អានតួអត្ថបទ
អាហ្វហ្កានីស្ថាន

អាហ្វហ្កានីស្ថាន​បន្ត​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​ពី​តាលីបង់ និង​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់​នា​ថ្ងៃ​ពុធ ទី១៥​សីហា​នៅ​ក្នុង​អំពើភេរវកម្ម​អត្តឃាត​បំផ្ទុះ​គ្រាប់បែក​ក្នុង​មជ្ឈមណ្ឌល​អប់រំ​មួយ​ស្ថិត​ក្នុង​សង្កាត់​និកាយឈីអ៊ីត​ប៉ែក​ខាង​លិច​ទីក្រុង​កាប៊ូល។ ភេរវកម្ម​អត្តឃាត​ថ្មី​នេះ​នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​សារភាព​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ ក្រៅ​ពី​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អំពើហិង្សា​បង្ហូរ​ឈាម​ក៏​បាន​បង្ក​ដោយ​ពួក​ឧទ្ទាម​តាលីបង់​ដែរ។

អាហ្វហ្កានីស្ថាន​បន្ត​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​ពី​តាលីបង់ និង​អង្គការ​រដ្ឋអ៊ីស្លាម
អាហ្វហ្កានីស្ថាន​បន្ត​រង​ការ​វាយប្រហារ​យ៉ាង​បង្ហូរ​ឈាម​ពី​តាលីបង់ និង​អង្គការ​រដ្ឋអ៊ីស្លាម REUTERS/Parwiz
ផ្សាយពាណិជ្ជកម្ម

ភេរវកម្មអត្តឃាត​ថ្មី​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ភេរវជន​អត្តឃាត​ម្នាក់​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២៥នាក់ និង​របួស​ធ្ងន់ស្រាល​យ៉ាង​តិច ៣៥នាក់​ផ្សេង​ទៀត នេះ​បើ​តាម​ការ​បញ្ជាក់​រួម​គ្នា​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​សុខាភិបាល។ អំពើ​ភេរវកម្ម​ថ្មី​នេះ​នៅ​មិន​ទាន់​មាន​ក្រុម ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ តែ​អង្គការ​រដ្ឋអ៊ីស្លាម​ធ្លាប់​បាន​សារភាព​នៅ​ក្នុង​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​កាប៊ូល និង​នៅ​ប៉ែក​ខាង​កើត​ប្រទេស​នា​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ។

ក្រៅ​ពី​អំពើហិង្សា​បង្ហូរ​ឈាម​បង្ក​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម អាហ្វហ្កានីស្ថាន​ក៏​កំពុង​បន្ត​រងគ្រោះ​ដោយ​ការ​វាយប្រហារ​ពី​ពួក​ឧទ្ទាម​តាលីបង់​ដែរ។ នៅ​យប់​ថ្ងៃ​អង្គារ​ឆ្លង​ចូល​ថ្ងៃ​ពុធ ទី១៥ សីហា កម្លាំង​ប្រដាប់អាវុធ​តាលីបង់​បាន​បើក​ការ​វាយប្រហារ​លើ​ប៉ុស្តិ៍ទាហាន និង​នគរបាល​ក្នុង​ស្រុក Baghlan ស្ថិត​ប៉ែក​ខាងជើង​ប្រទេស​ដោយ​សម្លាប់​បាន​នគរបាល ៩នាក់ និង​ទាហាន ៣៥នាក់ នេះ​ជា​តួលេខ​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ តែ​បើ​យោង​តាម​ពួក​តាលីបង់​វិញ គឺ​មាន​ស្លាប់ ៧០នាក់​រួម​ទាំង​រឹបអូស​បាន​រថយន្តពាសដែក និង​គ្រាប់រំសេវ​ជា​ច្រើន។

កាល​ពី​ថ្ងៃ​ចន្ទ ទី១៣ សីហា ពួក​តាលីបង់​បាន​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​រដ្ឋាភិបាល​ស្ថិត​ក្នុង​ខេត្ត Faryab ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​ដោយ​បាន​សម្លាប់​ទាហាន​រដ្ឋាភិបាល​ប្រមាណ​ជា ១០នាក់។ ដោយឡែក​នៅ​ទីក្រុង Ghazni ស្ថិត​ប៉ែក​កណ្តាល​ប្រទេស ស្ថានការណ៍​បាន​ស្ងប់ស្ងាត់​នៅ​ថ្ងៃ​ពុធ ទី១៥ សីហា បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​រវាង​ពួក​តាលីបង់ និង​ទាហាន​រដ្ឋាភិបាល​អស់​រយៈពេល ៥ថ្ងៃ។ ដោយ​មាន​ជំនួយ​ពី​កម្លាំងពិសេស និង​ទ័ពអាកាស​អាមេរិក កម្លាំង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បាន​វាយប្រហារ​រុញ​ច្រាន​ពួក​តាលីបង់​ចេញ​ពី​ទីក្រុង Ghazni។

ការ​ប្រយុទ្ធ​គ្នា​នៅ Ghazni បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់រយ​នាក់ និង​របួស​ជា​ច្រើន​នាក់ រួម​ទាំង​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​ហេដ្ឋារចនា​សម្ព័ន្ធ​ផង​ដែរ។ បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អាហ្វហ្កានីស្ថាន​បាន​ផ្តល់​តួលេខ​ជនស៊ីវិល​ស្លាប់​ចំនួន ១៥០នាក់ និង​ថា ទីក្រុង​មួយ​នេះ​អាច​នឹង​ខ្វះ​ទឹកស្អាត​ប្រើប្រាស់ និង​គ្មាន​ភ្លើង​អគ្គិសនី​ជា​ច្រើន​ថ្ងៃ។ សូម​ជម្រាប​ជូន​ថា តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ​ដែល​ចលនា​ឧទ្ទាម​តាលីបង់​បាន​រង​សម្ពាធ​ឲ្យ​យល់​ព្រម​ចូល​តុចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​កាប៊ូល ហើយ​ក្រុម​អ្នក​វិភាគ​យល់​ឃើញ​ថា ការ​ដែល​ពួក​តាលីបង់​បាន​បង្កើន​ការ​វាយប្រហារ​ពេល​នេះ គឺ​ដើម្បី​ចង់​មាន​ទឹកមាត់​ប្រៃ និង​មាន​ប្រៀប​នៅ​ពេល​មាន​កិច្ចចរចា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ