អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ីអាគ្នេយ៍គួរភ័យខ្លាច នឹងជំងឺជីហាដអ៊ីស្លាមជ្រុលនិយម ដែររឺទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្របពេល​ដែល​តំបន់​ដើមបូព៌ា ​និង​ទ្វីបអឺរ៉ុប ​កំពុង​ប្រឈមមុខ​នឹង​ក្រុម​ជន​ជីហាដ​អ៊ីស្លាម​ជ្រុល​និយម​ ដែល​បាន​ប្រើប្រាស់​សាសនា​អ៊ីស្លាម​ជាឈ្នាន់ ​ដើម្បី​បង្ករ​អំពើ​ហឹង្សា ភេរវកម្ម​សម្លាប់​មនុស្ស ​ដោយ​គ្មាន​មេត្តា​នោះ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឯនេះ ​ ​ក៏​អាច​ប្រឈមមុខ​នឹង​បញ្ហា​នេះ​ដូចគ្នា។ ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​ ហ្វីលីពីន​ សុទ្ធសឹង​ជា​ប្រទេស​ដែល​សំបូរ​អ្នក​កាន់​សាសនា​អ៊ីស្លាម ​និង​ជា​ប្រទេស​ដែល​ធ្លាប់​រងគ្រោះ​កន្លង​មក ​ ដោយ​អំពើ​ហិង្សា​និង​ភេរវកម្ម ​របស់​ក្រុម​ជ្រុលនិយម​អ៊ីស្លាម។ អស់ពី​ពួក​អាល់កាយដា ​ក្រុម​សកម្មជន​អ៊ីស្លាម​នៅ​តាម​ប្រទេស​ទាំងនេះ ​ចាប់ផ្តើម​ទៅ​ដើរ​តាម​ ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ម្តង។ តើអាស៊ី​អាគ្នេយ៍ ​គួរតែ​ព្រួយ​បារម្ភ​រឺទេ ​ពី​កំនឿន​នៃ​ការ​ងប់ងុល​ជឿ​ទៅ​តាម​ទ្រឹស្តី​ជ្រុលនិយម ​របស់​ពួក​ជីហាដ​អ៊ីស្លាម ​អស់ទាំង​នេះ?

ប្រុសៗឥណ្ឌូណេស៊ី កំពុងធ្វើ​ពិធីសូត្រធម៌​នៅ​ល្ងាច​​ថ្ងៃសុក្រ ក្នុង​​វិហារម៉ូស្កេ ក្រុង​​ចាការតា
ប្រុសៗឥណ្ឌូណេស៊ី កំពុងធ្វើ​ពិធីសូត្រធម៌​នៅ​ល្ងាច​​ថ្ងៃសុក្រ ក្នុង​​វិហារម៉ូស្កេ ក្រុង​​ចាការតា REUTERS/Iqro Rinaldi
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី៥​ កក្កដា​ ​អំពើ​ភេរវកម្ម​អត្ថឃាត​មួយ ​បាន​កើតឡើង​នៅ​ច្រកចូល​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ ក្រុង​សូឡូ​ ភាគ​កណ្តាល​កោះ​ហ្សាវ៉ា ​ប្រទេស​ឥណ្ឌូណេស៊ី ​ហើយ​បាន​ធ្វើ​ឲ្យ​នគរបាល​ម្នាក់ ​របួស​យ៉ាង​ធ្ងន់ ​រី​ឯជនដៃដល់​បាន​ស្លាប់​នៅ​នឹង​កន្លែង ​ដោយសារ​គ្រាប់​បែក​ស្នាដៃ​របស់​ខ្លួន​ឯង។ តាមការ​សន្និដ្ឋាន​របស់​នគរបាល ​ជន​ដៃដល់​អាច​ជាកូនចៅ​របស់​ Bahrun Naim ​ដែល​គឺ​ជា​ជន​ជីហាដ​អ៊ីស្លាម​​ ជនជាតិ​ឥណ្ឌូណេស៊ី ​ហើយ​បច្ចុប្បន្ន​កំពុង​បំរើ​ក្រុមជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម ​ នៅ​ស៊ីរី។

 
បើទោះ​បី​ជា​អំពើ​ភេរវកម្មនេះ​ មិនបាន​ធ្វើឲ្យ​មាន​មនុស្ស​ស្លាប់​ក៏ដោយ ​តែ​វា​បាន​បង្ហាញ​ថា ​ជំងឺ​អ៊ីស្លាម​ជ្រុលនិយម​ ដែល​និយម​អំពើ​ហិង្សានិង​ភេរវកម្ម ​នៅមិន​ទាន់​ជា​សះស្បើយ​ទេ ​នៅ​ឥណ្ឌូណេស៊ី។ ផ្ទុយទៅវិញ​គឺ​វា​កំពុងតែ​រីកធំ​ ក្លាយ​ជា​ជំងឺ​មហារីក​ ហើយ​អាច​ស៊ី​គ្រឿង​ក្នុង​ឥណ្ឌូណេស៊ី ​បាន​យ៉ាង​ឆាប់​រហ័ស។

គ្រប់គ្នា​នៅ​ចាំ​មិន​ភ្លេច​ទេ ​ កាល​ពី​ដើមឆ្នាំ​នេះ ​នៅ​ថ្ងៃ​ទី​១៤ ​ខែ​មករា ​អំពើ​បាញ់ប្រហារ​មួយ ​បាន​កើតឡើង​នៅក​ណ្តាលក្រុង​ចាការតា ​ដោយ​បាន​សម្លាប់​ជីវិត​មនុស្ស​ស្លូតត្រង់​៧នាក់។ ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​ បាន​ចេញមុខ​មក​អះអាង​ថា​គឺ​ជា​ស្នាដៃ​របស់​ពួកវា ​ ហើយ​ដែល​ត្រូវ​បាន​បញ្ជារ​ដោយ​ផ្ទាល់​ពី​ស៊ីរី។ ភេរវកម្ម​នេះ ​ កើតឡើង​មិន​ប៉ុន្មាន​សប្តាហ៍ផង​ទេ ​ ក្រោយ​ពេល​ដែរ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ បាន​ធ្វើ​វិដេអូ ​ជា​សារព្រមាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី។

ចាម៉ាស អ៊ីស្លាមីយាស៖​ពី​អាល់កាយដា​ ទៅជា​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម
ឥណ្ឌូណេស៊ី ​ដែល​មាន​ប្រជាជន​២៥០​លាន​នាក់ ​ហើយ​ក្នុង​នោះ​៨៥%​គឺ​ជា​អ្នកកាន់​សាសនា​អ៊ីស្លាម ​គឺជា​ប្រទេស​អ៊ីស្លាម​ធំជាង​គេ​បង្អស់​ក្នុង​លោក។ កន្លងមក​ឥណ្ឌូណេស៊ី ​ធ្លាប់​បាន​រស់ក្នុង​សភាព​ស្ងប់ស្ងាត់ ​ដោយ​ប្រជាជន​ប្រកាន់​យក​សាសនា​អ៊ីស្លាម​កណ្តាល​និយម។ ប៉ុន្តែ​ក្នុង​រវាង​ ដើម​ឆ្នាំ​២០០០​ ចលនា​ងប់ងល់​នៃ​ទ្រឹស្តី​ជ្រុលនិយម ​បាន​រីក​រាលដាល​ដោយ​សំងាត់​នៅ​ឥណ្ឌូណេស៊ី ​តាម​រយៈ​ក្រុម​ជ្រុលនិយម​មួយ​ក្រុម​ឈ្មោះថា​ ចាម៉ាស អ៊ីស្លាមមីយ៉ាស ​ដែល​បាន​ចូល​ដៃ​បក្សពួក​ជាមួយនឹង​ក្រុម​អាល់​កាយដា ​នៅ​អាហ្វហ្កានីស្ថាន។ ជន​ជីហាដ​ជ្រុលនិយម​ឥណ្ឌូណេស៊ីជា​ច្រើន​នាក់​ បាន​ទៅ​ហ្វឹកហាត់​នៅ​អាហ្វហ្កានីស្ថាន ​ជាមួយ​នឹង​ក្រុម​របស់​ប៊ីនឡាដេន​។ ភេរវកម្ម ​បីផ្ទួនៗ​នៅ​កោះ​បាលី ​ នៅ​ឆ្នាំ​២០០២​ ក្រោយ​មក​នៅ​សណ្ឋាគារ​ក្រុង​ចាការតា ​នៅ​ឆ្នាំ​២០០៣ ​និង​២០០៩ ​គឺជាស្នាដៃ​របស់​ក្រុមពួក​នេះ។

ជនឈ្មោះ​ Abu Bakr Bachir ​មេក្លោង​ដ៍ធំ​របស់​ពួក​ចាម៉ាស អ៊ីស្លាមីយ៉ាស ​ដែល​ដេកគុក​តាំងពី​ឆ្នាំ​២០១១​មក​ បាន​ប្រកាស​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៤​ថា ​វា​សូម​ដើរ​តាម​មាគ៌ា ​របស់​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ ដែល​កំពុងតែ​ធ្វើ​ជីហាដ​នៅ​ស៊ីរី ​និង​អ៊ីរ៉ាក់។ ការ​ស្បថ​ដើរ​តាមក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​របស់​ជននេះ ​បាន​ធ្វើ​ឲ្យកូន​ចៅបក្សពួក​គ្នាវា​នៅ​ខាង​ក្រៅគុក​ នាំគ្នា​ធ្វើតាម​យ៉ាង​ហោច​ណាស់ ២០០០​នាក់។ នេះបើ​តាម​របាយការណ៍​របស់​ នគរបាល​សម្ងាត់​អាមេរិក។

ថ្វីត្បិតតែ​ក្រុម​ ចាម៉ាស អ៊ីស្លាមីយ៉ាស​ ត្រូវ​បាន​នគរបាល​ឥណ្ឌូណេស៊ី​បំបែក​សំបុក ​តែ​មិនមាន​ន័យថា ​នគរបាល​បាន​ជីក​រំលើង​ឬស​របស់​ពួក​នេះ​ទាំង​ស្រុងទេ។ ក្រុម​អ៊ីស្លាម​ជ្រុល​និយម​នេះ ​ មាន​នៅ​ពាសពេញ​ឥណ្ឌូណេស៊ី។ ជាក់ស្តែង​តំបន់​សូឡូ ​ នៅ​ភាគ​កណ្តាល​កោះ​ហ្សាវ៉ា ​តែម្តង​ ដែល​ជា​សំបុក​របស់​ពួក​ជីហាដ​ជ្រុលនិយម។ យោងតាម​ការ​ប៉ាន់ស្មាន ​បច្ចុប្បន្ន ​មាន​ជនជាតិ​ឥណ្ឌូណេស៊ី ​ប្រហែល​ជា​៨០០​នាក់ ​ដែល​កំពុងបំរើ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាមនៅ​ស៊ីរី ​និង​អ៊ីរ៉ាក់។
 
ម៉ាឡេស៊ី៖ ​នគរបាល​ និង​មន្ត្រី​រដ្ឋកា​រខ្លះ ​ជាជន​ជីហាដ​អ៊ីស្លាម
ចំណែក​ម៉ាឡេស៊ី ​ប្រទេស​អ៊ីស្លាម​ដ៏​សំខាន់​មួយ​ដែរ​ក្នុងតំបន់ ​ហាក់កំពុង​បារម្ភជាខ្លាំង​ពី​ភាព​ឡើង​កម្លាំង​របស់ពួក​ជ្រុលនិយម​អ៊ីស្លាម ​ដែល​ដើរ​តាម​ការ​អូសទាញ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋអ៊ីស្លាម។ ជាង​ពាក់កណ្តាល​នៃប្រជាជន​៣០​លាន​នាក់​របស់ខ្លួន​ គឺ​ជាអ្នក​កាន់​សាសនា​អ៊ីស្លាម។ បើគិត​ចាប់​ពី​ឆ្នាំ​២០១៤​មក ​ នគរបាល​ម៉េឡេស៊ី បាន​ចាប់​បាន​មនុស្ស​ជាង​១២០​នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ ​នឹង​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​ហើយក្នុង​ចំណោម​នេះ​ មិនមែន​មានតែ​យុវជន​ក្មេងៗទេ ​តែ​ក៏​មាន​ផងដែរ ​នូវ​មន្ត្រី​បំរើការងារ​រដ្ឋ​ និង​មន្ត្រី​នគរបាល​ទៀតផង។ គេមិនដឹងថា ​ជំងឺ​អ៊ីស្លាមជ្រុល​និយម​នេះ ​បាន​ស៊ីចាក់រូង​របៀប​នេះ ​នៅ​ម៉ាឡេស៊ី​តាំងពី​ណាមក​នោះ​ទេ?

ថ្មីៗនេះ ​រដ្ឋាភិបាល​សិង្ហបុរី ​ ក៏បាន​សម្តែង​ការព្រួយ​បារម្ភ​ផងដែរ ​ ដោយសារ​មាន​ជន​ជីហាដ​ដែល​ជា​ជនជាតិ​សិង្ហបុរី​មួយ​ចំនួន ​ ក៏បាន​ចូល​ទៅ​បំរើ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម​ដែរ។ ទាំងអស់​នេះ ​សុទ្ធសឹង​ជា​ការ​ប្រែប្រួល​ស្ថានភាព ​ នៃ​ប្រទេស​អ៊ីស្លាម​ធំៗ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដែល​ពី​មុនតែងតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ជា​ប្រទេស​អ៊ីស្លាម​កណ្តាល​និយម ​ ដែល​ប្រជាជន​កាន់​សាសនា​ផ្សេងៗ ​ អាច​រួមរស់​ជាមួយគ្នា​​ដោយ​សុខសន្តិភាព។

ប៉ុន្តែ​ជាមួយ​​នឹង​ការ​ឡើង​វិវឌ្ឍន៍ខ្លាំង​ នៃ​បណ្តាញ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​យើង​សង្កេត​ឃើញថា​ បញ្ហា​អ៊ីស្លាម​ជ្រុលនិយម ​មិនមែន​ជា​បញ្ហា​របស់​ប្រទេស​មួយ​ដាច់​ដោយឡែក​ទេ ​តែ​គឺ​ជា​បញ្ហារួម​ ជា​បញ្ហា​តំបន់ ​និង​ជា​បញ្ហា​សកល។ បណ្តាញ​ក្រុម​ជីហាដ​អង្គការរដ្ឋ​អ៊ីស្លាម ​ ជា​បណ្តាញ​អន្តរជាតិ​ ដូច​ដែលយើង​បាន​ឃើញ​ស្រាប់ ​ពីបណ្តាញ ​ព្រមទាំង​សកម្មភាព​វាយ​ប្រហារ​របស់​ពួកវា​នៅ​ទូទាំង​ពិភពលោក។ ដូច្នេះ ​បញ្ហា​ជីហាដ​អ៊ីស្លាមជ្រុល​និយម​នៅ​ម៉ាឡេស៊ី ​ ​រឺ​នៅ​ឥណ្ឌូណេស៊ី ​គឺ​ជា​បញ្ហា​របស់​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល។ ក្នុងន័យនេះ ​ គឺគេ​ត្រូវការ​វិធានការ ​និង​ដំណោះស្រាយ​រួម ​ ដែល​ទៀមទារ​ការ​សហការគ្នា​រវាង​ប្រទេស​ក្នុង​តំបន់។

កំសោយ​របស់​អាស៊ាន​ ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម៖
ជា​ការពិត ​សហគម​អាស៊ាន ​ទាំង​១០​ប្រទេស​ ធ្លាប់​បាន​ជជែក​ពិភាក្សា​គ្នា ​ជាច្រើន​ដង​មកហើយ ​ទាក់ទិន​ទៅនឹង​បញ្ហា​សន្តិសុខ​រួម​ ក្នុង​ទិសដៅ​ទប់​ស្កាត់​អំពើ​ភេរវកម្ម ​ ហើយ​ថែមទាំង​បាន​អនុម័ត​ សន្ធិ​សញ្ញា​រួម​ទៀតផង​នៅឆ្នាំ​២០០៧​ ឈ្មោះថា ​ASEAN Convention on Counter-Terrorism។ សន្ធិសញ្ញា​នោះ ​បាន​កំណត់​នូវ​គោលការណ៍​ជាច្រើន ​ដែល​តំរូវ​ឲ្យ​ប្រទេស​អាស៊ាន​ទាំង១០​ សហការណ៍​គ្នា ​ផ្តល់​ទិន្ន័យឲ្យគ្នា​ទៅវិញ​ទៅមក ​ សម្រួស​នីតិវិធី​ធ្វើ​បត្យាប័ន ​ព្រមទាំង​ទប់ស្កាត់​រាល់​ជំនួយ​ហិរញ្ញវត្ថុ​ទៅដល់​ក្រុម​ភេរវកម្ម​ ជាដើម។ ថ្វីត្បិតនេះ​ជា​ចេតនា​ដ៏ល្អមួយ​ តែ​ធាតុពិត​ការ​អនុវត្តន៍​ជាក់ស្តែង ​គឺ​វា​នៅ​ឆ្ងាយ​ ពីក្តី​សង្ឃឹម​ខ្លាំងណាស់។

ប្រទេស​អាស៊ាន​ទាំង១០ ​នៅពុំទាន់​មាន​ចក្ខុវិស័យ​ផ្នែក​សន្តិសុខ ​ដូចគ្នាទេ ​ហើយ​ប្រទេស​នីមួយៗ ​នៅតែ​រឹងប្រកាន់​ជំហរ​មិន​ចែក​ព័ត៌មាន​ឲ្យគ្នា ​ព្រោះតែ​សួនតួ​នឹង​គោលការណ៍​អធិបតេយ្យភាព​ ហើយ​មិន​ចង់​លូក​ដៃ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ របស់​ប្រទេស​ជិតខាង។ រហូត​មកត្រឹម​ពេល​នេះ ​អាស៊ាន ​ពុំមាន​យុទ្ធសាស្រ្ត​រួម​មួយ​ជាក់លាក់​ ក្នុង​ការ​បោសសម្អាត​អំពើភេរវកម្ម ​ រឺ​ចលនា​ជីហាដ​ជ្រុល​និយម​ទេ។ ជាងនេះទៅ​ទៀត ​ សហគម​អាស៊ាន ​ ពុំមាន​អង្គការ​ចាត់តាំង​ណាមួយ ​ដែល​មាន​សម្ថកិច្ច ​ទៅ​ត្រួត​ពិនិត្យ​ថា ​ប្រទេស​សមាជិក ​បាន​ធ្វើ​បាន​ត្រឹមត្រូវ ​បាន​សហការគ្នា​បាន​ល្អ ​រឺ​ក៏យ៉ាង​ណា​ទេ។ អ្វីៗ​គឺ​មាន​តែ​លើ​ក្រដាស​ប៉ុណ្ណោះ។ ប្រទេស​ដែល​ជួប​បញ្ហានេះ​ ក៏ចេះតែ​ខំធ្វើ ​តែរៀងៗ​ខ្លួន​។

វិធានការ​ខុសទិសដៅ​ រឺតឹងតែងតែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន៖
ប្រទេស​ដូច​ជា​ឥណ្ឌូណេស៊ី​ និង​ម៉ាឡេស៊ី​ បាន​ព្យាយាម​ប្រើ​កម្លាំង​គៀបសង្កត់​ តាមរយៈ​ការរឹត​បន្តឹង​ច្បាប់​ក្នុង​ស្រុក ​ដែល​ពេលខ្លះ​វា​តឹង​ជ្រុល​ហួសហេតុ ​ដោយ​រំលោភ​ទៅ​លើ​សិទ្ធិ​មនុស្ស។ វិធានការ​ខ្លះ ​ មាន​ខ្លឹមសារ​នយោបាយ ​ ដើម្បី​បោសសំអាត​អ្នក​ប្រឆាំង​រិះគន់​រដ្ឋាភិបាល ​ជាជាង​ការ​បោសសម្អាត​ក្រុម​អ៊ីស្លាម​ជ្រុល​និយម​ ជាក់ស្តែង​ករណី​ច្បាប់​មួយ​ចំនួន​នៅ​ម៉ាឡេស៊ី។ ចំណែក​ច្បាប់​ដ៏​តឹងតែង​នៅ​ឥណ្ឌូណេស៊ី ​បាន​ចាប់​បញ្ជូន​មនុស្ស​រាប់ពាន់​នាក់​ញាត់​បញ្ចូល​គុក ​ ទាំង​ពុំមាន​ការ​គ្រប់គ្រង​ប្រព័ន្ធ​ពន្ធនាគារ​ឲ្យ​បាន​ត្រឹមត្រូវ។ ជាទូទៅ ​ជន​សាមញ្ញ​ដែលជា​ចោរ​ធម្មតា​ម្នាក់ ​ពេល​ដែល​ជាប់​គុក​ហើយ ​ ហើយ​ពេល​ចេញ​មក​វិញ ​ ក៏ក្លាយ​ជាជន​ជីហាដ​អ៊ីស្លាម​ងប់ងុល ​ ព្រោះ​ដោយសារ​តែបាន​ប្រាស្រ័យ​ទាក់ទង​ដោយសេរី​ ជាមួយ​ជន​ជីហាដ​ផ្សេងទៀត ​ ដែល​ជាប់​គុក​ជាមួយ​គ្នា។

ជំងឺ​ជីហាដអ៊ីស្លាម ​ជា​ជំងឺសកល។ ជាមួយ​នឹង​ភាពងាយស្រួល ​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ​ ចលនា​ពង្រីក​ទ្រឹស្តី​អ៊ីស្លាមជ្រុល​និយម ​ អាច​រីករាលដាល​ទៅ​គ្រប់ទិសទី។ ប្រទេស​អាស៊ាន​នីមួយៗ ​គួរ​ចាប់ផ្តើម​ពិនិត្យ ​មើល​បញ្ហា​នេះ ​ឲ្យបាន​ម៉ដ្ឋចត់​ ចៀសជាង​ការ​រុញ​ទម្លាក់​កំហុស​ឲ្យគ្នា​ រឺក៏​ឈរ​ឱបដៃ​មើល ​ដោយ​យក​លេស​ថា​ វា​មិនមែន​ជាបញ្ហា​របស់ខ្លួន។ មកដល់​ដំណាក់កាល​នេះ ​ គេលែង​សួរ​ទៀតហើយថា​ ​តើ​ភេវរកម្ម​អាច​កើត​មាន​ឡើង​ដែរ​រឺទេ? ​ តែគេ​សួរថា ​តើ​ពេលណា​វា​នឹង​កើតឡើង? ​ព្រោះវា​ប្រាកដ​ណាស់ ​ថា​វា​នឹង​កើតឡើង។ ពាក្យចាស់​ថា ​ការពារ​ ប្រសើរ​ជាង​ព្យាបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ