អានតួអត្ថបទ
ភូមា

ពុទ្ធសាសនិក​ភូមា​ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​ការផ្តល់ជំនួយ​ដល់​ជនអន្តោប្រវេសន៍

ក្រុម​ពុទ្ធសាសនិក​ជ្រុលនិយម​នៅ​ភូមា​ទំនង​មិន​លះបង់​ចោល គំនិត​ប្រឆាំង​នឹង​ក្រុម​ជនជាតិ​អ៊ីស្លាម រ៉ូហ៊ីងយ៉ា។ កាលពីថ្ងៃ​អាទិត្យ ចលនា​ពុទ្ធសាសនិក ជាតិ​និយម​ជ្រុល បាន​ប្រកាស​ពី​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង ការផ្តល់​ជំនួយ​របស់​រដ្ឋាភិបាល​ភូមា ទៅ​ឲ្យ​ជន​អន្តោប្រវេសន៍ ដែល​ស្រង់​ចេញ​ពី​សមុទ្រ និង​ដែល​ភាគច្រើន​ជា​ជនជាតិ​រ៉ូហ៊ីងយ៉ា។ 

ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ដែល​អាជ្ញាធរ​ភូមា​ជួយ​សង្គ្រោះ​ចេញ​ពី​សមុទ្រ
ជនអន្តោប្រវេសន៍​ជាតិ​រ៉ូហ៊ីងយ៉ា និង​បង់ក្លាដែស ដែល​អាជ្ញាធរ​ភូមា​ជួយ​សង្គ្រោះ​ចេញ​ពី​សមុទ្រ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

រដ្ឋរ៉ាគីន ដែល​ជា​រដ្ឋដ៏​ក្រីក្រ​ជាងគេ​របស់​ប្រទេស​ភូមា នៅ​តែ​គ្របដណ្តប់​ដោយ​ភាពតានតឹង រវាង​អ្នកកាន់​សាសនា​ព្រះពុទ្ធ និង​ក្រុម​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ដែល​កាន់សាសនា​អ៊ីស្លាម។ កាលពី​ថ្ងៃ​អាទិត្យ សមាគម​ក្នុង​ស្រុក​មួយចំនួន នៅក្នុង​រដ្ឋ​រ៉ាគីន​បាន​ប្រកាស​គម្រោង​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ ថ្ងៃ​ទី ១៤ មិថុនា ដើម្បី​ប្រឆាំង​នឹង​ការជួយទំនុក​បំរុង​របស់​រដ្ឋាភិបាល​ទៅ​លើ​ជនអន្តោប្រវេសន៍ ដែល​អាជ្ញាធរ​ភូមា​ទើប​ជួយ​សង្រ្គោះ​ពី​ក្នុង​សមុទ្រ កាលពី​សប្តាហ៍​មុន។

 
នៅក្នុង​រយៈពេល ២​សប្តាហ៍ កងទ័ព​ជើងទឹក​ភូមា រកឃើញ​ទូក​ដឹក​ជនអន្តោប្រវេសន៍​ជាង ៩០០​នាក់ ដែល​ត្រូវ​ក្រុមឈ្មួញ​បោះបង់ នៅក្នុង​សមុទ្រ ក្បែរ​ដែនទឹក​ភូមា។ បន្ទាប់ពី​រារែក​អស់​ជាច្រើន​ថ្ងៃ អាជ្ញាធរ​ភូមា បាន​សម្រេច​សណ្តោង​ទូក​ដឹក​ជនអន្តោប្រវេសន៍ ចូល​ឆ្នេរ ក្នុង​រដ្ឋ​រ៉ាគីន។ បើទោះជា​អាជ្ញាធរ​ប្រកាស​បញ្ជូន​ជនអន្តោប្រវេសន៍ ទាំង​នោះ​ចេញ​ពី​ប្រទេស​ភូមា នៅ​ថ្ងៃ​ខាងមុខ ប៉ុន្តែ វិធានការ​ជួយសង្រ្គោះ​ជនអន្តោប្រវេសន៍ និង​យក​មក​ដាក់​នៅក្នុង​ទឹកដី​រ៉ាគីន បាន​បង្ក​ឲ្យ​ក្រុម​អ្នកជាតិ​​និយម ភូមា​ជាច្រើន ខឹង​សម្បារ។ កាលពីថ្ងៃ​អាទិត្យ ពួកគេបាន​ប្តេជ្ញា​ប្រមែរប្រមូល​មនុស្ស​នៅ​ទូទាំង​រដ្ឋរ៉ាគីន ធ្វើ​បាតុកម្ម រារាំង​កុំ​ឲ្យ​ជនជាតិ​បង់ក្លាដែស មក​ពី​បង់ក្លាដែស បន្ត​ស្នាក់នៅ​ក្នុង​ទឹកដី​ភូមា និង​ដាក់គំនាប​លើ​រដ្ឋាភិបាល​ឲ្យ​បញ្ជូន​ជនអន្តោប្រវេសន៍​ទាំងនោះ ទៅ​ប្រទេស​បង់ក្លាដែស​វិញ។

ទាំង​ប្រជាជន និង​រដ្ឋាភិបាល​ភូមា ប្រកាស​មិន​ទទួល​ស្គាល់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​ជា​ប្រជាជន​ភូមា ប៉ុន្តែ ជា​ជនជាតិ​បង់ក្លាដែស ដែល​ចូល​មក​រស់នៅ​ខុសច្បាប់ ក្នុង​ប្រទេស​ភូមា។ ជនអន្តោប្រវេសន៍ ១៥០​នាក់ ​ក្នុង​ចំណោម​៩០០​នាក់  ​នឹង​ត្រូវ​គេ​បញ្ជូន នៅថ្ងៃ ចន្ទនេះ ទៅ​បង់ក្លាដែស បន្ទាប់ពី​អាជ្ញាធរ​ភូមា និង​បង់ក្លាដែស​បាន​យល់ស្របគ្នា ពី​ដើមកំណើត​របស់​ពួកគេ។ ប៉ុន្តែ ជោគវាសនា​របស់​ជន​អន្តោប្រវេសន៍ ជាង ៧០០ ផ្សេងទៀត ដែល​ត្រូវគេ​ដឹងថា ជាជនជាតិ​រ៉ូហ៊ីងយ៉ា នៅ​តែ​មិន​ច្បាស់លាស់។ ក្នុងពេល​ដែល​អាជ្ញាធរ​ភូមា និង​បង់ក្លាដែស បោះទម្លាក់​ ឲ្យ​គ្នា​ទៅវិញ ទៅមក ឲ្យ​ទទួល​ខុសត្រូវ  ជនជាតិ​រ៉ូហ៊ីងយ៉ា កំពុង​រស់នៅ​ក្នុង​ភាពអត្តខ័តនៅក្នុង​ជំរំ​ក្បែរ​ព្រំដែន​បង់ក្លាដែស និង​ភ័យខ្លាច​ថា ខ្លួន​នឹង​ត្រូវ​បញ្ជូន​ទៅ​រស់នៅ​​ក្នុង​ទឹកដី​បង់ក្លាដែស ដែល​មិនមែន​ជា​ទឹកដី​កំណើត​របស់ខ្លួន គឺ​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ