អានតួអត្ថបទ
ចិន

ក្រុម​ជន​បិទ​មុខ​ចូលចាក់​សម្លាប់​ប្រជាជន​ចិន នៅ​គុនមីង

នៅស្ថានីយ៍​រថភ្លើង ក្នុង​ខេត្ត​គុនមីង ដែល​ស្ថិតនៅ​ភាគនិរតី​ប្រទេស​ចិន ក្រុមឧក្រិដ្ឋ​មួយ​ក្រុម​បាន​ចូល​ចាក់សម្លាប់​ក្រុម​អ្នកធ្វើដំណើរ កាលពី​យប់​ថ្ងៃ​សៅរ៍​ ទី ១ មីនា។ យ៉ាងហោច មនុស្ស​២៩នាក់​ត្រូវ​គេ​ចាក់សម្លាប់ និង​មនុស្ស​ច្រើន​ជាង ១៣០​ត្រូវ​រងរបួស ក្នុង​ការវាយប្រហារ។ អាជ្ញាធរ​ចិន​បាន​ចាត់ទុក​សកម្មភាព របស់​ជនល្មើស ថា ជា​ភេរវកម្ម និង​ដែល​មាន​ក្រុមជាតិ​អ៊ុយហ្គួរ​នៅ​ស៊ីនជាំង ជាអ្នកនៅពីក្រោយ​។

ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ខេត្ត​គុនមីងត្រូវ​បិទ​បន្ទាប់ពី​ក្រុម​បិទ​មុខ​ចូល​ចាក់សម្លាប់​មនុស្ស​ប្រមាណ ២៩​នាក់ កាលពីថ្ងៃ​សៅរ៍​ទី ១ មីនា
ស្ថានីយ៍​រថភ្លើង​មួយ​នៅ​ខេត្ត​គុនមីងត្រូវ​បិទ​បន្ទាប់ពី​ក្រុម​បិទ​មុខ​ចូល​ចាក់សម្លាប់​មនុស្ស​ប្រមាណ ២៩​នាក់ កាលពីថ្ងៃ​សៅរ៍​ទី ១ មីនា ©REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ភាព​ជ្រួលច្របល់​បានផ្ទុះ​ឡើង នៅ​ស្ថានីយ៍​មួយ ក្នុង ខេត្ត​គុនមីង នៅពេល​ជនមួយក្រុម ​ក្នុង​សំលៀកបំពាក់​ខ្មៅ ពាក់​ក្រណាត់​បាំងមុខ បាន​ដើរ​ចូល​ចាក់​ក្រុម​អ្នកធ្វើ​ដំណើរ​ជនជាតិ​ចិន ដែល​កំពុង​តំរង់ជួរ​ទិញសំបុត្រ​រទេះភ្លើង នៅ​យប់​ថ្ងៃ​សៅរ៍ ទី ១ មីនា។ យោងតាម ជនរងគ្រោះ និង​សាក្សី ក្រុមមនុស្ស​អាវខ្មៅ​ដែលកាន់​កាំបិត ​ស ​វែង ដើរ​សំដៅ​ចាក់សម្លាប់​មនុស្ស ដោយ​មិន​រើសមុខ។

 
តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិនថ្មី មនុស្ស​២៩​នាក់​បាន​ស្លាប់​នៅក្នុង​ថ្លុកឈាម ចំណែក មនុស្ស​ជាង​១៣០​នាក់​រងរបួស និង​ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ នៅកន្លែង​កើតហេតុ ប៉ូលិស​បាន​បាញ់​សម្លាប់​ជនឧក្រិដ្ឋ​បួននាក់។ ភ្លាមៗ ប៉ូលិស​ចិន​បាន​ចោទ ទម្លាក់កំហុស​ព្រឹត្តិការណ៍​នៅយប់​ថ្ងៃ​សៅរ៍ ថា ជាស្នាដៃ​របស់​ក្រុម​បំបែកខ្លួន​អ៊ុយហ្គួរ​នៅ​ខេត្ត​ស៊ីនជាំង។

ប្រជាជន​អ៊ុយហ្គួរ​បាន​អះអាង​ថា ខ្លួន​រងគ្រោះ​ដោយសារ​អាជ្ញាធរ​ចិន ដែល​កំពុង​ដើរ​នយោបាយ​​បង្រ្កាប បិទសិទ្ធិ​ទាំង​ទៅលើ​វប្បធម៌ និង​សាសនា​របស់​ជនជាតិ​អ៊ុយហ្គួរ។ ចាប់​តាំង​ពី ​មាន​អំពើហិង្សា ​សម្លាប់​មនុស្ស​១៩៧​នាក់ នៅ​ស៊ីនជាំង កាលពី​ឆ្នាំ ២០០៩ ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​ត្រូវ​អាជ្ញាធរ​ចិន ដៅជាមុខ​សញ្ញា និង​តែងតែ​ចោទប្រកាន់​ទៅលើ​ពួកគេ ពីបទ​បង្ក​អំពើ​ភេរវកម្ម និង​អំពើហិង្សា នៅ​ខេត្ត​ស៊ីនជាំង។

កាលពី​ខែ​តុលា​កន្លងទៅ ប៉ូលិស​បាន​ចោទ​ក្រុម​អ៊ុយហ្គួរ​ជ្រុលនិយមថា ជាអ្នកបង្ក​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ប៉េកាំង ដែល​កាលណោះ​បាន​បំផ្ទុះ​រថយន្ត និង​សម្លាប់​មនុស្ស​២​នាក់ និង​របួស ៤០​នាក់ នៅ​ទីលាន​ធានអានមេន។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មីវិញ បាន​ដកស្រង់​សំដី​របស់​អាជ្ញាធរ​ដែល​បាន​ចាត់ទុក​អំពើ​ហិង្សា​កាលពីថ្ងៃ​ម្សិលមិញថា ជា​ការវាយប្រហារ​ភេរវកម្ម ដែល​ធ្វើឡើង និង​រៀបចំ ទុកមុន ដោយ​ក្រុម​ជន​ប្រដាប់​អាវុធ​មិនស្គាល់មុខ។

ព្រឹត្តិការណ៍​ចាក់សម្លាប់​មនុស្ស នៅ​ខេត្ត​គុនមីង កើតឡើង ​តែ​នៅ​ពីរថ្ងៃ​មុននៃ​ការបើក​សម័យ​ប្រជុំ​ពេញអង្គ​ប្រចាំឆ្នាំ​របស់​សភា​ចិន ដែល​ត្រូវ​បើកធ្វើ​នៅ​ថ្ងៃ​ទី ចន្ទ​ស្អែក។ លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បង្កើន ការងារ​ទ្វេ ក្នុង​ការស៊ើបអង្កេត​ទៅលើការសម្លាប់​មនុស្ស នៅ​គុនមីង ដើម្បី​ស្វែងរក​ចាប់​ក្រុម​ជនដៃដល់​យក​មក​ថ្កោលទោស​តាមច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ