អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ុង សានស៊ូជី និមិត្តរូប​នៃ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ភូមា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ភូមា លទ្ធផល​នៃ​ការ​បោះឆ្នោត​សភា​ជា​ប្រវត្តិសាស្រ្ត​កាល​ពី​ថ្ងៃ​អាទិត្យ ទី៨ វិច្ឆិកា​នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ទេ។ តែ​លទ្ធផល​ដែល​ទទួល​បាន​ពី​ការ​រាប់សន្លឹកឆ្នោត​បណ្តើរៗ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ជោគជ័យ​របស់​គណបក្សប្រឆំាង គឺ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុង សានស៊ូជី។ ចំណែក​គណបក្ស​កាន់អំណាច​ក៏​ហាក់​បាន​សារភាព​ពេញ​មាត់​ពី​បរាជ័យ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ​ហាក់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ប្រយ័ត្នប្រយែង​ដោយ​ពួក​គេ​បាន​រង់ចាំ​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ។ តើ​លោកស្រី​អ៊ុង សានស៊ូជី​មាន​ប្រវត្តិរូបសង្ខេប​យ៉ាង​ដូចម្តេច​ខ្លះ?

លោកស្រី​អ៊ុង សានស៊ូជី
លោកស្រី​អ៊ុង សានស៊ូជី REUTERS/Jorge Silva
ផ្សាយពាណិជ្ជកម្ម

ចាប់​កំណើត​ក្នុង​ថ្ងៃទី១៩ មិថុនា ឆ្នំា ១៩៤៥ ក្នុង​ទីក្រុង​រ៉ង់ហ្គូន លោកស្រី​អ៊ុង សានស៊ូជី​ជា​កូន​ទី៣ របស់​លោក​អ៊ុង សាន និង​អ្នកស្រី​ដា ឃិន ជី។ អ្នកស្រី​ដា ឃិន ជី មាន​អាជីព​ជា​គីលានុបដ្ឋាយិកា ចំណែក​លោក​អ៊ុង សាន​ជា​មេបញ្ជាការ​កងទ័ព​រំដោះ​ប្រទេស​ដែល​ទទួល​បាន​ងារ​ជា​វីរបុរស​ឯករាជ្យជាតិ។ តែ​តំាង​ពី​មិន​ទាន់​ដឹង​ក្តី​ស្រួលបួល លោកស្រី​អ៊ុង សានស៊ូជី​បាន​ជួប​ប្រទះ​នឹង​រឿង​អភ័ព្វ​ជា​បន្តបន្ទាប់​នៅ​ក្នុង​គ្រួសារ។ អ្វីៗ​បាន​ចាប់​ផ្តើម​ពី​ឱពុក​របស់​លោកស្រី គឺ​លោក​អ៊ុង សាន។ បន្ទាប់​ពី​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ដឹកនំា​រដ្ឋាភិបាល​អន្តរកាល ឧត្តមសេនីយ​អ៊ុង សាន​ត្រូវ​បាន​គេ​ធ្វើ​ឃាត​ក្នុង​ខែ​កក្កដា ឆ្នំា ១៩៤៧ ពោល ១ឆ្នំា​មុន​ភូមា​ទទួល​បាន​ឯករាជ្យ​ជា​ផ្លូវការ​ក្នុង​ឆ្នំា ១៩៤៦។ ៦ឆ្នំា​ក្រោយ​ការ​ស្លាប់​របស់​ឱពុក ប្អូនប្រុសពៅ​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​លោក​អ៊ុង សានលីន​ក៏​បាន​លង់ទឹកស្លាប់។

ក្នុង​ឆ្នំា ១៩៦០ ម្តាយ​របស់​លោកស្រី​អ៊ុង សានស៊ូជី គឺ​អ្នកស្រី​ដា ឃិន ជី​ក៏​បាន​ក្លាយ​ជា​ឥស្សរជន​សាធារណៈ​ម្នាក់​ដោយ​ទទួល​បាន​តួនាទី​ជា​ឯកអគ្គរដ្ឋទូត​ភូមា​ប្រចំា​ប្រទេស​ឥណ្ឌា។ ក្នុង​ពេល​នោះ លោកស្រី​អ៊ុងសានស៊ូជី​ក៏​បាន​ទៅ​សិក្សា​រៀនសូត្រ​នៅ​ឥណ្ឌា​រហូត​ដល់​ឆ្នំា ១៩៦៤។ មាន​អាយុ ២០ឆ្នំា លោកស្រី​អ៊ុង សានស៊ូជី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​អង់គ្លេស​ដោយ​បាន​បន្ត​ការ​សិក្សា​ផ្នែក​ទស្សនៈវិជ្ជា នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​សាកលវិទ្យាល័យ Oxford។ ក្នុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ Oxford លោកស្រី​អ៊ុង សានស៊ូជី​បាន​ជួប​លោក​មីកាអែល អារីស​ដែល​លោកស្រី​បាន​រៀបការ​ជាមួយ​ក្នុង​ខែ​មករា ឆ្នំា ១៩៧២។ ជាមួយ​លោក​មីកាអែល អារីស លោកស្រី​អ៊ុង សានស៊ូជី​សម្រាល​បាន​កូនប្រុស​ពីរ គឺ​អាឡិចសង់ដ័រ​កើត​ក្នុង​ឆ្នំា ១៩៧៣ និង​គីម​កើត​ក្នុង​ឆ្នំា ១៩៧៧។

តែ​ជីវិត​របស់​លោកស្រី​អ៊ុង សានស៊ូជី​បាន​ផ្តើម​ក្រឡាប់​ចាក់​ក្នុង​ឆ្នំា ១៩៨៨ បន្ទាប់​ពី​លោកស្រី​បាន​ទទួល​ដំណឹង​ថា ម្តាយ​មាន​ជម្ងឺ​ធ្ងន់​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។ នៅ​ពេល​នោះ លោកស្រី​អ៊ុង សានស៊ូជី​ក៏​សម្រេច​ចិត្ត​ត្រឡប់​ទៅ​ភូមា​មើល​ម្តាយ ហើយ​ក៏​លែង​ចាក​ចេញ​ពី​ស្រុកកំណើត​តំាង​ពី​ពេល​នោះ​មក។ ៩ខែ​ក្រោយ​មក ម្តាយ​ក៏​បាន​ចែកឋាន​បាត់​ទៀត។ បន្ទាប់​មក​ក្នុង​ថ្ងៃទី២៣ កក្កដា ឆ្នំា ១៩៨៨ ឧត្តមសេនីយ​ផ្តាច់ការ​នេ វីន​បាន​លា​ចុះ​ពី​តំណែង​ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ក្បួនបាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ។ ក្បួន​បាតុកម្ម​ដែល​ត្រូវ​បាន​របបសឹក​វាយបង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​ដោយ​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ជា​ច្រើន​ពាន់នាក់។ គឺ​ក្នុង​ឱកាស​នោះ​ឯង​ដែល​លោកស្រី​អ៊ុង សាស៊ូជី​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ដោយ​ប្រសូត្រ​ចេញ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។

មាន​អាយុ ៤៣ឆ្នំា លោកស្រី​អ៊ុង សានស៊ូជី​បាន​ចេញ​មុខ​តទល់​នឹង​របបសឹក​រហូត​ដល់​ក្រុមឧត្តមសេនីយ​ចាប់​ទៅ​ឃុំឃំាង​ក្នុង​គេហដ្ឋាន​ក្នុង​ថ្ងៃទី២០ កក្កដា ឆ្នំា ១៩៨៩។ នៅ​ក្នុង​ការ​បោះឆ្នោតជាតិ​ឆ្នំា ១៩៩០ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទទួល​បាន​សម្លេង​គំាទ្រ​ដល់​ទៅ ៨២% តែ​របបសឹក​មិន​ទទួល​ស្គាល់​លទ្ធផល។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ឈ្មោះ​លោកស្រី​អ៊ុង សានស៊ូជី​ផ្តើម​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​រហូត​ទទួល​បាន​រង្វាន់​ជា​ច្រើន ពិសេស​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នំា ១៩៩១។ ក្នុង​ខែ​កុម្ភៈ ឆ្នំា ១៩៩៤ របបសឹក​បាន​អនុញ្ញាត​ជា​លើកទី១ ឲ្យ​លោកស្រី​អាច​ទទួល​ជួប​ក្រុមគ្រួសារ និង​បេសកជន​បរទេស​នៅ​ក្នុង​គេហដ្ឋាន​ដែល​លោកស្រី​កំពុង​ជាប់ឃុំ។

ក្នុង​ខែ​កញ្ញា ឆ្នំា ១៩៩៤ ប្រមុខ​របបសឹក​លោក​ថាន់ ស្វេ​បាន​ជួប​លោកស្រី​ជា​លើកទី១។ ជិត ១ឆ្នំា​ក្រោយ​មក ពោល​ក្នុង​ខែ​កក្កដា ឆ្នំា ១៩៩៥ របបសឹក​បាន​ដោះលែង​លោកស្រី បន្ទាប់​ពី​បាន​ឃុំ​អស់​រយៈពេល ៦ឆ្នំា។ ក្នុង​ឆ្នំា ១៩៩៩ ស្វាមី​របស់​លោកស្រី គឺ​លោក​មីកាអែល អារីស​បាន​បាត់បង់​ជីវិត​ដោយ​ជម្ងឺ​មហារីក​ក្នុង​ទីក្រុង​ឡុដ៏ តែ​លោកស្រី​បាន​បដិសេធ​មិន​ចាកចេញ​ពី​ប្រទេស​ដោយ​ប្តេជ្ញា​បន្ត​ការ​តស៊ូប្រយុទ្ធ​ដើម្បី​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​ប្រជាជន​ភូមា។ ក្នុង​ខែ​កញ្ញា ឆ្នំា ២០០០ របបសឹក​បាន​ចាប់​លោកស្រី​អ៊ុង សានស៊ូជី​ទៅ​ឃុំ​ក្នុង​គេហដ្ឋាន​ជា​លើកទី២។ តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោម​ការ​តានដាន​នៅ ២ឆ្នំា​ក្រោយ​មក គឺ​ក្នុង​ឆ្នំា ២០០២។ ក្នុង​ឆ្នំា ២០០៣ ពោល​ការ​ប្រទូស្រ្តាយ​រវាង​សកម្មជន​របស់​បក្ស​លោកស្រី និង​សមាជិក​រដ្ឋាភិបាល របបសឹក​ក៏​សម្រេច​យក​លោកស្រី​ទៅ​ឃុំ​ជា​ថ្មី។

ក្នុង​ខែ​កញ្ញា ឆ្នំា ២០០៧ ពោល​ក្នុង​ការ​បះបោរ​របស់​ព្រះសង្ឃ គេ​ឃើញ​លោកស្រី​លេច​មុខ​នៅ​មាត់​របង​ផ្ទះ​លោកស្រី។ ក៏​ដូច​ជា​ក្នុង​ឆ្នំា ១៩៨៨ បាតុកម្ម​របស់​ព្រះសង្ឃ​ក៏​ត្រូវ​បាន​ទទួល​ការ​បង្រ្កាប​យ៉ាង​ហិង្សា។ គេ​ត្រូវ​រង់ចំា​ដល់​ក្រោយ​ការ​បោះឆ្នោត​ឆ្នំា ២០១០ ទើប​លោកស្រី​អ៊ុង សានស៊ូជី​ទទួល​បាន​សេរីភាព​ជា​ថ្មី។ គឺ​ចាប់​ពី​ពេល​នោះ​ឯង​ដែល​របបសឹក​បាន​ផ្តើម​ធ្វើ​កំណែទម្រង់​ដ៏​ភ្ញាក់ផ្អើល រហូត​ប្រកាស​រំលាយ​របបសឹក​ដោយ​បង្កើត​រដ្ឋាភិបាល​ស៊ីវិល​ក្នុង​ឆ្នំា ២០១១។ ឆ្នំា ២០១១ ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​លោកស្រី​អ៊ុង សានស៊ូជី​បាន​ផ្តើម​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​យ៉ាង​សកម្ម។

នៅ​ក្នុង​ការ​បោះឆ្នោត​សភា​មួយ​ភាគ​ក្នុង​ឆ្នំា ២០១២ គណបក្ស​លោកស្រី​ទទួល​បាន​៤០អសនៈ​នៅ​ក្នុង​ចំណោម​៤៥អសនៈ​ប្រកួតប្រជែង។ រូបលោកស្រី​ផ្ទាល់​ក៏​បាន​ចូល​អង្គុយ​កៅអី​តំណាងរាស្រ្ត​ជា​លើកទី១ នៅ​ក្នុង​ប្រវត្តិ​អាជីព​នយោបាយ​របស់​លោកស្រី។ តែ​មហិច្ចតា​នយោបាយ​របស់​លោកស្រី​មិនមែន​បញ្ចប់​ត្រឹម​កៅអី​តំណាងរាស្រ្ត​ទេ តែ​គឺ​កៅអី​នាយករដ្ឋមន្រ្តី ឬ​មួយ​ក៏​កៅអី​ប្រធានាធិបតី។ យ៉ាង​ណា​ក៏​ដោយ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ក្រោម​ភ្នែក​ច្រមុះ​ជាតិ អន្តរជាតិ លោកស្រី​អ៊ុង សានស៊ូជី ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ