អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េ​ខាងជើង​សាក​ម៉ា​ស៊ីន​បាញ់​បង្ហោះ​ថ្មី​​ ស្រប​ពេល​ប្រមុខ​​ការ​ទូត​​អាមេរិក​ ​ជួប​​ប្រធានាធិបតី​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ​ទី​ ១៩​មីនា​នេះ ​ នៅ​មិន​ប៉ុន្មាន​ម៉ោង ​មុន​ពេល​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ​ត្រូវ​ចូល​ជួប​លោក​ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន ​ ក៏​ស្រាប់តែ​កូរ៉េ​ខាង​ជើង ​បាន​ប្រកាស​ថា​ខ្លួន ​ទើប​បាន​ធ្វើ​ការ​សាកល្បង​ម៉ាស៊ីន​បាញ់​បង្ហោះ ​ទៅ​កាន់​អវកាស ​បាន​យ៉ាង​ជោគជ័យ។ ការ​ប្រកាស​របស់​កូរ៉េ​ខាងជើង​នេះ ​ ត្រូវ​បាន​គេ​យល់​ថា ​គឺ​ជា​សកម្មភាព​អួត​សំញ៉ែញ​យ៉ាង​ស្រស់ៗ ​ដើម្បី​ផ្ញើរ​សារ​ទៅ​កាន់​ថា្នក់​ដឹកនាំ​អមេរិក ​និង​ចិន ​ ដែល​កំពុង​ជួប​ពិភាក្សា​រក​វិធី​បង្រ្កាប ​របប​ផ្តាច់​ការ​កុម្មុយនីស្តិ​មួយ​នេះ។

លោក Rex Tellerson រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ក្នុង​ពេល​​ចូលជួប​​លោក​ប្រធានាធិបតី​​ចិន ថ្ងៃទី​១៩ មីនា ២០១៧
លោក Rex Tellerson រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ក្នុង​ពេល​​ចូលជួប​​លោក​ប្រធានាធិបតី​​ចិន ថ្ងៃទី​១៩ មីនា ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

ចៃដន្យ ​រឺ​គ្រោងទុក?

នៅ​ព្រឹក​ថ្ងៃ​អាទិត្យទី​១៩​មីនា​នេះ ​លោក ​ Rex Tillerson ​ត្រូវ​ចូល​ជួប​លោក​ស៊ី ជីនពីង​ ប្រធានាធិបតី​ចិន ​នៅក្រុង​ប៉េកាំង ​បន្ទាប់​ពី​បាន​ជួប​លោក ​ វ៉ាង យី​ រដ្ឋមន្រ្តី​ការបរទេស​ចិន ​កាល​ពី​ថ្ងៃ​សោរ៍ទី​១៨​មីនា។​ មុនពេល​ចូល​ជួប​ប៉ុន្មាន​ម៉ោង ​ស្រាប់តែ ​ទីភ្នាក់ការ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េ​ខាងជើង ​ (KCNA) ​បាន​ប្រកាស​ថា ​ កូរ៉េ​ខាងជើង​ បាន​សាកល្បង​ម៉ាស៊ីន​បាញ់​បង្ហោះ​កម្លាំង​ខ្លាំង​មួយ ​ដោយ​ជោគជ័យ ​ដោយ​មាន​លោក ​គីម ជុនអ៊ុន ​ឈរ​មើល​ការ​សាកល្បង​ដោយ​ផ្ទាល់​តែម្តង។

តើ​អាច​ចាត់​ទុក​ថា ​វា​ជា​សារ​គំរាម​ របស់​របប​ផ្តាច់ការ​គីម ជុនអ៊ុន​ ដែរ​រឺ​ទេ? សួរថា ​តើ​វា​ជា​រឿង​ចៃដន្យ​ ​រឺ​ក៏ជា​ការ​គ្រោងទុក ? វា​ច្បាស់​ណាស់​ ថា​ កូរ៉េ​ខាង​ជើង​មាន​គំរោង​ធ្វើ​រឿង​នេះ ​ឲ្យ​ចំពេល​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ មក​ចិន​ ដើម្បី​និយាយ​ពី​បញ្ហា​កូរ៉េ​ខាង​ជើង​នេះ។ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ​ រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក ​បាន​ថ្លែង​ថា​ចង់​ពិចារណា​រឿង ​ប្រើ​កំលាំង​វាយ​លើ​កូរ៉េ​ខាងជើង ​ បើ​សិន​ជា​របប​នេះ ​នៅតែ​ផ្គើន ​កំញើញ​គេ​ឯង។

កន្លង​មក​ កូរ៉េ​ខាងជើង ​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ និង​ កាំជ្រួច​បាលីស្ទិក ​តែ​ថ្ងៃ​នេះ ​កូរ៉េ​ខាងជើង​ បាន​សាក​ល្បង​ម៉ាស៊ីន​ បាញ់​បង្ហោះ​កម្លាំង​ខ្លាំង​របស់​ខ្លួន។ ដូច្នេះ ​គ្មាន​អ្វី​ជា​រឿង​ចៃដន្យ​ទេ ​ ការ​សាកល្បង​ម៉ាស៊ីន​បាញ់​បង្ហោះ​នេះ ​គឺ​ជា​សកម្មភាព​ផ្គើន​បន្ថែម​របស់​កូរ៉េ​ខាងជើង ​ទាំង​ដឹង​ថា ​វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង ​ព្រមទាំង​សហរដ្ឋ​អាមេរិក​ ខឹង​ច្រឡោត។

កម្មវិធី​បង្ហោះ​ផ្កាយរណប​របស់​កូរ៉េ​ខាងជើង ​គ្រាន់ជា​ការ​បំភ័ន្ត​ភ្នែក?
 
បើ​តាម​ការ​ប្រកាស ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង ​ ម៉ាស៊ីន​បាញ់​បង្ហោះ​កម្លាំង​ខ្លាំង​នេះ ​គឺ​កូរ៉េ​ខាងជើង ​ចង់​ប្រើប្រាស់ ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយ​រណប​ ទៅកាន់​ខ្សែ​វណ្ឌ​ផែន​ដី។ ក្នុង​ពេល​បាញ់​បង្ហោះ​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ​ទូរទស្សន៍​ជាតិ​កូរ៉េ​ខាងជើង ​បាន​ផ្សាយ​រូបភាព ​គីម ជុងអ៊ុន ​ដែល​បាន​ប្រកាស​ថា ​“ចាប់ពី​ពេល​នេះ​ទៅ ​ ពិភពលោក​នឹង​បាន​ឃើញ ​បាន​ដឹង​ពី​ជោគជ័យ​ នៃ​បច្ចេកវិទ្យា​អវកាស​របស់​កូរ៉េ​ខាងជើង”

តាមពិត​ទៅ ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ ដែល​កូរ៉េ​ខាងជើង ​បាន​ទាមទារ​ចង់​បាញ់​បង្ហោះ​ផ្កាយ​រណប​កំណត់​ទីតាំង​ភូមិសាស្ត្រ​(Satellites géostationnaires) ​របស់​ខ្លួន ​តែ​មិន​បាន​សម្រេច ​ដោយសារ​នៅ​ខ្វះ​ខាត​ផ្នែក​បច្ចេកទេស ​ហើយ​មិន​មាន​ការ​គាំទ្រ ​ពី​មហាអំណាច​អវកាស​ផ្សេងទៀត។

ប៉ុន្តែ​គ្រោះថ្នាក់ ​ ដែល​គេ​ព្រួយ​បារម្ភ​ ​គឺ​ថា​ម៉ាស៊ីន​បាញ់​បង្ហោះ​កម្លាំង​ខ្លាំង​នេះ ​ អាច​ត្រូវ ​កូរ៉េខាងជើង​យក​ទៅ​កែច្នៃ​ ដើម្បី​បាញ់​បង្ហោះ​កាំជ្រួញ​មីស៊ីល​ចំងាយ​ឆ្ងាយ ​ បាន​យ៉ាងស្រួល។ កន្លែង​នេះ​ហើយ ​ដែល​ជា​គ្រោះថ្នាក់​ ព្រោះថា ​គ្មាន​នរណា ​ដឹង​ថា​កូរ៉េ​ខាងជើង​ កំពុង​ធ្វើ​អ្វី​ទេ ​ហើយ​ក៏​គ្មាន​នរណា​ម្នាក់ ​ដឹង​អំពី​បច្ចេកវិទ្យា ​និង​កម្មវត្ថុ​ពិត​ប្រាកដ​ នៃ​ម៉ាស៊ីន​បាញ់​បង្ហោះ​នេះ​ដែរ។ អ្នក​វិភាគ​ជាច្រើន​យល់​ថា ​កម្មវិធី​បាញ់​បង្ហោះ​យានអវកាស ​រឺ​ផ្កាយ​រណប​របស់​កូរ៉េ​ខាងជើង ​គឺ​គ្រាន់តែ​ជា​រឿង​បំភ័ន្ត​ភ្នែក​តែ​ប៉ុណ្ណោះ ​ដែល​ការពិត​ គឺ​របប​នេះ ​កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា ​បាញ់​មីស៊ីល​ចំងាយ​ឆ្ងាយ ​របស់​ខ្លួន ​ដែល​អាច​ហោះ​ទៅ​ដល់​ដី​អាមេរិក។

សំណុំរឿង​កូរ៉េខាងជើង​ និង​តៃវ៉ាន់​ មិន​ត្រូវ​បាន​លើក​មកនិយាយ

ខុស​ពី​ការ​រំពឹងទុក​ នៅ​ចំពោះ​មុខ​អ្នក​កាសែត ​ ថ្នាក់ដឹកនាំ​ទាំង​ពីររូប ​ មិន​បាន​លើក​ឡើង​ទាល់តែ​សោះ​អំពី​បញ្ហា​កូរ៉េ​ខាងជើង។ តែ​ប្រហែល​ជា​អាច ​ គេ​និយាយ​គ្នា ​ដោយ​ផ្ទាល់​ក្នុង​ពេល​ប្រជុំ ​ តែ​មិន​លើក​មក​និយាយ​ប្រាប់​អ្នក​កាសែត​ក៏​ថា​បាន។ តែ​យ៉ាងណា ​ក្នុង​សំណុំ​រឿង​កូរ៉េ​ខាង​ជើង​នេះ ​ ​គឺ​ដូច​យើង​បាន​ដឹង​តាំង​តែ​ពី​ថ្ងៃ​សៅរ៍​ទី​១៨មីនា​​ គឺ​សហរដ្ឋ​អាមេរិក ​សុខចិត្ត​ទទួល​យក​យុទ្ធសាស្ត្រ​របស់​ចិន ​ដោយ​មិន​ប្រើ​ធម៌ក្តៅ ​ ហើយ​រិះរក​វិធី​ចរចា​ដោយ​សន្តិវិធី​ ជាមួយ​កូរ៉េ​ខាងជើង។ ប៉ុន្តែ​សំណួរ​សួរបក​ទៅ​វិញ​ថា ​តើ​កូរ៉េ​ខាងជើង ​នៅ​ស្តាប់​ចិន​ដែរ​រឺទេ? បើ​ចិន​និយាយ ​កូរ៉េ​ខាង​ជើង​លែង​ស្តាប់ ​នោះ​មាន​ន័យ​ថា​ អ្វីៗ​នឹង​ត្រូវ​ចប់​ ឯ​​ការ​ចរចា​ប្រាកដ​ជា​គ្មាន​បាន​ប្រយោជន៍​ទេ។

ដោយឡែក ​នៅ​ចំពោះ​មុខ​អ្នក​កាសែត ​លោក​ប្រធានាធិបតី​ចិន ​បាន​ថ្លែង​ថា ​លោក​អរណាស់ ​ដែល​បាន​ឮថា​ប្រធានាធិបតី​អាមេរិក​ ចង់​ឃើញ​ចិន​ និង​អាមេរិក​ ចាប់ដៃ​គ្នា​ ឲ្យកាន់​តែ​ណែន ​ក្នុង​នាម​ជា​មិត្ត ​ ដើម្បី​រិះរក​វិធីសាស្ត្រ ​ការពារ​ប្រយោជន៍​រួម​គ្នា។ ថ្នាក់​ដឹកនាំ​ទាំងពីរ ​សុទ្ធតែ​បាន​ប្រកាស​ថា ​ទាំង​ចិន​ ទាំង​អាមេរិក​ មាន​ចេតនា ​និយាយ​គ្នា ​ដើម្បី​ឲ្យ​យល់​គ្នា​កាន់​តែ​ច្បាស់ ​ចៀសវៀង​ការ​យល់​ច្រឡំ។

តាមពិតទៅ ​ការ​ប្រកាស​ទាំងនេះ ​ ដូច​ជា​មាន​លក្ខណៈធ្វើ​ឲ្យតែ​រួច​ពីមាត់ ​ ឲ្យ​តែ​ល្អ​មើល ​ ព្រោះ​ថា​សំណុំរឿង​ក្តៅ​ផ្សេង​ទៀត ​ដូច​ជា​បញ្ហា​តៃវ៉ាន់ ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ដើម​ មិន​ត្រូវ​គេ​លើក​មក​និយាយ​ទេ។ កាលពី​ខែមករា​ ចិន​ ខឹង​នឹង​លោក​ ដូណាល់ ត្រាំ​ណាស់​ ដែល​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​មេដឹកនាំ​តៃ​វ៉ាន់ ​ហើយ​ថែមទាំង​គម្រាម​ទទួល​ស្គាល់​តៃវ៉ាន់​ ជា​ប្រទេស​​ឯករាជ្យ​ទៀត។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​អាមេរិក​ ថែម​ទំាង​មាន​បំណង ​ជួយ​បំពាក់​គ្រឿង​សព្វាវុធ​ទំនើប ​ដល់​កោះ​តៃវ៉ាន់​ទៀត​ផង។

តែ​បញ្ហា​ទាំង​អស់​នេះ ​ មិន​ត្រូវ​បាន​គេ​លើក​មក​និយាយ​ទេ ​ដែល​តាម​ការ​ស្មាន គឺ​លោក​ប្រធានាធិបតី​ចិន ​ចង់​ដើរ​ដោយ​សន្សឹមៗ ​មិន​ចង់​ចាប់​បង្ខំ​អាមេរិក​ ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ​ច្រឡោត​ខឹង។ យ៉ាងណា ​អ្វីៗ​អាច​ប្រែព្រួល ​លោក​ស៊ី ជីនពីង ​និង​លោក​ដូណាល់ ត្រាំ ​ជួបគ្នា​ដោយ​ផ្ទាល់​នៅ​ពេល​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ