អានតួអត្ថបទ
ចិន

ចិន៖ផ្ទុះ​ឃ្លំាងស្តុក​សារធាតុគីមី និង​ជាតិផ្ទុះ​បណ្តាល​ឲ្យ​ស្លាប់​ជាង ៤០នាក់ និង​របួស​ជាង ៥២០នាក់

នៅ​ក្នុង​ប្រទេស​ចិន មាន​ព្រឹត្តិការណ៍​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចំនួន ២ដង​បន្តបន្ទាប់​គ្នា​កាល​ពី​ជិត​អធ្រាត្រ​យប់​ថ្ងៃ​ពុធ​ឆ្លង​ចូល​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ សីហា​នេះ។ ព្រឹត្តិការណ៍​ផ្ទុះ​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ទីក្រុង​កំពង់ផែ​ធៀនជីន​ស្ថិត​ប៉ែកខាងជើង​ប្រទេស​ចិន។ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ផ្ទុះ​នោះ​នៅ​ឡើយ​ទេ តែ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ព្រម​ទំាង​បង្ក​ឲ្យ​មាន​ការ​ខូចខាត​ទ្រព្យសម្បតិ​យ៉ាង​ច្រើន​សម្បើម។ លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​បញ្ជា​ឲ្យ​រដ្ឋអំណាច​ប្រើ​គ្រប់​មធ្យោបាយ និង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​សង្រ្គោះ​ជនរងគ្រោះ និង​សន្យា​ផ្តន្ទាទោស​ចាស់ដៃ​ចំពោះ​អ្នក​ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ផ្ទុះ​នោះ។

ខ្មោចឡាន​ដែល​រង​ការឆាបឆេះ​ពី​ការ​ផ្ទុះ​នៅ​ក្នុង​ឃ្លាំងស្តុក​ផលិតផលគីមី និង​ជាតិផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​ធៀនជីន
ខ្មោចឡាន​ដែល​រង​ការឆាបឆេះ​ពី​ការ​ផ្ទុះ​នៅ​ក្នុង​ឃ្លាំងស្តុក​ផលិតផលគីមី និង​ជាតិផ្ទុះ​នៅ​កំពង់ផែ​ក្នុង​ទីក្រុង​ធៀនជីន REUTERS/China Daily
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​វេលា​ម៉ោង ១១ និង ៣០នាទី​យប់ ម៉ោង​ក្នុង​ប្រទេស​ចិន​ក្នុង​ថ្ងៃ​ពុធ ទី១២ សីហា ត្រូវ​ជា​ម៉ោង ១០ និង​៣០នាទី​យប់ ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​ដែល​ព្រឹត្តិការណ៍​ផ្ទុះ​យ៉ាង​សម្បើម​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ឃ្លំាងស្តុក​ផលិតផលគីមី និង​ជាតិផ្ទុះ​ស្ថិត​ក្នុង​ទីក្រុង​ធៀនជីន។ ទីក្រុង​ធៀនជីន គឺ​ជា​ទីក្រុង​កំពង់ផែ​ឧស្សាហកម្ម ពាណិជ្ជកម្ម​មួយ​យ៉ាង​សំខាន់​របស់​ចិន និង​ជា​ទីក្រុង​កំពង់ផែ​ពាណិជ្ជកម្ម​ស្ថិត​ចំណាត់ថ្នាក់​ទី១០ ក្នុង​លោក។ ផ្អែក​តាម​ស្ថិតិ​ក្នុង​ឆ្នំា ២០១៣ ឲ្យ​ដឹង​ថា ទីក្រុង​កំពង់ផែ​ធៀនជីន​មាន​មនុស្ស​រស់នៅ​ប្រមាណ​ជា ១៥លាននាក់ និង​មាន​ចម្ងាយ​ប្រមាណ​ជា ១៤០គីឡូម៉ែត្រ​ស្ថិត​ប៉ែកអាគ្នេយ៍​ទីក្រុង​ប៉េកំាង។

ព្រឹត្តិការណ៍​ផ្ទុះ​បាន​កើត​ឡើង​ចំនួន ២ដង​ដែល​លើក​ទី១ និង​ទី២ មាន​រយៈពេល​ខុស​គ្នា ៣០វិនាទី។ ការ​ផ្ទុះ​លើក​ទី១ មាន​កម្លំាង​ស្មើ​នឹង​ការ​បំផ្ទុះ​ជាតិផ្ទុះ TNT ចំនួន ៣តោន ចំណែក​ការ​ផ្ទុះ​លើកទី២ នៅ ៣០វិនាទី​ក្រោយ​មក គឺ​មាន​កម្លំាង​ស្មើ​នឹង​ការ​បំផ្ទុះ​ជាតិផ្ទុះ TNT ដល់​ទៅ ២១តោន។ ឥទ្ធិពល​នៃ​កម្លំាង​​ផ្ទុះ​ទំាង​ពីរ​លើក​បាន​ធ្វើ​ឲ្យ​រង្គើ​ផ្ទៃដី​ក្នុង​រង្វង់ ៣គីឡូម៉ែត្រ​ពី​កន្លែង​ផ្ទុះ។ តាម​ទីភ្នាក់ងារ​វាស់កម្រិត​រញ្ជួយដី​ចិន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​លើក​ទី១ មាន​ឥទ្ធិពល​ស្មើ​​នឹង​កម្លំាង​រញ្ជួយដី​ក្នុង​កម្រិត ២,៣រ៉ិចទ័រ រីឯ​ការ​ផ្ទុះ​លើក​ទី២ មាន​កម្រិត ២,៩រ៉ិចទ័រ។

កម្លំាង​ផ្ទុះ​ទំាង​ពីរ​លើក​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ភ្លាមៗ​យ៉ាង​តិច ៤៤នាក់ ក្នុង​នោះ​មាន​អ្នក​ពន្លត់​អគ្គីភ័យ​ចំនួន ១២នាក់ និង​អ្នក​រងរបួស​ជាង ៥២០នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជា ៦០នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្ទើរ​ស្លាប់ ស្ទើរ​រស់។ កម្លំាង​ផ្ទុះ​បាន​ធ្វើ​ឲ្យ​កញ្ជក់​អាគារ​ផ្ទុះបែក ប្រេះស្រាំ​ជា ១០០០បំណែក ព្រម​ទំាង​បណ្តាល​ឲ្យ​មាន​ការ​បាក់ស្រុត​ដំបូល​ផ្ទះ​របស់​ប្រជាជន។ នៅ​ឯ​កំពង់ផែ មាន​រថយន្ត​ថ្មីៗ​ប្រមាណ​ជា ៦០០គ្រឿង​ដែល​កំពុង​ចត​ដើម្បី​ដឹក​ចេញ​បាន​ទទួល​រង​ការ​ឆាបឆេះ​គ្មាន​សល់។

រដ្ឋាភិបាល​ព្រមាន​ផ្តន្ទាទោស​ចាស់​ដៃ​ចំពោះ​ជន្មលើស

ជាង ១២ម៉ោង ក្រោយ​ការ​ផ្ទុះ គេ​នៅ​តែ​មិន​ទាន់​អាច​ដឹង​ពី​មូលហេតុ​ដើម​ដែល​ឈាន​ឲ្យ​មាន​ការ​ផ្ទុះ​នៅ​ក្នុង​ឃ្លំាងស្តុក​ផលិតផលគីមី និង​ជាតិផ្ទុះ។ តែ​មាន​ការ​លើក​ឡើង​ថា អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ពី​ការ​ឆេះ​កុងទ័រន័រ​មួយ​ដែល​ដាក់​ពេញ​ដោយ​ជាតិផ្ទុះ​នៅ​កំពង់ផៃ​ធៀនជីន ហើយ​មូលហេតុ​នៃ​ការ​ឆេះ​កុងទ័រន័រ​នោះ ក៏​គេ​មិន​ទាន់​ដឹង​ដែរ។ ក្រុមអ្នក​ពន្លត់ភ្លើង​ក៏​បាន​រួសរាន់​ចេញ​អន្តរាគមន៍​ទៅ​ពន្លត់​កុងទ័រន័រ​ដែល​កំពុង​ឆាបឆេះ ហើយ​ពេល​នោះ​ក៏​មាន​ការ​ផ្ទុះ រួច​ឆ្លង​ឆាប​ឆេះ​ផ្ទុះ​ដល់​ឃ្លំាស្តុក​ផលិតផលគីមី និង​ជាតិផ្ទុះ​ដែល​ស្ថិត​ក្បែរ​នោះ។

យោង​តាម​ប៉ូលិស ឃ្លំាងស្តុក​ផលិតផលគីមី​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ជាតិផ្ទុះ​នោះ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ Tianjin Dongjiang Port Rui Hai International Logistics Co. Ltd.។ រដ្ឋាភិបាល​ផ្តើម​ចាត់​វិធានការ​ស៊ើបអង្កេត ដោយ​មាន​ការ​ឃាត់ខ្លួន​ថ្នាក់ដឹកនំា និង​អ្នកទទួល​ខុសត្រូវ​ក្រុមហ៊ុន​ជា​ច្រើន​រូប។ លោក​ប្រធានាធិបតី​ស៊ី ជីនពីង​បាន​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​ប្រើ​គ្រប់​មធ្យោបាយ និង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​សង្រ្គោះ​ជនរងគ្រោះ ព្រម​ទំាង​សន្យា​ផ្តន្ទាទោស​ចាស់​ដៃ​ចំពោះ​ជនល្មើស និង​ក្រុមហ៊ុន​ដែល​មាន​ការ​ធ្វេសប្រហែស​ក្នុង​ផ្នែក​សន្តិសុខ។

អ្វី​ដែល​រដ្ឋអំណាច​កំពុង​បារម្ភ​ខ្លំាង​ជាង​គេ​នោះ គឺ​ផលវិបាក​សុខភាព​របស់​ពលរដ្ឋ​ដែល​ស្ថិត​ក្បែរ​នោះ ដោយ​សារ​តែ​ពួក​គេ​បាន​ស្រូប​យក​ផ្សែង​ពុលគីមី​ហោះវិលវល់​ក្នុង​បរិយាកាស ព្រម​ទំាង​វត្តមាន​សារធាតុ​គីមី​ដែល​ខ្ទាត​ចេញ​ពី​ឃ្លាំងស្តុក​ដោយ​ឥទ្ធិពល​កម្លំាង​ផ្ទុះ។ អ្វី​ដែល​បន្ត​ជា​អាដ៍កំបំាង​ពេល​នេះ គឺ​បរិមាណ​សារធាតុគីមី និង​បរិមាណ​ជាតិផ្ទុះ ព្រម​ទំាង​ប្រភេទ​របស់​វា​ដែល​មាន​នៅ​ក្នុង​ឃ្លំាងស្តុក​នោះ។

ចិន​បាន​ស្គាល់​គ្រោះមហន្តរាយ​ផ្ទុះ​រោងចក្រ​ញយ​ដង

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ចិន​បាន​ស្គាល់​គ្រោះថ្នាក់​ស្រដៀង​គ្នា ហើយ​បើ​តាម​មើល​ទៅ គ្រោះថ្នាក់​ពេល​នេះ​ទៀត​ក៏​ប្រហែល​ជា​មិនមែន​ជា​លើក​ចុង​ក្រោយ​ដែរ។ ថ្មីៗ​កន្លង​ទៅ​នេះ ពោល​ក្នុង​ខែ​កក្កដា មាន​មនុស្ស​ស្លាប់ ១៥នាក់ និង​របួស​ជាង ១០នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​កន្លែង​ផលិត​កំាជ្រួច​ដោយ​លួចលាក់​មួយ​ក្នុង​ខេត្ត Hebei ស្ថិត​ប៉ែក​ខាង​ជើង​ប្រទេស​ចិន។ ក្នុង​ខែ​សីហា ឆ្នំា ២០១៤ មាន​ការ​ផ្ទុះ​នៅ​ក្នុង​រោងចក្រ​ផលិត​គ្រឿងបន្លាស់​រថយន្ត​មួយ​ក្នុង​ស្រុក Kunshan ស្ថិត​ក្បែរ​ទីក្រុង​សៀងហៃ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៧១នាក់។ កាល​ពី​ឆ្នំា ២០១៣ មាន​ស្លាប់ ១៣នាក់ និង​បាត់ខ្លួន ២០នាក់​នៅ​ក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​រោងចក្រ​ផលិត​ជាតិផ្ទុះ។

ជាទូទៅ មូលហេតុ​នៃ​គ្រោះថ្នាក់​ផ្ទុះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា មក​ពី​ការ​ធ្វេសប្រហែស​ផ្នែក​សន្តិសុខ ពោល​ម្ចាស់​ក្រុមហ៊ុន ឬ​មួយ​ក៏​ម្ចាស់​រោងចក្រ សហគ្រាស​មិន​បាន​គោរព​តាម​បទដ្ឋាន​សន្តិសុខ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​កេងចំណេញ​លុយ ដោយ​ថៅកែ​សុខចិត្ត​សូកប៉ាន់​ដើម្បី​បិទភ្នែក បិទមាត់​ចំពោះ​ក្រុមអធិការ​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​ក្នុង​ក្រុមហ៊ុន ឬ​រោងចក្រ សហគ្រាស​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ