អានតួអត្ថបទ
ចិន

ចិន​ចាត់​វិធានការ​ប្រឆំាង​នឹង​រដ្ឋអាជ្ញា និង​អ្នកស៊ើបអង្កេត​ក្នុង​រឿងពុករលួយ

នៅ​ក្នុង​ប្រទេស​ចិន រដ្ឋអំណាច​បាន​ប្រកាស​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ទង្វើ​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ។ ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋអាជ្ញា និង​អ្នកស៊ើបអង្កេត​រឿង​អាស្រូវ​ពុករលួយ​នឹង​ត្រូវ​ផ្តន្ទាទោស ប្រសិន​បើ​ការងារ​ស៊ើបអង្កេត​របស់​ពួក​គេ​លើ​មន្រ្តី​ណា​ម្នាក់​នំា​ឲ្យ​មន្រ្តី​រូប​នោះ​សម្លាប់​ខ្លួន​ឯង​ចោល។ វិធានការ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកំាង​របៀប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ធ្វើ​អត្តឃាត​របស់​មន្រ្តី​ជាន់ខ្ពស់​ជា​ច្រើន​រូប​ដែល​ជាប់​អង្កេត​រឿង​អាស្រូវ​ពុករលួយ។

លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូបឆ្វេង) និង​លោក​​នាយករដ្ឋមន្រ្តី លី ខឺជំាង
លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូបឆ្វេង) និង​លោក​​នាយករដ្ឋមន្រ្តី លី ខឺជំាង REUTERS / Jason Lee
ផ្សាយពាណិជ្ជកម្ម

តំាង​ពី ២ឆ្នំា​កន្លង​ទៅ​នេះ​ដែល​ចិន​បាន​បើក​មហា​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​អំពើ​ពុករលួយ​នៅ​ផ្ទៃក្នុង​គណបក្ស​កម្មុយនិស្ត​ចិន និង​នៅ​ក្នុង​រោងចក្រ សហគ្រាស​រដ្ឋ។ យុទ្ធនាការ​នេះ​បាន​បណ្តាល​ឲ្យ​មាន​មន្រ្តីជាន់ខ្ពស់​ជា​ច្រើន​រូប​បាត់បង់​មុខតំណែង ព្រម​ទំាង​ឈាន​ទៅ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ឯង​ចោល​ទៀត​ផង។ ជាក់ស្តែង​ថ្មីៗ​នេះ អគ្គនាយក​ក្រុមហ៊ុន​ម្នាក់​ដែល​មាន​ទុនវិនិយោគ​រាប់សិបលានដុល្លារ​ត្រូវ​បាន​គេ​រក​ឃើញ​ព្យួរ ក ស្លាប់​នៅ​ក្នុង​ការិយាល័យ​របស់​គាត់។ ការ​ព្យួរ ក សម្លាប់​ខ្លួន​ឯង​របស់​អគ្គនាយក​ក្រុមហ៊ុន​រូប​នោះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ក្រុមអ្នកស៊ើបអង្កេត​រឿង​ពុករលួយ​បាន​ចុះ​ទៅ​ពិនិត្យ ឆែកឆេរ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់។

បើ​គិត​តំាង​ពី​ឆ្នំា ២០១២ មក មាន​មន្រ្តីជាន់ខ្ពស់​ក្នុង​គណបក្ស និង​ក្នុង​រដ្ឋាភិបាល​យ៉ាង​តិច ៥០នាក់​បាន​សម្លាប់​ខ្លួន​ដោយសារ​តែ​ជាប់​ក្នុង​ការ​ស៊ើបអង្កេត​រឿង​ពុករលួយ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៦ សីហា តុលាការកំពូល​ប្រជាមានិត​ចិន​ដែល​ជា​អ្នក​គ្រប់គ្រង​រដ្ឋអាជ្ញា​នៅ​តុលាការ​ទូទំាង​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សេចក្តី​ណែនំា​ចំនួន ៨ចំណុច។ កម្មវត្ថុ គឺ​ជួយ​តម្រែតម្រង់​រដ្ឋអាជ្ញា​ពី​របៀប​ស៊ើបអង្កេត​ទៅ​លើ​មន្រ្តី​ជាន់ខ្ពស់​ណា​ដែល​រំលោភ​អំណាច និង​ស៊ីសំណូកសូកប៉ាន់។

យោង​តាម​សេចក្តីណែនំា​ដដែល អ្នកស៊ើបអង្កេត និង​រដ្ឋអាជ្ញា​នឹង​ត្រូវ​ព្យួរ​ការងារ រួច​ផ្តន្ទាទោស​តាម​ច្បាប់ ប្រសិន​បើ​ការងារ​ស៊ើបអង្កេត​របស់​គេ​បាន​ធ្វើ​ឡើង​ផ្ទុយ​នឹង​ច្បាប់ និង​គ្មាន​លក្ខណ​ទទួល​ខុស​ត្រូវ ពិសេស​បើ​ការ​ស៊ើបអង្កេត​លើ​មន្រ្តី​ណា​ម្នាក់​បាន​ធ្វើ​ឲ្យ​មន្រ្តី​នោះ​រត់គេចខ្លួន រងរបួស ឬ​មួយ​ក៏​សម្លាប់​ខ្លួន​ឯង​ចោល។ ទន្ទឹម​គ្នា​នេះ សេចក្តីណែនំា​ក៏​បាន​ហាម​មិន​រដ្ឋអាជ្ញា​មិន​ឲ្យ​ទទួល​សំណូក​ពី​មន្រ្តី ឬ​រោងចក្រ សហគ្រាស​ដែល​ជាប់​សង្ស័យ​រឿង​ពុករលួយ ឬ​មួយ​ក៏​ប្រើ​ទារុណកម្ម​ផ្សេងៗ​ដើម្បី​ទទួល​ចម្លើយ​សារភាព។

ក្នុង​ឆ្នំា ២០១៣ អ្នកស៊ើបអង្កេត ៥នាក់ និង​រដ្ឋអាជ្ញា​ម្នាក់​បាន​ទទួល​ទោស​ជាប់​គុក​ពី ៤ខែ​ទៅ ១៤ឆ្នំា​ពី​បទ​បាន​ធ្វើ​ឲ្យ​ចៅហ្វាយ​ក្រុមហ៊ុន​ម្នាក់​សម្លាប់​ខ្លួន​ដោយ​ជ្រមុជ​ក្នុង​ទឹក បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​ទារុណកម្ម​លើ​ចៅហ្វាយ​ក្រុមហ៊ុន​នោះ​ឲ្យ​សារភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ