អានតួអត្ថបទ
ចិន

មនុស្ស​ជំនិត​របស់​អតីត​ប្រធានាធិបតី​ចិនហ៊ូ ជិនតាវ ​ជាប់​អង្កេត​ពុក​រលួយ

គណបក្ស​កុម្មុយនិស្ត​ចិន បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី ២២​ធ្នូ នេះ បើក​អង្កេត​ប្រឆាំង​នឹង​​​ទីប្រឹក្សា​របស់​អតីត​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ ពី​បទ​ពុក​រលួយ។ នៅក្នុង​សេចក្តី​ជូន​ដំណឹង​ដ៏​ខ្លី​ ការិយាល័យ​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​បក្ស​កុម្មុយនិស្ត​ បាន​បញ្ជាក់​ថា លោក លីង ជីហួ ជាប់​សង្ស័យ​រំលោភ​វិន័យ​បក្ស​យ៉ាង​ធ្ងន់ធ្ងរ។ រំលោភ​វិន័យ​បក្ស​ ជា​ភាសា​កុម្មុយនិស្តដែល​អាជ្ញាធរ​ចិន​ប្រើ​ជំនួស​ពាក្យ​ថា “​ប្រព្រឹត្ត​អំពើ​ពុករលួយ”។

លោក លីង ជីហួ អនុប្រធាន​សន្និសីទ​ពិគ្រោះ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន រូបថត​ថ្ងៃទី ១១ មីនា ២០១៣
លោក លីង ជីហួ អនុប្រធាន​សន្និសីទ​ពិគ្រោះ​នយោបាយ​បក្ស​កុម្មុយនិស្ត​ចិន រូបថត​ថ្ងៃទី ១១ មីនា ២០១៣
ផ្សាយពាណិជ្ជកម្ម

មេ​ដឹកនាំ​ជាន់​ខ្ពស់​ចិន កាន់​តែ​កំពូលៗ​ឡើង ត្រូវ​បាន​ផ្តួល​ចេញ​ពី​តំណែង ឬ​ជាប់​​សំណាញ់​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុក​រលួយ​​របស់​លោក ស៊ីជិនពីង។ សំណុំ​រឿង​ចុងក្រោយគឺ ពាក់​ព័ន្ធ​នឹង​​អតីត​ប្រធាន​សន្តិសុខ​ចិន ហើយ​នៅ​ថ្ងៃ​នេះ ដល់​វេន​លោក លីង ជីហួ​ម្តង។

 
មាន​ អាយុ​ ៥៨​ឆ្នាំ ល្បី​ខាង​ស្និទ្ធ​​នឹង​អតីត​ប្រធានាធិបតី​ចិន ហ៊ូជិនតាវ​ (២០០៣-២០១៣)បំផុត មាន​តួនាទី​អនុប្រធាន​សន្និសីទ​ពិគ្រោះ​នយោបាយ​បក្ស​កុម្មុយនិស្តចិន តែ​មិន​បាន​ឡើង​ឋាន្តរសក្តិ​អ្វី​សោះ​ ពេល​រុះ​រើ​ថ្នាក់​ដឹកនាំ​បក្ស​នៅ​ឆ្នាំ​២០១២ហើយ ថែមទាំង​បាត់បង់​តួនាទី​យុទ្ធសាស្ត្រ​ពី​ដៃ​ទៀត។ កាលណោះ​អ្នកសង្កេត​ការណ៍​ ចាប់​ផ្តើម​សង្ស័យ​​ថា​មាន​អ្វី​ប្រែ​ប្រួល​​មិន​ធម្មតា​  ហើយការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ចន្ទ​ អាច​បញ្ជាក់​បាន​កាន់​តែ​ច្បាស់​អំពី​សម្បុរ​នយោបាយ​សម្រាប់​លោក លីង ជីហួតែ​ម្តង។

បើ​តាម​ប្រភព​ខ្លះ លោក លីង ជីហួ ត្រូវ​បាន​បញ្ចុះ​ បន្ទាប់​មក​ដក​ហូត​ចេញ​ពី​តំណែង តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​២០១២​មក ក្រោយ​ផ្ទុះ​​រឿង​អាស្រូវ​កូន​ប្រុសស្លាប់​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​ បើក​ឡាន​ម៉ាក​ Ferrari​ ឌុប​ស្រី​ពីរ​នាក់​ម្នាក់​ស្រាត​ននោល កាលពី​ថ្ងៃ​ទី ១៨​មីនា ២០១២ នៅ​ទីក្រុង​ប៉េកាំង។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំបក្ស​កុម្មុយនិស្ត​ទើស​ទាល់​បំផុត។​ កូន​អ្នក​​ដឹកនាំ​ជិះឡាន​តម្លៃ​ជិត​លាន​ដុល្លារ​ តើ​បាន​លុយ​មក​ពី​ណា ?! ចំណែក​លោក លីង ឆេងសែ ជា​ប្អូន​ប្រុស​ ក៏​ត្រូវ​បាន​ដក​ចេញ​​តំណែង​អនុប្រធាន​សន្និសីទ​ពិគ្រោះ​បក្ស​ប្រចាំ​ខេត្ត​ស៊សង់ហ្ស៊ី​ កាលពី​​ខែ​មិថុនា​កន្លង​ទៅ​ ក្នុង​បទ​ចោទ​ប្រកាន់​ដូច​គ្នា “រំលោភ​វិន័យ​បក្សធ្ងន់ធ្ងរ”។

តាំង​ពី​បាន​ក្លាយ​ជា​ប្រធានធិបតី​ចិន​មក លោក ស៊ីជីនពីង បាន​យក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ជា​អាទិភាព​ចំបង​របស់​បក្ស ប៉ុន្តែ​អ្នក​ឯកទេស​​សង្ស័យ​លើ​ប្រសិទ្ធិភាព​ពិត​នៃ​យុទ្ធនាការ​នេះ ព្រោះ​តុលាការ​មិន​ឯករាជ្យ និង​គ្មាន​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​នយោបាយ​ឱ្យ​បាន​ស៊ីជម្រៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ