អានតួអត្ថបទ
ជប៉ុន-អង្គការយូណេស្កូ

ជប៉ុន​​​​​ផ្អាក​​​ការ​បង់​វិភាគទាន​​របស់​​ខ្លួន​​ដល់​​អង្គការ​​Unesco​

នៅឆ្នាំនេះ ប្រទេស​ជប៉ុន មិន​បាន​បង់​​វិភាគទាន​របស់​ខ្លួន​ជូន​ដល់​អង្គការ​ Unesco​ដូច​ជារៀង ​រាល់​ឆ្នាំ​នោះ​ទេ។ នេះ​ជា​ការ​ជូន​ដំណឹង​របស់​លោក Fumio Kishida ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។ ការ​អាក់​ខាន​បង់​វិភាគទាន​របស់​ជប៉ុន​នៅ​ឆ្នាំ​នេះគឺ​ដោយហេតុ​សារ​តែ​ជប៉ុន ​មាន​ការខឹងសម្បារ​​ បន្ទាប់ពី​អង្គការ Unesco ​បាន​សម្រេចចិត្ត​ចុះ​ក្នុង​បញ្ជីសម្រាប់ការ​​ចងចាំ​របស់​ពិភពលោក​នូវ​ឯកសារ ​នានា​ដែល​ទាក់ទង​នឹង​ទង្វើ​​កាប់​សម្លាប់​ដ៏​ព្រៃផ្សៃ​របស់​កងទ័ព​ រាជាណាចក្រ​ជប៉ុន​នៅ ក្រុង Nankin ​ប្រទេស​ចិន​កាលពី​ជំនាន់​សង្គ្រាម។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក​​Fumio Kishida (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម នៅ​ហាណូយ ខែឧសភា ២០១៦
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក​​Fumio Kishida (ឆ្វេង) ចាប់ដៃ​ជាមួយ​នាយករដ្ឋមន្ត្រីវៀតណាម នៅ​ហាណូយ ខែឧសភា ២០១៦ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ទីក្រុង​តូក្យូ ដែល​ជា​អ្នក​ចូលរួម​វិភាគទាន​ដ៏​ធំ​បំផុត​ជាង​គេ​ឲ្យ​ដល់​អង្គការ Unesco ​ក្នុង​ទឹក​ប្រាក់​ចំនួន​​៤ ៤០០​លាន​យេន ឬ​ស្មើ​នឹង​៣៨​លាន​អឺរ៉ូ​នោះ បាន​ចោទ​ថា អង្គការ Unesco​បាន​ធ្វើ​សេចក្តី​សម្រេចចិត្ត​នយោបាយ​មួយ​ដែល​ផ្ទុយ​ស្រឡះ​ពី​អព្យាក្រឹត្យភាព​។​មួលហេតុ​នេះ​ហើយ​បាន​ជា​ប្រទេស​ជប៉ុន​សម្រេចចិត្ត​ផ្អាក​វិភាគទាន​របស់​ខ្លួន។

គួររំលឹកថា ឯកសារ​នានា​នោះ ដែល​ទាក់ទង​នឹង​រលក​នៃ​អំពើ​ឃោឃៅបង្កឡើង​កងទ័ព​របស់​រាជាណាចក្រ​ជប៉ុន​នៅ​ក្នុង​ជំនាន់​១៩៣៧​នៅ​ក្នុង​ប្រទេស​ចិន ត្រូវ​បាន​អង្គការ Unesco ចុះ​ក្នុង​បញ្ជី​នៃ​ការ​ចងចាំ​របស់​ពិភពលោក​នៅ​​ឆ្នាំ​២០១៥។

ការ​ស្នើ​​ចុះ​ឯកសារ​នានា​នៅ​ក្នុង​បញ្ជី​ Unesco នោះ គឺ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​តែ​សេចក្តី​ថ្លែងការណ៍​ឯកតោភាគី​របស់​​ចិន​តែ​ប៉ុណ្ណោះ ​ហេតុដូច្នេះហើយ បានជា​ប្រទេសជប៉ុន​ជំទាស់​តវ៉ា​និង​ចាត់​ទុក​ថា ជា​ឯកសារ​មិនពេញលក្ខណៈ​និង​ក៏​ពុំ​មាន​ភាព​ត្រឹមត្រូវ​ផងដែរ។

រដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ពាក្យទៀតថា” គួរឲ្យសោកស្តាយជា ពន់ពេក ចំពោះ​អង្គការ​​អន្តរជាតិ​មួយ​នេះ ដែល​គួ​រតែ​ប្រកាន់​យក​ជំហរ​អព្យាក្រឹត​និង​ត្រឹមត្រូវនោះ បែរ​ជាយល់ព្រម​ទទួល​ដាក់​ឯកសារ​ទាំង​នេះ​នៅ​ក្នុងបញ្ជីចងចាំ​ពិភពលោក​របស់ខ្លួន ទោះបី​ជា​មាន​ការអំពាវនាវរាប់មិនអស់ពីសំណាក់​រដ្ឋាភិបាលជប៉ុនក៏ដោយក្តី។​

តែ ប្រទេស​ចិន បាន​អបអរ​សាទរ​ចំពោះ​ជំហរ​របស់​ Unesco ដោយ​ចិន វាយ​តម្លៃ​ថា ជាជំហរ​ដ៏​ត្រឹមត្រូវ​មួយ។​ គួររំលឹកថា ការកាប់សម្លាប់រង្គាលនៅណង់កាំង​ក៏ដូចជា​អំពើ​ព្រៃផ្សៃ​ផ្សេងៗទៀត​​ដែលបង្កឡើង​យោធាជប៉ុន​នៅតំបន់អាស៊ី និងនៅ​ក្នុងជំនាន់​សង្គ្រាមលោក​លើកទីពីរ​​ គឺជាប្រភពនៃការតានតឹងមួយ​ជានិច្ចជាកាលរវាងទីក្រុងប៉េកាំងនិងទីក្រុងតូក្យូ។

​នៅ​ជំនាន់​នោះ ទាហាន​ជប៉ុន បាន​​វាយ​កាន់កាប់​យក​ទីក្រុង​ណង់កាំង ​នៅ​ខែធ្នូ​១៩៣៧​និង​​បាន ធ្វើការកាប់​សម្លាប់​ប្រជាជនចិន រំលោភបំពានផ្លូវកាយស្ត្រីចិន​និង​ប្លន់​​ទ្រព្យសម្បត្តិ​របស់​ប្រជាជនចិន​ទៀតផង។​ប្រទេសចិន អះអាងថា​ចំនួនមនុស្សស្លាប់​ដោយ​សកម្មភាព​ព្រៃផ្សៃ​របស់​ជប៉ុន​មានរហូតដល់​៣០ម៉ឺននាក់។

ក៏ប៉ុន្តែជំហរ​ផ្លូវការ​របស់ប្រទេស​ជប៉ុន​ គឺ​ថា មាន​ពិតមែន​ការកាប់សម្លាប់មនុស្ស​ ការប្លន់​ទ្រព្យសម្បត្តិ​ប្រជាជន​និងសកម្មភាពផ្សេងៗទៀត​ធ្វើឡើងដោយទាហានជប៉ុន តែ ជប៉ុន​នៅតែ​​អះអាងថា វាជាការពិបាកណាស់​នៅក្នុងការកំណត់​ចំនួនជនរងគ្រោះ​ឲ្យបាន​ពិតប្រាកដ​នោះ។ក៏ប៉ុន្តែក្រុមអ្នកជាតិនិយមជប៉ុនវិញ បានបដិសេធថា​ពុំមានអំពើ​ព្រៃផ្សៃ​ទាំងនេះ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ