អានតួអត្ថបទ

ប្រមុខ​បក្ស​ប្រឆាំងថៃ​ លោក ថាណាថន អស់​តំណែង​ ជា​តំណាងរាស្ត្រ

តុលាការ​ធម្មនុញ្ញ​ថៃ​បាន​ចេញ​សាលក្រម​នៅ​ថ្ងៃពុធ​ទី ២០ វិច្ឆិកា ២០១៩ បិទ​បញ្ចប់​អាណត្តិ​ជា​តំណាង​រាស្ត្រ​នៅ​ក្នុង​សភា របស់​មហាសេដ្ឋី​ ថាណាថន ដែល​ជា​មេដឹកនាំបក្ស​ប្រឆាំង​ដ៏​ចំបង​នៅ​ប្រទេស​ថៃ។ ​តុលាការ​បានចោទ​ លោក ថាណាថន បាន​រំលោភ​ច្បាប់​បោះឆ្នោត​ ក្នុង​សម័យ​បើឆ្នោត​សភា​កាលពី​ខែ​មីនា ២០១៨។

សកម្មជន​​គាំទ្រលោក​​Thanathorn Juangroongruangkit ប្រមុខ​បក្ស​ប្រឆាំង​Future Forward Party នៅ​មុខ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​បាងកក ថ្ងៃទី ៦​មេសា ២០១៩
សកម្មជន​​គាំទ្រលោក​​Thanathorn Juangroongruangkit ប្រមុខ​បក្ស​ប្រឆាំង​Future Forward Party នៅ​មុខ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​បាងកក ថ្ងៃទី ៦​មេសា ២០១៩ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

“ចាប់​ពី​ថ្ងៃ​នេះ​លោក​ថាណាថន អស់​តួនាទី​​ជា​តំណាង​រាស្ត្រ” នេះ​ជា​សេចក្តី​ប្រកាស​របស់​ចៅក្រម​នៃ​តុលាការ​ធម្មនុញ្ញ ដើម្បី​ឱ្យ​តុលាការ​អាច​ដំណើរ​ការសនវការ​​​ជុំ​វិញ​បទ​ចោទ​ប្រកាន់​ថា​លោកថាណាថន​បានរំលោភ​ច្បាប់​ ដោយ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ឃោសនា​ព័ត៌មាន ក្នុង​អំឡុង​ពេល​បោះឆ្នោត​”។​ ​​

នៅ​ចំពោះ​មុខ​តុលាការ​ធម្មនុញ្ញ​ជា​លើក​ដំបូង កាលពី​ថ្ងៃ​សុក្រ​ លោក​ ថាណាថន បាន​អះអាងជា​ថ្មី​​អំពី​ភាព​បរិសុទ្ធ​របស់​លោក ដោយ​បញ្ជាក់​ថា ​ភាគហ៊ុន​​នោះ​ត្រូវ​បាន​លក់​ទៅ​ម្តាយ​​ តាំង​ពី​៥​ខែ​​មុន​ការ​បោះឆ្នោត​ម្ល៉េះ។ សម្រាប់​សកម្មជន​គាំទ្រ​ សំណុំ​រឿង​ក្តី​នេះ មាន​រឿង​នយោបាយ​សុទ្ធសាធ​ដែល​គេ​តាក់​តែង​ឡើង​ដើម្បី​កម្ចាត់​អ្នក​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​ជាងគេ​តែ​ប៉ុណ្ណោះ។

សូមអាន ៖ ប្រមុខ​បក្ស​ប្រឆាំង​ថ្មី​ដ៏​មានប្រជាប្រិយភាព កំពុងរង​ហានិភ័យ​ជាប់ចោទ​​រំលោភ​​ច្បាប់​​បោះឆ្នោត

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​លោក​ពិត​ជា​រំលោភ​ច្បាប់​បោះឆ្នោត​មែន នោះ​លោក​ថាណាថន មិនត្រឹម​តែ​មិន​​អាច​បន្ត​​​ជីវិត​នយោបាយ​បាន​ទៀត​ទេ តែ​​លោក​ថែម​ទាំង​នឹង​ត្រូវ​រង​ការ​កាត់​​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់​១០​ឆ្នាំ​។ ​នេះ​មិនមែន​​ជា​លើក​ទី​មួយ​ទេ ដែល​បក្ស​នយោបាយ​ប្រឆាំង​ថៃ​រង​ក្តីក្តាំ​នៅ​តុលាការ។ តុលាការ​ធម្មនុញ្ញ ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កាន់​អំណាច ​ធ្លាប់​បានបំបិទ​សំឡេង​ប្រឆាំង​ ដោយ​បាន​​សម្រេច​រំលាយ​គណបក្ស​ថៃ​រក្សា​ជាតិ​ របស់​​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ថាក់ស៊ីន​ តែ​ប៉ុន្មាន​ថ្ងៃ​​មុន​ការ​បោះឆ្នោត​សភា​។

ក្នុង​វ័យ​៤០​ឆ្នាំ ជា​ប្រមុខ​បក្ស​អណាខុតម៉ៃ ដែល​ជាបាន​ក្លាយ​ជា​ចរន្ត​នយោបាយ​ធំ​លំដាប់​ទី​បី​ នៅក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ខែ​មីនា លោក​ថាណាថន មិនរអា​នឹង​ធ្វើ​ការ​វាយប្រហារ​ក្រុម​យោធាទេ ព្រមទាំង​​ស្រែក​ទាមទារ​ឱ្យ​​ថៃ​កាត់​បន្ថយ​ចំណាយ​ផ្នែក​យោធា​និង​បិទ​បញ្ចប់​ការ​កេណ្ឌទ័ព​ថ្មី។ ជា​ករណី​​​ដ៏​កម្រ​ ​ គណបក្ស​អណាខុតម៉ៃនេះ​ហ៊ាន​ទាំង​រិះគន់​របប​រាជានិយម​ ដ៏​មាន​អំណាច​បំផុត​នៅ​ក្នុង​ប្រទេស​ផង។ ក្រៅ​អំពី​សំណុំ​រឿង​ចោទប្រកាន់​​រំលោភ​ច្បាប់​បោះឆ្នោត​នេះ លោក​ថាណាថន​ រង​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ករណី​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ