អានតួអត្ថបទ

ចិន​ច្រាន​ចោល​ព័ត៌មាន​របស់​អាមេរិក រឿង​ស្កាត់​យន្តហោះ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង

វិបត្តិ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​នៅ​តែ​ជា​ដើម​ចម​នៃ​ភាព​តាន​តឹង​រវាង​អាមេរិក​និង​ចិន ​! នៅ​អាទិត្យ​នេះ ប៉េកាំង​បាន​ប្រកាស​ច្រាន​ចោល​ ពាក្យ​អះអាងរបស់​ក្រសួងការពារ​ជាតិ​អាមេរិក​ដែល​ថាមាន​កើត​ឧប្បត្តិហេតុ​ពីរ​នៅ​លើ​ផ្ទៃ​អាកាស ៖ យន្តហោះ​ល្បាត​អាមេរិក​ត្រូវ​ស្កាត់​ ដោយ​យន្តហោះ​ចម្បាំង​ពីរគ្រឿង​របស់​ចិន លើ​ផ្ទៃ​នៃ​​ដែន​សមុទ្ទ​ចិន​ខា​ងត្បូង។ ​

យន្តហោះ​ល្បាត​សមុទ្ទ​អាមេរិក  P-3 Orion
យន្តហោះ​ល្បាត​សមុទ្ទ​អាមេរិក P-3 Orion REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

កាលពី​ថ្ងៃ​សុក្រ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក បាន​បង្ហើម​ឱ្យ​ដឹង​អំពី​ឧប្បត្តិហេតុ​ ពើប​ប្រទះ​ស្កាត់​គ្នា​លើ​ផ្ទៃ​អាកាស​ រវាង​យន្តហោះ​ល្បាត​អាមេរិក P-3 Orion និង​យន្តហោះ​ចម្បាំង​ចិន​J-10 ពីរគ្រឿង​។ ជា​ឧប្បត្តិហេតុ​ទីពីរ​ ក្នុង​រយៈ​ពេល​តែ​ពីរ​សប្តាហ៍។

ឧប្បត្តិហេតុ​បែប​នេះ បាន​កើត​ឡើង​ជា​លើក​ទី​មួយ នៅ​ថ្ងៃ​ទី ១៦​ឧសភា ដោយ​យន្តហោះ​យោធា​អាមេរិក​ត្រូវ​បាន​ស្កាត់​ ដោយយន្តហោះ​ចិន​ពីរ​គ្រឿង ដោយ​​គ្មាន​លក្ខណៈ​វិជ្ជាជីវៈ​សោះ។ លើក​ទី​ពីរ កាលពី​ថ្ងៃពុធ​ យន្តហោះ​ល្បាត​P-3 Orion អាមេរិក​ត្រូវ​បាន​ស្កាត់​ជា​ថ្មី​ដោយ​យន្តហោះ​ចិន​ទៀត ប៉ុន្តែ​អាច​បន្ត​បេសកកម្ម​ល្បាត​លើ​សមុទ្ទ​ចិន​ខាង​ត្បូង ដោយ​គ្មាន​បញ្ហា។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​មន្ទីរ​បញ្ចកោណ​ ដែល​អះអាង​ថា​បាន​ផ្តល់​បញ្ជូន​ដំណឹង​ទៅ​ឱ្យ​ប៉េកាំង​ហើយ។

ប៉ុន្តែ​នៅ​ថ្ងៃអាទិត្យ​នេះ ក្រសួង​ការ​ពារ​ជាតិ​ចិន​​បាន​ច្រាន​ចោល​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​វ៉ាស៊ីនតោននោះ​ ថា​ខុស​ពី​ការ​ពិត​ជាក់ស្តែង។ យន្តហោះ​អាមេរិក​បាន​ធ្វើ​ប្រតិបត្តិការ​ស្ទាបស្ទង់​ស្ថានការ​ណ៍អាកាស​ក្នុង​តំបន់​អាគ្នេយ៍​នៃ​កោះហុងកុង​របស់​ចិន។ ឯ​យន្តហោះ​យោធា​ចិន​ បាន​ធ្វើ​ប្រតិបត្តិការណ៍​សម្គាល់​អត្តសញ្ញាណ​​ស្រប​តាម​ច្បាប់​។ ជា​ប្រតិបត្តិការ​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​ប្រាកដ​​និយម។ នេះ​ជា​ពន្យល់​លម្អិត​របស់​ចិន។

សម្រាប់​ចិន គឺ​អាមេរិក​ទេ​ដែល​ជា​អ្នក​រំលោភ​ដែន​ទឹក​ចិន ដោយ​បាន​បញ្ជូន​នាវា​យោធា​ទៅក្បែរ​តំបន់​ប្រជុំ​កូន​កោះ​Mischief កោះ​សប្បនិម្មិត្ត​របស់​ប៉េកាំង។ សកម្មភាព​បែប​នេះ គឺ​ជា​រំលោភ​បូរណភាព​ និង​សន្តិសុខ​ ដោយ​អាច​ធ្វើ​ភាគី​ទាំង​សង​ខាង​ត្រូវ​រង​អសន្តិសុខ។ ទង្វើ​របស់​អាមេរិក គឺ​ជា​មូលហេតុ​គ្រឹះ​​នៃបញ្ហា​សន្តិសុខ​យោធា​ផ្លូវ​អាកាស​​និង​ផ្លូវ​ទឹក​រវាង​អាមេរិក​និង​ចិន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការពារ​ជាតិ​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ