អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចូលឆ្នាំ២០១៦ ចិនធ្វើកាដូជូនប្រជាជន អាចមានកូនបានពីរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ឆ្នាំ​១៩៧៩ ​មហាសន្និបាទ​បក្ស​កុម្មុយនីស្តិ​ចិន ​បាន​ចេញ​ច្បាប់​ផែនការ​គ្រួសារ ​ដែល​បាន​កំណត់​ឲ្យ​ប្រជាជនចិន ​មិន​ឲ្យ​មាន​កូន​លើស​ពី​ម្នាក់​ទេ។ ៣៦​ឆ្នាំ​ក្រោយ​មក ​​គឺ​កាល​ពី​ខែ​តុលា ​កន្លង​ទៅ​នេះ ​ សភា​ប្រជាមានិត​ចិន​ ទើប​បាន​សម្រេច​កែប្រែ​ច្បាប់​នេះ ​ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ចិន ​ អាច​មាន​កូន​ចំនួន​២នាក់។ ច្បាប់ថ្មី​នេះ​ នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី ​១ មករា ​ឆ្នាំ​២០១៦​នេះ​ហើយ។ តើមាន​មូល​ហេតុ​អ្វី​ខ្លះ ​ទើប​រដ្ឋាភិបាល​ចិន​សម្រេច​ផ្លាស់ប្តូរ​នយោបាយ​ផែនការ​គ្រួសារ​របស់​ខ្លួន? តើ​នយោបាយ​កូនទោស ​អស់​រយៈ​ពេល​៣៦​ឆ្នាំ​មក​នេះ ​បាន​ហុច​ផល​អ្វី​ខ្លះ​ ដល់​រដ្ឋាភិបាល ​និង​ប្រជាជន​ចិន?

ទារក​ពីរនាក់​ទើប​នឹងប្រសូត្រ​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅចិន​ ឆ្នាំ​២០០៨
ទារក​ពីរនាក់​ទើប​នឹងប្រសូត្រ​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅចិន​ ឆ្នាំ​២០០៨ PHOTO FREDERIC J. BROWN/AFP
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ២៩​ តុលា ​កន្លង​ទៅ​នេះ ​សភា​មហាសន្និបាទ​កុម្មុនីស្តិ​ចិន​ បាន​សម្រេច​លប់​ចោល​ច្បាប់​តម្រូវ​ឲ្យ​មាន​កូន​តែ​មួយ។ ចាប់​ពី​ដើម​ឆ្នាំ​២០១៦​នេះ​ទៅ ​ប្រជាជន​ចិន​ដែល​រៀបការ​ពេញ​ច្បាប់ ​អាច​មាន​កូន​បាន​ពីរ​នាក់។ អ្នក​ខ្លះ​យល់​ថា​ នេះ​ជា​អំណោយ​ឆ្នាំ​ថ្មី ​ ដែល​រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ​បាន​ធ្វើ​ជូន​ប្រជាពលរដ្ឋ។ តែ​សម្រាប់​អ្នក​ខ្លះ​វិញ​យល់​ថា ​លប់​ពី​កូន​មួយ ​មក​ឲ្យ​មាន​កូន​ពីរ ​ មាន​អ្វី​ខុស​គ្នា​ទៅ ​ គឺ​វា​នៅ​តែ​ជា​ការ​ហាមឃាត់​ដដែល។ ច្បាប់​ផែនការ​គ្រួសារ​របស់​រដ្ឋ​អំណាច​ចិន​ ធ្វើ​ទៅ​លើ​គ្រួសារ​និមួយៗ ​គឺ​មិន​ខុស​ពី​រដ្ឋាភិបាល ​ចូល​ទៅ​ដេក​ដល់​លើ​គ្រែ​របស់​ប្តី​ប្រពន្ធ​ចិនម្នាក់ៗ​នោះ​ទេ។

 
នៅ​ក្នុង​​សេចក្តី​ប្រកាស​ បង្ហាញ​ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល ​ក្នុង​ការ​សម្រេច​ផ្លាស់ប្តូ​គោនយោបាយ​នេះ ​ គឺ​ចិន​បាន​បញ្ជាក់​ថា ​មាន​មូលហេតុ​ពីរ ​ ទីមួយ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​វ័យ​ចំណាស់​របស់​ប្រជាជន​ចិន​ និង​ទី​ពីរ​គឺ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ នៅក្នុង​គោលនយោបាយ​សមាសភាព​ប្រជាជន​ចិន។ ជា​ការ​ពិត​ការ​ហាមឃាត់​ប្រជាជន​ចិន​ មិន​ឲ្យ​មាន​កូន​លើស​ពី​ម្នាក់​ អស់​រយៈ​ពេល​៣៦​ឆ្នាំ​កន្លង​មក​នេះ ​ គឺ​បាន​ជះ​ឥទ្ធិពល​អាក្រក់​ក្នុង​ពេល​បច្ចុប្បន្ន​ រួម​ទាំង​ទៅ​ថ្ងៃ​អនាគត​ផង។ អនុញ្ញាត​ឲ្យ​ប្រជាជន​អាច​មាន​កូន​បាន​ពីរ​នាក់​ វា​មិនមែន​ជា​ការ​បន្ធូរ​បន្ថយ ​ ដែល​រដ្ឋាភិបាល​ចង់​សម្រាល​ដល់​ប្រជាពលរដ្ឋ​ទេ ​ តែ​តាមពិត​វា​គឺ​ជា​ជម្រើស​ ដែល​រដ្ឋាភិបាល​ចិន​ ត្រូវ​តែ​ធ្វើ​ព្រោះ​ខ្លួន​បាន​ឃើញ​នឹង​ភ្នែក​ហើយ ​អំពី​គុណវិបត្តិ​ នៃ​ការ​ដាក់​កំហិត​កន្លង​មក។

មនុស្សចាស់​កាន់តែ​ច្រើន ​ដោយសារ​ក្មេង​កើត​តិច​ពេក៖
គោល​នយោបាយ​កូន​ទោល ​ បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​លើ​វ័​យ​របស់​ប្រជាជន​ចិន​ទាំង​ស្រុង។ ការ​កំនត់​មិនឲ្យ​មាន​កូន​លើស​ពីរ​មួយ ​គឺ​មាន​ន័យ​ថា​ ចំនួន​ក្មេង​ដែល​កើត​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ​គឺ​មាន​ចំនួន​តិច​បំផុត។ ពេលវេលា​កាន់តែ​ខិត​ទៅ​មុខ ​ នៅ​ក្នុង​សង្គម​ចិន ​ មនុស្ស​ចាស់​មាន​សំបូរ​កាន់​តែ​ច្រើន ​ ឯក្មេង​មាន​កាន់តែ​តិច​ទៅៗ។ នៅតាម​តំបន់​ខ្លះ ​តាម​ភូមិ​តាម​ស្រុក ​ប្រជាជន​ស្ទើតែ​ជាង​ពាក់​កណ្តាល ​សុទ្ធសឹង​តែ​មាន​អាយុ​ជាង​៦០​ឆ្នាំ។
 

មនុស្សចាស់ចិន អង្គុយជួបជុំគ្នា​ពិសារតែ
មនុស្សចាស់ចិន អង្គុយជួបជុំគ្នា​ពិសារតែ LIU JIN / AFP

យោងតាម​ស្ថិតិ​ចុង​ក្រោយ​​ ​របស់​ធនាគារ​ពិភពលោក ​ស្ត្រី​ជន​ជាតិ​ចិន​ មាន​កម្រិត​បង្កើត​កូន​ត្រឹមតែ ​១,៧ ​តែ​ប៉ុណ្ណោះ ​ខណៈ​ដែល ​កម្រិត​មធ្យម​ពិភពលោក ​ទូទៅ​គឺ​មាន​ចំនួន ​២,៥។ ស្ថិតិ​ដដែល​បង្ហាញ​ថា ​ប្រជាជន​ចិន​បច្ចុប្បន្ន​ដែល​មាន​អាយុ​ក្រោម​១៤​ឆ្នាំ ​ គឺ​មាន​តែ​១៧​ភាគរយ​ប៉ុណ្ណោះ។ នេះ​ហើយ​ជា​បញ្ហា​ ព្រោះ​មនុស្ស​ចាស់ ​ធ្វើ​ការ​លែង​កើត​មាន​កាន់តែ​ច្រើន ​តើ​នណា​ជា​អ្នក​ទទួល​ទំនុក​បំរុង? អតុល្យភាព​នេះ​ហើយ ​ដែល​កំពុង​តែ​បង្ករ​ជា​វិបត្តិ​នៅ​ក្នុង​សង្គម​ចិន។ បើតាម​ស្ថិតិ​របស់​រដ្ឋាភិបាល​ចិន ​បាន​បង្អួត​ថា ​ដោយសារ​នយោបាយ​កូន​ទោល​នេះ​ហើយ​ ទើប​៣៦​ឆ្នាំ​មក​នេះ ​ចិន​អាច​ទប់ស្កាត់​មិន​ឲ្យ​កូន​ក្មេង​ប្រមាណ​ជា​៤០០​លាន​នាក់​ មិន​ឲ្យ​កើត​បាន។

គ្មានប្រាក់​បង់ ​ត្រូវ​ពន្លូតកូន​ទីពីរ​ចោល ​ទោះ​ជិត​គ្រប់ខែ​ក៏ដោយ៖
ក្រៅ​ពី​វិបត្តិ​ចំនួន​មនុស្ស​ចាស់​ច្រើន​ជាង​ក្មេង​នេះ ​ គោល​នយោបាយ​កូន​ទោល​របស់​ចិន ​ បាន​បង្កើត​ជា​បញ្ហា​រាប់​ជំពូក។ ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ ​ ក្នុង​ការ​កសាង​ក្រុម​គ្រួសារ ​មាន​កូន​តាម​ការ​ចង់បាន​របស់​គេ​ ​គឺ​ជា​ចំណុច​សំខាន់​ណាស់។ រដ្ឋាភិបាល​មិន​ត្រូវ​មក​លូក​ដៃ ​ចូល​ជ្រៀតជ្រែក​ ក្នុង​គ្រួសារ​និមួយៗ​ទេ។ ចំណុច​មួយ​ទៀត ​គឺ​ច្បាប់​កូន​ទោល​នេះ ​បាន​ធ្វើ​បាប​ប្រជាជន​ជា​ខ្លាំង​ ជា​ពិសេស​ស្ត្រី​ជាម្តាយ​តែម្តង។ មាន​ករណី​អំពើ​ពុក​រលួយ ​បាន​កើតឡើង​ឥត​ឈប់ឈរ ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ត្រួត​ពិនិត្យ​ផែនការ​គ្រួសារ​ ដែល​ចាំ​តាម​ដាន​ចាប់​អ្នក​ណា​ដែល​ហ៊ាន​មាន​កូន​ពីរ។

រឿង​អាស្រូវ​ដ៏​ធំ​មួយ ​បាន​ផ្ទុះឡើង​កាល​ពី​ចុង​ឆ្នាំ​២០១២​ ដែល​បាន​ធ្វើ​ឲ្យ​សាធារណៈមតិ​ចិន​ ជា​ពិសេស​តាម​បណ្តាញ​អ៊ិនធើនែត ​មាន​ការ​ខឹង​សម្បារ​ជាខ្លាំង។ នោះ​គឺ​ករណី​ស្ត្រី​ម្នាក់ ​ដែល​ពរពោះ​ជិត​គ្រប់ខែ​ទៅ​ហើយ ​ ត្រូវ​អាជ្ញាធរ​ចិន​ចាប់​បង្ខំ​ឲ្យ​ពន្លូត​កូន​ចេញ ​ដោយ​សារ​តែ​គាត់​ពុំ​មាន​ប្រាក់​បង់​ថ្លៃ​ពិន័យ្យ ​ចំនួន​៦ពាន់​ដុល្លារ។ សម្រាប់​អ្នក​ដែល​មាន​ប្រាក់ ​អាច​សូក​បំបិត​មាត់​មន្ត្រី​ទាំង​នេះ​បាន​ គឺ​គេ​អាច​មាន​កូន​លើស​ពីមួយ។ ករណី​ចាប់​បង្ខំ​ម្តាយ​ ឲ្យ​ពន្លូតកូន​ ដែល​មាន​អាយុ​ជិត​គ្រប់​ខែ ​កើត​មាន​ជា​ញឹកញាប់ ​ហើយ​ដែល​វា​ជា​គ្រោះថា្នក់​ដ៍​ធំ ​ទៅ​លើ​អាយុ​ជីវិត​ស្ត្រី​ពពោះ។

ទារក​កើត ​ដោយ​លាក់​កំបាំង​ គ្មាន​អត្តសញ្ញណ ​និង​ការ​ទទួល​ស្គាល់​ពី​រដ្ឋ៖
ផល​អវិជ្ជមាន​មួយ​ទៀត ​ នៃ​ការ​ដាក់​កំហិត​កូន​ទោល​នេះ ​ គឺ​កន្លង​៣៦​ឆ្នាំ​មក​នេះ ​ មាន​ក្មេង​ជាច្រើន​ ដែល​បាន​កើត​មក​ហើយ ​ តែ​ត្រូវ​គេ​លាក់ ​ដោយ​សារ​តែ​ឪពុក​ម្តាយ​ក្មេង​នោះ ​មាន​កូន​មួយ​រួច​ទៅ​ហើយ។ ក្មេង​ទាំង​នោះ​ ពុំមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជីរ​គ្រួសារ ​និង​គ្មាន​លិខិត​ស្នាម​សំគាល់​ខ្លួន​អ្វី​ទាំង​អស់។ ចំណុច​មួយ​ទៀត​ គឺ​ដោយសារ​តែ​ម្នាក់ៗ​អាច​មាន​កូន​តែ​មួយ  ​ប្តី​ប្រពន្ធ​ចិន​ភាគ​ច្រើន ​បាន​ពន្លូត​ទារក​ចោល ​នៅ​ពេល​ដែល​ដឹង​ថា​ជា​កូនស្រី​ ព្រោះ​ប្រពៃណី​ចិន​ចង់​បាន​តែ​កូន​ប្រុស។ បញ្ហា​នេះ ​បាន​ធ្វើ​ឲ្យ​ចំនួន​មនុស្សស្រី​នៅ​ចិន​ កាន់​តែ​ថយ​ចុះ។

កំណែទម្រង់​ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ៖
ចាប់​ពី​ថ្ងៃ​ទី​ ១​មករា​ ២០១៦​នេះ​ទៅ ​ប្រជាជន​ចិន ​អាច​មាន​កូន​បាន​ពីរ​នាក់។ ប៉ុន្តែ​អ្វី​ដែល​នៅ​ពី​ក្រោយ​ ការ​សម្រេច​ផ្លាស់ប្តូរ​នយោបាយ​នេះ ​វា​អាច​ជា​សារ​នយោបាយ​របស់​បក្ស​កុម្មុយនីស្តិ​ចិន​ច្រើន​ជាង។ បក្ស​កុម្មុនីស្តិ ​ដែល​ដឹកនាំ​ដោយ​បុរស​ខ្លាំង​ទីមួយ ​គឺ​លោក​ប្រធានាធិបតី​ស៊ី ជីនពីង ​បាន​បញ្ចេញ​សាច់ដុំ​សម្តែង​មហិទ្ធិរិទ្ធិ​ថា​ខ្លួន ​ កំពុង​តែ​ធ្វើ​ការ​ដុតដៃ​ដុត​ជើង ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រទេស​ជាតិ។ ត្រូវធ្វើ​កំណែ​ទម្រង់​ ក៏​ព្រោះថា​មនុស្ស​សម័យ​ឥឡូវ​ មនមែន​គេ​មិន​ដឹង​អី ​អត់ទ្រាំ​ឲ្យ​រដ្ឋាភិបាល​កុម្មុយនីស្តិ​សង្កត់ក ​ធ្វើបាប​គ្រប់​រឿង​បាន​ ដូច​មុន​ទៀត​ឡើយ។ លោក ស៊ី ជីនពីង​ធ្វើ​កំណែ​ទម្រង់ ​ក៏ដើម្បី​អាយុ​ជីវិត​ របស់​បក្ស​កុម្មុយនីស្តិ​ចិន​ដែរ។
 

ពីរនាក់​ប្តី​ប្រពន្ធ​ ដឹកដៃកូន​ប្រុស​​តែមួយ​របស់​ពួកគេ
ពីរនាក់​ប្តី​ប្រពន្ធ​ ដឹកដៃកូន​ប្រុស​​តែមួយ​របស់​ពួកគេ REUTERS/Damir Sagolj

មួយវិញ​ទៀត​ស្រប​ពេល​ដែល ​ សេដ្ឋកិច្ច​ចិន​កំពុងតែ​ជួប​ភាព​រាំង​ស្ទះ ​នា​ពេល​បច្ចុប្បន្ន​នេះ ​ប្រជាជន​ចិន​ កំពុង​ចាំ​ឃ្លាំមើល​រដ្ឋាភិបាល​ ថាតើ​មាន​សមត្ថភាព​ ធ្វើ​កំណែ​ទម្រង់​បាន​កំរិត​ណា ​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ​និង​វិបត្តិ​សង្គម។ ច្បាប់ថ្មី​អនុញ្ញាតិ​ឲ្យ​មាន​កូន​បាន​ពីរ​នេះ ​ មិន​ត្រឹម​តែ​អាច​បង្ហាញ​ប្រាប់​ថា ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ធ្វើ​កំណែទម្រង់​ហើយ ​ ថែម​ទាំង​អាច​បន្លប់​មតិ​សាធារណៈ​ ឲ្យ​ភ្លេច​ពី​វិបត្តិ​សេដ្ឋកិច្ច​ចិន ​បាន​មួយ​រយៈ​ដែរ។

ចំណុច​មួយ​ទៀត ​ដែល​គិត​មិន​ដល់​នោះ ​គឺ​ការ​អនុញ្ញាត​ឲ្យ​មាន​កូន​បាន​ពីរ​នាក់​ចាប់​ពី​ឆ្នាំ​២០១៦​នេះ​ទៅ ​ គឺ​អាច​ជួយ ​ពន្លឿន​សេដ្ឋកិច្ច​ចិន​ បាន​មួយ​ចំណែក​ដែរ។ ចំនួន​កំណើត​ក្មេង​នឹង​កើន​ឡើង ​ ការ​ចំណាយ​របស់​ឪពុក​ម្តាយ ​ដើម្បី​ចិញ្ចឹម​ទារក ​និង​កើន​ឡើង​ទៅ​តាម​នោះ។

ទោះច្បាប់​អនុញ្ញាត ​តែ​អ្នក​ដែល​ចង់​បាន​កូន​ពីរ​ មាន​មិន​ច្រើន៖
ក៏​បន្តែ​អ្វី​ដែល​ចោទ​សួរ​ ថា​តើ​មាន​ប្តី​ប្រពន្ធ​ប៉ុន្មាន​នាក់ ​ដែល​ចង់​បាន​កូន​ទី​ពីរ? ជាមួយ​នឹង​តម្លៃ​ចាយវាយ​គ្រប់​បែប​យ៉ាង​កាន់តែ​មាន​តម្លៃ​ខ្ពស់ ​ប្រាក់​ចំណាយ​ដើម្បី​ទំនុកបម្រុង​ការ​សិក្សា​របស់​កូនៗ​ពួក​គេ ​ដែល​កាន់​តែ​ច្រើន​ទៅៗ ​ តើ​គេ​ចង់​បាន​កូន​ថែម​មួយ​ទៀត​ដែរ​រឺទេ? ស្ថិតិ​មួយ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សភា​អនុម័ត​ច្បាប់​ថ្មី​នេះ​ បង្ហាញ​ថា ​ប្តីប្រពន្ធ​ចិន​ចំនួន​៣២% ​ដែល​ចង់​បាន​កូន​២​ ចំនែក​ ៣៨%​គឺ​មិន​ចង់​បាន​កូន​ថែម​មួយ​ទៀត​ទេ។ ការ​ស្រាវជ្រាវ​មួយ​ទៀត​ ធ្វើ​ឡើង​ដោយ​សកលវិទ្យាល័យ ​ហ៊្វូតាន ​នៅ​ក្រុង​សៀងហៃ​បង្ហាញ​ថា ​មាន​ស្ត្រី​អ្នក​ក្រុង​សៀងហៃ​ចំនួន​១៥%​ប៉ុណ្ណោះ​ដែល​ចង់​បាន​កូន​ពីរ។ ៥៨% ​បាន​ឆ្លើយ​ថា ​គេ​មិន​ចង់​បាន​កូន​ពីរ​ដោយសារ​កត្តា​តែ​មួយ​គត់​ គឺ​ត្រូវ​ចំណាយច្រើន។

ទោះបី​ជា​យ៉ាងណា  ឆ្លង​កាត់​៣៦​ឆ្នាំ​នៃ​បទ​ពិសោធន៍​ ​ពេល​នេះ​រដ្ឋាភិបាល​កុម្មុនីស្តិ​ចិន​ គួរ​ណា​តែ​ផ្តល់​ឱកាស​ឲ្យ​ប្រជាជាន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​គេ ​ក្នុង​ការ​កំណត់​ចំនួន​កូន។ តែ​ផ្ទុយ​ទៅ​វិញ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ដាក់​កំហឹត​ដដែល​ ​ទាំង​ដឹង​ហើយ​ថា​វា​ជ្រៀតជ្រែក​កិច្ចការ​គ្រួសារ​របស់​ប្រជាជន​ម្នាក់ៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ