អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អាហ្វហ្កានីស្ថាន​ក្លាយ​ជា​ចំការ​ដំណាំ​អាភៀន និង​ជា​ប្រទេស​នាំ​អាភៀន​ចេញ​ទី១ ក្នុង​លោក?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន លោក​បា ម៉ូហាម៉ាដ អាម៉ាឌី អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​កំណើន​ដំណាំ និង​ផលិតផល​អាភៀន​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ លោក​អាម៉ាឌី​មិន​បាន​ជំទាស់​នឹង​របាយការណ៍​នេះ​ទេ តែ​បាន​បរិហារ​លើ​កង្វះ​ឆន្ទៈ​នយោបាយ និង​គំនាប​របស់​ក្រុម​ឈ្មួញ ព្រម​ទាំង​ថ្នាក់ដឹកនាំ​ខ្លះ។ តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អាហ្វហ្កានីស្ថាន​ក្លាយ​ជា​ចំការ​ដំណាំអាភៀន និង​ជា​ប្រទេស​នាំ​អាភៀន​ចេញ​ទី១ ក្នុង​លោក?

ចំការ​ដំណាំអាភៀន​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន
ចំការ​ដំណាំអាភៀន​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន Reuters/ Baz Ratner
ផ្សាយពាណិជ្ជកម្ម

ថ្មីៗ​នេះ អង្គការ​សហប្រជាជាតិ​បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ដោយ​បាន​ទាញ​សញ្ញា​អាសន្ន​ស្តីពី​កំណើន​ដំណាំ និង​ផលិតផល​អាភៀន​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ របាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្ទៃដី​ដាំដំណាំ​អាភៀន​បាន​កើន​ឡើង​ចំនួន ១០% ក្នុង​រយៈពេល ១ឆ្នាំ ដែល​ជា​កំណើន​ខ្ពស់​បំផុត​លើកទី៣ គិត​ក្នុង​រយៈពេល ២២ឆ្នាំ​កន្លង​ទៅ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៦ ផ្ទៃដី​ដាំដំណាំអាភៀន​មាន​ដល់​ទៅ ២០១ ០០០ហិចតា​ដែល​អាច​ប្រមូលផល​អាភៀន​បាន​ពី ៤ ៨០០ ទៅ ៦ ០០០តោន។ ម្យ៉ាង​ទៀត​ចាប់​ពី​ពេល​នេះ​ត​ទៅ ផ្ទៃដី​ដាំដំណាំអាភៀន​បាន​លាត​សន្ធឹង​ទៅ​ទិសខាងជើង ហើយ​ក្នុង​ចំណោម​ខេត្ត​ទាំង ៣៤ របស់​ប្រទេស​អាហ្វហ្កានីស្ថាន មាន​រហូត​ដល់​ទៅ ២១ខេត្ត​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំការអាភៀន។

នៅ​ក្នុង​ខេត្ត​ខ្លះ ពិសេស​ខេត្ត​ជាប់​ព្រំដែន​នឹង​ប្រទេស​អ៊ូសបេគីស្ថាន ផ្ទៃដី​ដាំដំណាំ​អាភៀន​បាន​កើន​រហូត​ដល់​ទៅ ៩២១% ពោល​កើន​ពី​ផ្ទៃដី ២០៤ហិចតា​ដល់​ទៅ​ជាង ២ ០០០ហិចតា​ក្នុង​រយៈពេល ១ឆ្នាំ។ ក្រៅ​ពី​កំណើន​ផ្ទែដី​ដាំដុះ អង្គការ​សហប្រជាជាតិ​ក៏​បាន​សម្គាល់​ឃើញ​ពី​កំណើន​គុណភាព និង​បរិមាណ​ផលិផល​ដែរ ពោល​បាន​កើន​ជាង ៣០% ក្នុង ១ហិចតា​ដោយសារ​តែ​អំណោយផល​របស់​អាកាសធាតុ ពិសេស​នៅ​តំបន់​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​លិច​ដែល​ទទួល​បាន​ផល​ពី ១៦ ទៅ ២២គីឡូក្រាម​ក្នុង ១ហិចតា។ មួយ​វិញ​ទៀត ដំណាំ​អាភៀន ៩៣% របស់​អាហ្វហ្កានីស្ថាន​បាន​ដាំ​នៅ​តំបន់​ប៉ែក​ខាង​ត្បូង និង​ប៉ែក​ខាង​លិច។

កំណត់​សម្គាល់​មួយ​ទៀត ដំណាំ​អាភៀន​ប្រមាណ​ជា ៩៥% បាន​ដាំ​លើ​ដី​ស្ថិត​ក្នុង​តំបន់​ដែល​គ្មាន​ស្ថិរភាពនយោបាយ ឬ​និយាយ​ឲ្យ​ស្រួល​យល់ តំបន់​ដែល​កំពុង​សោយរាជ្យ​ដោយ​ពួក​ឧទ្ទាម​តាលីបង់ ឬ​តំបន់​ជម្លោះ​រវាង​ពួក​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល។ តួលេខ​បាន​មក​ពី​បស្ចិមលោក​ឲ្យ​ដឹង​ថា អាហ្វហ្កានីស្ថាន​ទទួល​បាន​ចំណូល​ពី​ការ​លក់​អាភៀន​ប្រមាណ​ជា ៧ ០០០លានដុល្លារ​ជា​រៀងរាល់​ឆ្នាំ ក្នុង​នោះ មាន​ប្រមាណ​ពី ៨០០ ទៅ​ ១ ២០០លានដុល្លារ​ជា​ទឹកប្រាក់​បង់ពន្ធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​តាលីបង់។ បច្ចុប្បន្ន​នេះ ដំណាំ​អាភៀន​បាន​ចូលរួម​ជួយ​ចិញ្ចឹម​ប្រជាជន​អាហ្វហ្កានីស្ថាន​ពី ៣ ទៅ ៤លាននាក់ ពោល​មាន​ប្រមាណ​ជា ១០% នៃ​ពលរដ្ឋ​សរុប។ ទន្ទឹម​គ្នា​នេះ មាន​ខេត្ត​មួយ​ចំនួន​បាន​រស់​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ដំណាំ​អាភៀន ពោល​មិន​ត្រូវ​ការ​ជំនួយ​អន្តរជាតិ​ទេ។

មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​ដំណាំ​អាភៀន​មិនមែន​កំពុង​ចិញ្ចឹម​សង្រ្គាមផ្ទៃក្នុង​នៅ​អាហ្វហ្កានីស្ថាន​រវាង​ពួក​ឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល​ទេ ឬ​យ៉ាង​ណា?។

លោក​ម៉ូហាម៉ាដ អាម៉ាឌី អនុរដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​រម្លឹក​ដោយ​ទទួល​ស្គាល់​ពេញ​មាត់​ថា ដំណាំ​អាភៀន​ពិត​ជា​បាន​ចិញ្ចឹម​សង្រ្គាម​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​សន្និដ្នាន​ថា ទីកន្លែង​ណា​ដែល​មាន​ដំណាំ​អាភៀន ទីកន្លែង​នោះ​នឹង​មាន​ការ​ប្រយុទ្ធ​គ្នា។ គួរ​ជម្រាប​ជូន​ថា នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​តាលីបង់ ដំណាំ​អាភៀន​ដែល​ជា​ដំណាំប្រពៃណី​របស់​ពលរដ្ឋ​អាហ្វហ្កានីស្ថាន​ត្រូវ​បាន​ហាម​ឃាត់។ តែ​ក្រោយ​ការ​ដួលរលំ​របប​តាលីបង់​ក្នុង​ឆ្នាំ ២០០១ និង​ការ​មក​ដល់​របស់​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ របរ​រក​ស៊ី​ដាំ​ដំណាំ​អាភៀន​ក៏​ផ្តើម​រីកលូតលាស់​ដូច​ផ្សិត។

ម្យ៉ាង​ទៀត​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី និង​ចំ​ពេល​ដែល​ដំណាំអាភៀន​កំពុង​កើន​ឡើង រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន រួម​ជា​មួយ​ប្រទេស​អង់គ្លេស និង​សហរដ្ឋអាមេរិក​ក៏​បាន​បង្កើត​ឲ្យ​មាន​កម្លាំងពិសេស​មួយ​មាន​គ្នា ៨០០នាក់​ដើម្បី​កំចាត់​ដំណាំ​អាភៀន។ តែ​នៅ​ក្នុង​ឆ្នាំ ២០១០ កម្លាំងពិសេស​មួយ​នេះ​ត្រូវ​បាន​រំលាយចោល​ទៅ​វិញ​ក្រោម​ហេតុផល​មួយ​ចំនួន ពិសេស​មាន​ការ​ដាក់​គំនាប​ពី​ក្រុម​មនុស្ស​ទុច្ចរិត ឬ​ក្រុម​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល និង​ដែល​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​ជួញដូរ​អាភៀន​នេះ។ យោង​តាម​លោក​អាម៉ាឌី យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អាភៀន​ត្រូវ​បាន​ប្រគល់​ទៅ​ក្រសួង​មហាផ្ទៃ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រសួង​គ្មាន​កញ្ចប់​ថវិកា​សម្រាប់​ខ្ទង់​ចំណាយ​សម្រាប់​យុទ្ធនាការ​ដ៏​រសើប​មួយ​នេះ​ទេ។

សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​វា​កំហុស​របស់​អ្នក​ណា​ដែល​បាន​ធ្វើ​ឲ្យ​អាហ្វហ្កានីស្ថាន​ក្លាយ​ជា​ចំការ​ដំណាំអាភៀន និង​ជា​ប្រទេស​នាំ​អាភៀន​ចេញ​ទី១ ក្នុង​លោក?

មាន​ចម្លើយ​ពីរ​ចំពោះ​សំណួរ​នេះ ទី១ អាច​ថា​ជា​កង្វះ​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​ទីក្រុង​កាប៊ូល និង​ទី២ អាច​ថា​មក​ពី​សហគមន៍​អន្តរជាតិ​មិន​សូវ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា។ នៅ​ត្រង់​ចំណុច​នេះ លោក​អាម៉ាឌី និង​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​ពី​ការ​ដែល​សហគមន៍​អន្តរជាតិ​មិន​បាន​ផ្តល់​ថវិកា​គ្រប់គ្រាន់។ លោក​អាម៉ាឌី​បាន​និយាយា​បរិហារ​ត្រង់ៗ​ថា បញ្ហា​អាភៀន​ជា​បញ្ហា​រួម​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូលរួម​ពី​តំបន់ និង​អន្តរជាតិ។ លោក​អាម៉ាឌី​បាន​បញ្ជាក់​ថា អាមេរិក​ត្រូវ​តែ​ធ្វើ​ជា​គំរូ​គេ​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​ញាន។ យោង​តាម​លោក​អាម៉ាឌី មាន​ផលិតផល​អាភៀន​មិន​ដល់ ៣%​ផង​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ស្រុក ចំណែក​ជាង ៩៧% ទៀត​ត្រូវ​បាន​នាំ​លក់​នៅ​លើ​ទីផ្សារ​បស្ចិមលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ