អានតួអត្ថបទ
ភូមា

ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​ត្រៀម​ចូលរួម កាត់បន្ថយ ភាពតានតឹង​នៅ​រដ្ឋរ៉ាឃីន

នៅថ្ងៃ​សៅរ៍ គឺ​នៅតែ​ពីរថ្ងៃ​មុន ឧសានវាទ​នៃ​បទឈប់បាញ់ នៅ​រដ្ឋរ៉ាឃីន ក្រុមឧទ្ទាម​ទ័ពព្រៃ ដើម្បី​រ៉ូហ៊ីងយ៉ា​បាន​បង្ហាញ​ជំហរ​ចង់​ចូលរួម​ដោះស្រាយ ដើម្បី​ភាពធូស្រាល​ឡើងវិញ នៅ​រដ្ឋរ៉ាឃីន។ កាលពី​មួយខែ​មុន ពួកឧទ្ទាម​ទ័ពព្រៃ ឈ្មោះ​ថា កម្លាំង រំដោះ​រ៉ូហ៊ីងយ៉ា នៅ​អារ៉ាខាន បាន​ប្រកាស​ជា​ឯតោភាគី បទឈប់​បាញ់ រយៈពេល​មួយខែ ដើម្បី​សម្រួល​ដល់​ការផ្តល់​ជំនួយ មនុស្ស​ធម៌ ដល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា ដែល​បានរត់គេច​ចេញពី​អំពើហិង្សា នៅ​រដ្ឋរ៉ាឃីន របស់​​ប្រទេស​ភូមា។

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំCox's Bazar​ក្នុង​ទឹកដី​បងក្លាដែសនៅថ្ងៃទី ៦​តុលា ២០១៧
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ជំរំCox's Bazar​ក្នុង​ទឹកដី​បងក្លាដែសនៅថ្ងៃទី ៦​តុលា ២០១៧ © REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

បទឈប់​បាញ់ ប្រកាស ជា​ឯកតោភាគី ដោយ​ពួកឧទ្ទាម រំដោះ​រ៉ូហ៊ីងយ៉ា ហៅកាត់​ថា ARSA នឹងត្រូវ​ចប់ នៅ​យប់​ថ្ងៃ​ចន្ទ ខានស្អែក។ ប៉ុន្តែ នៅ​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន នៅ​ថ្ងៃ​សៅរ៍នេះ ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា ​ដែល​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​ភូមា តាំង​ពី​ខែ​សីហា បាន​បង្ហាញ​ថា ក្រុមខ្លួន ត្រៀមខ្លួន ដើម្បី ចូលរួម បន្ធូរបន្ថយ​ភាពតានតឹង នៅ​រដ្ឋរ៉ាឃីន ទៅតាម​វិធានការ​របស់​រដ្ឋាភិបាល​ភូមា។ ប៉ុន្តែ ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​បាន​បញ្ជាក់​ដែរ​ថា ក្រុមខ្លួន​នឹង​នៅ​តែ​ប្តេជ្ញា​ធ្វើសកម្មភាព ដើម្បី​បញ្ឈប់​រាល់​ការបង្ក្រាប និង​នយោបាយ​សង្កត់សង្កិន​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

អាជ្ញាធរ​ភូមា នៅ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទៅនឹង​ការប្រកាស​របស់​ក្រុមឧទ្ទាម​នៅថ្ងៃ​សៅរ៍​នេះទេ។ ប៉ុន្តែ កាលពី​មួយខែ​មុន នៅក្រោយ​ការប្រកាស​បទឈប់បាញ់ ជា​ឯកតោភាគី ដោយ​ឯកឯង​របស់​ក្រុមឧទ្ទាម ARSA អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ភូមា​បាន​លើកឡើង​ហើយ​ថា រដ្ឋាភិបាល​គ្មាននយោបាយ​ចរចា​ជាមួយ ពួកភេរវជន​នោះទេ។

កងទ័ព​ភូមា​បាន​ចាត់ទុក​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា ថា ជា​ក្រុមភេរវជន ដែល​បាន​បើក​ការវាយប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ភូមា ជាច្រើន​កន្លែង នៅ​រដ្ឋរ៉ាឃីន នៅ​ថ្ងៃ​ទី ២៥​សីហា​កន្លងទៅ។ តាំងពីពេលនោះ​មក កងទ័ព​ភូមា​បាន​បើក​ការបង្រ្កាប​តបវិញ រហូត​ធ្វើ​ឲ្យ​កើតផ្ទុះ​ជា​អំពើហិង្សា ដែល​ជា​ដើមហេតុ​នៃការរត់ភៀសខ្លួន​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា​រាប់ម៉ឺននាក់​ពី​រដ្ឋរ៉ាឃីន ទៅ​ប្រទេស​បង់ក្លាដែស ដែល​មាន​ព្រំដែន​ជាប់ភូមា។

រហូតមកដល់​ថ្ងៃ​នេះ គេ​នៅមិនទាន់​ដឹងច្បាស់​ពី​សមាសភាព ចំនួន​សមាជិក​របស់​ក្រុមឧទ្ទាម​រ៉ូហ៊ីងយ៉ា​នោះទេ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅ​ខែ​មីនា​ដើមឆ្នាំនេះ ប្រធាន​របស់​ចលនា​ដើម្បី​រំដោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា ARSA ​បាន​អះអាងថា ចលនា​នេះ ត្រូវ​បាន​បង្កើតឡើង ដើម្បី​ការពារ​សិទ្ធិ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម និង​គ្មាន​ចំណង​ទាក់ទាញ​ជាមួយ​ក្រុមអង្គការ​អ៊ីស្លាម​បរទេស​នោះទេ។

ចលនា​រំដោះ​ជនជាតិ​រ៉ូហ៊ីងយ៉ា កើតឡើង នៅឆ្នាំ ២០១៦ នៅ​ក្រោយ​ជម្លោះ​សាសនា​ដ៏​ហិង្សា រវាង​អ្នកកាន់សាសនា​ព្រះពុទ្ធ និង​អ្នកកាន់​សាសនា​អ៊ីស្លាម នៅ ភូមា នៅ​ឆ្នាំ ២០១២ ដែល​បាន​សម្លាប់​មនុស្ស​ជិត ២០០​នាក់ និង​ធ្វើ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ រត់ភៀសខ្លួន ជាង ១សែននាក់។ តាម​អ្នកតាមដាន​មួយចំនួន ក្រុមឧទ្ទាម​គ្មាន​កម្លាំង ដើម្បី​ប្រយុទ្ធ​ទប់ទល់​នឹង​កងទ័ព​ភូមា​បានទេ នៅ​ក្នុង​មួយរយៈពេល​ចុងក្រោយនេះ។ គេ​បាន​ចោទសួរ​ថា តើ​ពួកឧទ្ទាម​រ៉ូហ៊ីងយ៉ា​នឹង​អាច​ប្រមូលផ្តុំ​កម្លាំង រើស​បញ្ចូល​សមាជិក​របស់ខ្លួន​បាន​យ៉ាងម៉េច បើ​កងទ័ព​ភូមា បាន​វាយបណ្តេញ ប្រជាជន​រ៉ូហ៊ីងយ៉ា និង​បាន​កាត់ផ្តាច់​ផ្លូវ​ផ្តល់​ស្បៀង ហិរញ្ញវត្ថុ និង​ការយកការណ៍​សម្ងាត់ អស់​ខ្ទេចខ្ទីរ គ្មាន​សល់​យ៉ាងដូច្នេះនោះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ