អានតួអត្ថបទ
ចិន

ចិន​សម្ពោធ​បង្គោលភ្លើងហ្វារ​លើ​កោះ​សិប្បនិមិ្មត​ក្នុង​សមុទ្រ​ចិនខាងត្បូង​ដ៏​ចម្រូងចម្រាស

នៅ​ក្នុង​ប្រទេស​ចិន កាសែត​ស៊ីនហួរ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី៦ មេសា​ថា ចិន​បាន​បញ្ចប់​ការ​សាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​បង្គោលភ្លើងហ្វារ​មួយ​នៅ​លើ​កោះសិប្បនិមិត្ម​ក្នុង​សមុទ្រ​ចិនខាងត្បូង។ គឺ​ជា​តំបន់​ដែល​ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​ទីប្រជុំ​កោះ Spratleys ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន។

ចិន​សម្ពោធ​បង្គោលភ្លើងហ្វារ​លើ​កោះ​សិប្បនិមិ្មត​ក្នុង​សមុទ្រ​ចិនខាងត្បូង​ដ៏​ចម្រូងចម្រាស
ចិន​សម្ពោធ​បង្គោលភ្លើងហ្វារ​លើ​កោះ​សិប្បនិមិ្មត​ក្នុង​សមុទ្រ​ចិនខាងត្បូង​ដ៏​ចម្រូងចម្រាស CSIS Asia Maritime Transparency Initiative / DigitalGlobe
ផ្សាយពាណិជ្ជកម្ម

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​បង្គោលភ្លើងហ្វារ​លើ​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ចូលរួម​ដោយ​មន្រ្តីជាន់ខ្ពស់​ចិន​ផ្នែក​ដឹកជញ្ជូន​ជា​ច្រើន​រូប។ បង្គោលភ្លើងហ្វារ​នោះ​មាន​កំពស់ ៥៥ម៉ែត្រ និង​មាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​សម្រាប់​តាម​ឃ្លាំមើល​រាល់​ចរាចរណ៍​ចេញ ចូល​របស់​នាវា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ តាម​កាសែត​ស៊ីនហួរ បង្គោលភ្លើងហ្វារ​មួយ​នេះ​ត្រូវ​បាន​សាងសង់​លើ​កោះសិប្បនិមិត្ម​របស់​ចិន​ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំកោះ Spratleys។

ទីប្រជុំកោះ Spratleys ដែល​ចិន និង​បណ្តា​ប្រទេស​អាស៊ី​ខ្លះ មាន​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និង​តៃវ៉ាន់​កំពុង​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន។ គួរ​ជម្រាប​ជូន​ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ធ្វើ​ការ​សាងសង់​កោះ​សិប្បនិម្មិត​ជា​ច្រើន​រយ​ហិចតា​លើ​ផ្ទៃទឹកសមុទ្រ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ រូបថត​ផ្កាយរណប​អាមេរិកាំង​បាន​ប៉ាន់ប្រមាណ​មើល​ថា កោះ​សិប្បនិម្មិត​របស់​ចិន​នៅ​លើ​ទឹកសមុទ្រ​មាន​ផ្ទៃក្រឡាដី​ជិត ៤០០ហិចតា។

នៅ​លើ​កោះសិប្បនិម្មិត​នោះ ចិន​ថែម​ទាំង​បាន​សាងសង់​កំពុងផែ ព្រលាន​យន្តហោះ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ជា​ច្រើន។ លោក​លូ កាង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ ទី៦ មេសា​ថា អ្វី​ដែល​ចិន​បាន និង​កំពុង​ធ្វើ​ពេល​នេះ គឺ​ដើម្បី​ធានា​សន្តិសុខ និង​សេរីភាព​ធ្វើ​ចរាចរណ៍​ផ្លូវសមុទ្រ​ក្នុង​សមុទ្រ​ចិនខាងត្បូង​ក្នុង​គោលដៅ​បង្កើន​ពាណិជ្ជកម្ម និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់។

ក៏​ប៉ុន្តែ ការ​អះអាង​របស់​ប៉េកាំង​មិន​បាន​រំងាប់​កំហឹង​របស់​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ផ្ទាល់​ជាមួយ​ចិន​ទេ។ សូម្បី​តែ​អាមេរិក​ដែល​គ្មាន​ភាគហ៊ុន​ក៏​ជួយ​ឈឺ​ឆ្អាល​ដោយ​បាន​ចេញ​មុខ​បរិហារ​ចិន​ចំ​មុខ។ អាមេរិក​ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ថា ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែនទឹក​អន្តរជាតិ​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ប្រទេស​ណា​មួយ​ទេ។ ថ្មីៗ​កន្លង​ទៅ និង​ដើម្បី​បង្ហាញ​ពី​សិទ្ធិ​របស់​ខ្លួន អាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​របស់​ខ្លួន​ទៅ​កាន់​សមុទ្រចិន​ខាងត្បូង។ ទង្វើ​អាមេរិក​កាលណោះ​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ស្លឹកត្រចៀក​ងំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ