អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ប៉ាគីស្ថាន-សិទ្ធិមនុស្ស

​​​HRW​​ បរិហារ​​ថា​​​ ​​HCH ​សមគំនិត​ក្នុងរឿង​​​​​​​​​​​បណ្តេញ​​​ជន​​ភៀសខ្លួន​​​​ពី​​​ប៉ា​គីស្ថាន​​​​​

អង្គការ​ការពារ​សិទ្ធ​មនុស្ស​Human Rights Watch (HRW) បរិហារ​អំពី​ការ​សម​គំនិត​របស់ អ.ស.ប.​ទទួល​​បន្ទុក​​ជន​​ភៀសខ្លួន (HCR) ​ប្រឈម​មុខ​​នឹង​​ការ​​បណ្តេញ​​ជន​ភៀសខ្លួន​​អាហ្វហ្កានីស្ថាន​​ដ៏​​សន្ធឹក​សន្ធាប់​​​ពីសំណាក់​​អាជ្ញាធរ​​ប៉ាគីស្ថាន-នេះ​​បើ​​យោង​​តាម​​របាយការណ៍​​មួយ​​របស់​​អង្គការ​​ Human Rights Watch​ ចេញ​​ផ្សាយ​​នៅ​​ថ្ងៃ​​ចន្ទ​​១៣​​កុម្ភៈ​​នៅ​កាប៊ូល។​

រូប​សញ្ញា​​របស់​​អង្គការ​​ការពារ​សិទ្ថ​មនុស្ស​​អន្តរជាតិ​​​ (HRW).​
រូប​សញ្ញា​​របស់​​អង្គការ​​ការពារ​សិទ្ថ​មនុស្ស​​អន្តរជាតិ​​​ (HRW).​ © Reuters
ផ្សាយពាណិជ្ជកម្ម

ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​​ជាង​៥​សែន​នាក់​ដែល​បាន​តាំង​ទីលំនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជួន​កាល​ខ្លះ​ចាប់​តាំង​ពី​ច្រើន​សតវត្សរ៍​មក​ហើយ​ ត្រូវ​បាន​អាជ្ញាធរ​ប៉ាគីស្ថាន​ធ្វើ​ការ​បណ្តេញ​ពី​ប្រទេស​នៅ​អំឡុង​ឆមាស​ទី​ពីរ​ក្នុង​​ឆ្នាំ​២០១៦។ ​ការ​បណ្តេញ​ជន​ភៀសខ្លួន​ ជា​ញឹក​ញាប់​ត្រូវ​បាន​ធ្វើ​ឡើង​​ក្រោម​សម្ពាធ​​ប៉ូលីស​និង​អាជ្ញាធរ​ប៉ាគីស្ថាន។

 
ទង្វើ​អមនុស្សធម៌​​នេះ ត្រូវ​បាន​អង្គការ​Human Rights Watch ចាត់​ទុក​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ភៀសខ្លួន-នេះ​បើយោង​តាម​របាយការណ៍​មួយ​របស់​អង្គការ​ Human Rights Watch​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​១៣​កុម្ភៈ​នៅ​ទីក្រុង​កាប៊ូល។

ស្របនេះដែរ Human Rights Watch ​បាន​គូស​បញ្ជាក់​ដែរ​ថា​ ​ការ​ដែល​ស្នងការ​ជាន់​ខ្ពស់​របស់​អសប​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន HCR ​ធ្វើការ​តម្លើង​ប្រាក់​ឧត្ថម្ភ​ឲ្យ​ដល់​ជន​ភៀស​ខ្លួន​​ក្នុង​ម្នាក់​ៗ​​ពី ២០០ ដុល្លារ ដល់​៤០០​ដុល្លារ សម្រាប់​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ប៉ាគីស្ថាន​កាល​ពី​ខែ​មិថុនា​​ឆ្នាំ​២០១៦​ ​ស​បញ្ជាក់​​ថា អង្គការ HCR បាន​ជួយចូក​ជួយចែវ​ដល់​អាជ្ញាធរ​ប៉ាគីស្ថាន​​នៅ​ក្នុង​ការ​ចាប់​បញ្ជូន​​ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន ចេញ​ពី​ប្រទេស​។ ទង្វើ​បែប​នេះ​ត្រូវ​បាន​​ Human Rights Watch ​អះអាង ​ពិត​ជា​​សម​គំនិត​​នៅ​ក្នុង​ការ​រំលោភ​​សិទ្ធិ​ជន​ភៀសខ្លួន​នៅ​ចំពោះ​មុខ​ច្បាប់​អន្តរជាតិ។

ដោយ​ហេតុ​ថា ​ក្នុង​ពេល​ដែល​អាជ្ញាធរ​ប៉ាគីស្ថាន​ បាន​ធ្វើ​សកម្មភាព​បង្ក្រាប​យ៉ាង​បំពាន​ទៅ​លើ​ជន​ភៀស​ខ្លួន​ក្នុង​ទ្រង់ទ្រាយ​ធំ ដើម្បី​ធ្វើការ​បណ្តេញ​ចេញ​ពី​ប្រទេស​នោះ​ ​អង្គការ HCR ​នៅ​ស្ងាត់​ស្ងៀម​ពុំ​បញ្ចេញ​ប្រតិកម្ម​និង​ក៏​ពុំ​បាន​ធ្វើការ​បរិហារ​​ពី​ទង្វើ​របស់​អាជ្ញាធរ​ប៉ាគីស្ថាន​ ​ទៅ​លើ​ជន​ភៀស​ខ្លួន​​នៅ​ក្នុង​ការ​បណ្តេញ​ចេញ​ពី​ប្រទេស​ខ្លួន។​​

ម្យ៉ាងទៀត នៅ​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​ដែល​ធ្វើ​មាតុភូមិ​និវត្តន៍​នោះ មាន​ជន​អាហ្វហ្កានីស្ថាន​​ចំនួន​៣​សែន​៦​ម៉ឺន​៥​ពាន់​នាក់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​របស់​អង្គការ HCR ក្នុង​នាម​ជា​ជន​ភៀស​ខ្លួន។ ចំពោះ​អង្គការ​ការពារ​សិទ្ធមនុស្ស​ Human Rights Watch ការ​ធ្វើ​មាតុភូមិនិវត្តន៍​នៃ​ជន​ភៀស​ខ្លួន​អាហ្វហ្កានីស្ថាន​ទាំង​នោះ គឺ​​ជា​ការ​ធ្វើ​ដោយ​បង្ខំ។

នៅ​ពេល​ចូល​ក្នុង​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ជន​ភៀស​ខ្លួន​ទាំង​នោះ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា អសន្តិសុខ ភាព​ក្រីក្រ​នៅ​ក្នុងប្រទេស​ខ្លួន​ដែល​កំពុង​តែ​នៅ​ឆាប​ឆេះ​ដោយ​សារ​សង្គ្រាម​-នេះ​ជា​ការ​បញ្ជាក់​របស់​អង្គការ​ Human Rights Watch ដែលមាន​ទីស្នាក់ការ​នៅ​ញូវយ៉ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ