម​ទាំង​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​នាំ​ស្រូវ​ចេញ និង​កាហ្វេ ​​ទីពីរ​លើ​ពិភពលោក​។

ធនធាន​មនុស្ស​សម្បូរបែប និង​សកម្ម

វៀតណាម​មាន​ពលរដ្ឋ​ក្មេង ៦០%​មាន​អាយុ​ក្រោម​៣០​ឆ្នាំ ជា​ប្រទេស​សកម្ម ​តម្លៃ​ពលកម្ម​​ទៀត​សោត​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង គួរ​ឱ្យ​ចាប់​អារម្មណ៍​សម្រាប់​អ្នក​វិនិយោគ​បរទេស។ បើ​តាម​របាយការណ៍​ធនាគារ​ពិភពលោក​ឆ្នាំ​២០១៦ វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ​៩០​ក្នុង​១៨៩​ប្រទេស​ ខាង​សម្រួល​កិច្ចការ​រក​ស៊ី​ឱ្យ​បាន​សម្រេច ពោល​គឺ​ឡើង​បី​ចំណាត់​ថ្នាក់ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៤។ ជាពិន្ទុ​ល្អ​ជិត​ដូច​ចិន និង​ឈ្នះមធ្យមភាគ​​​អាស៊ាន​ដាច់។ ជា​ចុងក្រោយ វៀតណាម​ជា​រដ្ឋ​មាន​សិ្ថរភាព​នយោបាយ​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ឆ្ងាយណាស់។

កិច្ចសហប្រតិបត្តិការ​បារាំង-វៀតណាម ខ្លាំង​ស្រាប់

ជាមួយ​ស្ថានភាព​​សេដ្ឋកិច្ចដូច​យ៉ាង​វៀតណាម បារាំង​ពិត​ជាចង់​ឆ្លៀតផ្តល់​សន្ទុះ​ដល់​ភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម និង​តាំង​ខ្លួន​ជា​ដៃគូ​ពិសេស ឈាន​ទៅ​សម្រេច​ឱ្យ​កិច្ចព្រមព្រៀង​ផ្តោប្តូរ​ពាណិជ្ជកម្ម​សេរី​វៀតណាម-សហភាពអឺរ៉ុប ​នៅ​ឆ្នាំ​២០១៨។ ​នៅ​ឆ្នាំ​២០១៥​ វៀតណាម​គឺ​ជា​អតិថិជន​ទី​៥​របស់​បារាំង គិត​ក្នុង​រង្វង់​អាស៊ាន។ តែ​​សូម​កុំ​ភ្លេច​ថា វៀតណាម​គឺ​ប្រទេស​អ្នក​ផ្គត់​ផ្គង់ទី​មួយ ក្នុង​វិស័យ​កាត់ដេរ ព័ត៌មាន​វិទ្យា និង​អេឡិចត្រូនិក ឱ្យ​តំបន់​អាស៊ាន​ទាំង​មូល។ ឯ​បារាំង​វិញ​ ជា​អតិថិជន​ទី​១៣​របស់​វៀតណាម។ ការ​នាំ​ចេញ​របស់​បារាំងទៅ​វៀតណាម ​បាន​ឡើង​ដល់​១៤២០០លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៥ ពោល​គឺ​បាន​កើន​ឡើង​ដល់​ទី ៨៥%​បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៤។

ជា​ចុងក្រោយ​បារាំង​ គឺ​ម្ចាស់​កម្ចី​​ទ្វេ​ភាគី​​ទី​បួន​របស់​វៀតណាម​បន្ទាប់​ពី ជប៉ុន អាល្លឺម៉ង់ និង​កូរ៉េខាង​ត្បូង។ លក្ខន្តិកៈ​នេះ បាន​អនុញ្ញាត​ឱ្យ​បារាំង​អាច​មុខ​ខ្លាំង​​​លើ​ទីផ្សារវៀតណាម។ ហើយ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់​នៅ​ថ្ងៃ​នេះ គឺ​ជា​ឱកាស​ថ្មី​ដ៏​ប្រពៃ​ សម្រាប់​ផ្តល់​ទស្សនៈវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាម ដែល​កំពុង​មាន​សក្តានុពល​សេដ្ឋកិច្ច​ខ្លាំង កំពុង​ក្លាយ​ជា​ខ្លា​អាស៊ី​ផង នេះ​បើ​តាម​កាសែត The Economist៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ