អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហភាព​អឺរ៉ុប ជា​គំរូល្អ រឺ​គំរូ​អាក្រក់​សម្រាប់​សមាគម​អាស៊ាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មីៗ​នេះ​ បន្ទាប់ពី​ប្រទេស​អង់គ្លេស​ បាន​បោះឆ្នោត​ប្រជាមតិ​​ ដើម្បី​ដើរចេញ​ពី​សហភាព​អឺរ៉ុប ​បាន​ធ្វើឲ្យ​ផ្ទៃក្នុង​និង​ស្ថិរភាព​របស់​សហភាព​អឺរ៉ុប​ទាំងមូល​រង្គោះ​រង្គើរ​ជាខ្លាំង។ មាន​មតិ​ជាច្រើន​ បាន​លើក​ឡើង​អំពី​ភាព​បែកបាក់ ​ ​រឺ​ក៏​បរាជ័យ​របស់​សហភាព​អឺរ៉ុប​នេះ ​មក​ចោទ​សួរ​ ដោយ​ប្រៀបធៀប​ទៅ​នឹង​ សហគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដែល​ហៅ​កាត់​ថា ASEAN។ តើ​ឆ្លងកាត់​បទពិសោធន៍​នេះ ​សហភាព​អឺរ៉ុប ​គឺ​ជា​គំរូល្អ ​សម្រាប់​អាស៊ាន ​រឺក៏​ជា​គំរូ​អាក្រក់​ ដែល​អាស៊ាន​គួរ​តែ​ដើរ​ចៀស​​ ដើម្បី​កុំឲ្យ​ជួប​វិបត្តិ​ទៅ​ថ្ងៃ​មុខ?

លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak និយាយ​​​នៅ​ចំពោះមុខ​ពាក្យស្លោក This is Asean's time
លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak និយាយ​​​នៅ​ចំពោះមុខ​ពាក្យស្លោក This is Asean's time REUTERS/Olivia Harris
ផ្សាយពាណិជ្ជកម្ម

មាន​មនុស្ស​មិន​តិច​ទេ​ ដែល​តែងតែ​គិតថា ​សហគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់​ថា​ ASEAN ​បានយក​គំរូ​តាម​សហភាព​អឺរ៉ុប។ តើបើ​យើង​ពិនិត្យ​ឲ្យបាន​ស៊ីជំរៅ ​ សមាគម​ប្រជាជាតិ​ទាំងពីរ​នេះ ​ បាន​វិវឌ្ឍន៍ខ្លួន​ដើរ​លើ​វិថី​ពីរ​ខុសគ្នា ​ខ្លាំង​ណាស់។ ភាព​ខុសគ្នា​មួយ​ដ៏ធំ​ទៀត​នោះ ​គឺ​កម្មវត្ថុ​នៃ​ការ​ធ្វើ​សមាហរណកម្ម​ ​ព្រមទាំង​កម្រិត​របស់​វា​តែម្តង។

 
ដូចគ្នា ​តែខុសគ្នា៖
សហភាព​អឺរ៉ុប​ ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ក្រោយ​ចប់​សង្រ្គាម​លោក​ទីពីរ ​ ក្នុង​គោល​បំណង​សំខាន់ ​គឺ​ដើម្បី​កសាង​សន្តិភាព ​ចាប់ដៃ​គ្នា​រវាង​អាល្លឺម៉ង់ ​និង​បារាំង​ ដែល​ធ្លាប់​ជា​សត្រូវ​នឹង​គ្នា ​រាប់​ទសវត្ស ​ មក​ជាមិត្ត​នឹងគ្នា។ ការ​ចាប់ដៃ​សន្តិភាព​ជានា​គ្នា ​បាន​នាំ​ប្រទេស​ផ្សេងទៀត​ក្នុង​អឺរ៉ុប​ខាងលិច ​ឲ្យ​ចូលរួម​ជាបន្ត​បន្ទាប់ ​រហូត​ក្លាយ​ជា​ទីផ្សារ​សេដ្ឋកិច្ច​តែមួយ ​ដែល​មាន​ស្ថាប័ន​កណ្តាល​គ្រប់គ្រង​ដាច់​ដោយ​ឡែក។ សហភាព​អឺរ៉ុប ​បាន​បង្កើត​ជា​ក្របខណ្ឌ​គតិយុត្តិ ​រឺ​ហៅថា​ច្បាប់​សហគម ​ ដែល​ប្រទេស​សមាជិក​ត្រូវ​គោរព​តាម។ ព្រំដែន​រវាង​ប្រទេស​ជា​សមាជិក​ត្រូវ​លប់ចោល ​ ​រីឯ​ប្រជាជន​អាច​ធ្វើ​ចរាចរណ៍​ទៅ​រស់នៅ​ រឺ​ធ្វើការ​នៅ​ទីណា​ក៏​បាន។

ដោយឡែក​សមាគម​ASEAN ​ ត្រូវ​បាន​បង្កើត​ឡើង ​ ក្នុង​ឆ្នាំ​១៩៦៧ ​ក្នុង​ទិសដៅ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់តែ​មួយ​ប៉ុណ្ណោះ។ ពីមួយ​ដំណាក់​ទៅ​មួយ​ដំណាក់ ​សមាគម​នេះ ​បាន​ពង្រីក​បញ្ចូល​ប្រទេស​សមាជិក​ថ្មីៗ​របស់​ខ្លួន​ ដោយ​សន្សឹមៗ។ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​សមាជិក​អាស៊ាន​ មាន​ទិសដៅ​ចំបង​បង្អស់​ គឺ​ដើម្បី​ចាប់ដៃ​គ្នា​ក្នុង​ចំណោម​ប្រទេស​តូចៗ​ក្នុង​តំបន់ ​ ដើម្បី​ទប់ទល់​រកស៊ី​រឺ​ក៏​ចរចា​សេដ្ឋកិច្ច​ជាមួយ​មហាយក្ស​សេដ្ឋកិច្ច​នានា​ មានដូ​ច​ជា​ចិន ​ ជប៉ុន ​ សហរដ្ឋ​អាមេរិក ​រឺក៏​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។ សមាគម​អាស៊ាន ​ពុំមាន​អង្គការ​ចាត់តាំង​កណ្តាល ​ដើម្បី​សម្រេច​កិច្ច​ការ​នានា ​រឺ​បង្កើត​វិធានច្បាប់​ ដូច​សហភាព​អឺរ៉ុប​ទេ។ ការ​រិតចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​សមាជិក​ ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ភាគហ៊ុន ​ការ​វិនិយោគ ​ព្រមទាំង​ការ​នាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ ​គឺ​ជា​កម្មវត្ថុ​ចំបង​របស់​សមាគម​អាស៊ាន។

ខណៈ​ដែល​ប្រទេស​សមាជិក​អាស៊ាន​ មាន​គំលាត​នយោបាយ ​ កម្រិត​ជីវភាព​សង្គម​ខុសៗ​គ្នា ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ឯណោះ​ ហាក់​មាន​សណ្ឋាន​ប្រហាក់ប្រហែល​គ្នា​ច្រើន ​ លើកលែង​តែ​ប្រទេស​ដែល​ចូល​ជា​សមាជិក​ក្រោយៗ​មក។ សមាហរណកម្ម​សេដ្ឋកិច្ច ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ​ ចរាចរណ៍​ទំនិញ ​សេវាកម្ម ​ វិធានការ​គតិយុត្តិ​ក្នុង​ករណី​មាន​ជំលោះ ​ទាំងអស់​នេះ ​បាន​ដើរ​ទៅ​មុខ​យ៉ាងលឿន ​នៅ​សហភាព​អឺរ៉ុប។ ខុស​ពី​សមាគម​អាស៊ាន​ ដែល​បាន​ដើរ​ដោយ​សន្សឹមៗ ​ យ៉ាង​យឺតយ៉ាវ ​រឺ​សឹង​តែ​គ្មាន​សោះ។

អាស៊ាន​ដើរយឺត​ រឺ​អាស៊ាន ​ដើរ​ដោយ​ប្រយ័ត្ន?
អាស៊ាន​ដើរយឺត ​រឺ​អាស៊ាន​ដើរ​ដោយ​ប្រយ័ត្ន ​នេះគឺ​វា​អាស្រ័យ​ទៅ​តាម​ការ​យល់ឃើញ ​របស់​មនុស្ស​ម្នាក់ៗ។ ចុះបើ​យើង​ក្រលេក​មក​មើល​វិបត្តិ​ដែល​កំពុង​តែ​យាយី​សហភាព​អឺរ៉ុប​នៅ​ពេល​នេះ​ តើ​គេ​អាច​និយាយ​ថា​សហភាព​អឺរ៉ុប​កន្លង​មក ​ ដើរលឿន​ជ្រុល​ពេក​ដែររឺ​ទេ? វិបត្តិ​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ុប ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​ប្រទេស​សមាជិក​ជាច្រើន ​ភាព​មិន​ស្មើគ្នា​នៃ​កំណើន​សេដ្ឋកិច្ច ​បាន​ធ្វើ​ឲ្យ​សមាជិក​អឺរ៉ុប ​ជជែកគ្នា​ ប្រកែក​គ្នា ​ឈ្លោះគ្នា​ រក​ដោះស្រាយ​មិន​ចេញ។ វិបត្តិ​ជនភៀសខ្លួន​ ដែល​នាំគ្នា​សម្រុក​មក​សុំសិទ្ធិ​ជ្រកកោណ​នៅ​អឺរ៉ុប ​ បាន​បង្ហាញ​កាន់តែ​ច្បាស់ ​អំពី​ភាព​អត្មានិយម​របស់​ប្រទេស​សមាជិក​អឺរ៉ុប​មួយ​ចំនួន ​ដែល​ឱបដៃ​មើល ​មិន​ព្រម​ជួយ​សមាជិក​គ្រួសារ​ផ្សេងទៀត។

ដោយ​ភ័យ​បារម្ភ​ពី​បញ្ហា​ជន​អន្តោប្រវេសន៍ ​និង​វិធាន​ច្បាប់​ដ៏​តឹងតែង​ដែល​អឺរ៉ុប​ដាក់ចេញ ​ ប្រជាជន​អង់គ្លេស​ភាគច្រើន ​បាន​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៣​មិថុនា ​ឲ្យ​ប្រទេស​ខ្លួន​ដើរចេញ​ពី​សហភាព​អឺរ៉ុប។ ជាការពិត ​ នេះ​មិនមែន​ជា​ជម្រើស​ដែល​ប្រទេស​សមាជិក​ផ្សេងទៀត ​គួរ​យក​គំរូ​តាម​ទេ ​ ព្រោះវា​ជា​ជម្រើស​ ដែល​មិនខុស​ពី​ដកខ្លួន ​ទៅ​រស់នៅ​ឯកោ​ម្នាក់ឯង ​ ក្នុង​ខណៈ​ដែល​សេដ្ឋកិច្ច​សកល​ភាវូបនីយកម្ម​ ត្រូវការ​ការ​រួម​កម្លាំង​ផ្តុំគ្នា។ តែ​ការ​សម្រេចចិត្ត​របស់​ប្រជាជន​អង់គ្លេស ​បាន​បង្ហាញ​ពី​ជំងឺ​រ៉ាំរ៉ៃ ​របស់​មហា​គ្រួសារ​អឺរ៉ុប​ ដែលតែង​តែ​ចង់​ធ្វើ​សមាហរណកម្ម ​លឿន​ជ្រុល​ហួសហេតុ។

មិនមែន​មានតែ​នៅ​អង់គ្លេស​ទេ ​ដែល​ប្រជាជន​ម្ចាស់​ស្រុក​ ព្រួយ​បារម្ភ​ពី​បញ្ហា​អន្តោប្រវេសន៍។ អាម្មណ៍​មួរម៉ៅ ​ស្អប់​ខ្ពើម​ជនភៀសខ្លួន​ ស្អប់​ជាតិសាសន៍​ដទៃ ​ប្រកាន់​អ្នក​កាន់​សាសនា​ផ្សេង ​បាន​កំពុង​រីករាលដាល​កាន់តែ​ខ្លាំង​ នៅ​ក្នុង​សហគម​អឺរ៉ុប។ នេះ​ហើយ​ជា​ជំងឺ​អឺរ៉ុប ​ដែល​មេដឹកនាំ​អឺរ៉ុប ​ជាច្រើន​ជំនាន់​មកហើយ ​មិន​អាច​ព្យាបាល​បាន។ នរណា​មិន​ស្រម៉ៃ​ចង់​ឃើញ​ពិភពលោក​ស្រស់ថ្លា ​មនុស្ស​ម្នា​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន? តែ​ការពិត ​ វា​មិនមែន​ស្រួល​បែប​នេះ​ទេ។

បទ​ពិសោធន៍​របស់​សហភាព​អឺរ៉ុប ​ជា​មេរៀន​របស់​អាស៊ាន៖
មក​ដល់​ចំណុច​នេះ ​អ្នក​ដែល​ធ្លាប់​គិត​ថា ​អាស៊ាន​បាន​ធ្វើ​ដំណើរ​ដោយ​សន្សឹមៗ ​ អាច​សើច​ញញឹម​សប្បាយ​ចិត្ត។ ជា​ការពិត ​អាស៊ាន​ មិនដែល​យក​បញ្ហា​ជន​អន្តោប្រវេសន៍ ​បញ្ហា​គោរព​សិទ្ធិ​មនុស្ស​ ​មក​ដាក់​ក្នុង​ខួរក្បាល ​ដើម្បី​ប្រជុំ​គ្នា​ដោះស្រាយ​ទេ។​ អាស៊ាន​គិតតែ​មួយ​គត់​ គឺ​ជំនួញ​រកស៊ី។ អាស៊ាន ​ធ្លាប់​បាន​មាន​គម្រោង​បង្កើត​ទីផ្សារ​សេដ្ឋកិច្ច​តែមួយ​ក្នុង​តំបន់​ ដោយ​យក​គំរូ​តាម​សហភាព​អឺរ៉ុប​ តែនេះ​គ្រាន់​តែ​ជា​ក្តី​ស្រម៉ៃ ​ប៉ុណ្ណោះ។​ រវាង​សិង្ហបុរី ​ដែល​មាន​សេដ្ឋកិច្ច​ខ្លាំង ​ហើយ​រំពឹង​លើ​ផ្សារ​ហិរញ្ញវត្ថុ​ដ៏​ធំ​រឹងមាំ ​ និងភូមា ​ដែល​ទើបតែ​ងើប​ចេញ​ពី​របប​ផ្តាច់ការ​យោធា ​ហើយ​ដែល​ត្រូវការ​កសាង​គ្រប់​វិស័យ​នោះ ​គឺថា​បង្កើត​ទីផ្សារ​សេដ្ឋកិច្ច​រួម​តែមួយ ​គឺ​ពិត​ជា​មិនអាច​ទៅ​រួច​ទេ។

ប៉ុន្តែ​ជាមួយ​នឹង​កំហុស ​បទពិសោធន៍​ឆ្លងកាត់​របស់​សហភាព​អឺរ៉ុប​នា​ពេល​នេះ ​អាស៊ាន​អាច​យក​វា​ជា​មេរៀន ​ដើម្បី​តំរង់​ទិសដៅ​របស់​ខ្លួន ​ ក្នុង​ការ​ធ្វើ​សមាហរណកម្ម។ ត្រង់ណា​ដែល​គេ​ធ្លាប់​ធ្វើ​ខុស ​ សូម​កុំយក​ត្រាប់​តាម។ តែមិន​មែន​មាន​ន័យ​ថា ​គ្រប់​ការងារ​ដែល​អឺរ៉ុប​ធ្វើ​សុទ្ធតែ​ខុស​ទេ ​ ​តែ​មាន​ចំណុច​ជា​ច្រើន ​ដែល​ធ្វើ​ទៅ​មិន​បាន​ផល​ល្អ ​ដែល​គេ​គួរ​តែ​ពិចារណា ​ដើម្បី​រកវិធី​ថ្មី។ អឺរ៉ុប​បែកបាក់​សាមគ្គី​គ្នា ​ ដូច្នេះ​អាស៊ាន​ត្រូវ​ធ្វើ​យ៉ាងណា ​ដើម្បី​កុំ​ឲ្យ​កម្លាំង​សាមគ្គី​របស់​ខ្លួន​ វា​ផុយស្រួយ ​ បណ្តោយ​ឲ្យភាព​អត្តទត្ថបុគ្គល ​មក​រុកគួន​បាន។

ពាក្យចាស់​ពោល​ថា​ចង្កិះ​មួយបាច់ ​កាច់​មិន​បាក់។ សមាជិក​អាស៊ាន ​គួរ​មើល​គំរូ​ពី​សមាជិក​សហភាព​អឺរ៉ុប។ អង់គ្លេស​ដើរ​ចេញ​ពី​អឺរ៉ុប ​ គឺ​ដោយសារ​តែ​បាំង​ទៅ​ដោយ​គំនិត​អត្មានិយម ​ចង់​យក​សុខ​តែ​ម្នាក់​ឯង​ មិន​រួមចំណែក​សាមគ្គី​ ជាមួយ​ប្រទេស​សមាជិក​ដ៏ទៃ។ សមាជិក​អាស៊ាន ​ក៏​គួរ​តែ​ត្រូវ​ប្រយ័ត្ន ​ ត្រូវ​ចេះ​ជួយ​ឈឺឆ្អាល​គ្នា ​ ជួយ​ការពារ​គ្នា ​ កុំឲ្យ​ប្រយោជន៍​ផ្ទាល់ខ្លួន​ មក​រារាំង​ប្រយោជន៍រួម ​របស់​មហា​គ្រួសារ​អាស៊ាន។ យ៉ាងណាមិញ ​ជម្លោះ​នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង ​ដែល​ប្រទេស​អាស៊ាន ​មួយ​ចំនួន​កំពុង​ប្រឈមមុខ​ជាមួយ​មហា​យក្ស​ចិន ​គឺ​ជា​ឱកាស​មួយ ​ដែល​អាច​ឲ្យ​សមាគម​អាស៊ាន ​សាកល្បង​ស្វែងយល់​ ពី​កម្រិត​សាមគ្គីភាព ​ របស់​សមាជិក​ខ្លួន ម្នាក់ៗ​ ជាក់​ជា​ពុំខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ