អានតួអត្ថបទ
ចិន

ចិន៖ក្រុង​ប៉េកាំង​ប្រកាស​អាសន្ន​ពី​កម្រិត​ផ្សែងពុលខ្ពស់​នៅ​ក្នុង​បរិយាកាស

នៅ​ថ្ងៃ​ចន្ទ ទី៧ ធ្នូ រដ្ឋាភិបាល​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​អត្រា​ផ្សែងពុល​មាន​កម្រិត​ខ្ពស់​ក្នុង​បរិយាកាស​នៅ​ក្នុង​ទីក្រុង​ប៉េកាំង។ នេះ​ជា​លើកទី១​ដែល​ចិន​បាន​ប្រកាស​សារភាព​ជា​ផ្លូវការ​ពី​គុណភាព​ខ្យល់​ក្នុង​បរិយាកាស​ដ៏​អាក្រក់​ពោរពេញ​ដោយ​ជាតិពុល។ ដើម្បី​កាត់​បន្ថយ​អត្រា​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស ចៅហ្វាយ​ក្រុង​ប៉េកាំង​បាន​ផ្តើម​ចាត់​វិធានការ​ពិសេស​មួយ​ចំនួន​ចាប់​ពី​ថ្ងៃ​អង្គារ ទី៨ ធ្នូ​សម្រាប់​អ្នក​រស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ចិន៖ក្រុង​ប៉េកាំង​ប្រកាស​អាសន្ន​ពី​កម្រិត​ផ្សែងពុលខ្ពស់​នៅ​ក្នុង​បរិយាកាស
ចិន៖ក្រុង​ប៉េកាំង​ប្រកាស​អាសន្ន​ពី​កម្រិត​ផ្សែងពុលខ្ពស់​នៅ​ក្នុង​បរិយាកាស REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

វិធានការ​ពិសេស​ដើម្បី​ទប់ស្កាត់​កំណើន​អត្រា​ផ្សែងពុល​នៅ​ក្នុង​បរិយាកាស​ត្រូវ​ធ្វើ​ឡើង​សម្រាប់​តែ​ពលរដ្ឋ​ចិន​រស់នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ប្រមាណ​ជា ២០លាននាក់​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ការិយាល័យ​គាំពារ​បរិស្ថាន​ក្នុង​ក្រុង​ប៉េកាំង។ គឺ​ជា​វិធានការ​ដែល​ត្រូវ​អនុវត្តន៍​រយៈពេល ៣ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី៨ ធ្នូ​នេះ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី១០ ធ្នូ។ វិធានការ​ពិសេស​ទំាង​នោះ​រួម​មាន ចរាចរណ៍​រថយន្ត​ក្នុង​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​ឆ្លាស់​គ្នា​រវាង​លេខ​គូ និង​លេខ​សេស មាន​ទាំង​រថយន្ត​ឯកជន និង​រថយន្ត​រដ្ឋ គឺ​លើកលែង​តែ​រថយន្ត​ដើរ​ដោយ​អាគុយ​ផង និង​សាំងផង ឬ​ដើរ​ដោយ​តែ​អាគុយ​មួយ​មុខ​ចេញ។

ជា​ការ​បំពេញ​បន្ថែម​នឹង​ការ​កាត់​បន្ថយ​ចរាចរណ៍​រថយន្ត​ក្នុង​ទីក្រុង ក្រុមហ៊ុន​ដឹកជញ្ជូន​រដ្ឋ​បាន​បន្ថែម​រថយន្ត​ក្រុង​ចំនួន ២០០គ្រឿង​ដើម្បី​ជួយ​ដឹកជញ្ជូន​អ្នក​ដំណើរ​ក្នុង​ទីក្រុង។ ក្នុង​រយៈពេល ៣ថ្ងៃ រោងចក្រ​ដែល​បញ្ចេញ​ផ្សែងពុល​ខ្លាំង និង​ការដ្ឋាន​សំណង់​ផ្សេងៗ​ត្រូវ​បិទទ្វារ ហើយ​ឡានដឹក​ជញ្ជូន​គ្រឿងសំណង់ និង​កម្ទេច​ថ្ម​ក៏​នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ចូល​ទីក្រុង​ដែរ។ ក្នុង​រយៈពេល ៣ថ្ងៃ រដ្ឋអំណាច​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​បិទទ្វារ​សាលាមតេយ្យ សាលា​បឋមសិក្សា និង​អនុវិទ្យាល័យ តែ​នេះ​មិនមែន​ជា​សំណើ​ចាំបាច់​ដែល​នាយក​សាលា​ត្រូវតែ​ធ្វើ​តាម​ទេ។

គួរ​ជម្រាប​ជូន​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ កម្រិត​អត្រាផ្សែងពុល​ក្នុង​បរិយាកាស​នៅ​ក្នុង​ទីក្រុង​ធំៗ​​របស់​ចិន​មួយ​បាន​ក្លាយ​ជា​ក្តីបារម្ភ និង​ភាព​មិន​សប្បាយចិត្ត​របស់​ពលរដ្ឋ​ចិន​ទូទៅ ពិសេស​ព្រួយ​បារម្ភ​ពី​ការ​ប៉ះពាល់​សុខភាព។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​អាសន្ន​ផ្សែងពុល​ក្នុង​ក្រុង​ប៉េកាំង​របស់​រដ្ឋអំណាច​ចិន​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុ​កំពុង​បន្ត​ធ្វើ​ក្នុង​ប្រទេស​បារាំង។ កាល​ពី​សប្តាហ៍​កន្លង​ទៅ និង​ក្នុង​នាម​ជា​ប្រទេស​បំពុល​បរិយាកាស​ច្រើន​ជាង​គេ ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ឆន្ទៈ​ក្នុង​ការ​កាត់បន្ថយ​ការ​ចាក់ចោល​ឧស្ម័នពុល​ក្នុង​បរិយាកាស​ឲ្យ​បាន ៦០% ចាប់​ពី​ពេល​នេះ​ដល់ឆ្នាំ ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ