អានតួអត្ថបទ
ភូមា

គ្រោះរលំ​បាក់ដី​សម្លាប់ កម្មករ​ជីកត្បូង ភូមា ១០០នាក់

យ៉ាងហោច​ណាស់​មាន​កម្មករ​ជីកត្បូង​ភូមា ១០០​នាក់​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​គ្រោះថ្នាក់​រំលំ​បាក់​ដី ក្នុង​បរិវេណ​ការកន្លែង​ធ្វើ​អាជីវកម្ម​ជីក​ត្បូង​ថ្លើមថ្ម។ តាម​មន្រ្តី​មូលដ្ឋាន និង​ជា​ប្រធាន​ក្រុម​ជួយ​សង្រ្គោះ ព្រឹត្តិការណ៍​នេះ​បាន​កើតមាន​នៅ​យប់​ថ្ងៃ​សៅរ៍ទី ២១ វិច្ឆិកា នៅ​តំបន់​ដាច់ស្រយាល​ Hpakant ដែល​ស្ថិតនៅ ប៉ែក​ខាងជើង​ប្រទេស​ភូមា។ 

ប្រជាជន​ភូមា​ឈរ​មើល​សាកសព​កម្មករ​ជីក​ត្បូង​ថ្លើមថ្មដែល​ស្លាប់​នៅក្នុង​ការរលំបាក់​ដី​នៅ​តំបន់​Hpakant កាលពី​ថ្ងៃ​សៅរ៍​ទី ២១​វិច្ឆិកា ២០១៥
ប្រជាជន​ភូមា​ឈរ​មើល​សាកសព​កម្មករ​ជីក​ត្បូង​ថ្លើមថ្មដែល​ស្លាប់​នៅក្នុង​ការរលំបាក់​ដី​នៅ​តំបន់​Hpakant កាលពី​ថ្ងៃ​សៅរ៍​ទី ២១​វិច្ឆិកា ២០១៥ ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ទាំង​ក្រុមជួយសង្រ្គោះ​របស់​កាកបាទ​ក្រហម និង​ប៉ូលិស ទាហាន​ភូមា សស្រាក់ សស្រាំ​នៅ​ថ្ងៃ​អាទិត្យនេះ ដើម្បី ស្វែងរក​ជនរងគ្រោះ ដែល​អាច​កប់​នៅក្រោម​គំនរ​ដី​បាក់ កាលពី​ថ្ងៃ​សៅរ៍។ លោក​នីឡា មីន អ្នកទទួល​ខុសត្រូវ​រដ្ឋបាល​ភូមា នៅ​តំបន់ Hpakant បាន​និយាយ​ថា នៅក្រោម​គំនរ​ដីបាក់ គេ​រកឃើញ​តែ​សាកសព ដែល​រហូត​មកដល់​ថ្ងៃ​អាទិត្យ មាន​ចំនួន​យ៉ាងតិច ១០០​នាក់។

 
តាម​កាសែត​ក្នុង​ស្រុក​ភូមា គ្រោះថ្នាក់​បាន​កើតឡើង នៅពេល​ដែល​គំនរ​ដី ដែល​គេ​ចាក់គរ ដូចភ្នំ បាន​បាក់​រលំ សង្កត់​ទៅលើ​កូនផ្ទះ​របស់​​ កម្មករ​ជីក​ត្បូង​ភូមា ដែល​កំពុង លក់ ស្កប់ស្កល់ នៅ​យប់​ថ្ងៃ​សៅរ៍។ តំបន់ Hpakant ជាកន្លែង​ដែល​ប្រជាជន​ក្រីក្រ​ភូមា ចូល​ទៅ​ជីក រ៉ែង​ដី ដែល​គេ​ជឿថា នៅ​សល់​មាន​ត្បូង​ថ្លើមថ្ម ​នៅក្រោយ​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជីកត្បូង។

ភូមា ជា​ប្រទេស​ផលិត​ត្បូង ថ្លើមថ្ម​ច្រើន​ជាងគេ នៅលើ​ពិភពលោក។ នៅ​ឆ្នាំ ២០១៤ ភូមា​បាន​លក់​ត្បូង​ថ្លើមថ្ម តម្លៃ ២៧ពាន់​លាន​ដុល្លារ ទៅ​ទីផ្សារ​ពិភពលោក។ ចិន​ជា​ប្រទេស​នាំចូល​ត្បូង​ប្រភេទ​នេះ ពី ភូមា​ច្រើន​ជាងគេ ជាមួយ​នឹង​ការនាំចូល​ត្បូង​ថ្លើមថ្ម ដែល​មាន​តម្លៃ ១២​ពាន់​លាន​ដុល្លារ។ ចំណូល​បាន​មកពី​ត្បូង​ថ្លើមថ្ម​តំណាង​ឲ្យ​ពាក់​កណ្តាល​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ភូមា។ ប៉ុន្តែ តាម​អង្គការ​ការពារ​បរិស្ថាន Global Witness ការជីកយក​ត្បូង​ថ្លើមថ្ម​ភាគច្រើន​គឺ​ធ្វើឡើង មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ ខុសច្បាប់ និង​មិន​គោរព លក្ខខណ្ឌ​សន្តិសុខ។ តាម​អង្គការ​ Global Witness​ដដែល ទាំង​អាជ្ញាធរ និង​ក្រុមហ៊ុន​ជីកត្បូង បិទភ្នែក ធ្វើ​មិនដឹង មិនលឺ បណ្តោយ​ឲ្យ​ប្រជាជន​ភូមា រាប់ពាន់នាក់​ ដែល​ក្រីក្រ ចូល​ទៅ​រ៉ែងដី រកត្បូង​ថ្លើមថ្ម នៅ​កន្លែង​ចាក់ដី ដែល​គ្មាន​សុវត្ថិភាព។

អង្គការ​ការពារ​បរិស្ថាន Global Witness​នៅ​បាន​បរិហារ​ផងដែរ សកម្មភាព​ជីកយក​ត្បូង​យ៉ាងគំហុក​របស់​ក្រុមហ៊ុន​ឯកជន។ តាម​ Global Witness ការល្មោភ​របស់​ចិន ដែល​ចង់​បាន​ត្បូង​ថ្លើមថ្ម​របស់​ភូមា ជា​ដើមហេតុ​នៃ​ការកាប់​ព្រៃឈើ ដែល​ធ្លាប់​តែ​ខៀវស្រងាត់ នៅ​តំបន់​ Hpakant នៅ​ភូមា។ ម្យ៉ាងទៀត ត្បូង​ថ្លើមថ្ម​ដ៏​មាន​គុណភាព​របស់​ភូមា ក៏​ជាអ្នក​នាំ​ប្រាក់​ចំណូល​ដ៏​សំខាន់ សម្រាប់​ការរស់រាន​របស់​ក្រុមទ័ព​ឧទ្ទាម​កាឈីន ដែល​នៅ​តែ​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ ទាហាន​រដ្ឋាភិបាល​ភូមា។ មេបក្ស​ប្រឆាំង លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ទើប​ឈ្នះឆ្នោត ភូមា ធ្លាប់​បាន​សន្យា​ហើយថា នឹង​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ និង​កែលម្អ​សេដ្ឋកិច្ច​ភូមា​ឡើង​វិញ ជាពិសេស ក្នុង​រឿង​ឧស្សាហកម្ម​ត្បូង​ថ្លើមថ្ម​នេះ តែម្តង៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ