អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉េកាំង​រឹត​និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សាងសង់​ជញ្ជាំងប្រឆាំង​នឹង​អន្តោប្រវេសន៍​ ! នេះ​ជា​គំនិត​របស់​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ! ឯ​នៅ​ចិន​វិញ គំនិត​សាង​សង់​ជញ្ជាំង​ដែក​ ការពារ​ព្រំដែន ទប់​ស្កាត់​មិន​ឱ្យ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ច្រៀត​ចូល​បាន​ កំពុង​លេច​ជា​រូប​រាង​អនុវត្ត​នៅ​ក្នុង​តំបន់​ស្វ័យត​ស៊ីនជាំង​ តំបន់​ភាគ​ពាយ័ព្យ​បំផុត​របស់​ប្រទេស​ចិន​ហើយ។ តំបន់ដែល​មាន​​ប្រជាជន​រស់​នៅ​ជាង​១០​លាន​នាក់ ជា​ជនជាតិ​អ៊ុយហ្គួរ កាន់​សាសនា​អ៊ីស្លាម និង​មាន​ដើម​កំណើតប្រពៃណី​ទំនៀម​ទម្លាប់​ដូច​តួកគី​។ ជនជាតិ​ភាគ​តិច​ចិន​មួយ​ក្រុម​នេះ​រង​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ​ ក្រោម​លេស​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។

កង​កម្លាំង​រក្សា​សន្តិសុខ​ដែល​ប៉េកាំង​ទើប​បញ្ចូន​បន្ថែម​ទៅ​កាន់​តំបន់​ស៊ីនជាំង
កង​កម្លាំង​រក្សា​សន្តិសុខ​ដែល​ប៉េកាំង​ទើប​បញ្ចូន​បន្ថែម​ទៅ​កាន់​តំបន់​ស៊ីនជាំង VCG/VCG via Getty Images
ផ្សាយពាណិជ្ជកម្ម

ផ្តាច់​ទឹកដី​និយម ជនជ្រុលនិយម និង​ភេរវនិយម ជា​ពាក្យ​បី​ម៉ាត់​ដ៏​អាក្រក់​បំផុត​ ដែល​ប៉េកាំង​ ចង់​លុប​បំបាត់​ឱ្យ​​បាន។ ក្នុង​ន័យ​នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន មិន​ខ្លាច​នឹង​​លើក​​វិធានការ​ដ៏​អស្ចារ្យ​ ​រក្សា​សន្តិសុខ​ តាម​ព្រំដែន​ប្រវែង ៥៧០០​គីឡូម៉ែត្រ ដែល​ខណ្ឌ​ចែក​តំបន់​ស៊ីនជាំង របស់​ចិន ពី​ប្រទេស​ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន និង​កាហ្សាក់ស្ថាន​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន លោក ចង់ វងហ្ក័ង ចង់​សាង​សង់ “​ជញ្ជាំង​ដែក​ថែប”​ តែ​ម្តង ! ព្រោះ​សម្រាប់​ក្រសែ​ភ្នែក​អាជ្ញាធរ​ប៉េកាំង វា​គឺ​ជា​មធ្យោបាយ​ការពារ​កុំ​ឱ្យ​ពួក​យុទ្ធជន​អ៊ីស្លាម​ជ្រុលនិយម អាចឆ្លង​ព្រំដែន​​ជ្រៀត​ចូល​មក​ក្នុង​ទឹក​ដី​បាន។ ខុស​ពី​ជញ្ជាំង​ទប់​ស្កាត់​អន្តោប្រវេសន៍​​របស់​អាមេរិក “ជញ្ជាំង​ដែក​ថែប” របស់​ចិននេះ​រួម​មាន ការ​ល្បាត​កាន់​តែ​ច្រើន ការ​បង្វឹក​បង្ហាត់​ទាហាន​សម្រាប់​ប្រយុទ្ធ បង្កើន​បរិមាណ​រថពាសដែក និង​បង្កើន​ទាហាន​ប្រដាប់​អាវុធ។

រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ចិន​បាន​ពង្រឹង​វិធានការ​​បន្ថែម​យ៉ាង​តឹង​រឹង​រួច​ស្រេច​ទៅ​ហើយ ក្នុងកម្មវត្ថុ​​ទប់​ស្កាត់ចាប់​​ពួក​ជីហាត​​​ត្រលប់​មក​ពី​ស៊ីរី។ ចិន​បាន​ថែម​ទាំង​ចាប់​ផ្តើម​​ចរចា​ជាមួយ​អាហ្វហ្កានីស្ថាន ដើម្បី​ឈាន​ទៅ​សាង​សង់​មូលដា្ឋនយោធា​នៅ​ក្នុង​ទឹក​ដី និង​លើ​ភ្នំ​​អាហ្វហ្កានីស្ថាន ដោយ​អាហ្វហ្កានីស្ថាន តាម​រយៈ​ជំនួយ​ទាំង​ស្រុង​ ជា​ថវិកា ជា​ការ​បំពាក់​អាវុធ និង​ហ្វឹកហ្វឺន​ ពី​ចិន ជា​ថ្នូរ​នឹង​ការរក្សា​​សិ្ថរភាព​សន្តិសុខ​​តំបន់​ព្រំដែន និង​ធ្វើ​ជា​រនាំង​​ទប់​ស្កាត់​សកម្មភាព​របស់​​ជនជាតិភាគ​តិច​អ៊ុយហ្គួរ​និរទេស​ខ្លួនផង​ និង​សកម្មជាន​នៃ​ចលនា​អ៊ីស្លាម​តួគីស្ថាន​ខាង​កើត​ផង ឬ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​រត់​ខ្ចាត់​ខ្ចាយ​ពី​អ៊ីរ៉ាក់​និង​ស៊ីរីផង កុំ​ឱ្យ​ជ្រៀត​ចូល​មក​តំបន់​ស៊ីនជាំង​តាម​ច្រក​របៀង​នេះ​បាន។

ម្យ៉ាង​ទៀត ​ចិន​បាន​ជ្រើសរើស​នាយ​ប៉ូលិស​ជា​រាប់​ពាន់​នាក់​បន្ថែម​ទៀត នៅ​ស៊ីនជាំង។ ចំណាត់ការ​បែប​នេះ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម ដែល​ក៏​ជា​ការ​ដៅ​ទៅ​លើ និង​ជាពិសេស​ទៅ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ រស់​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង​នេះ​ដែរ។ តំបន់​ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​យ៉ាង​ខ្លាំង កាលពី​ឆ្នាំ​២០១៣-២០១៣ ពីរ​ឆ្នាំ​​ដំបូង​ដែល​លោក​ស៊ី ជីនពីង​ ទើប​បាន​ឡើង​កាន់​អំណាច។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ប៉េកាំង​ មួល​បន្តឹង​តំបន់​នេះ​ដោយ​គ្មាន​សំចៃ​យ៉ាង​ដូច្នេះ។

តាមការ​ពិត​ទៅ ស៊ីនជាំង​បាន​ក្លាយ​ជា​មន្ទីរពិសោធន៍​​​នៃ​ការ​ត្រួត​ពិនិត្យ​ ដ៏​ទំនើប​ចុង​ក្រោយ​បំផុត​។ ជា​តំបន់​ដែល​មាន​សុវត្ថិភាពជ្រុល ! នៅ​តាម​គ្រប់​ស្ថានីយ៍​រថភ្លើង មាន​ទាហាន​ កាន់​កាំភ្លើង​ស្វ័យប្រវត្តិ​ បំពាក់​ដោយ​អាវុធ​ដ៏​សម្បើម ឈរ​យាម​ត្រៀបត្រា លើ​រថពាសដែក នៅ​ច្រក​ចូល។ គ្រប់​អ្នក​ដំណើរ​ត្រូវ​ឆ្លង​កាត់​ទ្វារ​សុវត្ថិភាព សំពាយ​អីវ៉ាន់​ត្រូវ​ឆ្លង​កាត់​ម៉ាស៊ីន​ត្រួត​ពិនិត្យ​កាំរស្មី​X បី​ដង​ទម្រាំ​បាន​ឡើង​ជិះ​រថភ្លើង​បាន ! ផ្ទៀង​ផ្ទាត់​ឈ្មោះ ម្តង​ហើយ​ម្តង​ទៀត ទាំង​ចេញ​ទាំង​ចូល ! ភ្នាក់ងារ Bloomberg ​បានលើក​ឡើង​អំពី​ការ​ស្ថានភាព​នៃការ​សាកល្បង​តាមដាន​ដោយ​ប្រើបច្ចេកវិទ្យា​ទាន់​សម័យ​ ​​ថត​មុខ​មនុស្ស​ អាច​រក​អត្តសញ្ញាណបាន​ភ្លាម ! ម៉ាស៊ីន​នេះ​ថត​គ្រប់​សកម្មភាព ហើយ​បញ្ជូន​ព័ត៌មាន​ចេញ​សញ្ញា​អាសន្ន ​​​ទៅ​​​​ឱ្យស្នងការ​ប៉ូលិសភ្លាម​​ ប្រសិន​បើ​ជន​សង្ស័យ​ ហ៊ាន​ដើរ​ឃ្លាត​ចេញ​ពីផ្ទះ ឬ​ពី​កន្លែង​ធ្វើការ លើស​ពី​បីរយ​ម៉ែត្រ​។

គ្រប់​រថយន្ត​សុទ្ធ​តែ​​មាន​បំពាក់​ប្រព័ន្ធ​GPS ដែល​អាច​តានដាន​ដឹង​រាល់​គ្រប់​ចលនា​ របស់​អ្នក​បើក​បរ។ ហើយ​ប្រជាពល​រដ្ឋ​គ្រប់​រូប​ ដែល​ចូល​ក្នុង​ផ្សារ​ ត្រូវ​ថត​ស្កាន​ទាំ​ង​អស់។ ស៊ីនជាំង ជា​រដ្ឋ​ប៉ូលិស high-tech ​ ហាយ​តិច ដែល​មាន​តំបន់​ណា​អាច​ប្រៀប​ប្រដូច​បាន​ឡើយ។ គឺ​ជា​គុក ឥត​ជញ្ជាំង គ្រប​មេឃ ! នេះ​បើ​តាម​ការ​បរិហារ​របស់​សមាគម​ជនជាតិ​អ៊ុយហ្គួរ​​និរទេស​ខ្លួន​នៅ​បរទេស។

ចំណែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ការពារ​សិទ្ធិមនុស្ស Human Rights Watch វិញ​លើក​ឡើង​ថា មាន​ការ​រំលោភ​ជីវិត​ឯកជន​របស់​ជន​គ្រប់​រូប​នៅ​ស៊ីនជាំង​។ បើ​អង្គការនេះ​ដដែល អាជ្ញាធរ​ចិន​កំពុង​តែ​ដើរ​ប្រមូល​គំរូ​ DNA​ របស់​ប្រជាជន​ ក្រោម​​រូបភាពផ្តល់​ការ​​​ពិនិត្យ​សុខភាព​ដោយ​ឥត​គិត​ថ្លៃ។​

អង្គការ​ Human Rights Watch ក៏​បាន​ទាញ​សញ្ញា​អាសន្ន​ផង​ដែរ ស្តី​អំពី​ស្ថានភាព​នៅ​ក្នុង​មជ្ឈមណ្ឌលអប់រំ (ពន្ធនាគារ)។ មជ្ឈមណ្ឌល​ដែល​អាជ្ញាធរ​ប៉េកាំង​ ចាត់​ទុក​ជា​ មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នយោបាយ។ ជនជាតិ​អ៊ុយហ្គួរ​ជាប់​សង្ស័យ​គ្រប់​រូប សុទ្ធ​តែ​ប្រឈម​នឹង​ហានិភ័យ​ជាប់​ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​នោះ​រាប់​សិប​ខែ ដោយ​គ្មាន​ឆ្លង​កាត់​ការ​តុលាការ​និង​ការ​កាត់​ក្តី​អ្វី​ទាំង​អស់។

គ្រាន់​តែ​ធ្វើ​ធម្មយាត្រា ទៅ​កាន់​វិហារ La Mecque ឬ​ក៏​មាន​ទំនាក់ទំនង​​ជាមួយ​មនុស្ស​រស់​នៅ​បរទេស​ ជា​ការ​គ្រប់​គ្រាន់​ល្មម​នឹង​ធ្វើ​ឱ្យ​ជន​អ៊ុយហ្គួរ​រូបនោះ រង​ទណ្ឌកម្ម​បញ្ជូន​​ចូល​ទៅ​កាន់​មជ្ឈមណ្ឌល​អប់​រំ​ជា​ច្រើន​វគ្គ​ ដើម្បី​រៀន​សូត្រ​ទន្ទេញ​ច្បាប់​ចិន និង​មើល​ឯកសារ និង​ភាពយន្ត​​ឃោសនា​នយោបាយ​​កុម្មុយនិស្ត។

តើ​មាន​ជន​ជាតិ​អ៊ុយហ្គួរ​ប៉ុន្មាន​នាក់​ដែល​កំពុង​ជាប់​ក្នុង​មជ្ឈមណ្ឌល​អប់​រំ​នយោបាយ​នោះ ? គ្មាន​ទេ​តួលេខ​ពិត​ប្រាកដ ! វិទ្យុ​អាស៊ីសេរី​ បាន​ប៉ាន់​ស្មាន​តាម​រយៈ​ប្រភព​មន្ត្រី​ផ្លូវការ​ម្នាក់​ថា គ្រាន់​តែ​នៅ​ក្នុង​ នៅ​ក្នុង​ខេត្ត​Keshgar តែ​ប៉ុណ្ណោះ គេ​រាប់​ឃើញ​មាន​​ចំនួន​ជនជាប់​​ក្នុង​មជ្ឈមណ្ឌល​អប់​រំ​ ​ដល់ទៅ​ប្រមាណ​​១២ម៉ឺន​នាក់។ ជន​ជាប់​ឃុំ​ទាំង​នោះ​ គ្មាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ