អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុន​ចង់​ចូលរួម​ផលិត​មីស៊ីល​ជាមួយ​អង្គការ​អាត្លង់ទិក អូតង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជប៉ុន​កំពុង​ចាប់អារម្មណ៍​ចង់​ចូលរួម​នៅក្នុង​កម្មវិធី​ផលិត​មីស៊ីល​បាញ់ របស់​អង្គការ​អូតង់។ តាម​ទីភ្នាក់ងារ​​ព័ត៌មាន​អង់គ្លេស Reuters ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តី​ការពារ​ជាតិ​ជប៉ុន និង​អាមេរិក ជប៉ុន​បាន​ទទួល​ការគាំទ្រ និង​ជំរុញ ពីទីក្រុង​វ៉ាស៊ីនតោន ឲ្យ​ចូលរួម​នៅក្នុង​គម្រោង​ផលិត​មីស៊ីល​របស់​អូតង់។ វ៉ាស៊ីនតោន​សង្ឃឹម​ថា ការចូលរួម​របស់​ជប៉ុន នៅក្នុង​អង្គការ​អូតង់ នឹង​បើកផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​អាច​ផ្តើម​សហការ​ផ្នែក​យោធា​ជាមួយ​ជាតិ​ដទៃ​ទៀត នៅ​អាស៊ី ដែល​នេះ មិន​ធ្លាប់​មាន​ទេ ចាប់​តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី ២។ 

មីស៊ីល sea sparrowរបស់​អូតង់ ដែល​ជប៉ុន​ចង់ចូលរួម​ផលិត​ជាមួយ
មីស៊ីល sea sparrowរបស់​អូតង់ ដែល​ជប៉ុន​ចង់ចូលរួម​ផលិត​ជាមួយ REUTERS/Handout/Files
ផ្សាយពាណិជ្ជកម្ម

កងទ័ព​ជប៉ុន​ចង់​ចូលរួម​នៅក្នុង​គម្រោង​ផលិត​មីស៊ីល​របស់​អូតង់។ គឺ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ដែល​បាន​ចុះ​ផ្សាយ​ដំណឹងនេះ ដោយ​បាន​ដកស្រង់​សំដី​របស់​មន្រ្តី​ជប៉ុន​ពីរ​រូប ដែល​និយាយ ប៉ុន្តែ សុំ​មិន​បញ្ចេញឈ្មោះ។ មន្រ្តី​ជប៉ុន​បាន​និយាយ​ថា កាលពី​ខែ​ឧសភា​កន្លងទៅ មន្រ្តី​កងទ័ព​ជើងទឹក​ជប៉ុន​បាន​ធ្វើដំណើរ​ទៅ​ចូលរួម​ កិច្ចប្រជុំ នៅទីក្រុង​ឡាអេ ដើម្បី ស្វែងយល់​ឲ្យ​បាន​ស៊ីជម្រៅ ពី​គម្រោង​ផលិត​មីស៊ីល របស់​អូតង់។

 
គម្រោង​ផលិត​មីស៊ីល Sea sparrow ដែល​ជំនាញ​ខាង​បាញ់​កប៉ាល់ចម្បាំង និង​យន្តហោះ ក្នុង​រយៈចម្ងាយ​ជិត ត្រូវ​បាន​បង្កើតឡើង នៅ​ឆ្នាំ ១៩៦៨ ទៅតាម​គំនិតផ្តួចផ្តើម​របស់​អាមេរិក។ គោលដៅ គឺ​អភិវឌ្ឍ​មីស៊ីល Sea sparrow ឲ្យ​កាន់តែ ទំនើប និង​មាន​ប្រសិទ្ធិភាព​ជា​ដរាប។ បច្ចុប្បន្ននេះ មាន​ប្រទេស​១២ ដែល​នៅក្នុង​នោះ ដឹកនាំ ដោយ​អាមេរិក​បាន​ចូលរួម​នៅក្នុង​គម្រោង​ផលិត​មីស៊ីល​ប្រភេទ​នេះ​របស់​អូតង់។ បើសិន ជប៉ុន​ចូលរួម​ចំណែក នៅក្នុង​គម្រោង​ផលិត​មីស៊ីល​ Sea sparrow​របស់​អូតង់ នោះ ប្រទេស​ចូលរួម​ផ្សេងទៀត ជាពិសេស អាមេរិក​នឹង​ឃើញ​សម្រាល​បន្ទុកចំណាយ​របស់ខ្លួន​ជា​ស្វ័យប្រវត្តិ។

នៅ​ឆ្នាំ ២០១៤ ប្រមុខ​រដ្ឋាភិបាល​ជប៉ុន បាន​ធ្វើ​ដំណើរ​ទីក្រុង​ព្រុចស៊ែល ដើម្បី​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង សហការ​ជាមួយ​អូតង់ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមចោរ​សមុទ្រ ឬ​ជួយ​សង្រ្គោះ​ ក្នុងករណី​មាន​គ្រោះមហន្តរាយ​ធម្មជាតិ។ ប៉ុន្តែ នេះ​ជាលើក​ទី​១ ដែល​ជប៉ុន​ចង់​សហការ​ផ្នែក​យោធា ជាមួយអូតង់។ ការប៉ុនប៉ង ចង់​ចូលរួម​របស់​កងទ័ព​ជប៉ុន នៅក្នុង​គម្រោង​ផលិត​មីស៊ីល​របស់​អង្គការ​អូតង់ រឹតតែ​បញ្ជាក់​ពី​មហិច្ឆតា​យោធា​របស់​នាយក​រដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ។ នៅ​ដើម​ឆ្នាំនេះ លោក​អាបេ មកពី​គណបក្ស​ជាតិ និង​អភិរក្ស​និយម បាន​ប្រកាស​បង្កើន​ថវិកា​យោធា ដល់ ៤២ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ ច្រើន មិនធ្លាប់ នៅក្នុង​រយៈពេល ៧០​ឆ្នាំ​ចុង​ក្រោយ។ នៅ​ឆ្នាំមុនវិញ រដ្ឋាភិបាល​របស់​លោក​អាបេ​ដដែល បាន​ប្រកាស​ដកចេញ បម្រាម ដែល​ហាម​មិន​ឲ្យ​ជប៉ុន លក់​អាវុធ ទៅបរទេស អស់ ៤​ទសវត្សរ៍​មកហើយ។ នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​ដកបម្រាម​លក់​អាវុធ​របស់​ជប៉ុន ដោយ​ប្រុងប្រយ័ត្ន​បំផុត គឺ​មិនធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ សន្តិភាព ដែល​នឹង​អាច​បង្ក​កំហឹង ប្រឆាំង​ពី​ក្រុមនិយម​សន្តិភាព ក្នុង​ប្រទេស នោះទេ។ ម្តងហើយ ម្តងទៀត នាយក​រដ្ឋមន្រ្តី​ជប៉ុន​បាន​និយាយ​ការពារ​នយោបាយ​របស់​លោកថា ត្រូវ​តែធ្វើ នៅក្នុង​កាលៈទេសៈ ដែល​ជប៉ុន​កំពុង​ប្រឈមនឹង​ការពង្រីកឥទ្ធិពល​យោធា​របស់​ទីក្រុង​ប៉េកាំង។

ដោយពិតទៅ សព្វថ្ងៃ​នេះ ក្រុមហ៊ុន​ក្នុង​ស្រុក​ជប៉ុន មាន​សមត្ថភាព​ផលិត​មីស៊ីល Sea sparrow​រួច​ទៅហើយ នៅក្រោម​កិច្ចព្រមព្រៀង សហការ​ផលិត​ជាមួយ អូតង់ និង​អាមេរិក។ ប៉ុន្តែ មីស៊ីល​Sea sparrow​របស់​ជប៉ុន​ត្រូវ​ផលិត​ឡើង សម្រាប់​តែ​កងទ័ព​ជប៉ុន​តែប៉ុណ្ណោះ គឺ​មិនអាច​ត្រូវ​នាំ​ចេញ​ទៅ​លក់​នៅ បរទេស​បានទេ។ តាម​មន្រ្តី​យោធា​អាមេរិក បើសិន​ជប៉ុន​ចូលរួម នៅក្នុង​គម្រោង​ផលិត​អាវុធ​របស់​អូតង់ នោះ​ជប៉ុន​ក៏​បាន​ប្រយោជន៍​ច្រើនដែរ ជាពិសេស ក្នុង​រឿង​នាំចេញ ទាំង​បច្ចេកវិទ្យា​យោធា និង​សព្វាវុធ ទៅលក់​នៅ​បរទេស។ ម្យ៉ាងទៀត អាមេរិក​ចង់​ឲ្យ​ជប៉ុន ចូលរួម នៅក្នុង​គម្រោង​ផលិត​មីស៊ីល​របស់​អូតង់ ក៏ព្រោះ​តែ​អាមេរិក​មើលឃើញ​ពី​សមត្ថភាព និង​សក្តានុពល​បច្ចេកវិទ្យា​យោធា​របស់​ជប៉ុន។ គេ​អាច​និយាយ​បាន​ថា អាមេរិក ចង់​ឃើញ​ជប៉ុន​ដើរតួ​សំខាន់ នៅក្នុង​គម្រោង​អភិវឌ្ឍន៍ បច្ចេកវិទ្យា សព្វាវុធ នៅ​អាស៊ី ដើម្បី យក​ទៅ​ទប់ទល់​នឹង​ចិន។ អាមេរិក​ដែលគាំទ្រ ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ពង្រីក​មុខមាត់​យោធា​នៅ​បរទេស ជា​អ្នកខ្នះខ្នែង​ជួយ​ឲ្យ​កងទ័ព​ជប៉ុន បាន​ទទួល​គម្រោង​សាងសង់​នាវា​មុជទឹក ឲ្យ​ប្រទេស​អូស្ត្រាលី។ អាមេរិក​ដែល​បែរ​ទៅ​បោះយុថ្កា យុទ្ធសាស្រ្ត​យោធា នៅ​អាស៊ី ចង់​បាន​ណាស់ ចង់​ឲ្យ​សម្ព័ន្ធមិត្ត​ទាំងពីរ​របស់ខ្លួន អូស្ត្រាលី និង​ជប៉ុន សហការ​គ្នា ផ្នែក​យោធា ដើម្បី ទប់ទល់​នឹង​មហាអំណាច​ចិន នៅ​អាស៊ី។

រដ្ឋាភិបាល​ជប៉ុន​វិញ ដែល​ទើប​ដក​រួចខ្លួន​ពី​ចំណង​ច្បាប់ និង​កំពុង​ឃើញ​ឱកាស​ហុចឲ្យ​យ៉ាងដូច្នេះ នៅ​បាន​បោះដៃ សហការ​ផ្នែក​យោធា​ជាមួយ​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ នៅ​ខែ​មិថុនា​មុន លោកនាយករដ្ឋមន្រ្តី​ជប៉ុន នៅ​បាន​យល់ព្រម​ជាមួយ​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​រឿងដោះដូរ បច្ចេកវិទ្យា​កងទ័ព និង​សព្វាវុធ​រវាង​ប្រទេស​ទាំង​ពីរ។ ចំណែក នៅ​ខែ​ឧសភា កន្លងទៅ លោក​នាយករដ្ឋមន្រ្តី​អាបេ បាន​យល់ព្រមព្រៀង ចាប់ផ្តើម​កិច្ចពិភាក្សា ដែល​និយាយ​ពី​ការផ្ទេរ​សម្ភារៈ និង​បច្ចេកវិទ្យា​យោធា ទៅ​ឲ្យ​ម៉ាឡេស៊ី ដែល​ជា​ភាគី​ជម្លោះ​ជាមួយ​ចិន នៅ​សមុទ្រ​ចិនខាងត្បូង មិន​ចាញ់​ហ្វីលីពីន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ