ពលរដ្ឋចំណាកស្រុកក្នុងប្រទេសជប៉ុនកើនឡើងក្នុងអត្រាកំណត់ត្រាថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៦
ជប៉ុននៅតែជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរនៅអាស៊ី និងទីបីនៅលើពិភពលោក ក៏ប៉ុន្តែបញ្ហាកង្វះខាតកម្លាំងពលកម្ម ដោយសារពលរដ្ឋវ័យចំណាស់កាន់តែច្រើន ខណៈអត្រាមនុស្សកើតថ្មីកាន់តែតិចទៅៗ បាននិងកំពុងបង្កជាបញ្ហារាំងស្ទះយ៉ាងខ្លាំងដល់ការរីកលូតលាស់នៃសេដ្ឋកិច្ចប្រទេសមួយនេះ។ ទោះជាយ៉ាងណា ក្រោយច្បាប់អន្តោប្រវេសន៍ថ្មីត្រូវបានដាក់ចេញឱ្យអនុវត្តជាធរមាន គេអង្កេតឃើញថា ចំនួនពលរដ្ឋចំណាកស្រុកទៅកាន់ប្រទេសជប៉ុនបានកើនឡើង នៅប៉ុន្មានឆ្នាំចុងក្រោយ។
បញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលជប៉ុនកំពុងជួបប្រទះគឺ បញ្ហាប្រជាសាស្ត្រ។ ពលរដ្ឋវ័យចំណាស់មានចំនួនកើនឡើងយ៉ាងឆាប់រហ័ស និងមិនត្រូវបានជំនួសដោយមនុស្សជំនាន់ក្រោយ។ យោងតាមអ្នកជំនាញភ្នែកមុតខ្លះ បញ្ហាប្រឈមផ្សេងទៀតដូចជា កំណើនសេដ្ឋកិច្ចយឺតយ៉ាវ មិនមែនជាបញ្ហាធ្ងន់ធ្ងរបំផុតនោះទេ បើធៀបជាមួយនឹងបញ្ហាប្រជាសាស្ត្រ។
បើជប៉ុនមិនអាចដោះស្រាយបញ្ហានេះបានទេ អនាគតរបស់ប្រទេសមួយនេះទំនងជាគួរឱ្យព្រួយបារម្ភខ្លាំងណាស់។ នៅពេលចំនួនប្រជាជនធ្លាក់ចុះខ្លាំង កំណើនសេដ្ឋកិច្ចក៏នឹងធ្លាក់ចុះផងដែរ។ ស្ថានភាពបែបនេះអាចរុញច្រានឱ្យសេដ្ឋកិច្ចរបស់ជប៉ុនមិនមានចីរភាពឡើយ។
ក្នុងពេលបច្ចុប្បន្ន អត្រាកំណើតមានប្រមាណ ១,៣៩នាក់ សម្រាប់មនុស្សស្រីម្នាក់ដែលជាអត្រាទាបឆ្ងាយជាងអត្រាកំណើតជំនួសមនុស្សចាស់ ២,១នាក់។ អត្រាកំណើតទាបបែបនេះបានធ្វើឱ្យចំនួនអ្នកធ្វើការ ដើម្បីឧបត្ថម្ភគាំទ្រមនុស្សចាស់ម្នាក់ធ្លាក់ចុះពី ១០នាក់ នៅឆ្នាំ១៩៥០ មកត្រឹមតែ ២,៨នាក់ នៅប៉ុន្មានឆ្នាំចុង
ក្រោយនេះ។ តួលេខនេះត្រូវបានគេព្យាករថានឹងបន្តធ្លាក់ចុះបន្ថែមទៀត រហូតដល់ត្រឹមតែ ២នាក់ នៅឆ្នាំ២០២២ និងអាចដល់ ១,៣នាក់ នៅឆ្នាំ២០៦០។ នៅពេលអត្រាកំណើតធ្លាក់ចុះដល់កម្រិត ១,៣នាក់ អ្នកធ្វើការវ័យក្មេងអាចនឹងលែងទ្រាំទ្របានហើយ រហូតដល់អាចសម្រេចចិត្តចាកចេញទៅរស់នៅប្រទេសផ្សេងផងក៏ថាបាន។
ចំនួនប្រជាជនជប៉ុនដែលបានកើនឡើងពី៧២លាននាក់ទៅ ១២៨លាននាក់ ក្នុងរយៈពេល៦ទសវត្សរ៍កន្លះ បន្ទាប់ពីសង្គ្រាមលោកលើកទី២ បានបន្តធ្លាក់ចុះរហូត កំឡុងរយៈពេល៨ឆ្នាំជាប់គ្នា ហើយបច្ចុប្បន្ននេះ នៅសល់ត្រឹមតែ ១២៦,៤៤លាននាក់ប៉ុណ្ណោះ។ វាជាអត្រាធ្លាក់ទាបបំផុត ចាប់តាំងពីឆ្នាំ១៩៥០។ អត្រាមរណភាពបានកើនលើសអត្រាកំណើត កំឡុងរយៈពេល ១២ឆ្នាំជាប់គ្នា។ ពលរដ្ឋដែលមានអាយុលើសពី៧០ឆ្នាំ កើនឡើងដល់ ២០ភាគរយ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដជប៉ុន ខណៈអត្រាពលរដ្ឋដែលមានអាយុពី ១៥ ទៅ ៦៤ឆ្នាំ បានធ្លាក់មកត្រឹម ៥៩,៧ភាគរយ ប៉ុណ្ណោះ។ វាជាចំនួនទាបបំផុតក្នុងកំណត់ត្រា។
មូលហេតុនេះហើយដែលគេអាចឃើញថានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការទទួលយកពលរដ្ឋចំណាកស្រុកពីប្រទេសខាងក្រៅ ដើម្បីបំពេញកង្វះខាតកម្លាំងពលកម្មក្នុងស្រុក គឺជាអ្វីដែលរដ្ឋាភិបាលជប៉ុនកំពុងធ្វើ។
យោងតាមការចេញផ្សាយរបស់ការសែតជប៉ុន The Nikkei បានបង្ហាញថា ជប៉ុនទទួលពលរដ្ឋចំណាកស្រុកក្នុងអត្រាកំណើន កំឡុងពេល៦ឆ្នាំជាប់ៗគ្នា។ អត្រានេះបានបង្កើនចំនួនប្រជាជនបរទេសវ័យក្មេង ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មបច្ចុប្បន្ន។
ចំនួនពលរដ្ឋចំណាកស្រុកបច្ចុប្បន្នកើនឡើង ក្នុងកំណត់ត្រាខ្ពស់បំផុត ប្រមាណ ២,២២ លាននាក់ ដែលតំណាងប្រមាណ ១,៧៦ភាគរយនៃប្រជាជនសរុបក្នុងប្រទេសជប៉ុន។ ក្នុងនោះ ៨៥ភាគរយនៃជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសជប៉ុន មានអាយុចន្លោះពី ១៥ ទៅ ៦៤ឆ្នាំ ហើយ ច្រើនជាងពាក់កណ្តាលនៃពួកគេ គឺប្រមាណជាង ១,១៥លាននាក់ មានអាយុនៅចន្លោះពី ២០ និង ៣០ឆ្នាំ។ វាជាអាយុល្អបំផុតសម្រាប់កម្លាំងពលកម្ម។
របាយការណ៍ក៏បានបង្ហាញផងដែរថា ជនបរទេសទាំងនោះភាគច្រើន មានប្រភពពីប្រទេសចិននិងវៀតណាម។ ប្រជាជនចិនមានចំនួន ៣៨៩០០០ នាក់និងប្រជាជនវៀតណាម មានចំនួន ៣១៦០០០ នាក់និងប្រជាជនវៀតណាមមានចំនួន ៣១៦ ០០០ នាក់។
គួរបញ្ជាក់ផងដែរថា និន្នាការកើនឡើងរបៀបនេះ បានកើតឡើងក្រោយពីច្បាប់អន្តោប្រវេស្តន៍ថ្មី ត្រូវបានដាក់ចេញឲ្យអនុវត្ត កាលពីថ្ងៃទី ០១ ខែមេសា ដែលរដ្ឋាភិបាលជប៉ុន បានអនុញ្ញាតផ្តល់ទិដ្ឋាការថ្មី សម្រាប់វិស័យដែលខ្វះ កម្លាំងពលកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ