អានតួអត្ថបទ
សហរដ្ឋអាមេរិក-កូរ៉េខាងត្បូង

លោកមូន ចៃអ៊ីន​បញ្ជារ​ឲ្យ​ស៊ើបអង្កេត​លើ​ការដំឡើង​ប្រព័ន្ធ​ខែល​មីស៊ីល​ថ្មី​របស់​អាមេរិក

នៅក្នុង​អាណត្តិ​ដឹកនាំ​របស់​ប្រធានាធិបតី​ថ្មី កូរ៉េខាងត្បូង​មិនមែន​ចេះ​តែ​យល់ស្រប​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក។ នៅ​ថ្ងៃ​អង្គារទី ៣០ ឧសភា លោក​ប្រធានាធិបតី​មូន ចៃអ៊ីន​បាន​បញ្ជារ​ឲ្យ​បើក​ការស៊ើបអង្កេត​ទៅលើ​ការពង្រាយ​ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក Thaad ដែល​បើតាម​វិមាន​ប្រធានាធិបតី ត្រូវ​បាន​ធ្វើឡើង​ដោយ​សម្ងាត់ ដោយ​ភាគី​អាមេរិក។

ប្រព័ន្ធ​ខែលមីស៊ីល​ដែល​អាមេរិក​បាន​នាំចូល​ទៅ​ពង្រាយ​នៅ​កូរ៉េខាងត្បូងដើម្បីត្រៀម​ទប់ទល់​នឹង​មីស៊ីល​របស់​កូរ៉េខាងជើង
ប្រព័ន្ធ​ខែលមីស៊ីល​ដែល​អាមេរិក​បាន​នាំចូល​ទៅ​ពង្រាយ​នៅ​កូរ៉េខាងត្បូងដើម្បីត្រៀម​ទប់ទល់​នឹង​មីស៊ីល​របស់​កូរ៉េខាងជើង © U.S. Department of Defense,
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយ​ថា លោក​មូន ចៃអ៊ីន​ភ្ញាក់ផ្អើល​មែនទែន នៅពេល​ទីប្រឹក្សា​យោធា​ប្រាប់​លោកថា ប្រព័ន្ធ​ខែល​មីស៊ីល​ចំនួន ៤​គ្រឿង ត្រូវ​បាន​អាមេរិក​នាំចូល​រួចហើយ ក្នុង​ទឹកដី​កូរ៉េខាងត្បូង។ លោក​មូន ចៃអ៊ីន​បាន​បញ្ជារ​ឲ្យ​មាន​ការស៊ើបអង្កេត​ទៅលើ​រឿងនេះ ព្រោះថា ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក Thaad ត្រូវ​បាន​នាំចូល កូរ៉េខាងត្បូង ដោយ​គ្មាន​បាន​សុំ​ការអនុញ្ញាត ឬ​ជូន​ដំណឹង​ជាមុន ដល់​រដ្ឋបាល និង​ប្រជាជន​កូរ៉េខាងត្បូង។

 
ប្រព័ន្ធ​ខែល​មីស៊ីល​៤​គ្រឿង​ត្រូវ​បាន​នាំចូលបន្ថែម​ពី​លើ​ប្រព័ន្ធ​ខែលមីស៊ីល​ពីរគ្រឿង ដែល​អាមេរិក​​បាន​នាំចូល ទៅ​ដំឡើង នៅ​ប៉ុន្មាន​ថ្ងៃ​មុន លោក​មូន ចៃអ៊ីន​ឈ្នះឆ្នោត​ប្រធានាធិបតី ថ្ងៃទី ១០​ឧសភា។ ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក ត្រូវ​បាន​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក់ គុនហេ ចុះកិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ក្នុង​គោលដៅ យក​ទៅ​ប្រើប្រាស់​ដើម្បី​ទប់ទល់​នឹង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង។ ប៉ុន្តែ ទីក្រុង​ប៉េកាំង បាន​ប្រឆាំង​នឹង​ការពង្រាយ​ខែល​មីស៊ីល​របស់​អាមេរិក ដែល​ចិន​ចាត់ទុក​ថា ជា​ឧបករណ៍ យកការណ៍ និង​គំរាមកំហែង​យុទ្ធសាស្រ្ត​យោធា​របស់​ចិន។

វត្តមាន​របស់​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក នៅ​ទឹកដី​កូរ៉េខាងត្បូង គឺ​ជា​ប្រធានបទ​សំខាន់​នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​កូរ៉េខាងត្បូង ដោយសារ​មាន​ការប្រឆាំង​ពី​ប្រជាជន​កូរ៉េខាងត្បូង​ទៅលើ​ការតាំងទី​ប្រព័ន្ធ​ខែលមីស៊ីល​Thaad។ នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​មូន ចៃអ៊ីន​ធ្លាប់បាន​សន្យា​ថា លោក​នឹង​ទាមទារ​ឲ្យ​សភា​ធ្វើការ​ពិនិត្យ​ឡើងវិញ លើ​ការពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក។ លោក​មូន ចៃអ៊ីន ដែល​ធ្លាប់​សរសេរ​ក្នុង​សៀវភៅ​របស់​លោក​ថា កូរ៉េខាងត្បូង​ត្រូវតែ​ចេះ​និយាយ​ទេ ជាមួយ​អាមេរិក ហាក់​មិន​សូវ​គាំទ្រ​នឹង​គំនិត​តាំង​ពង្រាយ​ខែល​មីស៊ីល​របស់​អាមេរិកនោះទេ។ លោក​មូន ចៃអ៊ីន មក​ពី​ក្រុមសេរីនិយម មាន​បំណង​ចង់​ចរចា​ជាមួយ​កូរ៉េខាងជើង ដើម្បន្ធូរបន្ថយ​ភាពតានតឹង ជាជាង ប្រឈមមុខ​នឹង​របប​ព្យុងយ៉ាង៕

មេបញ្ជាការ​ទ័ព​អាមេរិក​ប្រចាំ​កូរ៉េខាងត្បូង នៅ មិនទាន់​បាន​អត្ថាធិប្បាយ​ទៅលើ​រឿងនេះ​នៅឡើយទេ។ តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី២ អាមេរិក​មាន​កងទ័ព​របស់​ខ្លួន ប្រមាណ ២៨​៥០០​នាក់ ប្រចាំការ​នៅ​កូរ៉េខាងត្បូង ទៅតាម​កិច្ចព្រមព្រៀង រវាង​ទីក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ