អានតួអត្ថបទ
ចិន

ចិន​គ្រោង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្ត​រយៈចម្ងាយ​ឆ្ងាយ

កាសែត​ផ្លូវការ​របស់​ចិន​បាន​ចេញផ្សាយ​នៅថ្ងៃ​អង្គារ​នេះ​ថា ចិន​មាន​បំណង​ចង់​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​​ដែល​អាច​ហោះ​បាន​ក្នុងរយៈចម្ងាយ​ឆ្ងាយ អាច​បំបាំង​ខ្លួន​មិន​ឲ្យ​រ៉ាដា​ចាប់បាន និង​អាច​ធ្វើការ​វាយប្រហារ​ដោយ​ប្រើ​គ្រាប់បែក​នុយក្លេអ៊ែរ។ គម្រោង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​​រយៈចម្ងាយ​ឆ្ងាយ​នេះ​ត្រូ​វ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ចិន​កំពុងមាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី និង​ក្នុងពេល​ដែល​អាមេរិក​កំពុងតែ​ព្យាយាម​បង្កើន​វត្តមាន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-2 របស់​អាមេរិក ដែល​ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្តរយៈចម្ងាយ​ឆ្ងាយ និង​អាច​បំបាំងកាយ​ពី​រ៉ាដា
យន្តហោះ​ទម្លាក់គ្រាប់បែក​ធុន B-2 របស់​អាមេរិក ដែល​ជា​ប្រភេទ​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្តរយៈចម្ងាយ​ឆ្ងាយ និង​អាច​បំបាំងកាយ​ពី​រ៉ាដា
ផ្សាយពាណិជ្ជកម្ម

យោងតាម​អ្នក​ជំនាញ​ខាង​កងទ័ព​ចិន ដែល​ដកស្រង់​ដោយ​កាសែតផ្លូវការ China Daily គម្រោង​ផលិត​យន្តហោះ​ទម្លាក់គ្រាប់បែក​យុទ្ធសាស្រ្ត​រយៈចម្ងាយ​ឆ្ងាយ ត្រូវ​បាន​រៀបចំ​ធ្វើឡើង​ដោយ​ការិយាល័យ​ជំនាញ​នៃ​កងទ័ព​ចិន និង​បាន​ទទួល​នូវ​ការ​ឯកភាព​ពី​សំណាក់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង។

គោលដៅ​ដែល​បាន​ដាក់ចេញ​ដោយ​កងទ័ព​ចិន គឺ​ចង់​បាន​យន្តហោះ​​ទម្លាក់គ្រាប់បែក ដែល​អាច​ផ្ទុក​គ្រាប់បែក​បានច្រើន និង​អាច​ហោះ​ទៅ​​ធ្វើការ​វាយប្រហារ​​​បាន​ឆ្ងាយ​រហូតដល់​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

ចិន​ទទួលស្គាល់​ថា​ខ្លួន​នៅមាន​ការ​យឺតយ៉ាវច្រើន​​ខាង​វិស័យ​បច្ចេកវិទ្យា​យោធា​ ហើយ​គម្រោង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្ត​នេះ​អាច​នឹង​ត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ ហើយ​ត្រូវ​ធ្វើ​ជា​ដំណាក់កាល។

នៅ​ក្នុង​ដំណាក់​កាល​ដំបូង ចិន​គ្រោង​ផលិត​ឲ្យ​បាន​នូវ​យន្តហោះ​ទម្លាក់គ្រាប់បែក ដែល​អាច​ផ្ទុក​គ្រាប់បែក​បាន​ ១០តោន និង​អាច​​ធ្វើការ​វាយប្រហារ​នៅ​ក្នុង​រង្វង់ ៨ពាន់​គីឡូម៉ែត្រ ដោយ​មិន​ចាំបាច់​ចាក់សាំង​លើ​អាកាស ពោលគឺ អាច​ហោះ​ទៅវាយប្រហារ​ដល់​កោះ​មួយ​ចំនួន​របស់​អាមេរិក នៅ​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ យន្តហោះ​ទម្លាក់គ្រាប់បែក​នៅ​ក្នុង​គម្រោង​ដំណាក់កាល​ដំបូង​នេះ មិនទាន់​មាន​សមត្ថភាព​បំបាំង​កាយ​ពី​រ៉ាដា ដូចជា យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន B-2 របស់​អាមេរិក​នៅឡើយទេ ដោយសារ​តែ​បច្ចេកវិទ្យា​បំបាំងកាយ​នេះ វា​ហួស​ពី​សមត្ថភាព​របស់​ចិន។

ទោះជាយ៉ាងណា នៅ​ក្នុងរយៈពេល​វែង​ទៅមុខ ចិន​នៅតែ​រក្សា​មហិច្ឆតា ចង់​ផលិត​ឲ្យ​បាន​យន្តហោះ​ទម្លាក់គ្រាប់បែកបំបាំង​កាយ ដែល​អាច​ធ្វើ​សកម្មភាព​នៅ​ក្នុងរយៈចម្ងាយ​អន្តរទ្វីប។

គម្រោង​ផលិត​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្រ្ត​រយៈចម្ងាយ​ឆ្ងាយ នឹង​បង្កើន​សមត្ថភាព​កងទ័ព​ចិន​ក្នុង​យុទ្ធសាស្រ្ត​វាយលុក​ទៅលើ​គូសត្រូវ ដែល​ជា​របត់ដ៏សំខាន់​មួយ​ នៅ​ក្នុង​យុទ្ធសាស្រ្ត​ទ័ព​ចិន ដែល​កន្លងមក ផ្តោត​តែ​ទៅលើ​យុទ្ធសាស្រ្ត​ការពារខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ