អានតួអត្ថបទ
នុយក្លេអ៊ែរ កូរ៉េខាងជើង

កូរ៉េខាងជើង​នៅ​តែ​ផ្ចាញ់ផ្ចាល​អាមេរិក ដោយ​បាញ់​គ្រាប់​មីស៊ីល​ម្តងទៀត នៅថ្ងៃ​សៅរ៍នេះ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក សា​ជាថ្មី​ម្តងទៀត នៅព្រឹក​ថ្ងៃ​សៅរ៍នេះ។ ប៉ុន្តែ បើតាម ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង ការធ្វើ​តេស្ត​សាកល្បង របស់​ទីក្រុង​ព្យុងយ៉ាង​បាន​បរាជ័យ។ កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដែល​នៅ​ក្នុង​នោះ អាមេរិក​បាន​ទាមទារ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​កូរ៉េខាងជើង។

ប្រជាជន​កូរ៉េខាងត្បូង​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពីការបាញ់​សាកល្បងមីស៊ីល​របស់​កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី ២៩​មេសា ២០១៧
ប្រជាជន​កូរ៉េខាងត្បូង​មើល​ទូរទស្សន៍​ដែល​បង្ហាញ​ពីការបាញ់​សាកល្បងមីស៊ីល​របស់​កូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី ២៩​មេសា ២០១៧ ©REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

ដោយ​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក កូរ៉េខាងជើង​ទំនង​ជា​ចង់​ប្រឆាំងតប​នឹង​ការអំពាវនាវ​របស់​អាមេរិក​ដែល​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ ដាក់​ទណ្ឌកម្ម​ថ្មីៗ បន្ថែម​ទៅលើ​កូរ៉េខាងជើង។ ប៉ុន្តែ ការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង​មិន​បាន​សម្រេច​ជោគជ័យ​នោះទេ។ បញ្ជាការដ្ឋាន​របស់​កងទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា មីស៊ីល​បាលីស្ទីក​របស់​កូរ៉េខាងជើង​ហោះ​បានទៅលើ​មេឃ​បាន​ត្រឹម​តែ ៧១​គីឡូម៉ែត្រ មុននឹង​ផ្ទុះធ្លាក់​មក​ក្នុង​ទឹកដី​កូរ៉េខាងជើង​វិញ។

 
នៅក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល ប្រធានាធិបតី​អាមេរិកាំង លោក​ដូណាល់ ត្រាំ​វិញ បាន​ប្រតិកម្ម ចោទប្រកាន់​កូរ៉េខាងជើង​ថា គ្មាន​បាន​គោរព​អ្វី​សោះ ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង។

ប្រទេស​ចិន​ត្រូវ​បាន​អាមេរិក​ទាមទារ​ជាថ្មី​ម្តងទៀត ឲ្យចាត់វិធានការ​ធ្វើយ៉ាងណា​ឲ្យ​កូរ៉េខាងជើង នៅ​ឯកោរ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការទូត។ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដែល​ផ្តោត​សំខាន់​ទៅលើ​សំណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ប្រមុខការបរទេស​អាមេរិក លោក​រេច ធីល័រសុន បាន​មាន​ប្រសាសន៍​ថា ការគំរាមកំហែង​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ​ទៅលើ​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ពិតជា​មាន​ប្រាកដ​មែន។ សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក បើ​គេ​មិនទប់ស្កាត់ នៅពេលនេះ កូរ៉េខាងជើង​ដែល​អភិវឌ្ឍ​មិន​ឈប់ កម្មវិធី​នុយក្លេអ៊ែរ​យោធា នឹង​មាន​សមត្ថភាព​វាយប្រហារ នៅ​ថ្ងៃ​ណាមួយ សហរដ្ឋអាមេរិក។

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ថ្ងៃ​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​ចិន លោក​វ៉ាងយី បាន​ឆ្លើយតប​ទៅវិញថា វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​មិនមែន​ជា​បន្ទុក​របស់​ចិន​តែម្នាក់​ឯង​នោះទេ។ ប្រមុខការបរទេស​ចិន​បាន​សំណូមពរ​ម្តងទៀត ឲ្យគេ​ធ្វើ​តាម​សំណើ​របស់​ចិន ដែលនៅក្នុង​នោះ ដើម្បី​ជាថ្នូរ​នឹង​ការទាមទារ​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ អាមេរិក និង​កូរ៉េខាងត្បូង​ត្រូវ​ឈប់​ធ្វើ​សមយុទ្ធ​យោធា នៅ​ឧបទ្វីបកូរ៉េ។

សំណើ​របស់​ចិន​ត្រូវ​បាន​អាមេរិក​បដិសេធ​មិន​ទទួល​យក​រហូតមក។ នៅ​ថ្ងៃ​សុក្រ ប្រមុខការបរទេស​អាមេរិក​បញ្ជាក់​ម្តងទៀត​ជំហរ​របស់​អាមេរិក​ដែល​ចង់ឲ្យ​មាន​ការចរចា​ការទូត​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង​លះបង់​ចោល​មហិច្ឆតា​នុយក្លេអ៊ែរ ប៉ុន្តែ ជាមួយ​គ្នានោះ អាមេរិក​មិន​ចោល​ទេ ជម្រើស​វាយប្រហារ​យោធា ដើម្បី​ទប់ទល់​នឹង​ការវាយប្រហារ​របស់​កូរ៉េខាងជើង។ ប្រមុខការប្រទេស​អាមេរិក​បាន​សន្យា​ធានា​ដល់​ភាគី​ចិន ថា អាមេរិក​គ្មាន​បំណង​ចង់​ឲ្យ​គេ​ប្តូរ​របប​កូរ៉េខាងជើង ហើយ​អាមេរិក​ក៏​គ្មាន​គម្រោង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ទាំង​ពីរ​បង្រួបបង្រួម​ចូល​គ្នា​នោះដែរ។ ការង្រួបបង្រួម​កូរ៉េ​តែមួយ គឺ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​ទីក្រុង​ប៉េកាំង ដែល​យល់​ថា កូរ៉េខាងជើង​ដួលរលំ នឹង​ធ្លាក់ ទៅ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​កូរ៉េខាងត្បូង​ដែល​ជា​រណប​របស់​អាមេរិក នៅ​អាស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ