អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖រដ្ឋាភិបាល​ប្រកាស​បង្កើត​តុលាការយោធា​ដើម្បី​កាត់ទោស​ពួក​ភេរវជន

ប្រទេស​ប៉ាគីស្ថាន​នឹង​បង្កើត​ឲ្យ​មាន​តុលាការ​យោធា​មួយ​សម្រាប់​កាត់ទោស​ពួក​ភេរវជន នេះ​ជា​ព័ត៌មាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ ទី២៤ ធ្នូ នា​ឱកាស​កិច្ចប្រជុំ​ថ្នាក់ដឹកនំា​នយោបាយ​គ្រប់ជាន់​ក្នុង​គៅលដៅ​រៀបចំ​ផែនការជាតិ​មួយ​ប្រឆំាង​នឹង​ភេរវនិយម។ ការ​សម្រេច​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពី​មាន​ការវាយប្រហារ​សម្លាប់​រង្គាល​នៅ​ក្នុង​សាលារៀន​មួយ​ស្ថិត​ក្នុង​ទីក្រុង​ប៉េសាវ៉ា​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤៩នាក់ ក្នុង​នោះ​មាន​សិស្សសាលា ១៣៣នាក់។

លោកនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ណាវ៉ា ស្ហារី្វ
លោកនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន ណាវ៉ា ស្ហារី្វ Reuters/Larry Downing
ផ្សាយពាណិជ្ជកម្ម

គឺ​រូប​លោក​នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ណាវ៉ា ស្ហារី្វ​ផ្ទាល់​ខ្លួន​ដែល​បាន​បញ្ជាក់​ពី​ការ​បង្កើត​ឲ្យ​មាន​តុលាការ​យោធា​មួយ​ឡើង​សម្រាប់​កាត់ទោស​ពួក​ភេរវជន។ នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​នា​រំលង​អធ្រាត្រ​យប់​មិញ លោក​ណាវ៉ា ស្ហារី្វ​បាន​ថ្លែង​ពី​ឱកាស​ជា​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​កំចាត់​បណ្តាញ​ភេរវនិយម​ឲ្យ​ដល់​ឫសគល់។ យោង​តាម​លោក​ស្ហារី្វ តុលាការ​យោធា​នឹង​ត្រូវ​ដឹកនំា​ដោយ​មន្រ្តី​យោធា​ជាន់ខ្ពស់ និង​ថា គម្រោង​បង្កើត​តុលាការ​យោធា​ដើម្បី​កាត់ទោស​ពួក​ភេរវជន​ពេល​នេះ គឺ​ជា​វិធានការ​មួយ​ក្នុង​ចំណោម​វិធានការ​ចំនួន ១៧​ចំណុច​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម​ដែល​រដ្ឋាភិបាល​ត្រៀម​អនុវត្តន៍​ក្នុង​រយៈពេល ២ឆ្នំា។ ក្រៅ​ពី​នោះ ក៏​មាន​វិធានការ​បិទខ្ទប់​ការ​ឃោសនា​របស់​ពួក​ភេរវជន​នៅ​តាម​ប្រព័ន្ធ​អ៊ីនធ័រណេត និង​តាម​បណ្តាញ​សង្គម ព្រម​ទំាង​បិទខ្ទប់​ចំណូល​របស់​ក្រុម​ភេរវនិយម​ផង​ដែរ។

« ថ្ងៃអន្សា​របស់​ពួក​ភេរវជន​បាន​ឈាន​មក​ដល់​ហើយ និង​ដែល​ពួក​គេ​ត្រូវ​តែ​ទទួល​មេរៀន​ដ៏​ល្វីងជូរចត់​មួយ​ដោយ​ចៀស​មិន​រួច » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ណាវ៉ា ស្ហារ្វី។ សុន្ទរកថា​ព្រមាន​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​ប៉ាគីស្ថាន​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​សប្តាហ៍​បន្ទាប់​ពី​ពួក​ឧទ្ទាម​តាលីបង់​ប៉ាគីស្ថាន​បាន​វាយប្រហារ​នៅ​ក្នុង​សាលារៀន​មួយ​ស្ថិត​ក្នុង​ទីក្រុង​ប៉េសាវ៉ា​ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៤៩នាក់ ក្នុង​នោះ​មាន​សិស្សសាលា ១៣៣នាក់។ គួរ​រម្លឹក​ជូន​ថា ៣ថ្ងៃ ក្រោយ​ព្រឹត្តិការណ៍​សោកសៅ​នៅ​ប៉េសាវ៉ា​មក ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​បញ្ចេញ​ប្រតិកម្ម​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល ដោយ​បាន​ប្រកាស​ដាក់​មាន​ការ​អនុវត្តន៍​ឡើង​វិញ​នូវ​ទោសប្រហារ​ជីវិត​សម្រាប់​ពួក​ភេរវជន។ ទោសប្រហារ​ជីវិត​ដែល​ប៉ាគីស្ថាន​បាន​ព្យួរ​ចោល​តំាង​ពី​ឆ្នំា ២០០៨ មក​ម្ល៉េះ។

គ្រាន់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​កន្លង​ទៅ​ថ្មីៗ​នេះ រដ្ឋអំណាច​បាន​ប្រហារជីវិត​ដោយ​ព្យួរ ក អ្នកមាន​ទោសប្រហារ​ជីវិត​ចំនួន ៦នាក់ និង​បាន​ប្រកាស​ឲ្យ​ដឹង​ថា នឹង​មាន​ការ​ព្យួរ ក ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ។ សូមជម្រាប​ជូន​ថា​សព្វថ្ងៃ​នេះ មាន​អ្នកទោស​ទទួល​ទោសប្រហារ​ជីវិត​ពី​បទភេរវនិយម​ប្រមាណ​ជា ៥០០នាក់​កំពុង​ជាប់​ក្នុង​គុក ដោយ​រង់ចំា​ថ្ងៃ​ព្យួរ ក របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ