អានតួអត្ថបទ
ជប៉ុន

លោក​ស្ហ៊ីនហ្សូអាបេ​សន្យា​ថា​ជប៉ុន​នឹង​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ

នៅថ្ងៃ​អាទិត្យ​នេះ ជប៉ុន​រំឭកខួប​ទី៧០​ឆ្នាំ នៃ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក គឺ​គ្រាប់បែក​នុយក្លេអ៊ែរ​ទី២ ទម្លាក់​លើ​ក្រុង​ណាហ្កាសាគី កាល​ពីថ្ងៃ​ទី៩​សីហា​ឆ្នាំ​១៩៤៥ ដែល​ជំរុញ​ឲ្យ​ជប៉ុន​ប្រកាស​ចុះចាញ់​សង្រ្គាម​លោក​លើកទី២។ នៅ​ក្នុង​ឱកាស​នេះ​ លោក​ស្ហ៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ប្រកាស​សន្យា​សាជាថ្មី​ម្តងទៀត​​ថា ជប៉ុន​នឹង​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ​​ជាដាច់ខាត។

Japan's Prime Minister Shinzo Abe offers a flower wreath for the victims of the 1945 atomic bombing in Nagasaki
Japan's Prime Minister Shinzo Abe offers a flower wreath for the victims of the 1945 atomic bombing in Nagasaki REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

 

ពិធីរំឭកខួប៧០ឆ្នាំ នៃ​ការ​ទម្លាក់គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ណាហ្កាសាគី ត្រូវ​បាន​រៀបចំ​ធ្វើឡើង នៅ​ក្នុង​សួន​សន្តិភាព​ណាហ្កាសាគី ក្រោម​អធិបតីភាព​របស់​លោក​ស្ហ៊ីនហ្សូ អាបេ និង​ដោយ​មាន​ការ​ចូលរួម​ពី​តំណាងរដ្ឋាភិបាល​បរទេស​ជាច្រើន ក្នុងនោះ​ក៏​រួមមាន​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោកស្រី​ការ៉ូលីន កេណេឌី ផងដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោក​ស្ហ៊ីនហ្សូ អាបេ បាន​លើកឡើង​ថា “ក្នុងឋានៈ​ជា​ប្រទេស​តែមួយគត់​ក្នុង​ប្រវត្តិសាស្រ្ត ដែល​រងគ្រោះ​ដោយ​អាវុធ​នុយក្លេអ៊ែរ ជប៉ុន​នឹង​ដើរតួនាទី​នាំមុខគេ ក្នុងការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​អស់​ពីពិភពលោក ហើយ​ជប៉ុន​នឹង​នៅតែ​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​គ្មាន​នុយក្លេអ៊ែរ​ទាំងបី”។

គួរបញ្ជាក់ថា “គោលការណ៍​គ្មាន​នុយក្លេអ៊ែរ​ទាំងបី” ​ដែល​ជប៉ុន​តែងតែ​ប្រកាន់​យក​តាំង​ពី​ឆ្នាំ​១៩៦៧​មកនោះ រួមមាន ទីមួយ ជប៉ុន​នឹងមិន​កាន់កាប់​អាវុធ​នុយក្លេអ៊ែរ ទីពីរ ជប៉ុន​នឹង​មិន​ផលិត​អាវុធ​នុយក្លេអ៊ែរ (ទោះជា​ផលិត​សម្រាប់​ប្រើ​ខ្លួនឯង ឬ​សម្រាប់​អ្នក​ដទៃ) និង​ទីបី ជប៉ុន​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដទៃ​យក​អាវុធ​នុយក្លេអ៊ែរ​ចូល​មក​ក្នុង​ប្រទេស។

កាលពី​ក្នុង​ឱកាស​រំឭកខួប​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃ​សុក្រ​កន្លងទៅ លោក​ស្ហ៊ីនហ្សូ អាបេ ក៏​បាន​បង្ហាញ​ពី​ជំហរ​ប្រឆាំង​នឹង​អាវុធ​នុយក្លេអ៊ែរ​នេះ​ដែរ ក៏ប៉ុន្តែ មិន​បាន​បញ្ជាក់​ច្បាស់ៗ អំពី​គោលការណ៍ទាំង៣ ដែល​ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​​ពី​សាធារណមតិ​ជប៉ុន។ ការ​រិះគន់​នេះ​កើតមាន​កាន់តែ​ខ្លាំង គឺ​ដោយសារ​តែ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​លើកឡើង កាល​ពីថ្ងៃ​ពុធ​ថា សេចក្តីព្រាង​ច្បាប់​ថ្មី ​ដែល​​​សភា​ជប៉ុន​កំពុង​ពិនិត្យ​នៅ​ពេល​បច្ចុប្បន្ន​នេះ អាច​នឹង​បើក​ផ្លូវ​ឲ្យ​កងទ័ព​ជប៉ុន​ធ្វើការ​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ សម្រាប់​ប្រទេស​សម្ព័ន្ធមិត្ត។

សេចក្តីព្រាងច្បាប់​នេះ ដែល​រៀបចំ​ឡើង​ដោយ​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុងគោលដៅ​បន្ធូរបន្ថយ​ការ​រឹតត្បឹត​នៃ​រដ្ឋធម្មនុញ្ញ​សន្តិភាព​និយម​លើ​កងទ័ព​ជប៉ុន ក៏​ជា​ប្រធានបទ​នៃ​ការ​រិះគន់​យ៉ាងខ្លាំងៗ​ផងដែរ នៅ​ក្នុង​ឱកាស​រំឭកខួប​នៅ​ណាហ្កាសាគី នៅថ្ងៃ​អាទិត្យ​នេះ។ ថ្លែង​នៅ​​ចំពោះ​មុខ​លោក​ស្ហ៊ីនហ្សូ អាបេ ក្នុង​ពិធី​រំឭកខួប​នេះ អភិបាលក្រុង​ណាហ្កាសាគី និង​អ្នក​រស់រានមានជីវិត​ពី​គ្រាប់បែក​នុយក្លេអ៊ែរ​បាន​លើកឡើង​ថា គោលការណ៍​សន្តិភាពនិយម ដែល​ជប៉ុន​តែងតែ​ប្រកាន់​យក​អស់រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នេះ អាច​នឹង​ត្រូវ​បំផ្លិចបំផ្លាញ ដោយ​​ច្បាប់ថ្មី​របស់​លោក​ស្ហ៊ីនហ្សូ អាបេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ