អានតួអត្ថបទ
ជប៉ុន-អាមេរិក-ចិន

ជប៉ុន​ប្រកាស​ទឹកប្រាក់​១១០​ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

រដ្ឋាភិបាល​ជប៉ុន និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​នឹង​បង្កើន​ទឹកប្រាក់​វិនិយោគ​រៀងៗ​ខ្លួន ប្រមាណ ៣០​ភាគរយ បន្ថែមទៀត សម្រាប់​គម្រោង​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ នៅ​អាស៊ី។ នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ កាលពីថ្ងៃ​ព្រហស្បតិ៍​ទី ២១​ឧសភា បាន​ប្រកាស​គម្រោង​វិនិយោគ​ក្នុងទំហំ​ទឹកប្រាក់ ១១០​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ។  

នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ
នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊ីនហ្សូ អាបេ REUTERS/Thomas Peter
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB​នឹង​បង្កើន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​៣០​ភាគរយ បន្ថែមទៀត សម្រាប់​ជួយគាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី នៅក្នុង​រយៈពេល ៥​ឆ្នាំ​ទៅមុខ។ តាម​នាយករដ្ឋមន្រ្តី ជប៉ុន ដែល​បាន​ប្រកាស​ដំណឹង​នេះ កាលពីថ្ងៃ​ព្រហស្បតិ៍ គម្រោង​វិនិយោគ​សរុប ១១០​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​យក​ទៅ​ប្រើ​ដើម្បី​ជំរុញ​ការសាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ ប្រកប​ដោយ​គុណភាព និង​ការបង្កើតថ្មី នៅ​អាស៊ី។

 
ជប៉ុន​ចង់​ផ្តោត​ប្រើ​ទុន​វិនិយោគ ទៅលើ​ការបង្កើត​ការងារ ការផ្ទេរ បញ្ជូន​បច្ចេកវិទ្យា ក្នុង​ការសាង​សង់​​រទេះភ្លើង​ក្រោមដី ដែល​ប្រើ​ថាមពល​តិចតួច ឬ​ការសាងសង់​ស្ពាន​ដែល​ស៊ូ ធន់​នឹង​គ្រោះថ្នាក់​រញ្ជួយដី​ជាដើម។

រដ្ឋាភិបាល​ជប៉ុន​នឹង​ប្រើ​មូលនិធិ​សាធារណៈ និង​ឯកជន ដើម្បី​យក​ទៅ​បំពេញ​បន្ថែម​គម្រោង​ទុន​វិនិយោគ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។ គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន ដែល​ជា​ម្ចាស់​ហ៊ុន​ធំ​ជាងគេ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​រួចទៅហើយ​នោះ ត្រូវ​បាន​គេ​មើល​ឃើញថា ជា​យុទ្ធសាស្រ្ត​ថ្មី​ដែល​ជប៉ុន​ចង់​ប្រើ​យក​ទៅ​ទប់ទល់ ប្រជែង​នឹង​ធនាគារ​អាស៊ី ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ចិន​កំពុង​បង្កើតឡើង និង​ដែល​ចូលរួម​ពី​ប្រទេស ចំនួន ៥០​នៅក្នុង​ពិភពលោក។

គម្រោង​ទឹកប្រាក់​វិនិយោគ​ទៀតសោត គឺ​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា ដោយ​គ្រាន់​តែ​គម្រោង​វិនិយោគ​របស់​ជប៉ុន​មាន​ច្រើន​ជាង​ចិន ប្រមាណ ១០​ពាន់​លាន​តែ​ប៉ុណ្ណោះ។ ប្រទេស​ប្រមាណ ៥០​ដែល​មាន​តាំង​ពី​អង់គ្លេស និង​អ៊ីរ៉ង់ បាន​ប្រកាស​ចូលរួម​ជាសមាជិក​របស់​ធនាគារ​ដែល​មាន​ទំហំទឹកប្រាក់​វិនិយោគ ១០០​ពាន់​លាន​ដុល្លារ ដែល​៥០​ភាគរយ​ជា​ចំណែក​ចូលរួម​របស់​ចិន។

ទីក្រុង​តូក្យូ និង​វ៉ាស៊ីនតោន​ដែល​ជា​ម្ចាស់​ហ៊ុន​សំខាន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ធនាគារ​ពិភពលោក​បាន​ព្យាយាម​មិន​បាន​សម្រេច ក្នុងការបញ្ចុះ​បញ្ចូល​ប្រទេស​ដទៃ និង​សម្ព័ន្ធមិត្ត​កុំ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​របស់​ចិន។ អាមេរិក​ធ្លាប់​បានលើក​យក​ហេតុផល​ថា ធនាគារ​ថ្មី បង្កើត​ដោយ​ចិន នឹង​មិន​អាច​ធានា​តម្លាភាព ឬ​ក៏​អាច​ដាក់​លក្ខខណ្ឌ​តឹងរ៉ឹង ទាមទារ​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស ដូចដែល​ ធនាគារ​ពិភពលោក ឬ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ធ្លាប់​ធ្វើ​កន្លងមកនោះទេ។

អ្នកជំនាញ​មើលឃើញថា ការប្រកួតប្រជែង​ខាង​ផ្តល់​ទុន​វិនិយោគ រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច នឹង​ហុចប្រយោជន៍​ច្រើន ដល់​អាស៊ី ដែល​ត្រូវការ​ទឹកប្រាក់​សម្រាប់​វិនិយោគ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និង​ថាមពល។ តាម​ធនាគារ​អភិវឌ្ឍន៍ អាស៊ី ពីឆ្នាំ ២០១០​ដល់​ឆ្នាំ​២០២០ គេ​ត្រូវការ​បោះទុន​វិនិយោគ​នៅ​អាស៊ី ប្រមាណ ៨ពាន់ ពាន់​លាន​ដុល្លារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ