អានតួអត្ថបទ
អូស្រា្តលី-អាមេរិក

អូស្រា្តលី និង​អាមេរិក​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស និង​ការពារជាតិ

នៅ​ថ្ងៃ​ចន្ទ ទី៥ មិថុនា​នេះ រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​ប្រទេស​អូស្រ្តាលី និង​សហរដ្ឋអាមេរិក​បាន​បើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ក្នុង​ទីក្រុង​ស៊ីដនី។ មាន​សំណុំរឿង​ជា​ច្រើន​ដែល​ភាគី​ទាំង​ពីរ​បាន​លើក​យក​ទៅ​ជជែក ក្នុង​នោះ ការ​ទទួល​ខុស​ត្រូវ​របស់​ចិន​នៅ​លើ​ឆាក​អន្តរជាតិ បញ្ហា​នុយក្លេអែរ​កូរ៉េខាងជើង និង​ភេរវនិយម​បាន​ក្លាយ​ជា​ប្រធានបទ​អាទិភាព។ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Tillerson បាន​ថ្លែង​ដោយ​មិន​លាក់លៀម​ថា ចិន​មិន​អាច​គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​អន្តរជាតិ​របស់​ខ្លួន​នៅ​ក្នុង​បញ្ហា​សមុទ្រចិន ឬ​មួយ​ក៏​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ទេ។

ពីឆ្វេង​ទៅ​ស្តាំ លោក Mattis ​រដ្ឋមន្រ្តី​ការពារជាតិអាមេរិក លោក Tillerson រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោកស្រី Bishop រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី និង​លោកស្រី Payne រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក
ពីឆ្វេង​ទៅ​ស្តាំ លោក Mattis ​រដ្ឋមន្រ្តី​ការពារជាតិអាមេរិក លោក Tillerson រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោកស្រី Bishop រដ្ឋមន្រ្តី​ការបរទេស​អូស្រា្តលី និង​លោកស្រី Payne រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Reuters
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត អាមេរិក​បាន​បន្ត​ប្រើ​ធម៌​ក្តៅ​ផង និង​ធម៌​ត្រជាក់​ផង​ដាក់​ចិន។ ទន្ទឹម​នឹង​ការ​ចង់​បាន​ទំនាក់ទំនង​ពោរពេញ​ដោយ​ក្តី​ស្ថាបនា​ជាមួយ​ចិន លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Rex Tillerson បាន​បញ្ជាក់​ច្បាស់ៗ​ថា គេ​ពិត​ជា​មិន​អាច​ទុក​បណ្តោយ​ឲ្យ​ចិន​ប្រើ​សិទ្ធិ​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​វាតទី​ក្រសោប​យក​ប្រយោជន៍​តែ​ម្នាក់​ឯង ហើយ​គេច​យក​រួច​ខ្លួន​ពី​បញ្ហា​ប្រឈម​ផ្សេង​ទៀត​ទេ។ នៅ​ក្នុង​ន័យ​នេះ លោក Tillerson បាន​និយាយ​ត្រង់ៗ​លើ​មហិច្ឆតា​យោធា​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន និង​ការ​ដែល​ចិន​មិន​បាន​ដាក់​គំនាប​គ្រប់គ្រាន់​លើ​កូរ៉េខាងជើង​ក្នុង​បញ្ហា​នុយក្លេអ៊ែរ។

តាម​លោក Tillerson អាមេរិក និង​អូស្រ្តាលី​បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​សន្យា​របស់​ខ្លួន​ស្តីពី​សេរីភាព​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ និង​ផ្លូវអាកាស​តាម​គ្រប់​មធ្យោបាយ​ដោយ​ស្របច្បាប់​នៅ​សមុទ្រ​ចិនខាង​ត្បូង ឬ​មួយ​នៅ​កន្លែង​ផ្សេង​ដែល​ជា​ដែនទឹក​អន្តរជាតិ។ ទន្ទឹម​គ្នា​នេះ លោក​ប្រមុខ​ការទូត​អាមេរិក​ដដែល​ក៏​បាន​ព្រមាន​ប្រឆាំង​ជា​ថ្មី​លើ​កោះសិប្បនិម្មិត និង​មូលដ្ឋាន​យោធា​ដែល​ចិន​បាន​សាងសង់​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាមេរិក និង​អូស្រ្តាលី​បាន​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា​ដោយ​អំពាវនាវ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​ខុស​ច្បាប់​របស់​ខ្លួន។

ដោយឡែក លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក James Mattis និង​សមភាគី​អូស្រ្តាលី​លោកស្រី Marise Payne បាន​ផ្តោត​លើ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម។ ក្តីបារម្ភ​ជាង​គេ​ក្នុង​បញ្ហា​នេះ គឺ​ការ​វិល​ត្រឡប់​ចូល​ស្រុក​វិញ​ពី​បរទេស​របស់​ពួកជីហាត​ដែល​បាន​ចេញ​ទៅ​ចូលរួម​រៀនសូត្រ​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី ឬ​អ៊ីរ៉ាក់។ គឺ​ពួក​នេះ​ហើយ​ដែល​ជា​ដង្កូវ​ចេញ​ពី​សាច់​ឯង​ដើរបង្ក​ភេរវកម្ម​ក្នុង​ស្រុក។ បើ​តាម​រដ្ឋាភិបាល​អូស្រ្តាលី គិត​តាំង​ពី​ឆ្នាំ ២០១៤ មក ប៉ូលិស​បាន​បង្រ្កាប​ទាន់​ពេល​លើ​គម្រោង​ធ្វើ​ភេរវកម្ម​ចំនួន ១២លើក និង​បាន​ចាប់​ជនសង្ស័យ​ឃុំ​ទុក​ជាង ៦០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ