អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

អាមេរិក​​ដាក់​​ទណ្ឌកម្ម​​​ថ្មីៗ​​ទៀត​​ ប្រឆាំង​​កូរ៉េខាងជើង​

នៅថ្ងៃសុក្រ​ម្សិលមិញ ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​ដាក់ទណ្ឌកម្មប្រឆាំង​​​​​អ្នកទទួល​ខុសត្រូវ​១១រូប​ មកពី​​សហគ្រាស​និង​​ក្រុមហ៊ុន​កូរ៉េខាងជើង​។ ​ទណ្ឌកម្ម​ថ្មី​​របស់​​អាមេរិក​មានទិសដៅ​អោយ​​​​កូរ៉េខាងជើង​ ដែល​មាន​​មហិច្ឆតា​នុយក្លេអ៊ែរ​ឥត​ស្រាកស្រាន្ត​​​នោះ កាន់តែ​ឯកា​​ក្នុង​ពិភពលោក។ ​ 

មេដឹកនាំ​កូរ៉េខាងជើង គឹម ជុងអ៊ុន
មេដឹកនាំ​កូរ៉េខាងជើង គឹម ជុងអ៊ុន KCNA/via Reuters
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ប្រឆាំង​​អ្នកទទួលខុសត្រូវ​១១រូប នៃ​​បណ្តា​សហគ្រាស​និង​​ក្រុមហ៊ុន​កូរ៉េខាងជើង​ ​​ជា​ទណ្ឌកម្ម​ហាម​ប្រាម​ការធ្វើពាណិជ្ជកម្ម​ជាមួយ​បុគ្គល​ទាំង​១១រូប​នេះ ហើយ​ក៏ជា​ទណ្ឌកម្ម​​ហាមប្រាម​ការ​​​​ធ្វើពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន​​របស់​ពួកគេ​ទាំងនេះ​ដែរ។ បុគ្គលិក​ក្រុមហ៊ុន​និង​សហគ្រាស​កូរ៉េ​ខាងជើង​ដែល​រងទណ្ឌកម្ម​អាមេរិក​ ភាគច្រើន​​មាន​មូលដ្ឋាន​នៅ​ចិន​និង​រុស្ស៊ី។ ពួកគេ​ធ្វើការ​អោយ​បណ្តា​សហគ្រាស​ក្រុមហ៊ុន​ដែល​ទទួល​ជាវ​សម្ភារ រឺ​បច្ចេកវិទ្យាផ្សេងៗ សម្រាប់​ឧស្សាហកម្ម​​​ការពារជាតិ​​​​​កូរ៉េខាងជើង។

​​ក្រុមហ៊ុន​កូរ៉េខាងជើង​ដែល​រងទណ្ឌកម្ម​មានឈ្មោះថា ​Paeksol Trading Corporation ជា​ក្រុមហ៊ុន​នាំចេញ​ធ្យូងថ្ម និង​រ៉ែដែក ​ពី​កូរ៉េខាងជើង​។ អាមេរិ​កបាន​សហការ​ជាមួយ​ចិន ហាម​មិនអោយ​ក្រុមហ៊ុន​មួយនេះ​នាំចេញ​ធ្យូងថ្ម ពី​កូរ៉េខាងជើងទៀត​។ ​ប៉ុន្តែ ក្រុមហ៊ុន​​ Paeksol បាន​បង្វែរ​សកម្មភាព​ខ្លួន ដោយបាន​ប្រើ​​ក្រុមហ៊ុន​អន្តរការី នៅក្រុង​Dalian​ ​ភាគខាងជើង​ប្រទេស​ចិន ​ក្នុង​ការ​​​​​បន្តការ​​​នាំចេញ​ធ្យូងថ្មវិញ។ ​

ប្រឈម​នឹង​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ ប្រឆាំង​មហិច្ឆតា​នុយក្លេអ៊ែរ​​កូរ៉េខាងជើង កន្លងមក​ កូរ៉េខាងជើង​បាន​បង្វែ​វិធី​​រក​ចំណូល​ថវិកាក្នុងស្រុក​​​ ដោយប្រើ​ក្រុមហ៊ុន​អន្តរការី​ទាំងនេះ​ អោយ​ធ្វើពាណិជ្ជកម្ម​​​​​ជាមួយ​ម៉ាឡេស៊ី និង​ចិន។ ទណ្ឌកម្ម​ថ្មីៗ​របស់​​​អាមេរិក​ប្រឆាំង​ក្រុងព្យុងយ៉ាង​ពេលនេះ មានទិសដៅបង្ក​ភាព​រាំងស្ទះ​មិនអោយ​​កូរ៉េខាងជើង​ អាច​ប្រើ​វិធី​ក្រុមហ៊ុន​អន្តរការី​ទាំងនេះ​បានទៀត។ ពោលគឺ​មិនអោយ​ក្រុងព្យុងយ៉ាង​អាច​រកចំណូល​ ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ​ គំរាម​សន្តិសុខ​តំបន់​តែម្តង។

​សម្រាប់​ក្រសួង​ហិរញ្ញវត្ថុ​​អាមេរិក​ ​ទណ្ឌកម្ម​ទាំងនេះ​​​ដើរស្រប​តាម​​​ការសន្យា​របស់​អាមេរិក ​ក្នុង​ការ​​ការពារ​សម្ព័ន្ធមិត្ត​​​នៅ​អាស៊ី​។ អាមេរិក​បាន​អំពាវនាវ​អោយបណ្តា​​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ​ចាត់វិធានការ​ដូចគ្នា​នេះ ប្រឆាំង​កូរ៉េខាងជើង​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ