អានតួអត្ថបទ

អូស្រា្តលីចង់​​​​​​​​​​​​​​ដក​លិខិត​ឆ្លង​ដែន​ពី​ជន​ជាប់​ទោស​រំលោភកុមារ

គេ​ធ្លាប់​និយាយ​ច្រើន​អំពី​នយោបាយ​ដាច់​ខាត​ គ្មាន​អាណិត​អាសូរ​របស់​​​អូស្ត្រាលី​ចំពោះ​ជន​អន្តោប្រវេសន៍​ ថ្ងៃ​នេះ​អូស្ត្រាលី​កំពុង​ត្រៀម​ខ្លួន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភពលោក ខាង​ប្រយុទ្ធ​ប្រឆាំង​នឹង​អាណាចារ​លើ​កុមារ។ អូស្ត្រាលី​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ៣០​ឧសភា ចង់​ដក​លិខិត​ឆ្លង​ដែន​ពី​ជន​ណា​ដែល​មាន​ទោសរំលោភ​បំពាន​អាណាចារ​លើ​កុមារ ដើម្បី​ទប់​ស្កាត់​ជននោះ​​មិន​ឱ្យ​ដើរ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ថ្មី​​ទៀត នៅ​បរទេស។

លោកស្រីរដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ Julie Bishop ប្រកាស​ថា​អូស្ត្រាលី​នឹង​ចាត់​វិធាន​ក្តៅ​ប្រឆាំង​នឹង​ជន​រំលោភបំពាន​កុមារ​
លោកស្រីរដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​ Julie Bishop ប្រកាស​ថា​អូស្ត្រាលី​នឹង​ចាត់​វិធាន​ក្តៅ​ប្រឆាំង​នឹង​ជន​រំលោភបំពាន​កុមារ​ Reuters/CSIS
ផ្សាយពាណិជ្ជកម្ម

គ្មាន​ប្រទេស​ណា​ចាត់​វិធានការ​ខ្លាំង​ដូច​អូស្ត្រាលី​ទេ ! អំណើះ​តទៅ ជន​ជាប់​ទោស​ប្រព្រឹត្ត​អំពើ​អានាចារ​លើ​កុមារ ទំនង​ជា​មិន​អាច​ចាក​ចេញ​ពី​ទឹក​ដី​អូស្រ្តាលី​បាន​ទៀត​ទេ ជា​ពិសេស​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ត​កំហុស​ចាប់​រំលោភ បំពារបំពាន​លើ​កុមារ​ និង​ក្មេង​មិន​ទាន់​ពេញ​វ័យ ! ដើម្បី​ទប់​ស្កាត់​ជំងឺ​លាប់ អូស្ត្រាលី​មិន​ខ្លាច​នឹង​ប្រើ​​វិធាន​ការ​ក្តៅ​ ដែល​ប៉ះពាល់​​ដល់​សិទ្ធិ​ជា​ពលរដ្ឋ​ទេ។

ប៉ុន្តែ​បើ​តាម​តំណាង​រាស្ត្រ​​អូស្ត្រាលី​ម្នាក់ ដែល​ជា​តំណាង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អានាចារ​លើកុមារ អូស្ត្រាលី​មិន​ខ្វល់​នឹង​សិទ្ធិ​នោះ​ឡើយ ព្រោះ​បើ​អ្នក​​​រំលោភ​កុមារ អ្នក​ត្រូវ​តែ​បាត់​បង់​សិទ្ធិជា​ពលរដ្ឋ​ខ្លះ​អញ្ចឹង​ហើយ។​

​វិធានការ​ប្រឆាំង​នឹង​ជន​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​ ដែល​អូស្ត្រាលី​គ្រោង​នឹង​អនុវត្តមុន​គេ​នៅ​លើ​ពិភពលោក ត្រូវ​បញ្ជូន​ទៅ​សភា​អូស្ត្រាលី​ពិនិត្យ​អនុម័ត​ក្នុង​ពេល​ឆាប់ៗខាង​មុខ​។ ​ច្បាប់​​​ថ្មី នឹង​ហាម​​​ជន​ជាប់​ទោស​អានាចារ​លើ​កុមារ មិន​ឱ្យ​ដើរ​ហើរ​សេរី​ទៅ​បរទេស ឬ​មាន​លិខិត​ឆ្លង​ដែនអូស្ត្រាលី​កាន់​នៅក្នុង​​ដៃ​ឡើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​អូស្ត្រាលី លោកស្រី Julie Bishop។

គ្រាន់​តែ​នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ​មួយ​ឆ្នាំ​គត់​សោះ មាន​ជន​ពាល​ស្រលាញ់​កុមារ​ប្រមាណ​ជិត ៨០០​នាក់ បាន​​ចាក​ចេញ​ពី​អូស្ត្រាលី​។ ពួក​គេ​ ភាគ​ច្រើន នាំគ្នា​ធ្វើ​ដំណើរទៅ​ប្រទេស​នៅ​តំបន់​អាស៊ី ដោយ​រំលោភ​បម្រាម មិន​មកជូន​ដំណឹង​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ជាមុន​ទេ និង​ក្នុង​នោះ​មាន​​​ពាក់​កណ្តាល​អាច​នឹង​ប្រព្រឹត្ត​អំពើ​រំលោភ​អានាចារ​លើ​កុមារ​ជា​ថ្មី។ អំពើ​អានាចារ​នៅ​បរទេស​ដែល​បំពុល​រូប​ភាព​ប្រទេស​អូស្ត្រាលី​ខ្លាំង​ណាស់ ជាក់ស្តែង​ករណី​កាត់​ទោស​ជន​Robert Andrew Fiddes Ellis អាយុ​៧០ នៅ​ក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី​ ឱ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ពី​បទ​រំលោភ​កុមារី​ និង​ក្មេង​ជំទង់​១១នាក់។

ប្រសិន​បើ​ច្បាប់​ប្រឆាំង​នឹង​ជន​រំលោភ​​កុមារ​ចូល​ជា​ធរមាន​មែន នោះ​អូស្ត្រាលី​នឹង​អាច​រឹប​អូស ដក​លិខិត​ឆ្លង​ដែន​ប្រមាណ​២​ម៉ឺន​ក្បាល ពី​ជនជាប់​ទោស​ដែល​​អនុវត្តទោស​រួច​​ហើយ តែ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ