អានតួអត្ថបទ
បារាំង-ឥណ្ឌូណេស៊ី

ជនជាតិ​បារាំង​មិន​ស្ថិតនៅក្នុង​បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ប្រហារជីវិត​នៅថ្ងៃ​ខាងមុខ

អាជ្ញាធរ​ឥណ្ឌូណេស៊ី កាលពីថ្ងៃ​សៅរ៍ បានជូន​ដំណឹង​ផ្លូវការ ប្រាប់​ទៅ​សមីជន អ្នកទោស​៩​នាក់ ថា ពួកគេ​នឹង​ត្រូវ​ប្រហារ​ជីវិត នៅពេល​ឆាប់ៗ​ខាងមុខ។ តាម​អ្នកនាំពាក្យ​របស់​អាយ្យការ​ឥណ្ឌូណេស៊ី​ ជនជាតិ​បារំាង Serge Atlaoui ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​អ្នកទោស​ដែល​ត្រូវ​ប្រហារ​ជីវិត។ សេចក្តី ជូនដំណឹង​របស់​តុលាការ​ឥណ្ឌូណេស៊ី ធ្វើឡើង នៅថ្ងៃ​តែ​មួយ ដែល​ប្រធានាធិបតី​បារាំង លោក​ហ្រ្វង់ស័រ ហូឡង់​បាន​ព្រមាន​ពី​ផលវិបាក​ផ្នែកការទូត ក្នុង​ទំនាក់ទំនង​បារាំង ក្នុង​ករណី​ដែល​ឥណ្ឌូណេស៊ី​ប្រហារជីវិត​ជនជាតិបារាំង Serge Atlaoui។ 

Serge Atlaoui ត្រូវ​ទាហាន​ឥណ្ឌូណេស៊ី ក្រៀក​ចេញ​ពី​តុលាការ​កំពូល​ជាទី​ដែល​ចៅក្រម​ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ជនជាតិបារាំង​អាយុ ៥១​ឆ្នាំ
Serge Atlaoui ត្រូវ​ទាហាន​ឥណ្ឌូណេស៊ី ក្រៀក​ចេញ​ពី​តុលាការ​កំពូល​ជាទី​ដែល​ចៅក្រម​ប្រកាស​រក្សា​ទោស​ប្រហារ​ជីវិត​ប្រឆាំង​នឹង​ជនជាតិបារាំង​អាយុ ៥១​ឆ្នាំ REUTERS/Jefri Tarigan
ផ្សាយពាណិជ្ជកម្ម

ក្តីសង្ឃឹម​ចាប់មាន​ជា​ថ្មី នៅពេល​អាយ្យការ​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា ជនជាតិ​បារាំង Serge Atlaoui ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកទោស​ដែល​ត្រូវ​ប្រហារ​ជីវិត ដោយសារ​ការជួញដូរ​គ្រឿងញៀន។ ទាំង​មេធាវី និង​ក្រសួង​ការបរទេស​បារាំង មាន​ការប្រុងប្រយ័ត្ន​មិន​ទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ណា​ដែល​ថា ជនជាតិ​បារាំង​នឹង​រួចខ្លួន​ទាំងស្រុង​ពីទោស​ប្រហារ​ជីវិត នៅ​ឥណ្ឌូណេស៊ី​នៅឡើយ​ទេ។

 
នៅថ្ងៃ​សៅរ៍ ប្រធានាធិបតី​បារាំង ដែល​សន្យា​ធ្វើ​គ្រប់​មធ្យោបាយ ដើម្បី​ជួយ​ Serge Atlaoui​ឲ្យ​ចាកផុត​ពី​ទោស​ប្រហារជីវិត​នៅ​ឥណ្ឌូណេស៊ី។ បាន​ប្រកាស​ព្រមាន​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ពី​ផលវិបាក ក្នុង​ករណី​ដែល​ឥណ្ឌូណេស៊ី​ប្រហារជីវិត​ជនជាតិ​របស់ខ្លួន។

តាម​Tony Spontana អ្នកនាំពាក្យ​របស់​អាយ្យការ​ឥណ្ឌូណេស៊ី Serge Atlaoui​មិន​ស្ថិតនៅ​ក្នុង​បញ្ជីឈ្មោះ​អ្នកទោស​ដែល​ត្រូវ​ប្រហារជីវិត នៅក្នុង​ពេលខាងមុខ ដោយសារ​តែ​សំណុំរឿង​របស់ Serge Atlaoui​កំពុង​ស្ថិតនៅ​ក្នុង​និតិវិធី​របស់​តុលាការ​រដ្ឋបាល។ ការអនុវត្ត​ទោស​ប្រហារជីវិត​អ្នកជួញដូរ​គ្រឿង​ញៀន នៅ​ឥណ្ឌូណេស៊ី បាន​រង​ការរិះគន់ និង​តវ៉ា​ពី​សហគមន៍​អន្តរជាតិ​រួម​ទំាង​សហភាព​អឺរ៉ុប។ នៅថ្ងៃ​សៅរ៍ រដ្ឋមន្រ្តីការបរទេស​អូស្ត្រាលី​បាន​និយាយ​ថា អូស្ត្រាលី​បាន​ទទួល​ការជូនដំណឹង​ពី​ឥណ្ឌូណេស៊ី និង​គ្មាន​សង្ឃឹម​ថា ជនជាតិ​របស់ខ្លួន​ទាំងពីរនាក់​នឹង​អាច​រួចផុត​ពីការប្រហារជីវិត​របស់​អាជ្ញាធរ​ឥណ្ឌូណេស៊ី​នោះទេ។

នៅថ្ងៃ​សៅរ៍ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ជូនដំណឹង​ទៅ​ដល់​មន្រ្តីទូត​របស់​ប្រទេស​ដែល​មាន​ជនជាតិ​របស់ខ្លួន ត្រូវ​ប្រឈម​នឹង​ការកាត់ទោស​ប្រហារជីវិត ក្នុង​រឿង​ជួញដូរ​គ្រឿងញៀន។ អ្នកទោស ៩​នាក់ ដែល​នៅក្នុង​នោះ មាន​ជនបរទេស​៨​នាក់ មក​ពី​ប្រទេស​អូស្ត្រាលី ប្រេស៊ីល នីហ្សេរីយ៉ា និង​ហ្វីលីពីន នឹង​ត្រូវ​គេ​ប្រហារជីវិត ដោយ​បាញ់​នឹង​គ្រាប់​កាំភ្លើង​នៅ​លើ​កោះ Nusakampangan។ អ្នកនាំពាក្យ​មិន​បាន​បញ្ជាក់​ពី​ថ្ងៃ​ដែល​អ្នកទោស​ត្រូវ​គេ​ប្រហារជីវិត​ទេ។ ប៉ុន្តែ តាម​មេធាវី​របស់​អ្នកទោស​ជាតិ​ហ្វីលីពីន អាជ្ញាធរ​បាន​ជូនដំណឹង​ប្រាប់​កូនក្តី​របស់​គាត់ថា រូបនាង​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត​នៅ​ថ្ងៃ​អង្គារ​ខាងមុខ។

នៅ​ឥណ្ឌូណេស៊ី តាម​ច្បាប់ អាជ្ញាធរ​ត្រូវ​ជូនដំណឹង បើក​ឱកាស​ឲ្យ​ជនជាប់ទោស​បាន​ជួប​និយាយ ពាក្យ​សំដី​ចុងក្រោយ ជាមួយ​ក្រុមគ្រួសារ ឲ្យ​បាន​៣​ថ្ងៃ​មុន ថ្ងៃ​ប្រហារជីវិត។ ច្បាប់​ប្រឆាំង​គ្រឿងញៀន​ត្រូវ​គេ​ចាត់ទុក​ជា​ច្បាប់​ដែល​តឹងខ្លាំង​ជាងគេ​នៅលើ​ពិភពលោក។ មាន​គ្រឿងញៀន​តិចតួច​ជាប់ខ្លួន ក៏​អាច​ធ្វើ​ឲ្យគេ​ជាប់​ទោស​ប្រហារជីវិត​ដែរ គឺ​ដូច​នៅ​វៀតណាម ថៃ ម៉ាឡេស៊ី​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ