អានតួអត្ថបទ
ចិន

ចិន៖អត្រា​សារធាតុគីមី cyanure ក្នុង​ទឹក​មាន​កម្រិត ៣៥៦ដង​ខ្ពស់​ជាង​កម្រិត​ធម្មតា

នៅ​ក្នុង​ប្រទេស​ចិន មួយ​សប្តាហ៍​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​ឆេះ​នៅ​ឃ្លាំង​ស្តុក​សារធាតុ​គីមី និង​ជាតិ​ផ្ទុះ​នៅ​ទីក្រុង​កំពង់ផែ​ធានជីន​មក អត្រា​សារធាតុ​គីមី cyanure នៅ​ក្នុង​ទឹក​ទន្លេ និង​ទឹកសមុទ្រ​ក្បែរ​កន្លែង​គ្រោះថ្នាក់​មាន​កម្រិត​ខ្ពស់​ខ្លំាង​ខុស​ពី​ធម្មតា។ តែ​សារធាតុគីមី cyanure នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តាញ​ទឹក​នៅ​តាម​រ៉ូប៊ីណេ​ទេ។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​ក្រុង​ធានជីន​បាន​ទទួល​ស្គាល់​ពី​ផលវិបាក​សេដ្ឋកិច្ច​ដែល​កើត​ឡើង​ពី​គ្រោះមហន្តរាយ​កាល​ពី​ថ្ងៃទី១២ សីហា​កន្លង​ទៅ។

ទិដ្ឋភាព​ក្នុង​ទីក្រុង​កំពង់ផែ​ធានជីន ក្រោយ​ការ​ផ្ទុះ
ទិដ្ឋភាព​ក្នុង​ទីក្រុង​កំពង់ផែ​ធានជីន ក្រោយ​ការ​ផ្ទុះ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

មួយ​សប្តាហ៍​ក្រោយ​គ្រោះមហន្តរាយ ការិយាល័យ​ការពារ​បរិស្ថាន​ក្នុង​ទីក្រុង​កំពង់ផែ​ធានជីន​បាន​ផ្សព្វផ្សាយ​របាយការណ៍​ជា​សាធារណៈ​មួយ​ដោយ​ទាញ​សញ្ញា​អាសន្ន​ពី​កំណើន​អត្រា​ជាតិគីមី​ពុល cyanure នៅ​ក្នុង​ទឹក​ទន្លេ និង​ទឹក​សមុទ្រ​ស្ថិត​ក្បែរ​តំបន់​គ្រោះថ្នាក់ ពោល​គឺ​ខ្ពស់​ជាង​កម្រិត​ធម្មតា​ដល់​ទៅ ៣៥៦ ដង។ តែ​អត្រាជាតិគីមី​ពុល​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ពាល់​ដល់​បណ្តាញ​ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​ទេ។ លទ្ធផល​នៃ​របាយការណ៍​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​រដ្ឋអំណាច​បាន​យក​ទឹក​ទន្លេ និង​ទឹកសមុទ្រ​ក្បែរ​តំបន់​គ្រោះថ្នាក់​ទៅ​វិភាគ និង​បន្ទាប់​ពី​បាន​បញ្ជាក់​ពី​វត្តមាន​សារធាតុគីមី cyanure ចំនួន ៧០០តោន​ដែល​មាន​ស្តុក​នៅ​ក្នុង​ឃ្លាំង​នា​ពេល​ផ្ទុះ។

គួរ​រម្លឹក​ជូន​ថា កំពង់ផែ​ក្នុង​ទីក្រុង​ធានជីន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កំពង់ផែ​លំដាប់​ទី១០ ក្នុង​លោក​ដែល​មាន​សកម្មភាព​ខ្លំាង​ជាង​គេ។ តែ​នៅ​ក្រោយ​ហេតុការណ៍​ផ្ទុះ​មក ចៅហ្វាយ​ក្រុង​បាន​សម្រេច​រើ​រោងចក្រ​ផលិតគីមី​ទៅ​ដាក់​តំបន់​ផ្សេង​មាន​ចម្ងាយ​ពី​កន្លែង​ផ្ទុះ​ឆេះ​ប្រមាណ​ជា ២៥គីឡូម៉ែត្រ។ ទន្ទឹម​គ្នា​នេះ ស្ថាប័ន​ប្រឆំាង​អំពើពុករលួយ​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ចាត់​វិធានការ​បើក​ការ​ស៊ើបអង្កេត​លើ​មន្រ្តី​ដែល​រំលោភ​ច្បាប់ និង​ទទួល​សំណូក​ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​ស្តុក​សារធាតុ​គីមី​ខុសច្បាប់។

អ្វី​ដែល​ទីក្រុង​កំពង់ផែ​បាន​ទទួល​នៅ​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​ឆេះ​កាល​ពី ១សប្តាហ៍​កន្លង​ទៅ គឺ​ផលវិបាក​សេដ្ឋកិច្ច ព្រោះ​នៅ​ក្នុង​ចំណោម​វត្តមាន​រោង ចក្រ​សហគ្រាស​បរទេស​ចំនួន ៥០០ នៅ​ក្នុង​ប្រទេស​ចិន មាន​ប្រមាណ​ជា ១៥០ បាន​បោះទីតំាង​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ធានជីន។ រោងចក្រ​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លំាង​ជាង​គេ គឺ​រោងចក្រ​ផលិត​រថយន្ត​ដែល​កាសែត​ចិន​បាន​លើក​ឡើង​ពី​ការ​ខាត​បង់​គិត​ជា​ទឹកប្រាក់​ចំនួន ៣១០លានដុល្លារ។ ឧទាហរណ៍ រោងចក្រ​ផលិត​រថយន្ត​ជប៉ុន​ម៉ាក Toyota រោងចក្រ​ផលិត​គ្រឿងម៉ាស៊ីន​កសិកម្ម​ម៉ាក​អាមេរិកំាង John Deere ឬមួយ​ក៏​រោងចក្រ​ផលិត​ថ្នំាពេទ្យ​ប្រទេស​អង់គ្លេស GSK ជា​ដើម។

ក្រៅ​ពី​នោះ គឺ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​របស់​ដែល​ជា​អ្នក​ខាតបង់​ខ្លំាង​ជាង​គេ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​នោះ។ ទីភ្នាក់ងារ Fitch បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ខាត​បង់​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ១ ៥០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ