អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភូមា៖​តើ​លោក​ទីន ចវ​នឹង​ដើរ​តួនាទី​ជា​ប្រធានាធិបតី​ពិត ឬ​មួយ​គ្រាន់​ជា​តុកតា​របស់​លោកស្រី​អ៊ុង សានស៊ូជី​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ភូមា គេ​បាន​ស្គាល់ និង​ឃើញ​ហើយ​ឈ្មោះ ព្រម​ទាំង​រូបរាងប្រធានាធិបតី​ថ្មី គឺ​លោក​ទីន ចវ។ មាន​អាយុ ៦៩ឆ្នាំ លោក​ទីន ចវ​ជា​មនុស្ស​ជិតដិត​ម្នាក់​របស់​លោកស្រី​អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ។ គឺ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ហើយ​ដែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ភ្លូកទឹក ភ្លូកដី​នា​ការ​បោះឆ្នោត​សភា​កន្លង​មក។ តាម​ពិត​ទៅ តំណែង​ប្រធានាធិបតី​ជា​តំណែង​ដែល​លោកស្រី​អ៊ុង សានស៊ូជី​សំឡឹង​ចង់​បាន​តាំង​ពី​យូរ​មក​ហើយ តែ​ត្រូវ​បាន​រារាំង​ដោយ​ច្បាប់រដ្ឋធម្មនុញ។ តែ​លោកស្រី​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ទោះ​បី​មិន​មាន​តំណែង​ជា​ប្រធានាធិបតី​ក៏​ដោយ ក៏​លោកស្រី​នឹង​ស្ថិត​ពី​លើ​លោក​ប្រធានាធិបតី​ដែរ។ បើ​អ៊ីចឹង លោក​ទីន ចវ​មិនមែន​ជា​តុកតា​របស់​លោកស្រី​អ៊ុង សានស៊ូជី​ទេ ឬ​យ៉ាង​ណា?

លោកទីន ចវ ប្រធានាធិបតីថ្មីភូមា
លោកទីន ចវ ប្រធានាធិបតីថ្មីភូមា STR / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត តួអង្គ​ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ភូមា​ពេល​នេះ មិនមែន​ជា​តួឯក​ស្រី​លោកស្រី​អ៊ុង សានស៊ូជី​ទេ តែ​ជា​តួឯក​ប្រុស​លោក​ទីន ចវ​មាន​អាយុ ៦៩ឆ្នាំ។ តាម​ពិត​ទៅ តួឯក​ស្រី​ក៏​ចង់​បាន​តំណែង​កំពូល​មួយ​នេះ​ដែរ តែ​មក​ពី​រដ្ឋធម្មនុញ្ញ​បាន​ហាម​ឃាត់។ ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​បាន​ហាម​មិន​ឲ្យ​អ្នក​នយោបាយ​ភូមា​រូប​ណា​ដែល​មាន​គូស្រករ​ជា​ជនបរទេស ឬ​មួយ​កូនចៅ​ជា​ជនបរទេស​ឡើង​កាន់​តំណែង​ប្រធានាធិបតី​បាន​ទេ។ ជា​ការ​ពិត កម្មវត្ថុ​របស់​របស់​លោកស្រី​អ៊ុង សានស៊ូជី​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ​ដែល​ជា​គណបក្សប្រឆាំង គឺ​ដណ្តើម​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា។ កម្មវត្ថុ​មួយ​នេះ​ត្រូវ​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា ព្រោះ​គណបក្សប្រឆាំង​មួយ​នេះ​ទទួល​បាន​ជោគជ័យ​យ៉ាង​ភ្លូកទឹក ភ្លូកដី​នា​ការ​បោះឆ្នោត​កន្លង​មក។

តែ​ទន្ទឹម​គ្នា​នេះ ក៏​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ពី​មហិច្ឆតា​ពិត​របស់​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​អ៊ុង សានស៊ូជី​ទេ។ មហិច្ឆតា​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​តំណែង​ប្រធានាធិបតី​ឡើយ នោះ​បើ​ទោះ​បី​ជា​លោកស្រី​ដឹង​ថា កំពុង​ជាប់​អន្ទាក់​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ​សល់​ពី​សម័យ​របបសឹក​ក៏​ដោយ។ សូម​ជម្រាប​ជូន​ថា​ពី​ដំបូង​ឡើយ ពោល​មុន​នឹង​បង្ខំ​ចិត្ត​បោះបង់​កៅអី​ប្រធានាធិបតី​ទៅ​ឲ្យ​លោក​ទីន ចវ លោកស្រី​អ៊ុង​សានស៊ូជី​បាន​ប្រឹងប្រែង​ចរចា​គ្រប់បែប​យ៉ាង​ជាមួយ​ក្រុម​មេដឹកនាំ​យោធា ដើម្បី​ឈាន​ទៅ​កែប្រែ​មាត្រា​ខ្លះ​នៃ​ច្បាប់​រដ្ឋធម្មនុញ្ញ​ក្នុង​គោលដៅ​អនុញ្ញាត​ឲ្យ​លោកស្រី​អាច​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​បាន។

រូប​លោកស្រី​អ៊ុង សានស៊ូជី​ខ្លួន​ឯង​បាន​ដឹង​យ៉ាង​ច្បាស់​ថា លោកស្រី​ពិបាក​នឹង​និយាយ​បញ្ចុះបញ្ចូល​ក្រុមមេដឹកនាំ​យោធា​ឲ្យ​កែប្រែ​រដ្ឋធម្មនុញ្ញ ហើយ​នៅ​ខាង​ក្រុម​មេដឹកនាំ​យោធា​ទៀត​សោត ក៏​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ណាស់​ចំពោះ​បញ្ហា​នេះ ពោល​មិន​ចង់​យក ក ទៅ​ល​នឹង​អន្ទាក់​ដោយ​ខ្លួន​ឯង​នោះ​ទេ។ នៅ​ក្រោយ​ការ​បោះឆ្នោត​ដែល​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ទទួល​បាន​ជោគជ័យ​ធំធេង លោកស្រី​អ៊ុង សានស៊ូជី​ធ្លាប់​បាន​ថ្លែង​ក្នុង​ន័យ​ព្រមាន​ទុក​ជា​មុន​ថា ទោះ​បី​ជា​លោកស្រី​មិន​បាន​ក្លាយ​ជា​ប្រធានាធិបតី​ក៏​ដោយ ក៏​លោកស្រី​នឹង​ស្ថិត​នៅ​ពី​លើ​ប្រធានាធិបតី​ដែរ។

តាម​រយៈ​ពាក្យ​សម្តី​មួយ​ឃ្លា​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា ទោះ​បី​ជា​រូប​តួអង្គ​ណា​មួយ​បាន​ក្លាយ​ជា​តួឯក​ក៏​ដោយ ក៏​តួឯក​រូប​នោះ​បាន​ដើរ​តួនាទី​ត្រឹម​ជា​តួឯក​និមិត្តរូប​ប៉ុណ្ណោះ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ឯង​បាន​ជា​លោកស្រី​អ៊ុង សានស៊ូជី​សម្រេច​ជ្រើស​យក​រូប​លោក​ទីន ចវ ហើយ​ជម្រើស​នេះ​ទៀត​សោត​ក៏​មិនមែន​ជា​ជម្រើស​ចៃដន្យ​ដែរ។ មិនមែន​ជា​ជម្រើស​ចៃដន្យ ព្រោះ​ទី១ លោក​ជា​មនុស្ស​ជិតដិត​ជាង​គេ​ម្នាក់ និង​ជា​មិត្តភក្តិ​ពី​កុមារភាព ទី២ លោក​ទីន ចវ​ជា​មនុស្ស​ដែល​លោកស្រី​ទុកចិត្ត។ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ភូមា អំណាច​ស្ថិត​ក្នុង​កណ្តាប់ដៃ​ប្រធានាធិបតី តែ​សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា តើ​លោក​ប្រធានាធិបតី​ថ្មី​ទីន ចវ​នឹង​ដើរ​តួនាទី​ពិត​របស់​ខ្លួន​ដោយ​មិន​ទទួល​ឥទ្ធិពល​ពី​អ្នក​ដទៃ​ដើម្បី​ធ្វើ​កំណែទម្រង់​ប្រទេស ឬ​មួយ​ក៏​គ្រាន់​ជា​តួអង្គ​និមិត្ត​មួយ​រងចាំ​តែ​អនុវត្តន៍​នូវ​អនុសាសន៍​របស់​អ្នក​ដទៃ ពិសេស​គឺ​លោកស្រី​អ៊ុង​សានស៊ូជី?

ក្រុម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​ភូមា​បាន​យល់​ឃើញ​ដូច​គ្នា​ពី​អត្តចរិត និង​មហិច្ឆិតា​របស់​លោកស្រី​អ៊ុង សានស៊ូជី​ដែល​មិន​ចូលចិត្ត​នៅ​ក្រោម​គេ និង​ស្តាប់​បញ្ជា​អ្នក​ដទៃ។ គឺ​ជា​ស្រ្តី​មួយ​រូប​ដែល​ចូលចិត្ត​គ្រប់គ្រង និង​ធ្វើ​ការងារ​ដោយ​ខ្លួន​តាំង​ពី​ការងារ​ធំដុំ​ដល់​ការងារ​កំប៉ិកកំប៉ុក។ ជាក់ស្តែង​ថ្មីៗ​នេះ លោកស្រី​បាន​ដឹកនាំ​សកម្មជន​ដើរ​ប្រមូលសម្រាម ឬ​មួយ​ក៏​គិតគូរ​ពី​ការ​រៀបចំ​អនាគត​លំនៅដ្ឋាន​របស់​អ្នកតំណាងរាស្រ្ត​ក្នុង​បក្ស​លោកស្រី​ជា​ដើម។ ក្នុង​នាម​ជា​ប្រធាន​បក្ស លោកស្រី​អ៊ុង​សានស៊ូជី​មិន​ញញើត​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ទេ។ មក​ដល់​ត្រង់​ចំណុច​នេះ​នាំ​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​លោក​ទីន ចវ​មិនមែន​កំពុង​ធ្វើ​ជា​ប្រធានាធិបតី​តុកតា​របស់​លោកស្រី​អ៊ុង សានស៊ូជី​ទេ ឬ​យ៉ាង​ណា?

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​អាច​ផ្តល់​ចម្លើយ​ណា​មួយ​ចំពោះ​សំណួរ​នេះ តែ​អ្វី​ដែល​គេ​អាច​ផ្តល់​ការ​យល់​ឃើញ​បាន​នោះ​គឺ​ថា ការ​ដើរ​តួនាទី​ជា​ប្រធានាធិបតី​ក្រៅ​របង​មិនមែន​ជា​សញ្ញា​ល្អ​ទេ​សម្រាប់​រូប​លោកស្រី​ផ្ទាល់ ក៏​ដូច​ជា​ប្រទេស​ភូមា។ អំណួត និង​មោទនភាព​ជ្រុលហួសហេតុ​របស់​លោកស្រី​អ៊ុង សានស៊ូជី​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ដំណើរ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី​របស់​ភូមា​​ដែល​ធ្លាប់​ស្ថិត​ក្រោម​របប​សឹក​អស់​រយៈពេល​ជិត ៥០ឆ្នាំ។ លោកស្រី​អ៊ុង សានស៊ូជី​អាច​ពិភាក្សា ពិគ្រោះយោបល់ និង​ឲ្យ​ជា​អនុសាសន៍​ខ្លះ​ចំពោះ​លោក​ទីន ចវ​ដែល​ជា​មនុស្ស​របស់​ខ្លួន តែ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជ្រុល​ហួស​ដែនកំណត់​ឡើយ។ បើ​ពុំ​នោះ​សោត​ទេ ប្រទេសភូមា​នឹង​មិន​ត្រឹម​ក្លាយ​ទៅ​ជា​វត្ថុ​នៃ​ការ​លេងសើច​ប៉ុណ្ណោះ​ទេ តែ​គឺ​ស្ថាប័ន​ប្រធានាធិបតី​តែ​ម្តង​ដែល​នឹង​ត្រូវ​ចុះខ្សោយ និង​គ្មាន​ប្រសិទ្ធភាព។

យ៉ាង​ណា​ក៏​ដោយ​នៅ​ចំពោះ​មុខ គ្មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ពី​ទង្វើ​ទាំង​អស់​នេះ​នៅ​ឡើយ​ទេ ហើយ​ការ​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​របស់​លោក​ទីន ចវ​ទៀត​សោត​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មជ្ឈដ្ឋាន​ទូទៅ​នៅ​ភូមា​ដែរ។ អ្វី​ដែល​គេ​កំពុង​រង់ចាំ​នៅ​ថ្ងៃ​ខាង​មុខ គឺ​ការ​ចូល​បំពេញ​ការងារ​របស់​លោក​ទីន ចវ​ដែល​ត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃទី១ មេសា​ខាង​មុខ ទន្ទឹម​គ្នា​នឹង​ការងារ​របស់​រដ្ឋាភិបាល​ថ្មី។ ទន្ទឹម​គ្នា​នេះ គ្រប់​គ្នា​ក៏​កំពុង​រង់ចាំ​អុត​មើល​ថា តើ​លោកស្រី​អ៊ុង សានស៊ូជី​នឹង​យល់ព្រម​ទទួល​តំណែង​រដ្ឋមន្រ្តី​ក្រសួង​ណា​មួយ ឬ​មួយ​ក៏​បន្ត​ស្ថិត​ជា​អ្នកតំណាងរាស្រ្ត​ដូច​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ