វិធានការដំឡើងពន្ធរបស់អាមេរិកនឹងអាចបង្កឲ្យមានសង្រ្គាមពាណិជ្ជកម្ម?
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋបាលអាមេរិក នៅថ្ងៃចន្ទ បានសម្រេចដំឡើងពន្ធលើទំនិញនាំចូលពីរប្រភេទ នោះគឺផ្ទាំងស្រូបកំដៅព្រះអាទិត្យ ហើយនិងម៉ាស៊ីនបោកខោអាវ។ ចិន ដែលជាប្រទេសផលិតនាំចេញ ផ្ទាំងស្រូបកំដៅព្រះអាទិត្យច្រើនជាងគេក្នុងពិភពលោក បានសំដែងការមិនពេញចិត្ត។ ចំណែកកូរ៉េខាងត្បូង ដែលនាំចូលច្រើន ម៉ាស៊ីនបោកខោអាវទៅអាមេរិក បានព្រមានរួចហើយថា នឹងអាចដាក់ពាក្យបណ្តឹង ទៅអង្គការពាណិជ្ជកម្មពិភពលោក។
នៅក្នុងពេលស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំធ្លាប់បានសន្យាហើយថា លោកនឹងការពារអាមេរិក ពីក្រុមប្រទេសដែលលោកចោទថា បានលួចក្រុមហ៊ុនអាមេរិក និងសម្លាប់ បំផ្លាញការងាររបស់ប្រជាជនអាមេរិកាំង។ ក្រោយៗមកទៀត លោកដូណាល់ ត្រាំ ធ្លាប់បានរអ៊ូរទាំ ដោយចំហរថា ការដោះដូរពាណិជ្ជកម្មជាមួយប្រទេសមួយចំនួន ដូចជាចិន និងកូរ៉េខាងត្បូងជាដើម បានធ្វើឲ្យអាមេរិកចាញ់ប្រៀប។
ការសម្រេច នៅថ្ងៃចន្ទ ក្នុងការដំឡើងពន្ធលើផ្ទាំងស្រូបកំដៅព្រះអាទិត្យ ហើយនិងម៉ាស៊ីនបោកខោអាវ ដែលនាំចូលទៅអាមេរិកបានស្តែងឲ្យឃើញថា លោកដូណាល់ ត្រាំ មិនភ្លេចទេ ពាក្យសន្យារបស់លោកដែលថា នឹងគិតពីផលប្រយោជន៍របស់អាមេរិកមុនគេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោកRobert Lighthizer បានលម្អិតថា នៅឆ្នាំទីមួយ រដ្ឋាភិបាលនឹងដំឡើងពន្ធប្រមាណ៣០ភាគរយ លើផ្ទាំងស្រូបកំដៅព្រះអាទិត្យដែលនាំចូលមកពីប្រទេសចិន។ ពន្ធទៅលើផ្ទាំងស្រូបកំដៅព្រះអាទិត្យរបស់ចិន នឹងថយចុះ មកនៅ២៥ភាគរយ នៅឆ្នាំទី១ ២០ នៅឆ្នាំទី៣ និង១៥ភាគរយ នៅឆ្នាំ ទី៤។
សម្រាប់ម៉ាស៊ីនបោកខោអាវដែលនាំចូលទៅអាមេរិក រដ្ឋបាលលោកដូណាល់ ត្រាំនឹងកំណត់ពន្ធថ្មី ប្រមាណ ២០ភាគរយសម្រាប់ម៉ាស៊ីន ១លាន២សែនគ្រឿងដំបូង។ សល់ពីនេះ នឹងត្រូវគេគិតពន្ធប្រមាណ៥០ភាគរយ។
មន្រ្តីអ្នកតំណាងពាណិជ្ជកម្មរបស់សេតវិមាន បាននិយាយថា វិធានការដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ ធ្វើឡើងដើម្បីការពារកម្មករ កសិករ និងអ្នកជំនួញអាមេរិកាំង។ តាមមន្រ្តីអ្នកតំណាងពាណិជ្ជកម្មដដែល លោកដូណាល់ ត្រាំសម្រេចដំឡើងពន្ធ ទៅលើផលិតផលទាំងពីរមុខ គឺផ្ទាំងស្រូបកំដៅ ព្រះអាទិត្យ និងម៉ាស៊ីនបោកខោអាវ គឺនៅបន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់ព្រឹទ្ធសភា បានសន្និដ្ឋានថា ក្រុមហ៊ុន រោងចក្រអាមេរិកាំងរងគ្រោះក្ស័យធន ដោយសារតែការនាំចូលច្រើនហួសហេតុ និងក្នុងតម្លៃថោក នូវផ្ទាំងស្រូបកំដៅព្រះអាទិត្យ ហើយនិងម៉ាស៊ីនបោកខោអាវ។
ថ្មីៗនេះ គណៈកម្មការរបស់ព្រឹទ្ធសភាអាមេរិក បានបើកការស៊ើបអង្កេតមួយ នៅក្រោយទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុនអាមេរិកាំងពីរ (Suniva និងSolarworld) ដែលបានតវ៉ា ពីការខាតបង់ ដោយសារ តែមិនអាចប្រកួតប្រជែងជាមួយ ផ្ទាំងស្រូបកំដៅព្រះអាទិត្យ នាំចូលមកពីចិន ដែលលក់ក្នុងតម្លៃថោក ខ្លាំងក្នុងទីផ្សារអាមេរិក។ ក្រុមហ៊ុនអាមេរិកាំង Whirlpool ដែលជាភាគីម្ចាស់បណ្តឹង ប្តឹងក្រុមហ៊ុនអេឡិចត្រូនិក កូរ៉េខាងត្បូង ដូចជាស៊ាំស៊ុង និងLG បានអបអរនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ក្នុងរឿងដំឡើងពន្ធលើម៉ាស៊ីនបោកខោអាវ ដែលនាំចូលអាមេរិក។
ក្រុមហ៊ុនអាមេរិកាំងដែលជាម្ចាស់ដើមបណ្តឹងអាចនឹងត្រេកអរនឹងចំណាត់ការដំឡើងពន្ធរបស់លោកដូណាល់ ត្រាំ ប៉ុន្តែ អ្នកដែលមិនសប្បាយចិត្តវិញ គឺមានច្រើន។ នៅថ្ងៃអង្គារ ម្សិលមិញ ក្រសួងពាណិជ្ជកម្ម ចិន កូរ៉េខាងត្បូង និងម៉ិកស៊ិក ជាដើម ដែលនាំចូល ផ្ទាំងស្រូបកំដៅព្រះអាទិត្យ ហើយនិងម៉ាស៊ីនបោកខោអាវច្រើនជាងគេ ទៅអាមេរិកបានប្រតិកម្មរិះគន់នយោបាយអត្មានិយមរបស់លោកដូណាល់ ត្រាំ។ ចិនដែលជាប្រទេសផលិត និងផ្គត់ផ្គង់ផ្ទាំងស្រូបកំដៅព្រះអាទិត្យ ប្រមាណ ៦០ភាគរយ ទៅក្នុងទីផ្សារពិភពលោក បានព្រមានថា នឹងរួមកម្លាំងជាមួយសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីតស៊ូមតិ ការពារផលប្រយោជន៍របស់ចិន។ ចិនមិនបានគំរាមថា នឹងចាត់វិធានការសងសឹកនឹងអាមេរិក។ សម្រាប់អ្នកជំនាញ ចិនអាចនៅមិនទាន់ធ្វើសង្រ្គាមពាណិជ្ជកម្មសងសឹកវិញនឹងអាមេរិក ព្រោះថា ចង់ ឬមិនចង់ បរិមាណទំនិញចិននាំចូលទៅអាមេរិក មានច្រើនជាងអាមេរិកនាំចូលទៅចិន ដល់ទៅ ៤ដង។ ការប្រកាសសង្រ្គាមពាណិជ្ជកម្មជាមួយនឹងអាមេរិក នឹងអាចធ្វើឲ្យចិនជាអ្នកខាតបង់ច្រើនជាងអាមេរិក។
ចំណែក កូរ៉េខាងត្បូងឯណោះវិញ បាននិយាយថា នឹងអាចដាក់ពាក្យបណ្តឹង ទៅស្ថាប័នច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដើម្បីដាក់គំនាបលើអាមេរិក ឲ្យលុបចោលទៅវិញ វិធានការដំឡើងពន្ធ លើការនាំចូល ម៉ាស៊ីនបោកខោអាវរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង។ សម្រាប់ក្រុមហ៊ុន កូរ៉េខាងត្បូង ស៊ាំស៊ុង ការសម្រេចចិត្តដំឡើងពន្ធរបស់រដ្ឋបាលអាមេរិកនឹងធ្វើឲ្យអតិថិជនអាមេរិកាំង ជាអ្នកខាតបង់ ដោយសារតែពួកគេត្រូវចំណាយលុយច្រើនជាងមុន និងមានជម្រើសតិចជាងមុន។ ក្រុមហ៊ុនអេឡិចត្រូនិក LG បានវាយតម្លៃថា ការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិកនឹងអាចប៉ះពាល់ទៅដល់ការវិនិយោគ របស់ក្រុមហ៊ុន ដែលកំពុងចាប់ដំណើរការផលិតម៉ាស៊ីនបោកខោអាវ នៅក្នុងទឹកដីអាមេរិក នៅរដ្ឋតេនេស៊ី។
ប្រតិកម្មរិះគន់ ចំណាត់ការដំឡើងពន្ធរបស់រដ្ឋបាលលោកដូណាល់ ត្រាំ មិនមែនមានត្រឹមតែពីរដ្ឋាភិបាល និងក្រុមហ៊ុន របស់ចិន កូរ៉េខាងត្បូង និងម៉ិចស៊ិកតែប៉ុណ្ណោះទេ។ ក៏មានផងដែរ ប្រតិកម្មពីខាងអ្នកការពារបរិស្ថាន និងសមាគមរោងចក្រឧស្សាហកម្មក្នុងស្រុកអាមេរិក នៅក្រោយលឺថា រដ្ឋបាលត្រាំ នឹងដំឡើងពន្ធលើផ្ទាំងស្រូបកំដៅព្រះអាទិត្យ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន សមាគមឧស្សាហកម្មអាមេរិកាំង ផ្នែកថាមពលព្រះអាទិត្យ បានសំដែងការខកចិត្ត ព្រោះថា វិធានការដំឡើងពន្ធ របស់លោកដូណាល់ ត្រាំ នឹងធ្វើឲ្យអាមេរិកបាត់បង់ការងារ ជាង២ម៉ឺន ហើយនិងអាចសម្លាប់ គម្រោងការតម្លៃ រាប់ពាន់លានដុល្លារ ដែលគេនឹងអាចវិនិយោគ ទៅលើវិស័យថាមពលព្រះអាទិត្យ នៅអាមេរិក។ អ្នកការពារបរិស្ថានវិញ បារម្ភថា ការដំឡើងពន្ធនាំចូល ទៅលើផ្ទាំងស្រូបកំដៅព្រះអាទិត្យ នឹងអាចបំបាក់ទឹកចិត្ត មិនឲ្យគេប្រើថាមពលដែលបានមកពីកំដៅព្រះអាទិត្យ។ ការលើកឡើងនេះ អាចសមហេតុផល ព្រោះថា នៅក្នុងហេតុផលការពារផលប្រយោជន៍សេដ្ឋកិច្ចអាមេរិក លោកដូណាល់ ត្រាំ ដែលបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិស្តីពីអាកាសធាតុ នៅបានសន្យាជំរុញ ការធ្វើអាជីវកម្ម ផលិតប្រេង ដែលលោកចាត់ទុកជាចលករសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចអាមេរិក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ