អានតួអត្ថបទ
ចិន-អូស្រ្តាលី

ចិន និងអូស្រ្តាលី៖ចំណាយ​ពេល​ចរចា ១០ឆ្នំា​ទើប​សម្រេច​បាន​កិច្ចព្រមព្រៀង​ដោះដូរ​សេរី

នៅ​ថ្ងៃ​ពុធ ទី១៧ មិថុនា​​នេះ ប្រទេស​ចិន និង​អូស្រ្តាលី​បាន​ចុះ​ហត្ថលេខា​លើ​មហា​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​រវាង​គ្នា។ ពិធី​ចុះ​ហត្ថលេខា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​កង់បេរ៉ា ប្រទេស​អូស្រ្តាលី​រវាង​លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​អូស្រ្តាលី​អ៊ិនឌ្រូ រ៉ូប (Andrew Robb) និង​សមភាគី​ចិន​លោក​ហ្កាវ ហ៊ូឆេង។ អ្វី​ជា​ការ​កត់សម្គាល់ មហា​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​បាន​សម្រេច​ឡើង បន្ទាប់​ពី​ចិន និង​អូស្រ្តាលី​បាន​ជួប​ជជែក​ត​ថ្លៃ​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ១០ឆ្នំា។ លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​តូនី អាបូត​បាន​ចាត់ ទុក​ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ថា ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​នៃ​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ចិន និង​អូស្រ្តាលី។

លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន (រូបឆ្វេង) និង លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី
លោក​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ចិន (រូបឆ្វេង) និង លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី Reuters
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ចិន​ជា​ដៃគូពាណិជ្ជកម្ម​ទី១ របស់​អូស្រ្តាលី​ដែល​ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​គ្នា​មាន​ទំហំ​ទឹកប្រាក់​ដល់​ទៅ​ជាង ១២០ ០០០លានដុល្លារ​ក្នុង​១ឆ្នំាៗ។ នៅ​ឆ្នំា ២០១៤ ចិន​ថែម​ទំាង​បាន​​ក្លាយ​ជា​ប្រទេស​វិនិយោគ​ទី១ នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ស្ថិត​នៅ​ពី​មុខ​សហរដ្ឋអាមេរិក។ ១ភាគ៤ នៃ​ផលិតផល​នំា​ចេញ​របស់​អូស្រ្តាលី​បាន​នំា​ចូល​ប្រទេស​ចិន ពិសេស​វត្ថុធាតុដើម រួម​មាន​ធ្យូង និង​រ៉ែដែក។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ទឹកដោះគោ និង​សាច់ ពិសេស​គឺ​សាច់គោ។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា​សព្វថ្ងៃ​នេះ ផលិតផល​អូស្រ្តាលី​នំា​ទៅ​ចិន​ត្រូវ​បាន​រដ្ឋអំណាច​ប៉េកំាង​តម្រូវ​ឲ្យ​បង់​ពន្ធ​ថ្លៃ​ណាស់ គឺ​រហូត​ដល់​ទៅ ៤០%។ តែ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ដែល​ទើប​បាន​ចុះ​ហត្ថលេខា​ថ្ងៃ​នេះ មាន​ផលិតផល​អូស្រ្តាលី​នំា​ចូល​ស្រុក​ចិន​ជាង ៨៥% នឹង​ត្រូវ​រួច​ពន្ធ រួម​មាន ស្រា សាច់ ត្រី និង​ផលិតផល​ធ្វើ​ចេញ​ពី​ទឹកដោះគោ​ដែល​ចិន​ជា​ប្រទេស​នំា​ចូល​ច្រើន​ជាង​គេ​ក្នុង​លោក។ បច្ចុប្បន្ន​នេះ ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​របស់​អូស្រ្តាលី​ដែល​នំា​ចូល​ស្រុក​ចិន​ត្រូវ​បាន​ចិន​យកពន្ធ​ដល់​ទៅ ២០% តែ​ចាប់​ពី​ពេល​នេះ​ដល់ ១១ឆ្នំា​ខាង​មុខ តម្លៃ​ពន្ធ​នេះ​នឹង​ត្រូវ​លប់​ចោល​ទំាង​ស្រុង។ ចំណែក​ម្សៅទឹកដោះគោ​សម្រាប់​ទារក​ក៏​នឹង​ត្រូវ​រួច​ពន្ធ​ចាប់​ពី​ពេល​នេះ​ទៅ ៤ឆ្នំា​ខាង​មុខ​ដែរ។

ទាក់ទង​នឹង​សាច់គោ​អូស្រ្តាលី​នំា​ចូល​ស្រុក​ចិន​អាច​នឹង​កើន​ឡើង​បន្ថែម​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ថ្ងៃ​នេះ ព្រោះ​ចាប់​ពី​ពេល​នេះ​ទៅ ៩ឆ្នំា​ខាង​មុខ ចិន​លែង​យក​ពន្ធ​លើ​សាច់គោ​នំា​ចូល​ពី​អូស្រ្តាលី​ទៀត​ឡើយ ពន្ធ​ដែល​សព្វថ្ងៃ​មាន​កម្រិត​ពី​១២ ទៅ ២៥%។ ដោយឡែក នៅ​មាន​ផលិតផល​មួយ​ចំនួន​ដែល​មិន​ជាប់ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ​ទេ រួម​មាន​ស្ករ អង្ករ និង​ស្រូវសំឡី។

លោក​តូនី អាបូត៖ថ្ងៃ​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត

ជា​ថ្នូរ​ចំពោះ​ចិន​វិញ អូស្រ្តាលី​នឹង​លុប​ចោល​សិទ្ធិ​នំា​ចូល​ចំនួន ៥% ទាក់ទង​នឹង​គ្រឿង​អេឡិចត្រូនិច និង​គ្រឿងម៉ាស៊ីន​របស់​ចិន​ក្នុង​ទឹកដី​អូស្រ្តាលី។ ទន្ទឹម​គ្នា​នេះ ទីក្រុង​កង់បេរ៉ា​នឹង​ជួយ​សម្រួល​ផ្នែក​រដ្ឋបាល​ចំពោះ​អ្នកវិនិយោគ​ចិន​ដែល​ចង់​ទៅ​រក​ស៊ី​នៅ​ប្រទេស​អូស្រ្តាលី ពិសេស​អ្នកវិនយោគឯកជន​អាច​នឹង​ដាក់​ប្រាក់ទុន​ដល់​ទៅ ១ ០០០លានដុល្លារ​អូស្រ្តាលី​ដោយ​មិន​ចំា​បាច់​មាន​ការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​ឃ្លំាមើល​វិនិយោគ​បរទេស។ ចិន និង​អូស្ត្រាលី​ទាញ​បាន​ផលប្រយោជន៍​ដូច​គ្នា​ពី​កិច្ចព្រមព្រៀង​ថ្ងៃ​នេះ តែ​អ្នក​ដែល​ទាញ​ចំណេញ​បាន​ច្រើន​ជាង​គេ គឺ​អូស្រ្តាលី។

លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី​តូនី អាបូត​បាន​ថ្លែង​សាទរ និង​ថែម​ទំាង​ចាត់​ទុក​ថ្ងៃ​ចុះ​ហត្ថលេខា​ថ្ងៃ​នេះ​ថា ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​​សម្រាប់​អូស្រ្តាលី។ ក៏​ប៉ុន្តែ និង​បើ​ទោះ​បី​ជា​កិច្ចព្រមព្រៀង​ដែល​អូស្រ្តាលី​បាន​ចុះ​ហត្ថលេខា​ជាមួយ​ចិន​ថ្ងៃ​នេះ​បាន​អនុញ្ញាត​ឲ្យ​អូស្រ្តាលី​ទទួល​បាន​ប្រយោជន៍​ច្រើន​ជាង​កិច្ចព្រមព្រៀង​ដែល​អូស្រ្តាលី​មាន​ជាមួយ​សហភាពអឺរ៉ុប អាមេរិក និង​កាណាដា​ក៏​ដោយ ក៏​ក្រុម​សហជីព​អូស្រ្តាលី​មិន​អាច​លាក់កំបំាង​ពី​ក្តីបារម្ភ​របស់​ខ្លួន​បាន​ឡើយ ពិសេស​គឺ​លំហូរ​បុគ្គលិក កម្មករ​ចិន​ក្នុង​ទឹកដី​អូស្រ្តាលី។

ចិន និង​អូស្រ្តាលី​បាន​ចំណាយ​ពេល​ចរចា ១០ឆ្នំា

គឺ​តំាង​ពី​ឆ្នំា ២០០៥ មក​ម្ល៉េះ​ដែល​ចិន និង​អូស្រ្តាលី​បាន​ផ្តើម​ជួប​ចរចា​គ្នា​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​ដោះដូរ​ដោយ​សេរី​រវាង​គ្នា។ តែ​ភាគី​ទំាង​ពីរ​ចេះ​តែ​បន្ត​និយាយ​មិន​ចុះសម្រុង​គ្នា​ជុំវិញ​ការ​ចង់​បាន​យ៉ាង​ទទូច​របស់​ចិន។ ទីក្រុង​ប៉េកំាង​បាន​ទាមទារ​ឲ្យ​ទីក្រុង​កង់បេរ៉ា​លប់ចោល​ការ​ដាក់​កម្រិត​លើ​ការ​វិនិយោគ​ជាមួយ​រោងចក្រ សហគ្រាស​របស់​រដ្ឋ។ ការ​ប្រទាញប្រទង់​គ្នា​បាន​កើត​ឡើង​រហូត​ដល់​មាន​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី តូនី អាបូត និង​លោក​ប្រធានាធិបតី​ចិន​ស៊ី ជីនពីង​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១៤ កន្លង​ទៅ។

លោក​តូនី អាបូ និង​លោក​ស៊ី ជីនពីង​បាន​ប្រកាស​រួម​គ្នា​ពី​ការ​ផ្តល់​សារៈសំខាន់ និង​ការ​ឲ្យ​តម្លៃ​ខ្លំាង​លើ​កិច្ចចរចា​ដែល​ឥស្សរជន​ទំាង​ពីរ​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឆាប់ៗ។ តំាង​ពី​ពេល​នោះ​មក កិច្ចចរចា​ក៏​មាន​ល្បឿន​កាន់​តែ​លឿន​រហូត​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​ថ្ងៃ​នេះ។ សូម​ជម្រាប​ជូន​ថា មុន​ប្រទេស​ចិន អូស្រ្តាលី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​តម្លៃពន្ធ​ទំនិញ​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​នៅ​ថ្ងៃ​ខាង​មុខ អូស្រ្តាលី​កំពុង​សម្លឹង​ឃើញ​មហាយក្ស​អាស៊ី​មួយ​ទៀត គឺ​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ