អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​ហេតុអ្វី​​ចិន​តាម​ដាន​ដំណើរ​ចុះចត​នៅ​អាមេរិក​របស់​ប្រមុខ​តៃវ៉ាន់​ខ្លាំងម៉្លេះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ត្សៃ អ៊ីងវេន Tsai Ing-wen បាន​ផ្តើម​ទស្សនកិច្ច​៩​ថ្ងៃ នៅ​​ប្រទេស​ហុងឌូរ៉ាស នីការ៉ាហ្កា ក្វាតេម៉ាឡា និង​សាល់វ៉ាដរ ! ប្រទេស​បួន ក្នុង​ចំណោម​២១​ប្រទេសដ៏​កម្រ​ដែល​ទទួល​ស្គាល់​តៃវ៉ាន់ និង​មិន​រាប់​​ចិនប្រជាមានិត។ ក្នុង​ដំណើរ​ទៅ និង​មក លោកស្រី​ត្រូវ​ចុះ​ចត​នៅ​សហរដ្ឋ​អាមេរិក​ដែល​​ចិន​តាមដាន​មើល​យ៉ាង​ល្អិតល្អន់​បំផុត ! នៅ​ថ្ងៃទី​៧ មករា លោកស្រី​ បាន​ចុះ​ចត​នៅ​Houston ហើយ​ពេល​ត្រលប់​ទៅ​ស្រុក​វិញ ថ្ងៃទី ១៣ មករា លោកស្រី​នឹង​ឆ្លងកាត់​ចុះ​សម្រាក​នៅ​សាន់ហ្វ្រាន់ស៊ីស្កូ។ ក្នុង​អំឡុង​ពេល​នោះ ​​​លោកស្រី​អាច​នឹង​ត្រូវ​ទទួលជួប​​ដោយ​តំណាង​ព្រឹទ្ធសភា​អាមេរិក​ ឬ​តំណាង​របស់​លោក​ដូណាល់ត្រាំ​ផង។

លោកស្រី Tsai Ing-wen នៅ​ Houston សហរដ្ឋ​អាមេរិក​ថ្ងៃទី ៧ មករា ២០១៧
លោកស្រី Tsai Ing-wen នៅ​ Houston សហរដ្ឋ​អាមេរិក​ថ្ងៃទី ៧ មករា ២០១៧ REUTERS/James Nielsen
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ មាន​ទិសដៅ​សំខាន់​ឆ្ពោះ​ទៅ​ប្រទេស​នីការ៉ាហ្កា ដើម្បី​អបអរ​ការ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី។ បន្ទាប់​ពី​ស្នាក់​នៅ​ហុងឌូរ៉ាស​​ពេញ​មួយ​ថ្ងៃទី ៨​មករា និង​ពីរ​ថ្ងៃ​នៅ​នីការ៉ាហ្កា លោកស្រី​ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ក្វាតេម៉ាឡា និង​សាល់វ៉ាដរ​ទៀត រួច​ទើប​ត្រលប់​មក​តៃ​វ៉ាន់​នៅថ្ងៃទី ១៣​មករា។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ និង​ធ្វើ​ដំណើរ​ត្រលប់​វិញ លោកស្រី​ប្រធានាធិបតី​និង​ប្រតិភូ បាន​នាំ​គ្នា​ចុះ​សំចត នៅ​សហរដ្ឋ​អាមេរិក។ ពេលវេលា​នៃ​ការ​ចុះ​សម្រាក​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទេ។ ប៉ុន្តែ​ប៉េកាំង មិន​ប្រហែស និង​មិន​មើលស្រាល​ក៏​សំចត​ ដោយ​ចេតនា​នេះ​ទេ ! ទោះ​មាន​ឈ្មោះ​ជា​សំចតមួយ​ភ្លែត តែ​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ ស្ថិត​នៅ​លើ​ទឹកដី​អាមេរិក និង​អាច​ជួប​តំណាង​សភា​អាមេរិកផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចិន​អត់​មិន​ធ្វើការ​តាមដាន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ត្សៃអ៊ីនវេន នៅ​ក្រៅប្រទេស​លើកនេះ​បាន។

តាំងពី​ឆ្នាំ​១៩៧២​ នា​ឱកាស​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក និសាន់ Richard Nixon នៅ​ទីក្រុង​ប៉េកាំង​មក សហរដ្ឋ​អាមេរិក​បាន​សម្រប​ខ្លួន តាម​ការ​ទាមទារ​របស់​ប៉េកាំង ឱ្យ​ទទួលស្គាល់​គោលការណ៍​​​ចិន​តែ​មួយ ទើប​បាន​​ភ្ជាប់​​ទូត​នឹង​គ្នា​តាំងពី​ពេល​នោះ​មក។

ដូច្នេះ​វ៉ាស៊ីនតោន មិន​អាច​តាំង​ទូត​នៅ​តៃប៉ិ​បាន​ទេ។ អាមេរិក​បាន​ត្រឹម​បង្កើត​វិទ្យាស្ថាន​អាមេរិក​មួយ​នៅ​តៃវ៉ាន់ តែ​ជា​ថ្នូរ​មក​វិញ អាមេរិក​មាន​​ច្បាប់​ការពារ​តៃវ៉ាន់ ក្នុង​ករណី​មានការ​វាយប្រហារ​ពី​ខាង​ចិន​ដីគោក។ ហើយរាល់​គ្រប់​ជំនួប​ជាន់​ខ្ពស់​ដោយផ្ទាល់​ត្រូវ​បញ្ចៀស ​ដើម្បីរក្សា​លំនឹង​ការទូត​ដ៏​ស្មុគស្មាញ​ជា​មួយ​ចិន និង​អាមេរិក។

ប៉ុន្តែ​ទម្លាប់​នេះ​ត្រូវ​បាន​កាត់​ផ្តាច់ ដោយ​លោក​ ដូណាល់ ត្រាំ ដោយ​កាលពី​ថ្ងៃទី​២​ធ្នូ លោក​តាំង​បានឆ្លើយ​ឆ្លង​តាម​​ទូរស័ព្ទ​ជាមួយ​លោកស្រី​ត្សៃអ៊ីនវេន ក្រោម​ក្រសែ​ភ្នែក​ក្តៅ​ក្រហាយ​បំផុត​របស់​ចិន។ ពីរបី​សប្តាហ៍​មុន​ជំនួប​តាម​ទូរស័ព្ទ ក្រុម​ការងារ​របស់​លោក​ត្រាំ ក៏​បាន​ទាក់ទង​ជាមួយ​​អភិបាល​ក្រុង​តៃប៉ិ ក្នុង​បំណង​វិនិយោគ​សាង​សង់​សណ្ឋាគារ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​តំបន់​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​តៃប៉ិ​ផង។ ជាង​នេះ​ទៀត លោក ដូណាល់ ត្រាំ បាន​ព្រលយ​ពាក្យ​ធ្វើ​ឱ្យ​ចិន​កាន់​ព្រួយ​បារម្ភ​ទៀត ថា​ “ចាំ​មើល” សិន នៅ​ពេល​អ្នក​កាសែត​សួរ​ថាតើ​មាន​គិត​ចង់​ជួប​​លោកស្រី​ប្រធានាធិបតីតៃវ៉ាន់ ដែរឬអត់។

ចិន​បាន​ប្រើ​គ្រប់​វិធី​ព្រមាន​អំពី​ផលប៉ះពាល់​នៃ​ជំនួប​ជា​យថាហេតុ​ណាមួយ រវាង​ប្រមុខ​ដឹកនាំ​តៃវ៉ាន់ និង​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក។ ប៉េកាំង​បាន​ថែម​ទាំង​បញ្ចេញ​សាច់​ដុំ​ បញ្ចេញ​នាវាផ្ទុក​យន្តហោះ​តែ​មួយ​របស់​ខ្លួន​​មក​ធ្វើ​សមយុទ្ធ​នៅ​កៀកៗកោះ​តៃវ៉ាន់។ ប៉េកាំង​បាន​​ព្រមាន​ជា​ស្រេច​ថា​ចិន​ប្រឆាំង​ដាច់ខាត​រាល់​គ្រប់​ជំនួប​ជាមួយ​ប្រមុខ​ដឹកនាំ​តៃវ៉ាន់ ទោះ​ក្នុង​លេស​សំចត​ក៏​ដោយ។ ប៉ុន្តែ​នៅ​ទី​បំផុត​ សមាជិក​ព្រឹទ្ធសភា​អាមេរិក​រដ្ឋ​តិចសាស់ និងជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ លោក ថេដ គ្រូស បាន​ទទួល​ជួបលោកស្រី ត្សៃ អ៊ីងវេន រួច​ហើយ ពេល​ធ្វើ​ដំណើរ​ទៅ។

ចុះ​ក្នុង​ដំណើរ​ត្រលប់​ទៅ​តៃវ៉ាន់​វិញ នៅ​ថ្ងៃទី ១៣មករា? លោកស្រី​ ត្សៃ អ៊ីនវេន ត្រូវ​ចុះ​សំចត​នៅ​អាមេរិក​ម្តង​ទៀត តើ​លោកស្រី​អាច​ជួបឥស្សរជនរូបណា ? គ្មានអ្វី​ដែល​បង្ហាញ​ថា​លោក​ ដូណាល់ ត្រាំ​ អាច​មក​ជួប​ប្រមុខ​តៃវ៉ាន់​ទេ សេណារីយោ​នេះពិបាក​ទៅ​រួច​ណាស់ ប៉ុន្តែ​លោកត្រាំ​បាន​បង្ហើ​ភាព​សង្ស័យ​ច្រើន និង​ជា​ពិសេស​លោក​អត្តចរិត​ពិបាក​ស្មាន​ណាស់ ប៉េកាំង​ពិត​ជា​អត់​ព្រួយ​មិន​បាន​ឡើយ។

ចិន​ដែល​បាន​យក​ចំណេញ​ច្រើន សំងំ​បង្កើន​សមត្ថភាព​​ពីភាព​តាន​តឹង​រវាង​រុស្ស៊ី​និងអាមេរិក​មួយ​រយៈ​ចុងក្រោយ​នេះ កំពុងមាន​អារម្មណ៍​ថា ក្លាយ​ជា​ចំណុច​វាយប្រហារ​របស់​ប្រធានាធិបតី​អាមេរិក​ថ្មី មិន​ថា​ក្នុង​សំណុំ​រឿង​ពាណិជ្ជកម្ម លុយយ័ន​ ឬ​បញ្ហា​តៃវ៉ាន់​ទេ។ ក្នុង​បរិបទ​បែប​នេះ ជំនួប​ត្រឹម​តំណាង​តូច​តាច​ណាម្នាក់​របស់​លោក ត្រាំ អាច​ចាត់​ទុក​ថា​ជា​តេស្ត​មួយ សម្រាប់​គោះ​ចិនហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ