អានតួអត្ថបទ
ភូមា-អ.ស.ប.

វិបត្តិរ៉ូហ៊ីងយ៉ា៖​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​បង់ក្លាដែស និង​ភូមា

បន្ទាប់​ពី​ប្រទេស​បង់ក្លាដែស គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បន្ត​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​ភូមា។ ដំណើរ​ទស្សនកិច្ច​នៅ​បង់ក្លាដែស និង​ភូមា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​រ៉ូហ៊ីងយ៉ា​ដែល​ជា​ជនជាតិ​ភាគតិច​កាន់​សាសនាអ៊ីស្លាម​រស់​ក្នុង​ប្រទេស​ភូមា។ តែ​មាន​ជនជាតិ​ភាគ​តិច​មួយ​នេះ​ជិត ៧០០ ០០០នាក់​បាន​រត់ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ទឹកដី​ប្រទេស​បង់ក្លាដែស​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ទ័ព​រដ្ឋាភិបាល​ភូមា។ អង្គការ​សហប្រជាជាតិ​បាន​ចាត់​ទុក​ទង្វើ​របស់​ទ័ព​រដ្ឋាភិបាល​ភូមា​ថា ជា​ការ​បោសសំអាត​ជាតិពិន្ធុ តែ​រដ្ឋាភិបាល​ក្រុង​ណៃពីដ៏​តែង​ចេញ​មុខ​បដិសេធ។

គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​​នៅ​អាកាសយានដ្ឋាននៃ​ប្រទេស​បង់ក្លាដែស ថ្ងៃទី២៨ មេសា ២០១៨
គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​​នៅ​អាកាសយានដ្ឋាននៃ​ប្រទេស​បង់ក្លាដែស ថ្ងៃទី២៨ មេសា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​បង់ក្លាដែស គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​មន្រ្តីទូត​ចំនួន ២៦នាក់​មក​ពី ១៥ប្រទេស​បាន​ទៅ​ទស្សនា​ជំរំ​ដែល​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​កំពុង​រស់នៅ ព្រម​ទាំង​ជួប​សំណោះសំណាល​ជាមួយ​ពួក​គេ​ជា​ច្រើន​នាក់។ បន្ទាប់​មក គណៈប្រតិភូ​ក៏​បាន​ទទួល​ជួប​ដោយ​លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​ឆែក ហាស៊ីណា។ ចំណែក​នៅ​ក្នុង​ប្រទេស​ភូមា គណៈប្រតិភូ​ចូល​ជួប​សន្ទនា​ជាមួយ​លោកស្រី​អ៊ុង សានស៊ូជី​ដែល​មាន​តួនាទី​ជា​ទីប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស បន្ទាប់​មក គណៈប្រតិភូ​ត្រូវ​បាន​រដ្ឋអំណាច​ភូមា​អនុញ្ញាត​ឲ្យ​ជិះ​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​មើល​ស្ថានភាព​ក្នុង​រដ្ឋ​រ៉ាក់ឃីន។

ឯកអគ្គរាជទូត​នៃ​ប្រទេស​កូវ៉ែត​ប្រចាំ​អង្គកាសហប្រជាជាតិ​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រតិភូ​ទាំង ២៦នាក់​បាន​ថ្លែង​ថា បេសកកម្ម​របស់​ក្រុមប្រឹក្សាសន្តិសុខ​ពេល​នេះ​មិនមែន​ដើម្បី​ដាក់​ការ​អៀនខ្មាស់​លើ​ភូមា​ទេ តែ​ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ចូលរួម​ដោះស្រាយ​វិបត្តិ ពិសេស​ជួយ​រៀបចំ​ការ​វិលត្រឡប់​ចូល​ភូមា​វិញ​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា។ អង្គការ​សហប្រជាជាតិ​បាន​យល់​ឃើញ​ថា​ខណៈ​នេះ លក្ខខណ្ឌ​នៃ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ពី​បង់ក្លាដែស​ចូល​ភូមា​វិញ​នូវ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ​ទេ។

លោក Kenneth Roth នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្ស Human Rights Watch បាន​យល់​ឃើញ​ថា ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​តែ​ជំរុញ​រដ្ឋាភិបាល​ភូមា​ឲ្យ​ទទួល​ស្គាល់​ពី​ទង្វើ​ឧក្រិដ្ឋ​របស់​ទ័ព​ភូមា​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា តាម​លោក Roth ក្រុមប្រឹក្សាសន្តិសុខ​ត្រូវ​ទទួល​ស្គាល់​ថា ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នឹង​គ្មាន​អារម្មណ៍​ទទួល​បាន​សេចក្តីសុខ​ទេ ដរាប​ណា​រដ្ឋាភិបាល​ភូមា​បន្ត​បដិសេធ​ពី​បទ​ឧក្រិដ្ឋ​របស់​ទ័ព​ភូមា​នោះ។ Human Rights Watch បាន​សម្គាល់​ឃើញ​ថា​មក​ទល់​ពេល​នេះ សកម្មភាព​របស់​ក្រុមប្រឹក្សាសន្តិសុខ​ហាក់​មិន​ទាន់​គ្រប់គ្រាន់ ព្រោះ​នៅ​មិន​ទាន់​សេចក្តីសម្រេច​ណា​មួយ​សម្រាប់​វិបត្តិ​រ៉ូហ៊ីងយ៉ា​នៅ​ឡើយ​ទេ​ដោយ​បារម្ភ​ខ្លាច​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ភូមា​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង។

លោក Roth បាន​ចោទ​ជា​សំណួរ​ថា បើ​មាន​សេចក្តីសម្រេច​ណា​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ តើ​ចិន​ពិត​ជា​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​មែន​ឬ អត់?។ តាម​លោក Roth គឺ​កង្វះ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភូមា​កាន់​តែ​ឡើង​ចាង​ហ៊ាន​ប្រព្រឹត្ត​ទង្វើ​ឧក្រិដ្ឋ​ដោយ​សេរី និង​គ្មាន​ទោស​ពៃ​អ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ