អានតួអត្ថបទ

អាមេរិក​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាងជើង​ថ្មី​ថែមទៀត តែគ្មាន​បំណង​ធ្វើ​សង្គ្រាម​ទេ

អាមេរិក​គ្មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​កូរ៉េខាង​ជើង​ទេ ! នេះ​ជា​ប្រសាស​ន៍​អះអាង​របស់​លោក​រដ្ឋមន្ត្រីការពារជាតិអាមេរិក​​ ចែម ម៉ាទីស James Mattis ក្នុងពេល​កំពុង​បំពេញ​ទស្សនកិច្ច​ទៅ​តំបន់​ព្រំដែនខណ្ឌ​ចែក​​កូរ៉េទាំងពីរ។ ប៉ុន្តែ​ទន្ទឹម​នឹង​សេចក្តី​ប្រកាស​នេះ អាមេរិក​ក៏​បានសម្រេច​​​ដាក់ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​កូរ៉េខាង​ជើង​៧​រូប ពី​បទ​រំលោភ​សិទ្ធិមនុស្ស។

លោក J​ames Mattis រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក និងសមភាគី​កូរ៉េខាង​ត្បូង លោក Song Young-moo នៅ​តំបន់​ព្រំដែន​ជាប់​កូរ៉េខាង​ជើង ថ្ងៃទី ២៧ តុលា ២០១៧
លោក J​ames Mattis រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក និងសមភាគី​កូរ៉េខាង​ត្បូង លោក Song Young-moo នៅ​តំបន់​ព្រំដែន​ជាប់​កូរ៉េខាង​ជើង ថ្ងៃទី ២៧ តុលា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​ចូល​រួម​ក្នុង​ជំនួប​​ទ្វេ​ភាគីប្រចាំ​ឆ្នាំ​កូរ៉េខាង​ត្បូង-អាមេរិក​ស្តី​អំពី​សន្តិសុខ លោក​ប្រមុខ​ការពារ​ជាតិ​អាមេរិក​បាន​អញ្ជើញ​ទៅ​កាន់​តំបន់​ស។ ពី​តំបន់​ព្រំដែនខណ្ឌ​ចែក​កូរ៉េខាង​ជើង​និង​ខាង​ត្បូង ​ ដែល​មាន​បំពាក់​អាវុធ​និង​យោធា​ខ្លាំង​ជាងគេ​បំផុត​នៅ​លើ​លោក លោក ម៉ាទីស បាន​បញ្ជាក់​ថា អាមេរិក​គ្មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​កូរ៉េខាង​ជើង​ទេ ប៉ុន្តែ​អាមេរិក​ចង់​បាន​ឧបទ្វីប​កូរ៉េ​គ្មាន​​នុយក្លេអ៊ែរ​ទាំង​ស្រុង ដោយ​ពិត​ប្រាកដ និង​រហូត​ទៅ។

បើតាម​លោក​ម៉ាទីស ដដែល សមភាគី​កូរ៉េខាង​ត្បូង ក៏បាន​សន្យា​ជា​ថ្មី រួម​គ្នា​ជា​មួយ​សហរដ្ឋ​អាមេរិក ក្នុង​បុព្វហេតុ​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវការ​ទូត ដើម្បី​បញ្ចុះ​សម្ពាធ នៅ​ឧបទ្វីប និង​ដើម្បី​ប្រឈម​នឹង​ចរិត​មានៈ​ខ្វះ​ទំនួល​ខុស​ត្រូវ​របស់​កូរ៉េខាង​ជើង។ ​

កូរ៉េខាង​ជើង ដែល​តាំង​ពី​ដើម​ឆ្នាំ​២០១៦ និង​ពិសេស​នា​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ បាន​បង្កើន​ល្បឿន​​អភិវឌ្ឍ​កម្មវិធី​មីស៊ីល​បាលីស្ទិក និង​នុយក្លេអ៊ែរ ដោយ​បាន​បាញ់​សាកល្បង​នុយក្លេអ៊ែរ​ជា​​លើក​ទីប្រាំ​មួយ​កាលពី ដើម​ខែ​កញ្ញា។ សកម្មភាព​បង្ក​ហេតុ​ បាន​ជំរុញ​ឱ្យសហគមន៍​អន្តរជាតិ​នាំ​គ្នា​ថ្កោល​ទោស​ និង​ដាក់​ទណ្ឌកម្ម បិទ​ប្រភព​ផ្តល់​ចំណូល ក្នុង​ក្របខ័ណ្ឌចេញ​សេចក្តី​សម្រេច​​​​អង្គការ​សហប្រជាជាតិ​ផង និង​ក្នុង​នាម​ប្រទេស​​ដាច់​ដោយ​ឡែក​ផង ជា​បន្ត​បន្ទាប់​។

ជាក់​ស្តែង​នៅ​ថ្ងៃ​ម្សិលមិញ អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​មួយ​ទៀត ប្រឆាំង​នឹង​ក្រុមហ៊ុន​បី​ និង​អ្នក​ទទួល​ខុស​ត្រូវ​​កូរ៉េខាង​ជើង ចំនួន​៧​រូប ដែល​ជា​នាយក​-នាយក​រង អគ្គបញ្ជាការ​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ ព្រម​ទាំង មន្ត្រីទូត​ នៅ​ចិន និង​នៅ​វៀតណាម ពី​បទ​រំលោភ​សិទ្ធិមនុស្សធ្ងន់ធ្ងរ ដូច​ជា​ធ្វើ​ទារុណកម្ម ចាប់​បង្ខំ​ឱ្យ​ធ្វើការ​ជា​ទម្ងន់ ​ពលករ​កូរ៉េខាងជើង​នៅ​បរទេស ដើម្បី​បាន​ប្រាក់​ប្រមូល​ចូល​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ