អានតួអត្ថបទ
ចិន

ការបំផ្ទុះគ្រាប់ផ្ទួនៗ​គ្នា សម្លាប់​មនុស្ស​៧នាក់ នៅ​ប្រទេស​ចិន

នៅ​ភាគខាងត្បូង ​ប្រទេស​ចិន កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី ៣០​កញ្ញា មាន​ការផ្ទុះគ្រាប់​​ផ្ទួនៗ​គ្នា ជាច្រើន​កន្លែង​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​​ស្លាប់ ៧​នាក់ បាត់ខ្លួន ២នាក់ និង​របួស ជាង​៥០​នាក់។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ ប៉ូលិស​ក្រុង លុយឆេង ដែល​ស្ថិតនៅក្នុង​ខេត្ត​ស្វយ័ត​ក្វាងស៊ី។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី នៅ​ថ្ងៃ​តែមួយ មាន​ករណី​បំផ្ទុះ​គ្រាប់​ជាង​១៥ នៅតាម​​ស្ថាប័ន និង​កន្លែង​សាធារណៈ​ក្នុង​ទីក្រុង​​លុយឆេង។ ព្រឹត្តិការណ៍​នេះ​កើត​ឡើងតែ​នៅមួយថ្ងៃ​មុន ប្រជាជន​ចិន​រៀបចំ​បុណ្យ​ជាតិដែល​ត្រូវចាប់ផ្តើម​នៅ​ថ្ងៃ​​ព្រហស្បតិ៍ទី ១​តុលានេះ។ 

អគារ​បាក់​ស្រុត​ដោយ​កម្លាំង​គ្រាប់​ផ្ទុះ នៅថ្ងៃ​ទី​៣០​កញ្ញា ២០១៥ ក្នុង​ខេត្ត​ក្វាងស៊ី ភាគខាងត្បូង​ប្រទេស​ចិន
អគារ​បាក់​ស្រុត​ដោយ​កម្លាំង​គ្រាប់​ផ្ទុះ នៅថ្ងៃ​ទី​៣០​កញ្ញា ២០១៥ ក្នុង​ខេត្ត​ក្វាងស៊ី ភាគខាងត្បូង​ប្រទេស​ចិន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

យោងតាម​វិទ្យុជាតិ​ចិន កញ្ចប់​ឥវ៉ាន់​មាន​បង្កៃ​​គ្រាប់ផ្ទុះ​បាន​ផ្ទុះនៅ​រសៀល​ថ្ងៃ​ពុធ នៅតាម​​កន្លែង​ចំនួន ១៣​ផ្សេងៗ​គ្នា ដូចជា​នៅ​ផ្សារ​ទំនើប មន្ទីរពេទ្យ ពន្ធនាគារ អគារ​រដ្ឋាភិបាល និង​ស្ថានីយ៍​រថយន្ត​ក្រុង ដែល​ស្ថិតនៅ​កណ្តាល និង​ជាយក្រុង​លុយឆេង ក្នុង​ខេត្ត​ក្វាងស៊ី ដែល​ស្ថិតនៅ​ក្បែរ​ព្រំដែន​ចិន ជាមួយ​ប្រទេស​វៀតណាម។ នៅ​ថ្ងៃ​ដដែល គេ​នៅ​បាន​រាយការណ៍​ទៅ​ប៉ូលិស ពី​កញ្ចប់​ឥវ៉ាន់​ជាង​៦០​ ផ្សេងទៀត ដែល​គេ​សង្ស័យថា មាន​បង្កប់​គ្រឿង​ផ្ទុះ។

 
​រូបថត ដែល​គេឃើញ​ចាក់​ផ្សាយ​នៅ​តាម​​ទូរទស្សន៍​រដ្ឋ​ចិន បាន​បង្ហាញ​ពី​ទំហំ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ ដែល​បណ្តាល​​មកពី​​​កម្លាំង​ខ្លាំង​របស់​​គ្រាប់ផ្ទុះ​​ ដូចជា​អគារ​បាក់​ស្រុត​ចុះ គំនរ​អគារ​បាក់បែក ខ្ចរខ្ចាយ​ទៅលើ​ផ្លូវ ឬ​រថយន្ត​​ដែល​ប៉ើង​ផ្ងារជើង​ជាដើម។

តាម​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិ​ដ្ឋ​របស់​ក្រសួង​សន្តិសុខ​រដ្ឋ​ចិន ដែល​ដកស្រង់​​ដោយ​កាសែត​ក្នុង​ស្រុក​ចិន នៅក្រោយ​ហេតុការណ៍​បំផ្ទុះគ្រាប់​ប៉ូលិស​បាន​ឃាត់​ខ្លួន​ជនសង្ស័យ ម្នាក់ អាយុ ៣៣​ឆ្នាំ ដែល​ជា​ប្រជាជន​រស់នៅក្រុង​លុយឆេង។  តើ​ការបំផ្ទុះគ្រាប់​នៅ​ច្រើន​កន្លែងបែបនេះ ជាសកម្មភាព​ភេរវកម្ម ឬ​ជាទង្វើ​ធ្វើឡើង​​ដោយ​ជន​អស់សង្ឃឹម​។ តាម​កាសែត​ក្នុង​ខេត្ត​ក្វាងស៊ី​ អ្នកទទួល​ខុសត្រូវប៉ូលិស​ចិន បាន​ចាត់ទុក​សកម្មភាព​បំផ្ទុះគ្រាប់​ថា បទ​ឧក្រិដ្ឋ ប៉ុន្តែ មិនមែន​ជា​ភេរវកម្ម​នោះទេ។

នៅ​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ចិន​ឧស្សាហ៍​រង​ការវាយប្រហារ​ មិនថា ដោយ​ក្រុម​ប្រើកាំបិត​ចាក់​សម្លាប់​មនុស្ស អំពើភេរវកម្ម​សំដៅ​ផ្សារ ឬ​ស្ថានីយ៍​រថភ្លើង។ ប្រជាជន​ចិន​មួយចំនួន​ក៏​ធ្លាប់​ប្រើ​គ្រឿង​ផ្ទុះ វាយប្រហារ​ទៅលើ​អគារ​រដ្ឋ ឬ​​កន្លែង​សាធារណៈ ដែល​ពួកគេ​ចាត់ទុក​ថា ជាអ្នកធ្វើ​ឲ្យ​ពួកគេ​រងគ្រោះ​យ៉ាង​អយុត្តិធម៌​បំផុត​នោះ។ ព្រឹត្តិការណ៍​បំផ្ទុះគ្រាប់​តាមរយៈ​កញ្ចប់​ឥវ៉ាន់ កើតឡើង នៅមួយ​ថ្ងៃ​មុន​​ប្រជាជន​ចិន​ត្រូវ​ឈប់​សម្រាក នៅ​ឱកាស​បុណ្យ​ជាតិ។ ១​តុលា ជា​ថ្ងៃរំលឹក​ខួប​​កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ម៉ៅសេទុងបាន​ប្រកាស​​​បង្កើតឡើង នៅ​​ឆ្នាំ១៩៤៩។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ