អានតួអត្ថបទ
ចិន

មេដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​ប្រជុំគ្នា​ក្នុងពេល​កំពុង​ជួប​បញ្ហា​សេដ្ឋកិច្ច

ថ្នាក់ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន​បាន​បើក​កិច្ចប្រជុំ​នៅថ្ងៃ​ចន្ទ​នេះ ដើម្បី​ជជែក​គ្នា អំពី​ផែនការ​យុទ្ធសាស្រ្ត សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ។ កិច្ចប្រជុំ​រយៈពេល​បួនថ្ងៃ​នេះ​ធ្វើឡើង នៅ​ចំពេល​ដែល​ចិន​កំពុងតែ​ឆ្លងកាត់​បញ្ហា​សេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

កិច្ចប្រជុំ​កំណត់​ផែនការ៥ឆ្នាំ តែងតែ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​រៀបចំ​ធ្វើ តាំងពី​ឆ្នាំ​១៩៤៩
កិច្ចប្រជុំ​កំណត់​ផែនការ៥ឆ្នាំ តែងតែ​ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​រៀបចំ​ធ្វើ តាំងពី​ឆ្នាំ​១៩៤៩ REUTERS/Kim Kyung-Hoon
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​គណៈមជ្ឈិមបក្ស ដើម្បី​កំណត់​ផែនការ​ ៥ឆ្នាំ ​គឺ​ជា​ទម្លាប់​ដែល​បក្ស​កុម្មុយនិស្ត​​ចិនតែងតែ​ធ្វើ ​តាំង​ពី​ពេល​បាន​ឡើង​កាន់អំណាច​ កាល​ពី​ឆ្នាំ​១៩៤៩។ ផែនការ ៥ឆ្នាំ (២០១៦-២០២០) ដែល​គណៈមជ្ឈិម​បក្ស​ចិន កំពុង​ប្រជុំ​ជជែក​គ្នា​នៅពេលនេះ គឺ​ជា​ផែនការ ៥ឆ្នាំ លើកទី​១៣។

យោង​តាម​​​ប្រព័ន្ធផ្សព្វផ្សាយ​ផ្លូវការ​របស់​ចិន នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ ពីថ្ងៃ​ចន្ទ​ទី២៦​តុលា ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩តុលា ​គណៈមជ្ឈិមបក្ស​ចិន​នឹង​​ជជែកគ្នាអំពី​បញ្ហា​ជា​យុទ្ធសាស្រ្ត​មួយចំនួន រួមមាន កំណើន​សេដ្ឋកិច្ច កំណែទម្រង់​ហិរញ្ញវត្ថុ បញ្ហា​បរិស្ថាន និង​កំណែទម្រង់​គោលនយោបាយ​គ្រប់គ្រង​ប្រជាសាស្រ្ត (​នយោបាយ​ “គ្រួសារមួយកូនមួយ”)។

ក៏ប៉ុន្តែ បើគេ​​ពិនិត្យ​មើល​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ច​ចិន​បច្ចុប្បន្ន បញ្ហា​ធំ និង​បន្ទាន់​ជាងគេ គឺ​ប្រាកដ​ជា​បញ្ហា​សេដ្ឋកិច្ច ពីព្រោះថា កំណើន​សេដ្ឋកិច្ច​ចិន​កំពុងតែ​ធ្លាក់ចុះខ្លាំង​ គឺ​ធ្លាក់ចុះ​រហូតដល់​ក្រោម ៧% ដែល​ជា​គោលដៅ​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​ចិន កាល​ពីដើមឆ្នាំ។

មន្រ្តី​រដ្ឋាភិបាល​ចិន​បាន​ឲ្យដឹង​ថា លោក​នាយករដ្ឋមន្រ្តី​ចិន លី​ ខឺឈាំង ទើប​នឹង​បាន​លើកឡើង កាល​ពីចុងសប្តាហ៍​កន្លងទៅនេះ​ថា រដ្ឋាភិបាល​របស់​លោក​មិន​កំណត់​ថា​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច ៧% ដោយ​ខាន​មិនបាន​ទេ។ ក៏ប៉ុន្តែ នៅចាំបាន​ថា កាល​ពីដើម​ឆ្នាំ លោក​លី ខឺឈាំង ខ្លួនឯង​ផ្ទាល់​ក៏​ធ្លាប់​បាន​លើកឡើង​ដែរ​ថា ចិន​ត្រូវការ​ជាចាំបាច់​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​យ៉ាងតិច ៧% ក្នុង​មួយឆ្នាំ ដើម្បី​បង្កើតការងារ​​ដល់​ប្រជាជន ហើយ​បញ្ចៀស​វិបត្តិ​សង្គម។

បញ្ហា​បរិស្ថាន​ក៏​ជា​ប្រធានបទ​ដ៏សំខាន់ ដែល​គេ​កំពុងតែ​តាម​ឃ្លាំមើល​ច្រើន​ដែរ ពីព្រោះ​ថា ចិន​ជា​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាងគេ​លំដាប់ទី២​បន្ទាប់​ពី​អាមេរិក ដូច្នេះ នយោបាយ​បរិស្ថាន​របស់​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ទៅលើ​ការចរចា​ស្តីពី​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។

គួរបញ្ជាក់ថា កន្លងមក គេ​នាំគ្នា​រិះគន់​ចិន​ថា បានផ្តោត​អាទិភាព​តែ​ទៅលើ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​មិនគិតគូរ​ពី​បរិស្ថាន។ ប៉ុន្តែ មួយរយៈកាល​ចុងក្រោយ​នេះ រដ្ឋាភិបាល​របស់​លោក​ស៊ី ជីនពីង ហាក់ដូចជា​បាន​បង្ហាញ​ជំហរ​វិជ្ជមាន​ច្រើន​ ទាក់ទង​នឹង​ការ​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក។ អ្នកខ្លះ​បារម្ភ​ថា ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​នៅ​ពេលនេះ អាច​នឹង​ធ្វើ​ឲ្យ​មេដឹកនាំ​ចិន​​​ទុក​បញ្ហា​​បរិស្ថាន​ចោល​មួយអន្លើសិន ហើយ​ទៅ​ផ្តោត​អាទិភាព​តែ​ទៅលើ​កំណើន​សេដ្ឋកិច្ច​ ដូចកាល​ពីមុន។
 
ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ បញ្ហា​បរិស្ថាន​ក៏កំពុងតែ​ក្លាយ​ជា​បញ្ហា​សង្គម​មួយ​សំខាន់ មិនខុស​ពី​បញ្ហា​សេដ្ឋកិច្ច​ប៉ុន្មាន​ទេ សម្រាប់​ចិន។ ផ្សែង​ដែល​ចេញ​ពី​សកម្មភាព​ឧស្សាហកម្ម និង​វិស័យ​ដឹកជញ្ជូន​របស់​ចិន​ មិនមែន​ត្រឹមតែ​បង្ក​ឲ្យផែនដី​ឡើងកម្តៅ​ នៅ​ក្នុងរយៈពេល​វែង​ខាងមុខ​ប៉ុណ្ណោះទេ តែ​វា​​បង្ក​ឲ្យ​មាន​បញ្ហា​បំពុល​បរិយាកាស​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​ដែល​កំពុងតែ​​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តាម​ទីក្រុង​មិនសប្បាយចិត្ត។

មែនទែន​ទៅ ​បញ្ហា​ផ្សែងពុល​នេះ​ហើយ​ដែល​​ជា​កត្តា​ដ៏សំខាន់​មួយ ជំរុញ​​ឲ្យ​មេដឹកនាំ​ចិន​ចាប់ផ្តើម​ងាក​មក​គិតគូរ​រឿង​បរិស្ថាន នៅ​ក្នុង​មួយរយៈកាល​ចុងក្រោយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ