អានតួអត្ថបទ
ចិន

អត្រា​កំណើត​​នៅ​​ចិន​​កើន​ដល់​​កម្រិត​​ខ្ពស់​​មិន​ធ្លាប់មាន​ គិត​តាំង​ពី​​ឆ្នាំ​២០០០​​

ក្រោយ​ចិន​បាន​បន្ធូរ​នយោបាយ​គ្រួសារ​មួយ កូនមួយមក អត្រា​កំណើត​បាន​កើនឡើង​ក្នុង​ប្រទេស ក្នុងតួលេខ​​ខ្ពស់ មិនធ្លាប់​មាន គិតតាំង​ពី​ឆ្នាំ២០០០មក។ គិត​សម្រាប់​រយៈ​ពេល១ឆ្នាំ អត្រា​កំណើត​សម្រាប់​ឆ្នាំ​២០១៦ បាន​កើនឡើង​​៧,៩ភាគរយ។ នេះ​បើយោងតាម​​គណៈ​កម្មការ​ជាតិ​ផ្នែកសុខភាព​និង​គ្រួសារ​របស់​ចិន។ 

ទារក​ចិន​
ទារក​ចិន​ 路透社REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

យោងតាម​​គណៈកម្មការជាតិចិន​ ទទួលបន្ទុក​​ផ្នែកសុខភាព​និង​គ្រួសារ អត្រាកំណើត​ទារក នៅ​ចិន គិត​សម្រាប់​ឆ្នាំ២០១៦​កន្លងទៅ បាន​កើន​ដល់​១៧លាន ៨សែន ៦ម៉ឺននាក់។ ជា​អត្រា​កំណើត​ដែល​កើនឡើង​ក្នុង​​​កម្រិតខ្ពស់ គឺ​​ត្រូវនឹង​​៧,៩ភាគរយ សម្រាប់​រយៈពេល​១ឆ្នាំ។ ​គិត​ឆ្នាំ២០១៥ ទារក​ដែល​កើត​នៅ​ចិន មាន​ទាប​ជាងនេះ គឺ​មាន​១៦លាន៥សែន៥ម៉ឺននាក់។

សម្រាប់​ឆ្នាំ២០១៦ ​​​គ្រួសារ ​ដែល​មាន​កូន​​ទី១​រួចហើយ ហើយ​​​បាន​យក​កូន ទី២​ទៀត មាន​ប្រមាណ​ជា​៤៥ភាគរយ ​ខុសពី​ឆ្នាំ​២០១៥ ដែល​តួលេខគ្រួសារ​បែបនេះ ​​មាន​៣០ភាគរយ។

អត្រាកំណើត​កើនឡើង​ ជា​លទ្ធផល​នៃ​ការ​បន្ធូរ​បន្ថយ​នយោបាយ​ គ្រួសារ​មួយ​កូនមួយរបស់​ចិន។ ​នយោបាយ​គ្រួសារ​មួយ​កូនមួយ​​ ត្រូវបាន​ចិន​ដាក់ចេញឡើង នៅ​ចុង​ទស្សវត្ស​ឆ្នាំ​១៩៧០។ ប៉ុន្តែ ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ ដោយសារឃើញថា ​​ប្រជាជន​ចិនកាន់តែច្រើន ​​ចាប់ផ្តើម​ចូល​វ័យចាស់ រដ្ឋាភិបាល​ចិន​បាន​សម្រេច​បន្ធូរ​នយោបាយ​នេះ​ទៅវិញ។​

គិត​ពី​ឆ្នាំ២០១៣មក ក្នុង​គ្រួសារ​មួយ បើ​ប្តី​រឺ​ក៏ប្រពន្ធ​ជា​កូនទោល នោះ​គ្រួសារ​នោះ​អាច​យក​កូន​ទី២​បាន។ ​ហើយ​ខែមករា ​​ដើមឆ្នាំ​២០១៦ គណបក្ស​កុម្មុយនិស្ត​​​បានបន្ធូរ​រហូត​ដល់​​អនុញ្ញាត​​​អោយ​គ្រប់​គ្រួសារ​អាច​យក​កូនទី២​បាន។ ទោះយ៉ាង​នេះក្តី ការ​ស៊ើបអង្កេត​មួយ​បង្ហាញ​ថា ពលរដ្ឋ​ចិន​ប្រមាណ​៥៣គ្រួសារ​ ​ដែល​មាន​កូន​ទី១​រួចហើយ មិនចង់​មាន​កូន​ទី២​ទេ។ មូលហេតុ​ដោយសារ​តែ​ ការស្នាក់នៅ ហូបចុក ការ​ព្យាបាល​សុខភាព​ សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ត្រូវការ​ចាយវាយ​ថវិកា​ច្រើន។

ចិន​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាង​គេ​ ក្នុង​ពិភពលោក។ ឆ្នាំ២០១៥ ប្រជាជន​ចិន​មាន​១៣៧០លាន​នាក់។ ​រដ្ឋ​ចិន​គិតថា តួលេខ​នេះ​នឹងកើន​ដល់​១៤២០លាន​នាក់​ នៅ​ឆ្នាំ២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ