អានតួអត្ថបទ
ចិន

កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​ក្រោម​៧%​ជា​លើកទី១​ចាប់តាំង​ពី​ឆ្នាំ​២០០៩

តួលេខ​ចេញផ្សាយ​ដោយ​អាជ្ញាធរ​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះបង្ហាញ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន សម្រាប់​ត្រីមាស​ទី៣​ឆ្នាំ​២០១៥​នេះ បាន​ធ្លាក់ចុះ​មក​នៅត្រឹមតែ ៦,៩% ប៉ុណ្ណោះ។ ​នេះ​ជា​អត្រា​មួយ​ខ្ពស់​ជាង​ការរំពឹង​ទុក ​ក៏ប៉ុន្តែ ​វា​ជា​​អត្រា​កំណើន​សេដ្ឋកិច្ច​ទាប​បំផុត​ដែល​​​ចិន​មិន​ធ្លាប់​ជួប​ចាប់តាំង​ពី​ឆ្នាំ​២០០៩ ​ហើយ​ការធ្លាក់ចុះ​នៃ​អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នេះ ​​មិន​ត្រឹមតែ​ជា​ក្តីកង្វល់​​​សម្រាប់​ចិន​ប៉ុណ្ណោះទេ ​តែ​ជា​ក្តីកង្វល់​សម្រាប់​ពិភពលោក​ទាំងមូល។

ការធ្លាក់ចុះ​ក្នុង​វិស័យ​នាំចេញ​គឺ​ជា​មូលហេតុ​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​ធ្លាក់ចុះ
ការធ្លាក់ចុះ​ក្នុង​វិស័យ​នាំចេញ​គឺ​ជា​មូលហេតុ​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ត្រូវ​ធ្លាក់ចុះ CHINA-EXPORTS/ REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច ៦,៩% គឺជា​អត្រា​មួយ​ខ្ពស់​ជាងការ​រំពឹង​ទុក ពីព្រោះ​អ្នក​សេដ្ឋកិច្ច​ភាគច្រើន​នាំគ្នា​ព្យាករ​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​ត្រូវ​ធ្លាក់ចុះ​ទាបជាងនេះ ដូចជា ធនាគារ​អភិវឌ្ឍ​អាស៊ី​បាន​ព្យាករ​អត្រា​កំណើន ៦,៨% ចំណែក​អ្នក​វិភាគ​សេដ្ឋកិច្ច​ខ្លះ​ទៀត​ព្យាករ​ត្រឹម ៦,៧%។

ក៏ប៉ុន្តែ ទោះជាយ៉ាងណា កំណើន​សេដ្ឋកិច្ច​ត្រឹម​ ៦,៩% គឺ​ជា​អត្រា​មួយ​ទាប ដែល​ចិន​កម្រ​នឹង​ជួប។ លើកចុងក្រោយ​ដែល​ចិន​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​ក្រោម ៧% គឺ​នៅ​ឆ្នាំ​២០០៩ ដែល​​ជា​ឆ្នាំ​​​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោកធ្ងន់ធ្ងរ។ ដូច្នេះ គេ​អាច​និយាយ​បាន​ថា អត្រា​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ពេលនេះ​​កំពុងតែ​ត្រូវ​ធ្លាក់ចុះ​ទាប​ដល់​កម្រិត​មួយ​ទាប ប្រហាក់ប្រហែល​នឹង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក។

ម្យ៉ាងទៀត កំណើន​សេដ្ឋកិច្ច​ ៦,៩% គឺ​ទាប​ជាង​គោលដៅ​ ៧% ដែល​រដ្ឋាភិបាល​ចិន​បាន​កំណត់។ គេ​សង្កេតឃើញ​​ថា នៅ​ក្នុងរយៈពេល ២ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៥​នេះ ចិន​អាច​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​បាន ៧% តាម​គោលដៅ​ដែល​បាន​កំណត់ ក៏ប៉ុន្តែ ដល់​​ត្រីមាស​ទី៣​នេះ បើទោះបីជា​ទាំង​រដ្ឋាភិបាល​ ទាំង​ធនាគារ​កណ្តាល​​ចិន​ខិតខំ​ចាត់វិធានការ​យ៉ាង​ច្រើន ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច តែ​សេដ្ឋកិច្ច​នៅតែ​ត្រូវ​ធ្លាក់ចុះ​ទាបជាង ៧%។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ កាល​ពី​ចុងសប្តាហ៍​កន្លងទៅនេះ ​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន​បាន​​លើកឡើង​ពីក្តីបារម្ភទាក់ទង​នឹង​ការ​ធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ចិន​នៅពេលនេះ។

ជាការពិត​ថា កំណើន​សេដ្ឋកិច្ច​ ៦,៩% ជា​អត្រា​មួយ​ខ្ពស់ បើ​ធៀប​ជាមួយ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ផ្សេងទៀត តែ​វា​ជា​អត្រា​មួយ​ទាប បើគិត​ទៅតាម​តម្រូវការជាក់ស្តែង​របស់​ចិន។

ចិន​​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទី២ ក៏ប៉ុន្តែ បើ​និយាយ​ពី​កម្រិត​ជីវភាព​ប្រជាជន ចិន​មិនទាន់​​ជា​ប្រទេស​ដែល​មាន​កម្រិត​អភិវឌ្ឍ​ដូច​ប្រទេស​អភិវឌ្ឍ​ផ្សេងទៀត​នៅឡើយទេ។ ដូច្នេះ ចិន​ត្រូវការ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជារៀងរាល់​ឆ្នាំ ដើម្បី​ទាញ​ប្រជាជន​ឲ្យ​ចេញ​ពីភាព​ក្រី និង​ជំរុញ​កម្រិត​ជីវភាព​ប្រជាជន​ឲ្យ​កើនដល់​កម្រិត​ជា​ប្រទេស​អភិវឌ្ឍ។

ចំណុច​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ចិន​ព្រួយបារម្ភ​ខ្លាំង គឺ​ទីផ្សារ​ការងារ។ ចិន គឺ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន រហូតដល់​ទៅ​ជិត ១ពាន់៤រយលាននាក់ ហើយ​ក្នុងមួយឆ្នាំៗ មាន​យុវជនក្មេងៗ​ច្រើនណាស់ ដែល​ត្រូវ​ឈានជើង​ចូល​ក្នុង​ទីផ្សារ​ការងារ។ ដូច្នេះ បើ​សិន​ជា​ចិន​មិន​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ទេ គឺ​មិន​អាច​បង្កើត​ការងារ ដើម្បី​ស្រូបយក​កម្លាំង​ពលកម្ម​ថ្មីៗ​នេះ​អស់ទេ ហើយ​បើ​ស្រូបយក​មិន​អស់ទេ គឺ​វា​អាច​បង្កើត​ជា​វិបត្តិ​អ្នក​អត់ការងារ​ធ្វើ ហើយ​រាលដាល​ទៅជា​វិបត្តិ​សង្គម ដែល​អាច​នឹង​ធ្វើ​ឲ្យ​រង្គោះរង្គើ​ទៅដល់​អំណាច​របស់​បក្ស​កុម្មុយនិស្តចិន។ សម្រាប់​មេដឹកនាំចិន អត្រា​កំណើន​សេដ្ឋកិច្ច​ ៧% គឺ​ជា​កម្រិត​អប្បបរមា ដែល​អាច​រក្សា​ស្ថិរភាព​ទីផ្សារ​ការងារ​បាន។

ការធ្លាក់ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ចិន មិនត្រឹមតែ​​ជា​ក្តីបារម្ភ​របស់​ចិន​ប៉ុណ្ណោះទេ តែ​ក៏​ជា​ក្តីបារម្ភ​ផងដែរ សម្រាប់​​​ពិភពលោក​ទាំងមូល ហើយ​តំបន់​ដែល​នឹង​ត្រូវ​​បារម្ភ​ខ្លាំងជាងគេ គឺ​ ​អាស៊ី ជាពិសេស ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ​ទៅចិន។

គួរបញ្ជាក់ថា ចិន​​ថ្វីដ្បិត​​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង​លើ​ការនាំចេញ ក៏ប៉ុន្តែ ក៏​ជា​ទីផ្សារដ៏ធំមួយ​ដែរ​សម្រាប់​ការនាំចូល។ ចិន​ត្រូវការ​​​នាំចូល​ផលិតផល​ពាក់កណ្តាល​សម្រេច ដើម្បី​ផលិត​ជា​ទំនិញ​​នាំចេញ​ទៅកាន់​ទីផ្សារ​​អន្តរជាតិ ហើយ​​តម្រូវការ​ផលិតផល​ពាក់កណ្តាល​សម្រេច​​នៅ​ចិន​នេះ គឺ​​ជា​កម្លាំង​ចលករ​ដ៏សំខាន់មួយ សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​​នៃ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី។ នេះ​នៅមិនទាន់​និយាយ​ដល់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ចិន ដែល​ជា​ទីផ្សារ​ដ៏ធំ​មហិមា មាន​ប្រជាជន​រហូតដល់​ទៅ​ជិត​១ពាន់៤រយលាន​នាក់។ ហេតុដូច្នេះ​ហើយ​បាន​ជា​ នៅពេល​និយាយ​ដល់​បញ្ហា​សេដ្ឋកិច្ច គេ​តែងតែ​នាំគ្នា​និយាយ​ថា កាលណា​ចិន​កណ្តាស់ គឺ​ពិភពលោក​ទាំងមូល​ដែល​ត្រូវ​ផ្តាសាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ