អានតួអត្ថបទ
ជប៉ុន

រលក​តវ៉ា​របស់​ប្រជាជន និង​អ្នកតំណាងរាស្រ្ត​ដែល​​ប្រឆាំង​​នឹង​​ច្បាប់​ការពារ​ជាតិ​ថ្មី​របស់​លោក​អាបេ

គណៈកម្មការ​សភា​ជាតិ​ជប៉ុន នៅថ្ងៃ​ពុធទី ១៥​​កក្កដា ២០១៥ បាន​បោះឆ្នោត​អនុម័ត សេចក្តី​ព្រាងច្បាប់​ឈ្មោះ សន្តិសុខ ដែល​ស្នើឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ។ សេចក្តីព្រាង​ច្បាប់​ថ្មី ដែល​នឹង​បើកភ្លើង​ខៀវ​ឲ្យ​កងទ័ព​ជប៉ុន​មាន​សិទ្ធិ​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ​អន្តរាគមន៍ ក្នុង​ជម្លោះ អន្តរជាតិ ត្រូវ​រង​ទទួល​ការរិះគន់ ពី​ក្រុម​អ្នកស្រឡាញ់​សន្តិភាព នៅ​ជប៉ុន។

នៅថ្ងៃ​អង្គារ​ទី ១៤​កក្កដា ប្រជាជន​ជប៉ុន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ដែល​មាន​ចែង ពីការពង្រីក​តួនាទី​កងទ័ព​ជប៉ុន នៅ​បរទេស
នៅថ្ងៃ​អង្គារ​ទី ១៤​កក្កដា ប្រជាជន​ជប៉ុន​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​ដែល​មាន​ចែង ពីការពង្រីក​តួនាទី​កងទ័ព​ជប៉ុន នៅ​បរទេស ©REUTERS/Issei Kato
ផ្សាយពាណិជ្ជកម្ម

ចលនា​ប្រឆាំង​នឹង​នយោបាយ​ការពារ​ជាតិ​និយម​របស់​លោក​នាយករដ្ឋមន្រ្តី​ស៊ីនហ្សូ អាបេ មាន​កាន់តែ​ច្រើន នៅក្នុង​ប្រទេស​ជប៉ុន។ នៅ​ទីក្រុង​តូក្យូ ប្រជាជន​ជប៉ុន ដែល​មាន​តាំង​ពី​និស្សិត និង​មនុស្ស​ចាស់ ប្រមាណ ២ម៉ឺននាក់​បាន​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់​ការពារ​ជាតិ ដែល​លោក នាយករដ្ឋមន្រ្តី ជប៉ុន​បាន​ដាក់​ស្នើ​ឲ្យ​គណៈកម្មការ​សភា​ជាតិ​អនុម័ត នៅថ្ងៃ​ពុធនេះ។

 
សេចក្តីព្រាង​ច្បាប់​ការពារជាតិ​ថ្មី មាន​និយាយ​ពី​ការបកស្រាយ​រដ្ឋធម្មនុញ្ញ​សន្តិភាព ដើម្បី​ពង្រីកដែន តួនាទី​កងទ័ព​ជាតិ​ជប៉ុន ដែល​បច្ចុប្បន្ន នេះ មាន​សិទ្ធិ​ត្រឹមតែ​ស្វ័យការពារ​ប៉ុណ្ណោះ។ តាម​សេចក្តីព្រាង​ច្បាប់​ថ្មី ជប៉ុន​នឹង​អាច​បញ្ជូន​កងទ័ព​ទៅ​ជួយ​សម្ព័ន្ធមិត្ត ដូចជា​អាមេរិក នៅក្នុង​ជម្លោះប្រដាប់​អាវុធ ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ដែនដី​ជប៉ុន។ លោក​ស៊ីនហ្សូ អាបេ​មក​ពី​ក្រុម​ជាតិ និង​អភិរក្ស​និយម បាន​និយាយ​ការពារ​ច្បាប់​ការពារ​ជាតិ​ថ្មី​ថា មាន​សារៈសំខាន់ ដើម្បី​ទប់ទល់ ប្រឈម​នឹង​គ្រោះថ្នាក់ ជាពិសេស នៅក្នុង​កាលៈទេសៈ ដែល​ចិន ដែល​កំពុង​បង្កើន​អំណាច​យោធា​កាន់តែ​ខ្លាំង នៅក្នុង​តំបន់។
 

ប្រធាន​គណៈកម្មការ​សន្តិសុខ​របស់ព្រឹទ្ធសភា​ឡោមព័ទ្ធ​ដោយ​សមាជិក​ព្រឹទ្ធសភា​ដែល​ប្រឆាំង នឹង​ច្បាប់​ថ្មី ស្តីពីការពារ​ជាតិ​ជប៉ុននៅ​ថ្ងៃ​ទី​១៥​កក្កដា ២០១៥
ប្រធាន​គណៈកម្មការ​សន្តិសុខ​របស់ព្រឹទ្ធសភា​ឡោមព័ទ្ធ​ដោយ​សមាជិក​ព្រឹទ្ធសភា​ដែល​ប្រឆាំង នឹង​ច្បាប់​ថ្មី ស្តីពីការពារ​ជាតិ​ជប៉ុននៅ​ថ្ងៃ​ទី​១៥​កក្កដា ២០១៥ ©REUTERS/Toru Hanai

បន្ទាប់​ពី​ភ្លើងខៀវ​របស់​គណៈកម្មការ​សភា សេចក្តីព្រាង​ច្បាប់ ថ្មី នឹង​ត្រូវ​ដាក់​ជូន​ទៅ​សភា ឲ្យ​បោះឆ្នោត​អនុម័ត នៅ​សប្តាហ៍​នេះ។ គេ​រំពឹង​ថា រដ្ឋាភិបាល​​ចម្រុះ របស់​លោក​អាបេ ដែល​មាន​សំឡេង​ភាគច្រើន ទាំង​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា នឹងគ្មាន​ជួប​ឧបសគ្គ​ដើម្បី​ធ្វើ​ឲ្យ​សេចក្តីព្រាង​ច្បាប់​ការពារ​ជាតិ​ ទទួល​បាន​ការអនុម័ត ពី​អ្នកតំណាងរាស្រ្ត។

លោក​អាបេ​ទំនង​គ្មាន​ឧបសគ្គ​នៅ​ក្នុង​សភា ប៉ុន្តែ នយោបាយ​ពង្រីក​តួនាទី​កងទ័ព​ជប៉ុន នៅក្រោម​គោលការណ៍ “ការពារ​សមូហភាព” របស់​លោក កំពុង​ប្រឈម​នឹង​ចលនា​ប្រឆាំង​កាន់​តែ​ច្រើន របស់​ប្រជាជន​នៅ​តាមផ្លូវ។ ប្រជាជន​ជប៉ុន ដែល​ខ្លាចថា ជប៉ុន​នឹង​ធ្លាក់​ជាថ្មី ទៅក្នុង​អន្ទាក់​ធ្វើ​សង្រ្គាម​របស់​អាមេរិក​បាន​ធ្វើ​បាតុកម្ម ឈប់​គាំទ្រ​នយោបាយ​របស់​លោក​អាបេ​តទៅទៀត។ តាម​កាសែត​Asahi ប្រជាប្រិយភាព​របស់​លោក​អាបេ បាន​ធ្លាក់​ចុះ​ជាបន្តបន្ទាប់។ ការស្រង់មតិ​បង្ហាញថា សំឡេង​មិនសប្បាយចិត្ត​នឹង​នយោបាយ​របស់​លោកអាបេ បាន​កើនឡើង ដល់​៤២​ភាគរយ។

អ្នកវិភាគ​នយោបាយ​មួយចំនួន​ចាប់ផ្តើម​ព្យាករ​ថា លោក​អាបេនឹង​អាច​មាន​វាសនា​ដូចជីតា របស់​លោក។ កាលពី​៥៥​ឆ្នាំមុន គឺ​នៅថ្ងៃ​ទី ១៥ កក្កដា ១៩៦០ កំហឹង​របស់​ប្រជាជន​ជប៉ុន​បាន​ធ្វើ​ឲ្យ​លោក​Kishi ជីតា​របស់​លោក​អាបេ ​លាលែង ចេញពី​តំណែង​នាយករដ្ឋមន្រ្តី បន្ទាប់ពី​លោក​បាន​ជំរុញ​ឲ្យ​សភា​បោះឆ្នោត​អនុម័ត​លើ​សន្ធិសញ្ញា​ស្តីពី​សហប្រតិបត្តិការ និង​សន្តិសុខ អាមេរិក ជប៉ុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ