អានតួអត្ថបទ
កូរ៉េខាងជើង-សហរដ្ឋអាមេរិក

អតីត​មន្រ្តី​ជាន់ខ្ពស់​កូរ៉េខាងជើង​ប្រាប់​សភា​អាមេរិក​ថា របប​កូរ៉េខាងជើង​នឹង​ដួលរលំឯង

អតីត​មន្រ្តី​ទូត កូរ៉េខាងជើង ម្នាក់ ដែល​បាន​រត់​ចោល​ជួរ​រដ្ឋាភិបាល បាន​ចូលខ្លួន ទៅ​ឆ្លើយ​ប្រាប់​សភា​អាមេរិកាំង នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា របប​ព្យុងយ៉ាង​នឹង​ដួលរលំ ដោយ​ឯកឯង ដោយ​មិនចាំបាច់​មាន​ការវាយប្រហារ​ពី​ខាងក្រៅ។ នៅ​មុខ​គណៈ កម្មការ​កិច្ចការ​បរទេស​របស់​សភា​អ្នកតំណាងរាស្រ្ត​អាមេរិកាំង អតីត​មន្រ្តីការទូត​ជាន់ខ្ពស់​កូរ៉េខាងជើង បាន​បញ្ជាក់ថា របបដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​នឹង​ដួលរលំ ដោយសារ​តែ​ការងើប​បះបោរ​របស់​ប្រជាជន​ក្នុង​ស្រុក។

អតីត​មន្រ្តីទូត​កូរ៉េខាងជើង​ប្រចាំ​ក្រុង​ឡុងដ៍ ដែល​រត់ចេញ​ពីជួរ​រដ្ឋាភិបាល លោក​ថេ យ៉ាំងហូ នៅក្នុង​សន្និសីទ​កាសែត​នៅទីក្រុង​សេអ៊ូល នៅ​ខែ​មករា ឆ្នាំ ២០១៧
អតីត​មន្រ្តីទូត​កូរ៉េខាងជើង​ប្រចាំ​ក្រុង​ឡុងដ៍ ដែល​រត់ចេញ​ពីជួរ​រដ្ឋាភិបាល លោក​ថេ យ៉ាំងហូ នៅក្នុង​សន្និសីទ​កាសែត​នៅទីក្រុង​សេអ៊ូល នៅ​ខែ​មករា ឆ្នាំ ២០១៧ ©REUTERS/Ed Jones/File Pool
ផ្សាយពាណិជ្ជកម្ម

លោក ថេ យ៉ាំងហូ (Thae Yong-Ho) អតីត​មន្រ្តី​ជាន់ខ្ពស់ របស់​ស្ថានទូត​កូរ៉េខាងជើង ប្រចាំ​ក្រុងឡុងដ៍ ដែល​បាន​រត់គេច​ខ្លួន ទៅ​ប្រទេស​កូរ៉េខាងត្បូង នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៦ បាន​និយាយ​ប្រាប់ គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា​អ្នកតំណាងរាស្រ្ត​អាមេរិក​ថា ការងើប​បះបោរ​របស់​ប្រជាជន​ក្នុង​ស្រុក​នឹង​ធ្វើ​ឲ្យ​របបកុម្មុយនិស្ត​របស់​លោកគីម ជុងអ៊ុន ដួលរលំ ដោយ​ឯកឯង។

តាម​អតីត​មន្រ្តីទូត​កូរ៉េខាងជើង នៅពីក្រោយ​រូបភាព​នៃ​ការពង្រឹង​អំណាចផ្តាច់ការ​របស់លោកគីម ជុងអ៊ុន មានការវិវឌ្ឍ និង​ការផ្លាស់ប្តូរ​ជាច្រើន ដែល​គេ​មិន​បាន​រំពឹង​ទុកមុន នៅ​កូរ៉េខាងជើង។ ទីផ្សារ​សេរី បាន​រីកដុះដាល យ៉ាង​ឆាប់រហ័ស។ ប្រជាជន​កូរ៉េខាងជើង កាន់តែ​ច្រើន​បាន​ស៊ាំ​នឹង​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​មូលធន​និយម រហូត​ធ្វើ​ឲ្យ​គេ​សឹង​តែ​ភ្លេច​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​សង្គមនិយម​របស់​រដ្ឋ។ ប្រព័ន្ធ ជំនួយ​សង្គម​បាន​ដួលរលំ​ទាំងស្រុង។ មន្រ្តីរដ្ឋការ មន្រ្តី​យោធា ប្រព្រឹត្ត​អំពើពុករលួយ ទទួល​សំណូក​សូកប៉ាន់​ដើម្បី​រស់។ មួយវិញទៀត ជំនឿ​លើ​មនោគម​វិជ្ជា​របស់​បក្ស​កុម្មុយនិស្ត បាន​ធ្លាក់ចុះ ខុសពីមុន ព្រោះថា ប្រជាជន​កូរ៉េខាងជើង សព្វថ្ងៃ ដែល​ជក់ចិត្ត​មើល​ខ្សែកុន​កូរ៉េខាងត្បូង ដែល​គេ​នាំ​ចូល​មក​លក់​ខុសច្បាប់ លែង​សូវ​ខ្វល់​ពី​នយោបាយ​ប្រជាភិថុត និង​ពាក្យ​ឃោសនា​របស់​របប​កុម្មុយនិស្ត​ទៀតហើយ។

សម្រាប់​អតីត​មន្រ្តីទូត​កូរ៉េខាងជើង​ប្រចាំ ក្រុងឡុងដ៍ ការវិវឌ្ឍ​ទាំងនេះ អាច​ធ្វើ​ឲ្យ​គេជឿថា ផ្នត់គំនិត​របស់​ប្រជាជន​កូរ៉េខាងជើង​នឹង​អាច​ផ្លាស់ប្តូរ។ ប្រជាជន​កូរ៉េខាងជើង​នឹង​អាច​ងើប ឡើង ប្រឆាំង​នឹង​របប​កុម្មុយនិស្ត បន្ទាប់ពី​បាន​យល់ដឹង​ពី​ការវិវឌ្ឍ​នៅ​ខាងក្រៅ ហើយ​និង​ប្រៀបធៀប​លក្ខខណ្ឌ​ជីវិត​ដ៏​លំបាក​របស់​ពួកគេ នៅក្នុង​ស្រុក។

សក្ខីកម្ម​របស់​អតីត​មន្រ្តីជាន់ខ្ពស់​កូរ៉េខាងជើង មាន​សារៈសំខាន់ នៅក្នុង​កាលៈទេសៈ ដែល​រដ្ឋបាល​លោកដូណាល់ ត្រាំ គំរាម​ប្រើ​ជំរើស​កម្លាំង​យោធា សម្រាប់​កូរ៉េខាងជើង​ដែល​បាន​ធ្លាប់​បាន​គំរាម​ប្រើ​មីស៊ីល ដើម្បី​វាយប្រហារ​ទឹកដី អាមេរិក។ នៅចំពោះ មុខ គណៈកម្មការ​កិច្ចការ​បរទេស​របស់​សភា​អ្នកតំណាងរាស្រ្ត​អាមេរិក អតីត​មន្រ្តីទូត​កូរ៉េខាងជើង លោក​លោក ថេ យ៉ាំងហូ ​បាន​ព្រមានផងដែរ ពី​ផលវិបាក​នៃ​ការបាត់បង់​ជីវិត​មនុស្ស ជាពិសេស នៅ​កូរ៉េខាងត្បូង ប្រសិន​បើ​គេ​អន្តរាគមន៍​យោធា​ពី​ប្រទេស​ខាងក្រៅ។ ជា​ចុងក្រោយ លោក​បាន​រំលឹកថា មុន​នឹង​ប្រើ​ជម្រើស​យោធា ដែល​ជា​ផ្លូវដើរ​ចុងក្រោយ ដែល​គេ​មិនអាច​ជៀស​បាននោះ គេគួរ​តែ​ជួប​និយាយ​ដោយ​ផ្ទាល់​ជាមួយ​ លោកគីម ជុងអ៊ុន ដើម្បី យល់ឲ្យ​បាន​ច្បាស់​ពី​ចិត្តគំនិត និង​ដើម្បី​បញ្ចុះបញ្ចូល​មេដឹកនាំ​វ័យក្មេង​របស់​កូរ៉េខាងជើងរូបនេះ ឲ្យ​ដឹង​ថា អំណាច​របស់លោក​នឹង​ត្រូវ​បំផ្លាញ ប្រសិន​បើ​នៅ​តែ​បន្ត​ចចេស​បែបនេះ ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ