អានតួអត្ថបទ

ចិនគាំទ្រ​គំនិត​លោកត្រាំ​ចង់ជួប​គីមជុងអ៊ុន តែ​ទាមទារ​​អាមេរិក​ឱ្យ​ដក​ខែល​មីស៊ីល​ចេញ​ពី​កូរ៉េខាង​ត្បូង

ជាមួយ​នឹង​ការ​អបអរ​នៅ​ពេល​បាន​ឮ​លោក​ដូណាល់ ត្រាំ ចង់​ជួប​ប្រមុខ​កូរ៉េខា​ងជើង ចិន​បាន​រំអុក​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​បំពាក់​​ប្រព័ន្ធ​ខែល​មីស៊ីល​ប្រឆាំង​មីស៊ីលនៅ​កូរ៉េខាង​ត្បូង។ ប្រព័ន្ធ​ខែល​មីស៊ីល ដែល​ដំឡើងរួច​សព្វគ្រប់​​និង​អាច​ចាប់​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​​មីស៊ីល​​បាន​ចាប់​ពី​ព្រឹកថ្ងៃ​អង្គារ​ម្សិលមិញ​មក។

បាតុកម្មប្រឆាំង​នឹង​បំពាក់​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​កូរ៉េខាង​ត្បូង ​
បាតុកម្មប្រឆាំង​នឹង​បំពាក់​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​កូរ៉េខាង​ត្បូង ​ Kim Jun-beom/Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

ជា​ច្រើន​ខែ​មក​ហើយ និង​តាំង​ពី​បាន​ឮ​អាមេរិក​ប្រកាសភា្លម ​ចិន​បាន​​បរិហារ​ការ​បំពាក់​ប្រព័ន្ធ​ខែល​មីស៊ីល​នៅកូរ៉េខាង​ត្បូង​ ដើម្បី​​ទប់ទល់​នឹង​កម្មវិធីនុយក្លេអ៊ែរ​និង​មីស៊ីល​កូរ៉េខាងជើង។ សម្រាប់​ប៉េកាំង​ប្រព័ន្ធ​ខែល​មីស៊ីល​ដែល​អាច​ការពារ​គ្រប​ដល់​ទឹក​ដី​ចិន បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​​យោធា​ចិន។ បន្ទាប់​ពី​បាន​ចាត់​វិធានការ​ប្រឆាំង​នឹង​កូរ៉េ​ខាង​ត្បូង​ដែល​ព្រម​ឱ្យ​អាមេរិក​បំពាក់​ខែល​មីស៊ីល ​នៅ​ថ្ងៃអង្គារ​នេះ ប៉េកាំងស្រែក​បង្ខំ​​ដោយ​ចំៗ​តែ​ម្តងឱ្យ​អាមេរិក​បញ្ឈប់​​​ប្រតិបត្តិការ​ខែល​មីស៊ីលនៅកូរ៉េខាង​ត្បូង​។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សេចក្តី​ប្រកាស​របស់​វ៉ាស៊ីនតោន ដាក់​ឱ្យ​ដំណើរ​ការ​​ប្រព័ន្ធ​ខែល​មីស៊ីល និង​​អាច​​ធ្វើ​ប្រតិបត្តិការ​បាន​ ក្នុង​កំរិត​សមត្ថភាពអាច​ចាប់​មីស៊ីល​កូរ៉េខាង​ជើង​បាន​ហើយ។ ជា​មួយ​នឹង​ប្រតិកម្ម​នេះ អ្នក​នាំ​ពាក្យ​ចិន​ក៏​បាន​សម្តែង​ការ​លើក​ទឹក​ចិត្ត​ចំពោះ​សេចក្តី​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ ដែល​ចង់​ជួប​លោក​គីម ជុងអ៊ុន។ ចិន​បា​នកត់​ត្រា​ទុក​ពាក្យ​របស់​ប្រធានាធិបតី​អាមេរិក និង​យល់ថា​ជា​សញ្ញា​ដ៏​វិជ្ជមាន​គួរ​ផ្សព្វផ្សាយ។

សម្រាប់​ប៉េកាំង​ អាទិភាព​បន្ទាន់​ដែល​ត្រូវ​ចាត់វិធានការ​ភ្លាម​ គឺ​ការ​បន្ធូរ​សម្ពាធ​ក្នុង​ឧបទ្វីប ទើប​មាន​ប្រសិទ្ធិភាព​និង​អាច​ឈាន​ដល់​ការ​ចរចា​ស្វែង​រក​សន្តិភាព​​ជាមួយ​កូរ៉េខាងជើង​បាន។

ចិន​ក៏​ដូច​អាមេរិក​បាន​បរិហារ​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ព្យុងយ៉ាង ប៉ុន្តែគឺ​ចិន​ដែល​រងសម្ពាធ​ខ្លាំង។ ​វ៉ាស៊ីនតោនទម្លាក់​ភារកិច្ច​​លើ​​ប៉េកាំងឱ្យ​ទៅ​គាប​​កូរ៉េខាង​ជើង។ ចិន​បាន​ស្នើ​ឱ្យ​ព្យុងយ៉ាង​ឈប់​ផ្គើន និង​ស្នើ​ឱ្យ​អាមេរិក​ឈប់​ធ្វើ​សមយុទ្ធជាមួយ​សេអ៊ូល ប៉ុន្តែ​គ្មាន​ភាគី​ណា​យក​ត្រចៀក​ស្តាប់​ទេ ព្រោះ​អាមេរិកនៅ​​មាន​ចំណុច​ខ្លាំង​មួយ​ ចង់​បង្ខំ​​ឱ្យ​ប៉េកាំង​ដាក់​ទណ្ឌកម្ម​ត្រឹម​ត្រូវ​ស្រប​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើ​របប​ព្យុងយ៉ាង។

ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​ជំនាញ ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរិក​មួយ​គ្រឿង​នេះ មិន​អាច​ការ​ពារ​កូរ៉េខាង​ត្បូង​បាន​សព្វ​ពេញមួយ​ប្រទេស​ឡើយ តែ​វា​បាន​ប្តូរ​លំនឹង​យុទ្ធសាស្រ្ត​ក្នុង​តំបន់​រវាង​កូរ៉េខាង​ជើង​និង​ខាង​ត្បូង និង​ជួយ​កូរ៉េខាង​ត្បូង​មិន​រង​ការ​បំផ្លិចបំផ្លាញ​ខ្លាំង​ពេក​ប៉ុណ្ណោះ ក្នុង​ករណី​ព្យុងយ៉ាង​បញ្ចេះ​សង្គ្រាម​ឡើង​មែន៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ