អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖តុលាការកំពូល​បាន​ព្យួរ​សេចក្តីសម្រេច​របស់​តុលាការយោធា​ក្នុង​ការ​ប្រហារជីវិត​អ្នកទោស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា តុលាការកំពូល​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​ចេញ​មុខ​ជំទាស់​នឹង​ការ​សម្រេចចិត្ត​បស់​តុលាការយោធា​ដែល​បញ្ជា​ឲ្យ​ប្រហារជីវិត​អ្នក​មាន​ទោស​ប្រហារជីវិត​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​បាញ់ប្រហារ​នៅ​សាលា​យោធា​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​កាល​ពី​ខែ​មករា​កន្លង​ទៅ។ គួរ​រម្លឹក​ជូន​ថា ប៉ុន្មាន​សប្តាហ៍ ក្រោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ​ក្នុង​សាលាយោធា​នៅ​ប៉េស្ហាវ៉ា​មក សភា​ប៉ាគីស្ថាន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ដោយ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​តុលាការយោធា​ពិសេស​ឡើង​សម្រាប់​កាត់ក្តី​រឿងរ៉ាវ​ទាក់ទង​នឹង​​ភេរវនិយម។

ផ្សាយពាណិជ្ជកម្ម

គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​កាល​ពី​ខែ​មករា​កន្លង​ទៅ ជនប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ចូល​បាញ់​ប្រហារ​នៅ​ក្នុង​សាលាយោធា​មួយ​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ១៥០នាក់ ក្នុង​នោះ​មាន​សិស្សសាលា​ជាង ១៣០នាក់។ ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ​ភ្លាម រដ្ឋាភិបាល​ក៏​បាន​ចាត់​វិធានការ​ចាស់ដៃ​ដោយ​សម្រេច​បង្កើត​ឲ្យ​មាន​តុលាការ​យោធា​សម្រាប់​កំចាត់​បណ្តាញ​ឧទ្ទាម​ឲ្យ​ដល់​ឫសគល់។ ជាក់ស្តែង​នៅ​ដើម​ខែ​មេសា​នេះ តុលាការ​យោធា​បាន​កាត់ទោស​ប្រហារ​ជីវិត​ជន​ឧទ្ទាម​សង្ស័យ​ចំនួន ៦នាក់ និង​ដាក់​គុក​មួយ​ជីវិត​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទង្វើ​ភេរវនិយម។ គួរ​បញ្ជាក់​ជូន​ថា ដំណើរការ​កាត់​ទោស​នោះ​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ហើយ​គេ​ក៏​មិន​ដឹង​ថា តើ​ជនជាប់​ចោទ​ទំាង​នោះ​បាន​ចោទ​ប្រកាន់​ពី​បទ​អ្វី​ខ្លះ​ទេ។

ក៏​ប៉ុន្តែ និង​ដោយ​ផ្អែក​លើ​បណ្តឹង​តវ៉ា​របស់​សមាគម​ក្រុមមេធាវី​នៃ​តុលាការកំពូល​ដែល​ប្រឆំាង​នឹង​ធម្មនុញ្ញភាព​របស់​តុលាការយោធា ចៅក្រម​ទំាង ១៧រូប​នៃ​តុលាការកំពូល​ក៏​បាន​ចេញ​មុខ​ព្យួរ​សេចក្តីសម្រេចចិត្ត​របស់​តុលាការយោធា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា។ តុលាការកំពូល​បាន​បញ្ជាក់​ថា អ្នកទោស​ដែល​កាត់ទោស​ដោយ​តុលាការ​យោធា​មាន​សិទ្ធិ​ប្តឹងឧទ្ទរណ៍។ ទន្ទឹម​គ្នា​នេះ លោក​អាស្មា យ៉ាហានយា មេធាវី​ដ៏​មាន​ឥទ្ធិពល និង​ជា​សកម្មជន​សិទ្ធិមនុស្ស​ក៏​បាន​ដាក់​បណ្តឹង​តវ៉ា​ពី​ដំណើរការ​កាត់​ដោយ​សម្ងាត់​របស់​តុលាការយោធា និង​ការ​វិនិច្ឆ័យទោស​គ្មាន​តម្លាភាព។ ម្យ៉ាង​ទៀត លោក​អាស្មា​ក៏​បាន​បន្ថែម​ថា លោក​នឹង​បន្ត​ប្រឆំាង​នឹង​ការ​កាត់ទោស​លើ​ជន​សង្ស័យ​ផ្សេង​ទៀត ប្រសិន​បើ​លោក​គិត​ថា​តុលាការយោធា​បាន​រំលោភ​សិទ្ធិមនុស្ស។

គួរ​រម្លឹក​ជូន​ថា សភា​បាន​ផ្តល់​សុពលភាព​ឲ្យ​តុលាការយោធា​មាន​ដំណើរការ​រយៈ​ពេល​២ឆ្នំា។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន យោធា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ថាប័ន​ដែល​មាន​អំណាច​ខ្លំាង ហើយ​អំណាចយោធា និង​​អំណាចស៊ីវិល​បាន​ប្រជែងកម្លំាង​គ្នា​ជាប់​ជា​ប្រចំា។ ក្រោយ​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នំា ១៩៤៧ មក ប៉ាគីស្ថាន​ស្គាល់​តែ​ជម្លោះ​ផ្ទៃក្នុង និង​រដ្ឋប្រហារ​យោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ